1នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ដែលមកដល់ព្យាការី យេរេមាពីដំណើរគ្រារាំងស្ងួត៖
2ពួកយូដាសោយសោក ហើយទ្វារក្រុងក៏ថយកម្លាំង គេអង្គុយនៅដីដោយចិត្តព្រួយ ហើយសម្រែកនៃក្រុងយេរូសាឡិមក៏ឮឡើង។
3ពួកអ្នកធំរបស់គេចាត់អ្នកបម្រើឲ្យទៅរកទឹក គេក៏ទៅដល់ស្រះទាំងប៉ុន្មាន តែរកទឹកគ្មានសោះ។ ពួកគេត្រឡប់ទៅវិញដោយក្អមទទេ ដោយសេចក្តីខ្មាស ហើយជ្រប់មុខ និងឃ្លុំក្បាល។
4ពីព្រោះដីបែកក្រហែង ដ្បិត ដោយគ្មានភ្លៀងធ្លាក់មកលើទឹកដីនោះសោះឡើយ។ ពួកអ្នកភ្ជួររាស់ក៏ខ្មាស គេឃ្លុំក្បាលគ្រប់គ្នាដែរ។
5សម្បីសត្វក្តាន់ញីនៅវាលក៏ទម្លាក់កូន រួចទុកចោល ដោយព្រោះតែគ្មានស្មៅ។
6លាព្រៃក៏ឈរនៅលើទីទួល វាដង្ហក់ដូចជាចចក។ ភ្នែករបស់ពួកវាស្រវាំង ដោយព្រោះគ្មានស្មៅសោះ»។
7ទោះបើអំពើទុច្ចរិតរបស់យើងខ្ញុំ ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំក៏ដោយ តែសូមព្រះអង្គប្រោសមេត្តាដោយយល់ដល់ព្រះនាមព្រះអង្គ ដ្បិតការរាថយរបស់យើងខ្ញុំ នោះច្រើនណាស់ យើងខ្ញុំបានធ្វើបាបនឹងទ្រង់។
8ក្តីសង្ឃឹមនៃជនជាតិអុីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាព្រះអង្គត្រូវដូចជាអ្នកដទៃនៅក្នុងទឹកដី ហើយដូចជាអ្នកដំណើរ ដែលឈប់សំណាក់តែមួយយប់ដូច្នេះ?
9ហេតុអ្វីបានជាព្រះអង្គត្រូវដូចជាមនុស្សស្រឡាំងកាំង គឺដូចជាមនុស្សខ្លាំងពូកែ ដែលពុំអាចនឹងជួយសង្គ្រោះបាន? ប៉ុន្តែ ព្រះអើយអម្ចាស់អើយ ព្រះអង្គគង់កណ្ដាលយើងខ្ញុំរាល់គ្នា ហើយក៏បានហៅតាមព្រះនាមព្រះអង្គដែរ។ សូមកុំលះចោលយើងខ្ញុំឡើយ។
10ព្រះអម្ចាស់មានព្រះបន្ទូលពីជនជាតិនេះដូច្នេះថា៖ គេចូលចិត្តដើរសាត់ព្រាត់ គេមិនបានឃាត់ជើងគេឡើយ ហេតុ នោះ ព្រះអង្គក៏មិនព្រមទទួលគេដែរ ក្នុងពេលឥឡូវនេះ ព្រះអង្គកំពុងតែនឹកចាំ ពីអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើទោសដល់គេ ជាពិតប្រាកដ។
11ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «កុំអធិស្ឋានសូមសេចក្ដីល្អឲ្យជនជាតិនេះឡើយ។
12កាលណាគេតមអត់ នោះយើងមិនព្រមស្ដាប់សម្រែករបស់គេទេ កាលណាគេថ្វាយតង្វាយដុត និងតង្វាយអាហារ នោះយើងមិនព្រមទទួលឡើយ។ ដ្បិតយើងនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់ និងអាសន្នរោគ»។
13ពេលនោះ ខ្ញុំទូលថា៖ «ឱព្រះអម្ចាស់អើយ មើលពួកព្យាការីតែងតែប្រាប់គេថា អ្នករាល់គ្នានឹងមិនឃើញដាវទេ ក៏មិនត្រូវអំណត់ដែរ គឺយើងនឹងឲ្យអ្នករាល់គ្នាមានសេចក្ដីសុខនៅទីនេះជាពិត»។
14ព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «ពួកហោរាគេថ្លែងទំនាយកុហកដោយនូវឈ្មោះយើងទេ យើងមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេថ្លែងទំនាយប្រាប់អ្នករាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយដែលឥតប្រយោជន៍ទទេ ហើយជាសេចក្ដីបញ្ឆោតនៃចិត្តខ្លួនគេវិញ»។
15ដូច្នេះហើយ ព្រះអម្ចាស់មានព្រះបន្ទូលបែបនេះ «សម្រាប់ពួកព្យាការីដែលថ្លែងព្រះបន្ទូលនៅក្នុងនាមរបស់យើង ប៉ុន្តែអ្នកណាដែលយើងមិនបានបញ្ចូនឲ្យទៅ គឺជាអ្នកដែលនិយាយថានឹងមិនមានដាវឬការអំណត់ក្នុងទឹកដីៈ ព្យាការីទាំងនេះនឹងត្រូវវិនាសដោយដាវហើយនិងកាអំណត់។
16មនុស្សដែលគេបានថ្លែងព្រះបន្ទូលប្រាប់នោះនឹងត្រូវបោះចោលទៅក្នុងផ្លូវនៃក្រុងយេរូសាឡិម ដោយព្រោះអំណត់ និងដាវដែរ ដ្បិតអត់មានអ្នកណានឹងបញ្ចុះសពគេឡើយ គឺទាំងខ្លួនគេ ប្រពន្ធគេ និងកូនប្រុសកូនស្រីគេផង ព្រោះយើងនឹងចាក់អំពើលាមកអាក្រក់របស់គេទៅលើគេវិញ។
17អ្នកត្រូវប្រាប់ពាក្យនេះដល់គេថា៖ «សូមឲ្យខ្ញុំហូរទឹកភ្នែកសស្រាក់ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ពីព្រោះកូនក្រមុំរបស់ជនជាតិខ្ញុំបានត្រូវខ្ទេចខ្ទី ជាការបាក់បែកយ៉ាងធំ ដោយរបួសជាទម្ងន់។
18ប្រសិនបើខ្ញុំចេញទៅវាល មើល៍ មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ មានសុទ្ធតែមនុស្សដែលឈឺដោយអត់ឃ្លាន ដ្បិតពួកហោរា និងពួកបូជាចារ្យ តែងតែចុះឡើងក្នុងទឹកដីឥតដឹងអ្វីទេ»។
19តើព្រះអង្គបោះបង់ពួកយូដាចោលហើយឬ? តើព្រះហឫទ័យព្រះអង្គស្អប់ខ្ពើមក្រុងស៊ីយ៉ូនឬ? ហេតុអ្វីបានជាព្រះអង្គវាយយើងរាល់គ្នា ហើយមិនឲ្យជាឡើងវិញសោះ? យើងខ្ញុំបានរង់ចាំ ថានឹងបានសេចក្ដីសុខ តែឥតមានអ្វីល្អមកឡើយ ក៏សង្ឃឹមនឹងបានជា តែបានតែសេចក្ដីភ័យ។
20ព្រះអម្ចាស់អើយ យើងខ្ញុំទទួលស្គាល់អំពើអាក្រក់របស់យើងខ្ញុំហើយ ព្រមទាំងអំពើទុច្ចរិតរបស់បុព្វបុរសយើងខ្ញុំផង ដ្បិតយើងខ្ញុំបានធ្វើបាបទាស់នឹងព្រះអង្គពិត។
21សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ព្រះអង្គ សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្ដីសញ្ញា ដែលព្រះអង្គបានតាំងនឹងយើងខ្ញុំឡើយ។
22ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់ជនជាតិដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ? តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀងមួយមេបានឬទេ? ឱព្រះជាម្ចាស់នៃយើងខ្ញុំអើយ តើមិនមែនព្រះអង្គទេឬ? យើងមានសង្ឈឹមលើព្រះអង្គ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើគ្រប់ការទាំងនេះ។