ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 13

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ចូរ​ទៅ​ទិញ​ក្រណាត់​ដ៏​ល្អ​យក​មក​ក្រវាត់​ចង្កេះ តែ​កុំ​បោក​ទឹក​ឡើយ»។
2ខ្ញុំ​ក៏​ទៅ​ទិញ​ក្រណាត់​យក​មក​ក្រវាត់​ចង្កេះ តាម​បញ្ជា​របស់ព្រះ‌អម្ចាស់។
3ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​សារ​ជា​ថ្មី​ថា
4«ចូរ​យក​ក្រណាត់​ដែល​អ្នក​បាន​ទិញ ហើយ​ក្រវាត់​នៅ​នឹង​ចង្កេះ​នោះ​មក រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទន្លេ​អឺប្រាត លាក់​ក្រណាត់​នោះ​ទុក​ក្នុង​កន្លៀត​ថ្ម​មួយ»។
5ដូច្នេះហើយខ្ញុំ​ក៏​ចេញ​ដំណើរ​ទៅ ហើយ​លាក់​ក្រណាត់​នៅ​ជិត​ទន្លេ​អឺប្រាត តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។
6យូរ​ថ្ងៃ​កន្លង​មក​ទៀត ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ចូរ​ក្រោក​ឡើង ទៅ​ទន្លេ​អឺប្រាត យក​ក្រណាត់​ដែល​យើង​បាន​បង្គាប់​ឲ្យ​អ្នក​លាក់​នោះ មក​វិញ»។
7ដូច្នេះ ខ្ញុំ​ក៏​ត្រឡប់ទៅ​ទន្លេ​អឺប្រាត កាយ​យក​ក្រណាត់​ដែល​ខ្ញុំ​បាន​លាក់​ទុក​មក​វិញ។ ប៉ុន្តែ មើល៍ចុះ! ​ក្រណាត់​នោះ​ពុក​អស់ ប្រើ​ការ​លែង​កើត។
8ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំបែបនេះ
9«យើង​នឹង​ធ្វើ​ឲ្យ​ចិត្ត​អួត‌អាង​របស់​ប្រជា‌ជន​យូដា និង​ចិត្ត​ក្រអឺត‌ក្រទម​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម បាន​ដូច​ក្រណាត់​ពុក​នោះ​ដែរ។
10ប្រជា‌ជន​នេះ​អាក្រក់​ណាស់ ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ គឺ​គេ​ធ្វើ​តាម​ចិត្ត​ចចេស​រឹង‌រូស​របស់​ខ្លួន ដោយ​រត់​តាម​ព្រះ​ដទៃ ហើយ​នាំ​គ្នា​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ សូម​ឲ្យ​ពួក​គេ​បាន​ដូច​ក្រណាត់​នេះ ដែល​យក​ទៅ​ប្រើ​ការ​លែង​កើត!
11ដ្បិត មនុស្ស​ធ្លាប់​យក​ក្រណាត់​មក​ក្រវាត់​ចង្កេះ​របស់​ខ្លួន​យ៉ាង​ណា យើង​ក៏​ជាប់​ចិត្ត​នឹង​ជន‌ជាតិ​អីុស្រា‌អែល និង​ជន‌ជាតិ​យូដា​ទាំង​មូល​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង ជា​កិត្តិនាម ជា​គ្រឿង​អលង្ការ និង​ជា​សិរី‌រុងរឿង​របស់​យើង តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​យើង​សោះ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
12​ ដូច្នេះ​អ្នក​ត្រូវយក​ពាក្យ​នេះ​ទៅ​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ធម្មតា គេ​តែង​ចាក់​ស្រា​ទំពាំង‌បាយជូរ​ក្នុង​ថង់​ស្បែក។ ពួក​គេ​នឹង​តប​មក​អ្នក​វិញ​ថា តើយើងមិន​ដឹង​ទេថា គេ​តែង​ចាក់​ស្រា​ទំពាំង‌បាយជូរ​ក្នុង​ថង់​ស្បែក?
13ដូច្នេះ អ្នក​ត្រូវ​ប្រាប់ទៅ​ពួក​គេ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​បង្អក​ស្រា​ដល់​ប្រជា‌ជន​ទាំង​អស់​នៅ​ទឹកដី​នេះ ព្រម​ទាំង​ស្ដេច​របស់​ពួក​គេ​ដែល​ស្នង​រាជ្យ​ត​ពី​ដាវីឌ ពួក​បូជា‌ចារ្យ ពួក​ព្យាការី និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល រហូត​ដល់​ស្រវឹង។
14យើង​នឹង​បណ្ដាល​ឲ្យ​ពួក​គេ​សម្លាប់​គ្នា ទាំង​ឪពុក ទាំង​កូន គឺ​យើង​មិន​ត្រា​ប្រណី មិន​មេត្តា ឬ​អាណិត​អាសូរ​ពួក​គេ​ទេ គ្មាន​អ្វី​រា‌រាំង​យើង​មិន​ឲ្យ​កម្ទេច​ពួក​គេ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។
15ចូរ​ស្តាប់ ហើយ​ផ្ទៀង​ត្រចៀក​ចុះ កុំ​ឲ្យ​តាំង​ចិត្ត​ឆ្មើង‌ឆ្មៃ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ​បាន​មាន​ព្រះ‌បន្ទូល​ហើយ។
16ចូរ​សរសើរ​តម្កើង​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ក្រែង​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ងងឹត ហើយ​អ្នក​រាល់​គ្នា​ចំពប់​ជើង​នៅ​លើ​ភ្នំ​ងងឹត ហើយ​កំពុង​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​នឹង​បាន​ពន្លឺ នោះ​ព្រះ‌អង្គ​នឹង​បំប្រែ​ឲ្យ​ទៅ​ជា​ម្លប់​នៃ​សេចក្ដី​ស្លាប់ និង​ជា​ងងឹត​យ៉ាង​ក្រាស់​វិញ។
17តែ​បើ​អ្នក​រាល់​មិន​ព្រម​ស្តាប់​ទេ នោះ​ព្រលឹង​ខ្ញុំ​នឹង​យំ​សោក​ក្នុង​ទី​សម្ងាត់ ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​អ្នក​រាល់​គ្នា ហើយ​ភ្នែក​ខ្ញុំ​នឹង​យំ​សស្រាក់ ពី​ព្រោះ​ហ្វូង​ចៀម​របស់​ព្រះ‌អម្ចាស់ បាន​ត្រូវ​គេ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ​ហើយ។
18ចូរ​ទូល​ស្ដេច និង​មាតា​របស់​ស្ដេច​ថា៖ សូម​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​មកុដ​ដ៏​‌ល្អ​របស់​ព្រះ‌ករុណា បាន​ធ្លាក់​ចុះ​ពី​សិរសា​ហើយ។
19អស់​ទាំង​ទី​ក្រុង​នៅ​តំបន់​ណេកិប​នឹង​បិទ​ជិត​ហើយឥត​មាន​អ្នក​ណា​នឹង​បើក​វិញ​បាន​ឡើយ ពួក​យូដា​ទាំង​អស់​បាន​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ គេ​ត្រូវ​‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ហើយ។
20ចូរ​ងើប​មុខ​ឡើង ហើយ​មើល​ពួក​អ្នក​ដែល​មក​ពី​ទិស​ខាង​ជើង ឯ​ហ្វូង​ចៀម​ដែល​បាន​ប្រគល់​ដល់​អ្នក គឺ​ជា​ហ្វូង ​ដ៏​ល្អ​របស់​អ្នក តើ​នៅ​ឯ​ណា។
21តើ​អ្នក​នឹង​ថា​ដូច​ម្តេច ក្នុង​កាល ​ដែល​ព្រះ‌អង្គ​តាំង​ពួក​មិត្ត​សម្លាញ់ របស់​អ្នក​ឡើង​ឲ្យ​គ្រប់‌គ្រង​លើ​អ្នក ដ្បិត​គឺ​អ្នក​ហើយដែល​បាន​បង្រៀន​គេ​ឲ្យ​ធ្វើ​ដូច្នេះ តើ​សេចក្ដី​ទុក្ខ​ព្រួយ​ដូច​ជា​ស្ត្រី ដែល​ឈឺ​ចាប់​នឹង​សម្រាល​កូន​មិន​ចាប់​អ្នក​ទេ​ឬ?
22បើ​អ្នក​នឹក​សួរ​ក្នុង​ចិត្ត​ថា៖ ហេតុ​អ្វី​បាន​ជា​ការ​ទាំង​នេះ​កើត​ដល់​យើង​ដូច្នេះ នោះ​គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​អ្នក​ទេ បាន​ជា​សំពត់​របស់​អ្នក​ត្រូវ​បើក​សើយ​ឡើង ហើយ​អ្នក​ត្រូវ​នៅ​កែង​ជើង​ទទេ​ផង។
23តើ​ជនជាតិ​អេធីយ៉ូពី នឹង​បំផ្លាស់​បំប្រែសម្បុរ​ស្បែក​របស់​ខ្លួន​បាន​ឬ​ទេ? ឬ​ខ្លា​រខិន​នឹង​ផ្លាស់​សម្បុរ​ពព្លាក់​របស់​វា​ទៅ​បាន​ដែរ​ទេ? បើ​បាន នោះ​អ្នក​រាល់​គ្នា​ដែល​ធ្លាប់​ប្រព្រឹត្ត​អាក្រក់ នឹង​អាច​ប្រព្រឹត្ត​ល្អ​វិញ​ក៏​បាន​ដែរ។
24យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​ដូច​ជា​ចំបើង ដែល​រសាត់​ទៅ​បាត់​ដោយ​ខ្យល់​ពី​ទី​រហោ‌ស្ថាន។
25ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ នេះ​ហើយ​ជា​ចំណែក​របស់​អ្នក​រាល់​គ្នា ជា​ចំណែក​ដែល​យើង​វាល់​ឲ្យ​អ្នក ដោយ​ព្រោះ​អ្នក​បាន​ភ្លេច​យើង ហើយ​ទុក​ចិត្ត​នឹង​ពាក្យ​កុហក។
26ហេតុ​នោះ យើង​នឹង​បើក​សើយ​សំពត់ របស់​អ្នក​ឡើង​គ្រប​លើ​មុខ​អ្នក ហើយ​កេរ្តិ៍​ខ្មាស​របស់​អ្នក​នឹង​បាន​ឃើញ​ច្បាស់។
27យើង​បាន​ឃើញ​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​អ្នក​ហើយ គឺ​ជា​ការ​កំផិត និង​សូរ​ឆ្លើយ​ឆ្លង​រក​គ្នា​របស់​អ្នក ព្រម​ទាំង​សេចក្ដី​ឥត​ខ្មាស​នៃ​ការ​កំផិត​របស់​អ្នក នោះ​លើ​អស់​ទាំង​ទី​ទួល​នៅ​វាល​ផង វេទនា​ដល់​អ្នក ក្រុង​យេរូ‌សាឡិម​អើយ! តើពេលណា​ទៅទើប​អ្នកនឹងស្អាត​ម្តងទៀត?»
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។