1បពិត្រព្រះអម្ចាស់ដ៏សុចរិត ទូលបង្គំពុំអាចតវ៉ារកខុសត្រូវ ជាមួយព្រះអង្គបានទេ។ ទូលបង្គំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ព្រះអង្គ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចម្រុងចម្រើនដូច្នោះ? មនុស្សដែលគ្មានជំនឿកាន់តែជោគជ័យ។
2ព្រះអង្គបានដាំពួកគេ ហើយពួកគេក៏ចាក់ឫស ចម្រើនឡើង និងមានផ្លែផ្កា។ ពួកគេពោលពីព្រះនាមព្រះអង្គមិនដាច់ពីមាត់ តែចិត្តរបស់ពួកគេនៅឆ្ងាយពីព្រះអង្គ។
3ព្រះអម្ចាស់អើយ ព្រះអង្គស្គាល់ទូលបង្គំ។ ព្រះអង្គទតឃើញទូលបង្គំ ព្រះអង្គស្វែងយល់ថា ទូលបង្គំជំពាក់ចិត្តនឹងព្រះអង្គ។ រីឯអ្នកទាំងនោះវិញ សូមព្រះអង្គយកពួកគេចេញ ដូចកូនចៀម ដែលគេនាំទៅទីសត្តឃាត សូមញែកពួកគេទុកដោយឡែក សម្រាប់ថ្ងៃប្រហារជីវិត។
4តើទឹកដីនេះត្រូវកាន់ទុក្ខដល់កាលណា តើតិណជាតិនៅតាមចម្ការទាំងប៉ុន្មាន ត្រូវនៅក្រៀមស្ងួត ដូច្នេះដល់កាលណាទៀត? ដោយសារអំពើអាក្រក់របស់អ្នកទឹកដីនេះសត្វចតុប្បាទ និងបក្សាបក្សីត្រូវវិនាសអស់។ ពួកគេនិយាយថា «ព្រះជាម្ចាស់មិនជ្រាបទេ នូវអ្វីដែលនឹងកើតឡើងចំពោះយើង»។
5ព្រះអម្ចាស់មានបន្ទូលថា «ជាការពិតណាស់ យេរេមាអើយ បើអ្នកបានរត់ជាមួយពួកថ្មើរជើង ហើយគេបាននាំឲ្យអ្នកអស់កម្លាំងដូច្នេះ ធ្វើដូចម្តេចឲ្យអ្នកប្រណាំងនឹងសេះបាន ហើយបើនៅក្នុងទឹកដីដ៏មានសន្តិសុខ អ្នកមិនសូវមានសេចក្ដីសុខទេ នោះតើអ្នកនឹងធ្វើដូចម្តេចក្នុងកាល ដែលទន្លេយ័រដាន់ជន់ពេញកម្លាំង?
6ដ្បិតទោះទាំងពួកបងប្អូនអ្នក និងក្រុមគ្រួសាររបស់អ្នក ក៏បានក្បត់នឹងអ្នកដែរ គេបានស្រែកហៅយ៉ាងខ្លាំងតាមក្រោយអ្នក តែទោះបើនិយាយពាក្យស្រួលល្អក៏ដោយ ក៏មិនត្រូវជឿតាមគេឡើយ។
7យើងបានលះលែងគ្រួសាររបស់យើងហើយ ក៏បានបោះបង់ចោលមរតករបស់យើងដែរ ឯអ្នកស្ងួនសម្លាញ់នៃដួងចិត្តយើងនោះបានប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។
8ពួកដែលជាមរតករបស់យើង គេបានត្រឡប់ដូចជាសិង្ហ នៅក្នុងព្រៃដល់យើង គេបានបព្ចោញសំឡេងទាស់នឹងយើង ហេតុនោះបានជាយើងស្អប់គេ។
9តើប្រជាជនដែលយើងបានជ្រើសរើស ប្រព្រឹត្តប្រៀបបាននឹងត្មាតពព្លាក់ តែខ្លួនគេចោមរោមទៅដោយពពួកត្មាត? ចូរទៅប្រមូលសត្វព្រៃមកស៊ីសាកសព របស់គេឲ្យអស់ទៅ។
10មានគង្វាលជាច្រើនបានបំផ្លាញចម្ការ ទំពាំងបាយជូររបស់យើង គេបានជាន់ឈ្លីដី ដែលជាចំណែករបស់យើង គេបានធ្វើឲ្យចំណែកដែលយើងពេញចិត្ត ទៅជាទីខូចអស់ហើយ។
11គេបានធ្វើឲ្យទៅជាទីវិនាសអន្តរាយ ទីនោះសោយសោករកយើង ដោយត្រូវខូចបង់ ទឹកដីទាំងមូលត្រូវវិនាស ដោយព្រោះគ្មានមនុស្សណាយកចិត្តទុកដាក់ឡើយ។
12នៅតាមទួលខ្ពស់ៗក្នុងវាលរហោស្ថាន ពួកបំផ្លិចបំផ្លាញកំពុងតែមកដល់។ ដាវរបស់ព្រះអម្ចាស់នឹងប្រហារទឹកដីនេះ ពីជាយដែនម្ខាងទៅជាយដែនម្ខាង គ្មាននរណាម្នាក់គេចខ្លួនរួចឡើយ។
13ពួកគេសាបព្រោះស្រូវ លុះដល់ពេលច្រូត គេទទួលបានតែបន្លា គេខំប្រឹងប្រែងធ្វើការ ដោយឥតបានទទួលផលអ្វីឡើយ។ អ្នករាល់គ្នានឹងត្រូវខ្មាស ដោយសារផលនៃចម្រូត ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង»។
14ព្រះអម្ចាស់មានព្រះបន្ទូល ប្រកាសជំទាស់នឹងនគរជិតខាងដ៏អាក្រក់ ហើយឈ្លានពានទឹកដីដែលយើងបានចែកឲ្យអុីស្រាអែលជាប្រជារាស្ត្ររបស់យើង ទុកជាចំណែកមត៌ក មើល៍! «យើងនឹងដកប្រជាជននៅទឹកដីទាំងនោះចេញពីទឹកដីរបស់ខ្លួន ហើយយើងក៏ដកជនជាតិយូដាចេញពីទឹកដីរបស់ខ្លួនដែរ។
15ក្រោយមក យើងដកពួកគេចេញពីទឹកដីនោះហើយ យើងនឹងអាណិតមេត្តាពួកគេសារជាថ្មី យើងនាំពួកគេវិលត្រឡប់ទៅកាន់ទឹកដីជាចំណែកមត៌ករបស់ពួកគេរៀងៗខ្លួនវិញ។
16ប្រសិនបើពួកគេរៀនអំពីមាគ៌ាដ៏ល្អ ដូចប្រជារាស្ត្ររបស់យើង ប្រសិនបើពួកគេស្បថក្នុងនាមយើងថា ព្រះអម្ចាស់មានព្រះជន្មគង់នៅ ដូចពួកគេធ្លាប់បង្រៀនប្រជារាស្ត្ររបស់យើង ឲ្យស្បថក្នុងនាមព្រះបាល នោះពួកគេនឹងរស់នៅក្នុងចំណោមប្រជារាស្ត្ររបស់យើង។
17ប៉ុន្តែ ប្រសិនបើជនជាតិណាមិនព្រមស្ដាប់បង្គាប់ទេ យើងនឹងដកពួកគេចេញ ហើយប្រហារពួកគេឲ្យវិនាសសូន្យ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។