1មនុស្សពីកុលសម្ព័ន្ធអេប្រាអ៊ីមនិយាយទៅកាន់លោកគេឌានថា៖ «តើអ្នកបានធ្វើអ្វីយ៉ាងនេះ ចំពោះយើង? ហេតុអ្វីបានជាអ្នកមិនហៅយើង ពេលដែលអ្នកចេញទៅច្បាំងនឹងពួកម៉ាឌាន»។ ពួកគេបានបន្ទោសលោកយ៉ាងខ្លាំង។
2លោកតបទៅពួកគេថា៖ «តើខ្ញុំបានធ្វើអ្វី ដែលល្មមប្រៀបផ្ទឹមនឹងអ្នកបាន? តើការបេះសន្សំផ្លែទំពាំងបាយជូររបស់អេប្រាអ៊ីម វាប្រសើរជាងការប្រមូលផលទំពាំងបាយជូររបស់អ័ប៊ីស៊ើរយ៉ាងណាទៅ?
3ព្រះអម្ចាស់បានប្រទានឲ្យអ្នករាល់គ្នាមានជ័យជម្នះលើ អូរិប និង សៀប ជាមេលើជនជាតិម៉ាឌាន! ដូច្នេះ តើខ្ញុំបានធ្វើអ្វីដែលអាចប្រៀបនឹងកិច្ចការរបស់អ្នករាល់គ្នាបាន?» បន្ទាប់ពី លោកមានប្រសាសន៍យ៉ាងនេះហើយ នោះកំហឹងរបស់ពួកគេក៏បានអន់ថយ។
4លោកគេឌាន និងមនុស្សទាំងបីរយនាក់ដែលនៅជាមួយលោកបានមកកាន់ទន្លេយ័រដាន់ ហើយឆ្លងទន្លេទៅ។ ពួកគេមានការនឿយហត់យ៉ាងខ្លាំង ប៉ុន្តែ ពួកគេនៅតែបន្តដេញតាមពួកម៉ាឌាន។
5លោកបាននិយាយទៅកាន់មនុស្សដែលនៅស៊ូកូតថា៖ «សូមមេត្តាចែកនំប៉័ងដល់មនុស្សដែលមកជាមួយខ្ញុំផង ដ្បិត ពួកគេហត់នឿយណាស់ហើយ ហើយខ្ញុំកំពុងដេញតាមសេបា និងសាលមូណា ជាស្តេចរបស់ជនជាតិម៉ាឌាន»។
6នោះមេដឹកនាំនៃស៊ូកូតបានមានប្រសាសន៍ថា៖ «តើឥឡូវនេះ សេបា និងសាលមូណា បានធ្លាក់ក្នុងកណ្តាប់ដៃរបស់អ្នកហើយឬ? ហេតុអ្វីបានជាយើងត្រូវឲ្យនំប៉័ងទៅទាហានរបស់អ្នក?»
7លោកគេឌានតបវិញថា៖ «នៅពេលដែលព្រះអម្ចាស់ប្រទានឲ្យយើងមានជ័យជម្នះលើ សេបា និង សាលមូណា ខ្ញុំនឹងក្រចៅសាច់របស់អ្នកដោយបន្លាពីវាលរហោស្ថាន និងបន្លាស្អីត»។
8រួចលោកក៏ចាកចេញពីទីនោះទៅ ពេនួល ហើយសូមពួកគេ ដូចដែលបានសូមនៅស៊ូកូតដែរ ប៉ុន្តែ ពួកអ្នកនៅ ពេនួល នោះបានឆ្លើយដូចគ្នានឹងអ្វីដែលពួកអ្នក ស៊ូកូតបានឆ្លើយ។
9លោកក៏បានមានប្រសាសន៍ទៅកាន់អ្នកស្រុកពេនួលថា៖ «នៅពេលដែលខ្ញុំត្រឡប់មកវិញដោយសុខសាន្ត ខ្ញុំនឹងរលំប៉មនេះចោល»។
10ចំណែកឯ សេបា និង សាលមូណាពួកគេបានចូលទៅក្នុងក្រុង កើរកូ ទាំងមានកងទ័ពប្រហែល មួយមុឺនប្រាំពាន់នាក់នៅជាមួយផង គឺអស់អ្នកទាំងប៉ុន្មានដែលសល់ពីទាហានរបស់ពួកមនុស្សនៅស្រុកខាងកើត ពីព្រោះមនុស្សរបស់ពួកគេ ចំនួនមួយសែនពីរម៉ឺននាក់ដែលកាន់ដាវ បានដួលស្លាប់អស់ហើយ។
11ដូច្នេះ លោកគេឌានបានឡើងទៅតាមផ្លូវរបស់ពួករស់ក្នុងតង់ ត្រង់ស្រុកខាងកើតណូបា និង យ៉ូបេហា។ លោកបានវាយប្រហារពលទាហានរបស់ឃ្មាំងសត្រូវ ព្រោះពួកគេមិនបានរំពឹងថាមានការវាយប្រហារនោះទេ។
12សេបា និង សាលមូណាបានរត់គេចខ្លួន ប៉ុន្តែ លោកគេឌានបានដេញតាម និង ចាប់ពួកគេបានស្តេចទាំងពីរអង្គរបស់ម៉ាឌានបាន ព្រមទាំងបំបាក់ទ័ពទាំងមូលរបស់គេផង។
13លោកគេឌាន កូនប្រុសលោកយ៉ូអាស បានត្រឡប់ពីធ្វើសង្គ្រាមវិញ ឆ្លងកាត់ឡើងទៅភ្នំ ហេរេស។
14លោកបានចាប់ក្មេងជំទង់ម្នាក់ពីក្នុងពួកសិកូត ហើយសុំយោបល់ពីក្មេងនោះ។ ក្មេងជំទង់នោះបានពណ៌នាអំពីមេដឹកនាំ និងចាស់ទុំរបស់សិកូត ថាមានចំនួន ចិតសិបប្រាំពីរនាក់។
15លោកក៏មកឯពួកអ្នកនៅសិកូត និងប្រាប់ថា៖ «មើល៍នេះណែ! សេបា និងសាលមូណាដែរ ដោយសាគេ អ្នករាល់គ្នាបានមើលងាយដល់ខ្ញុំថា តើសេបា និងសាលមូណា បានធ្លាក់មកក្នុងកណ្តាប់ដៃអ្នកហើយឬនៅ បានជាយើងត្រូវចែកនំប៉័ងឲ្យដល់ទាហានរបស់អ្នកដែលអត់ហត់នឿយនោះ?
16លោកគេឌាន បានចាប់ចាស់ទុំរបស់ក្រុងនេះ ហើយនិងមនុស្សទាំងប៉ុន្មាននៃក្រុងសិកូតមកវាយផ្ចាល់ដោយបន្លាពីវាលរហាស្ថាន និងបន្លារស្អិត។
17បន្ទាប់មកលោករលំប៉មនៅពេនួល និងសម្លាប់មនុស្សដែលនៅក្រុងនោះ។
18បន្ទាប់មក លោកគេឌានបានសួរសេបា និងសាលមូណា ថា៖ «តើមនុស្ស ប្រភេទណាដែលអស់លោកសម្លាប់នៅតាបោរ? ពួកគេឆ្លើយថា៖ «ពួកគេមើលទៅប្រហាក់ប្រហែលនឹងលោកដែរ! គ្រប់គ្នាមានចរិតលក្ខណដូចជាបុត្ររបស់ស្តេច»។
19លោកគេឌានឆ្លើយថា៖ «ពួកគេគឺជាបងប្អូនរបស់យើង គឺជាកូនប្រុសរបស់ម្តាយយើង។ យើងស្បថនឹងព្រះអម្ចាស់ដែលមានជីវិតគង់នៅ ប្រសិនបើឯង បានទុកឲ្យគេមានជីវិត នោះយើងនឹងមិនសម្លាប់ឯងទេ។
20ដូច្នេះ លោកបង្គាប់ទៅយេធើ ជាកូនច្បងរបស់លោកថា៖ «ចូរក្រោកឡើងហើយសម្លាប់ពួកគេទៅ!» ប៉ុន្តែ បុរសវ័យក្មេងនោះមិនហ៊ានដកដាវរបស់គេទេ ដោយសារតែភាពភ័យខ្លាច ព្រោះតែលោកនៅជាក្មេងប្រុសម្នាក់នៅឡើយ។
21សេបា និងសាលមូណាបាននិយាយថា៖ «ចូរក្រោកឡើង ហើយសម្លាប់យើងដោយដៃរបស់អ្នកផ្ទាល់ទៅ ដ្បិតគួរឲ្យមនុស្សពេញកម្លាំងសម្លាប់យើងវិញ»។ នោះ លោកគេឌានបានក្រោកឡើង ហើយសម្លាប់ សេបា និងសាមូលណាទៅ ព្រមទាំងដោះយកគ្រឿងលំអដែលគេបំពាក់សត្វអូដ្ឋនោះមកផង។
22គ្រានោះ ប្រជាជនអ៊ីស្រាអែល និយាយទៅកាន់លោកគេឌានថា៖ «សូមលោក ទាំងកូន និងចៅរបស់លោក ឡើងគ្រងរាជ្យលើយើងខ្ញុំ! ព្រោះលោកបានរំដោះយើងចេញពីកណ្តាប់ដៃរបស់ម៉ាឌាន»។
23លោកគេឌានឆ្លើយវិញថា៖ «ខ្ញុំនឹងមិនគ្រងរាជ្យលើអ្នករាល់ទេ ហើយទោះបីជាកូនរបស់ខ្ញុំក៏ដោយ ក៏មិនគ្រងរាជ្យលើអ្នករាល់គ្នាដែរ គឺព្រះអម្ចាស់នឹងគ្រងរាជ្យលើអ្នករាល់គ្នា»។
24លោកគេឌានមានប្រសាសន៍ទៀតថា៖ «សូមអនុញ្ញាតឲ្យខ្ញុំសុំអ្វីមួយពីអ្នករាល់គ្នាៈ ចូរអ្នកគ្រប់គ្នាប្រគល់ក្រវិលដែលបានពីរបឹបនោះមកឲ្យខ្ញុំ (ជនជាតិម៉ាឌានទាំងអស់សុទ្ធតែមានក្រវិលមាស ព្រោះគេជាកូនចៅអ៊ីស្មាអែល)
25ពួកគេឆ្លើយថា៖ «យើងនឹងជូនលោកដោយស្ម័គ្រពីចិត្ត»។ ពួកគេបានត្រដាងអាវ រួចយកក្រវិលដែលបានពីរបឹបរបស់ពួកគេដាក់លើអាវនោះ។
26ក្រវិលមាសទាំងអស់មានទម្ងន់សរុប មួយពាន់ប្រាំពីររយស៊ីគែលមាស។ របឹបទាំងនេះមិនរាប់បញ្ជូល បណ្តោង ក្រវិល ហើយនឹងសម្លៀកបំពាក់ពណ៌ស្វាយ ដែលពួកស្តេចម៉ាឌានស្លៀកពាក់ និងខ្សែច្រវ៉ាក់ដែលពាក់នៅនឹងករសត្វអូដ្ឋរបស់ពួកគេនោះទេ។
27លោកគេឌានបានយកក្រវិលនោះទៅសិតធ្វើជារូបបដិមាមួយដាក់នៅក្នុងក្រុងរបស់គេ គឺនៅអូប្រា ដូច្នេះហើយជនជាតិអ៊ីស្រាអែលទាំងអស់ក៏ក្បត់នឹងព្រះអម្ចាស់ដោយថ្វាយបង្គំបដិមាករនោះ ហើយវាបានត្រឡប់ទៅជាអន្ទាក់សម្រាប់គាត់និងមនុស្សគ្រួសារគាត់។
28ចំណែកឯជនជាតិម៉ាឌានត្រូវក្រាបមុខចំពោះជនជាតិអ៊ីស្រាអែលឥតងើបក្បាលរួចនោះទេ ដូច្នេះ ទឹកដីក៏បានសុខសាន្តអស់រយៈពេលសែសិបឆ្នាំ។
29លោកយេរូប បាល កូនរបស់លោកយ៉ូអាស វិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់គាត់វិញ។
30លោកគេឌាន មានកូនប្រុសទាំងអស់ចិតសិបនាក់ ដែលជាពូជពង្សរបស់លោក ព្រោះលោកមានប្រពន្ធច្រើន។
31ប្រពន្ធចុងរបស់លោកដែលនៅស៊ីគែម បានបង្កើតកូនប្រុសម្នាក់អោយលោក ដែលលោកបានដាក់ឈ្មោះថា អប៊ីម៉ាឡេក។
32លោកគេឌាន កូនរបស់លោកយ៉ូអាសបានរស់នៅយ៉ាងយូរ ហើយក៏ទទួលមរណភាពទៅ សពរបស់លោកត្រូវបានគេបញ្ចុះនៅក្នុងផ្នូររបស់លោកយ៉ូអាស ជាឪពុករបស់លោក នៅអូប្រា ជាភូមិរបស់អំបូរអ័បៀសើរ។
33ក្រោយពីលោកទទួលមរណភាពទៅ ជនជាតិអ៊ីស្រាអែល បានក្បត់នឹងព្រះអម្ចាស់ គឺពួកគេត្រឡប់ទៅថ្វាយបង្គំព្រះបាល។ ពួកគេយកព្រះ បាល - បេរិត ធ្វើជាព្រះរបស់ពួកគេ។
34ជនជាតិអ៊ីស្រាអែល លែងចងចាំ នឹងស្មោះត្រង់ជាមួយព្រះអម្ចាស់ ជាព្រះដែលបានរំដោះពួកគេចេញពីដៃខ្មាំងសត្រូវនៅគ្រប់ទិសទីរបស់ពួកគេទៀតហើយ។
35ពួកគេមិនបានរក្សាពាក្យសន្យារបស់ពួកគេនឹងលោកយេរូប បាល គឺលោកគេឌាន គឺពួកគេបានបែរចេញពីការល្អគ្រប់យ៉ាងដែលគាត់បានធ្វើចំពោះជាជាតិអ៊ីស្រាអែល។