1ដូច្នេះ លោកយេរូបបាល គឺលោកគេឌាន ហើយនិងមនុស្សទាំងអស់ដែលនៅជាមួយគាត់ បានក្រោកឡើងពីព្រលឹម ពួកគេបាននាំគ្នាទៅបោះជំរំនៅក្បាលទឹកហារ៉ុដ។ ចំណែកឯ ពួកមេឌានគេបោះជំរំនៅខាងជើងពួកគេ នៅក្បែរភ្នំម៉ូរ៉េត្រង់វាលច្រកភ្នំ។
2ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចំនួនមនុស្សដែលនៅជាមួយឯងច្រើនពេកហើយ នឹងឲ្យយើងប្រគល់ជនជាតិម៉ាឌានមកក្នុងកណ្តាប់ដៃរបស់អ្នកមិនបានទេ ក្រែងពួកអ៊ីស្រាអែលអួតខ្លួនទាស់នឹងឯងវិញ ដោយនិយាយថាយើងបានសង្រ្កោះខ្លួនយើងទេតើ។
3ដូច្នេះ ចូរប្រកាសដល់ត្រចៀកមហាជនជន ហើយប្រាប់ថា អស់អ្នកណាដែលភ័យខ្លាច និងញាប់ញ័រ ចូរឲ្យអ្នកនោះវិលត្រឡប់ ចាកចេញពីភ្នំកាឡាតទៅវិញចុះ»។ នោះមានមនុស្សពីរម៉ឺននាក់បានត្រឡប់ទៅវិញ ហើយនៅសល់តែមួយម៉ឺននាក់ប៉ុណ្ណោះ។
4ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកគេឌានថា៖ «មនុស្សនៅតែមានចំនួនច្រើននៅឡើយ។ ដូច្នេះ ចូរនាំពួកគេទៅឯទឹក ហើយយើងនឹងធ្វើឲ្យមានចំនួនតិចជាងមុនសម្រាប់អ្នក។ ប្រសិនបើ យើងនិយាយថា ម្នាក់នេះនឹងទៅជាមួយអ្នក គេនឹងទៅជាមួយអ្នក ប៉ុន្តែ បើយើងនិយាយថា ម្នាក់នេះនឹងមិនទៅជាមួយអ្នកទេ នោះគេនឹងមិនទៅទេ»។
5ដូច្នេះ លោកគេឌានបាននាំមនុស្សទាំងអស់ទៅមាត់ទឹក ហើយព្រះអម្ចាស់មានព្រះបន្ទូលទៅគាត់ថា៖ «ចូរដាក់មនុស្សដែលលិតទឹកនឹងអណ្តាតដូចឆ្កែមួយឡែក និងមនុស្សដែលលុតជង្គង់ដើម្បីផឹកទឹកមួយឡែក»។
6មនុស្សបីរយនាក់ដែលផឹកទឹកលិតនឹងអណ្តាតដូចឆ្កែ ឯអ្នកដែលនៅសល់គឺលុតជង្គង់ផឹកទឹក។
7ព្រះអម្ចាស់មានព្រះបន្ទូលទៅគេឌានថា៖ «យើងនឹងសង្ក្រោះអ្នកហើយអោយអ្នកមានជ័យជម្នះលើសាសន៍ម៉ាឌាន ដោយសារមនុស្សបីរយនាក់ដែលក្បង់ទឹកផឹក ឯមនុស្សឯទៀតត្រូវឲ្យពួកគេត្រឡប់ទៅកន្លែងរបស់គេវិញចុះ»។
8ដូច្នេះ អស់អ្នកដែលបានជ្រើសរើសពួកគេចាប់គ្រឿងសព្វាវុធ និងត្រែរបស់គេ លោកគេឌានបានបញ្ជូនមនុស្សទាំងអស់ត្រឡប់ទៅត្រសាលរបស់ពួកគេវិញ លើកលែងតែមនុស្សបីរយនាក់ដែលលោកទុកនៅជាមួយលោក។ ឯពួកម៉ាឌានបានបោះជំរំនៅត្រង់វាលច្រកភ្នំខាងក្រោមលោក។
9នៅយប់នោះឯងព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់លោកថា៖ «ចូរក្រោកឡើង! ចុះទៅឯទីបោះជំរំរបស់គេទៅ ព្រោះយើងនឹងអោយឯងមានជ័យជំនះលើវា
10ប្រសិនបើ ឯងភ័យខ្លាចនឹងចុះទៅ នោះចូរនាំ ពូរ៉ា ជាអ្នកបម្រើរបស់ឯងទៅជាមួយផងចុះ
11ហើយឯងនឹងបានឭ អ្វីដែលគេបាននិយាយគ្នា ការណ៍នោះនឹងនាំឲ្យឯងមានកម្លាំងខ្លាំងឡើង អាចចុះទៅទាស់នឹងគេបាន» ដូច្នេះ លោកគេឌាន និង ពូរ៉ា ជាអ្នកបម្រើបានចុះទៅដល់ប៉មយាមជំរំ។
12ជនជាតិម៉ាឌាន ជនជាតិអាម៉ាឡេក និងជនជាតិនានាដែលនៅក្នុងច្រកភ្នំភាគខាងកើត ពួកគេមានគ្នាច្រើនដេរដាស់ដូចជាហ្វូងកណ្តូប។ ហើយសត្វអូដ្ឋរបស់ពួកគេមានច្រើនឥតគណនា ដូចជាគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រហួសការដែលអាចរាប់បាន។
13កាលដែលលោកទៅដល់ហើយ មានមនុស្សម្នាក់កំពុងតែនិយាយពីសុបិនរបស់គាត់ប្រាប់ដល់គូកនរបស់ខ្លួនថា៖ «មើល! ខ្ញុំយល់សុបិនឃើញថា ខ្ញុំបានឃើញនំប៉័ងមួយដុំមូលរមៀលចូលក្នុងជំរំរបស់ពួកម៉ាឌាន។ វាបានចូលទៅក្នុងជំរំ ហើយបានវាយតង់ទាំងឡាយយ៉ាងខ្លាំង ដែលធ្វើអោយវាដួលរលំរាបស្មើរដល់ដី។
14បុរសម្នាក់ទៀតតបថា៖ «នេះគ្មានអ្វីក្រៅពីអាវុធរបស់លោកគេឌាន កូនលោក យ៉ូអាស ជនជាតិអ៊ីស្រាអែលនោះទេ ព្រះបានប្រទានឲ្យលោកមានជ័យជម្នះលើជនជាតិម៉ាឌាន និងទាហានរបស់ពួកគេ»។
15កាលលោកគេឌាន បានឮរឿងនៃសុបិន ហើយនិងការបកស្រាយសុបិននោះ លោកបានក្រាបចុះថ្វាយបង្គំព្រះអម្ចាស់។ លោកបានត្រឡប់ទៅកាន់ជំរំរបស់ពួកគេវិញហើយនិយាយថា៖ «ចូរក្រោកឡើង! ព្រះអម្ចាស់បានប្រទានឲ្យយើងមានជ័យជម្នះលើទាហានរបស់ម៉ាឌាន»។
16លោកបានបែងចែកមនុស្សទាំងបីរយនាក់ជាបីក្រុម ហើយប្រគល់ត្រែ និងខ្អមទទេឲ្យពួកគេគ្រប់ៗគ្នា ជាមួយនឹងចន្លុះនៅក្នុងនោះផងដែរ។
17ហើយគាត់និយាយថា៖ «ចូលមើលខ្ញុំ ហើយធ្វើតាមខ្ញុំ។ មើល! កាលណាខ្ញុំទៅដល់កន្លែងបោះជំរំ អ្នករាល់ត្រូវធ្វើអ្វីដែលខ្ញុំធ្វើ។
18នៅពេលដែលខ្ញុំផ្លុំត្រែឡើង អ្នកទាំងគ្នាដែលនៅជាមួយខ្ញុំ ត្រូវផ្លុំត្រែឡើង ដូច្នេះ អ្នករាល់គ្នាដែលនៅគ្រប់ទិសទាំងអស់ត្រូវផ្លុំត្រែឡើងទាំងស្រែកប្រកាសថា «សម្រាប់ព្រះអម្ចាស់ និងសម្រាប់លោកគេឌាន!»
19ដូច្នេះ លោកគេឌាន និងមនុស្សមួយរយនាក់ដែលនៅជាមួយគាត់បានមកដល់ទីបោះជំរំក្រៅបំផុត នៅពាក់កណ្តាលអាធ្រាត កាលពួកម៉ាឌានកំពុងផ្លាស់ប្តូរវេនយាម ពួកគេបានផ្លុំត្រែ និងវាយបំបែកខ្អមដែលនៅក្នុងដៃរបស់ពួកគេ។
20ពួកគេទាំងបីក្រុមបានផ្លុំត្រែឡើង និង បំបែកខ្អមរបស់ពួកគេ។ រួចកាន់ចន្លុះនៅដៃឆ្វេង ហើយត្រែនៅដៃស្តាំដើម្បីផ្លុំ។ ពួកគេស្រែកឡើងថា៖ «អាវុធនៃព្រះអម្ចាស់ និងរបស់លោកគេឌាន»។
21មនុស្សទាំងអស់ឈរនៅកន្លែងរបស់ពួកគេ ព័ន្ធជុំវិញទីបោះជំរំ ចំណែកឯទាហានម៉ាឌានវិញទាំងនោះវិញ ពួកគេខំតែរត់និងស្រែកយ៉ាងណាឲ្យបានរួចខ្លួន។
22ពេលដែលពួកគេផ្លុំត្រែទាំងបីរយឡើង ព្រះអម្ចាស់បានធ្វើឲ្យជនជាតិម៉ាឌានកាប់សម្លាប់គ្នាទៅវិញទៅមក។ ទាហានរបស់គេបានរត់ទៅដល់ បេត ស៊ីតា ខាងសេរេរ៉ា ហើយរហូតទៅដល់ព្រំប្រទល់មេហូឡា ដែលនៅជិត តាបាត។
23នោះ ជនជាតិអ៊ីស្រាអែលប្រមូលគ្នាមកពីកុលសម្ព័ន្ធ ណែបថាលី អាស៊ើរ និងកុលសម្ព័ន្ធម៉ាណាសេទាំងអស់ ហើយពួកគេដេញតាមពួកជនជាតិម៉ាឌាន។
24លោកគេឌាន បានចាត់មនុស្សឲ្យនាំដំណឹងទៅកាន់កុលសម្ព័ន្ធអេប្រាអ៊ីម និយាយថា៖ «ចូលចុះមកប្រឆាំងនឹងពួកម៉ាឌាន ហើយកាន់កាប់នៅត្រង់ទន្លេយ័រដាន រហូតដល់ បេត បារ៉ា ហើយស្កាត់ពួកគេ»។ ពួកអេប្រាអ៊ីមទាំងប៉ុន្មាន បានមូលគ្នាទៅចាំស្កាត់ត្រង់ផ្លូវទឹកទាំងអស់ តាមទន្លេយ័រដានរហូតដល់បេត បារ៉ា។
25ពួកគេចាប់បាន មេដឹកនាំពីរនាក់របស់សាសន៍ម៉ាឌាន គឺ អូរិប និង សៀប។ ពួកគេបានសម្លាប់លោកអូរិប នៅត្រង់ថ្មរបស់លោកអូរិប ហើយ លោកសៀប ត្រូវបានសម្លាប់នៅត្រង់ធុងគៀបផ្លែទំពាំងបាយជូររបស់លោកសៀប។ ពួកគេក៏ដេញតាមជនជាតិម៉ាឌាន ហើយពួកគេនាំយកក្បាលរបស់លោកអូរិប និង ក្បាលរបស់ លោកសៀប ទៅប្រគល់ឲ្យលោកគេឌាន ដែលនៅខាងនាយទន្លេយ័រដាន។