ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចៅហ្វាយ 6

Read Scripture freely. Divine Threads study for this chapter is coming later.

1ជនជាតិអ៊ីស្រាអែល បានធ្វើការអាក្រក់ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់សារជាថ្មី ហើយទ្រង់បានប្រគល់ពួកគេឲហតទៅជនជាតិម៉ាឌានរយៈពេលប្រាំពីរឆ្នាំ។
2ពួកជនជាតិម៉ាឌានក៏មានអំណាចកាន់តែខ្លាំងឡើងលើជនជាតិអ៊ីស្រាអែល។ ដោយសារតែហេតុនោះហើយជនជាតិអ៊ីស្រាអែលបានធ្វើរូងនៅក្នុងភ្នំ ល្អាង ហើយនិងទីមាំមួនសម្រាប់ខ្លួន។
3នៅពេលដែលជនជាតិអ៊ីស្រាអែលសាបព្រោះ នោះជនជាតិម៉ាឌាន ជនជាតិអាម៉ាឡេក និងពួកសាសន៍ពីប្រទេសខាងកើតបានឡើងមកប្រឆាំងជាមួយនឹងគេ។
4ហើយបំផ្លាញផលដែលកើតពីដី រហូតដល់កាសា។ ពួកគេមិនបន្សល់ទុកទាំងស្បៀងអាហារ ទាំងចៀម ទាំងគោ ឬសូម្បីតែសត្វលាក្តីក្នុងទឹកដីអ៊ីស្រាអែល។
5គឺពួកគេឡើងមកទាំងនាំយកហ្វូងសត្វហើយនិងត្រសាលរបស់គេមកដែរ គឺចូលមកដូចជាហ្វូងកណ្តូបនៃវាលស្មៅ សូម្បីតែខ្លួនគេ និងសត្វអូដ្ឋរបស់គេក៏មិនអាចរាប់អស់ដែរ គឺពួកគេមកប្រយោជន៍តែបំផ្លាញទឹកដីតែប៉ុណ្ណោះ។
6ជនជាតិអ៊ីស្រាអែលបានរងទុរគតដោយសារតែជនជាតិម៉ាឌានយ៉ាងខ្លាំង ដូច្នេះហើយ គេបានស្រែកអង្វររកព្រះអម្ចាស់។
7ពេលនោះប្រជាជនអ៊ីស្រាអែលបានស្រែកអង្វររកព្រះអម្ចាស់ ដោយសារតែជនជាតិម៉ាឌាន។
8នោះព្រះអម្ចាស់បានចាត់ព្យាការីម្នាក់ទៅរកគេ ព្យាការីបានមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា៖ យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក យើងបាននាំអ្នកចេញពីភាពជាទាសករ។
9យើងបានរំដោះអ្នកចេញពីកណ្តាប់ដៃជនជាតិអេស៊ីព្ទ ហើយចេញពីកណ្តាប់ដៃរបស់អ្នកដែលសង្កត់សង្កិនអ្នក យើងបណ្តេញពួកគេចេញពីមុខរបស់អ្នក ហើយយើងក៏ប្រគល់ទឹកដីរបស់គេមកឲ្យអ្នករាល់គ្នា។
10យើងបានប្រាប់អ្នករាល់គ្នាថា៖ «យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាថា កុំថ្វាយបង្គំព្រះរបស់ជនជាតិអាម៉ូរី! ជាស្រុកដែលអ្នករាល់គ្នារស់នៅនេះឡើយ!» ប៉ុន្តែអ្នករាល់គ្នាមិនបានស្តាប់បង្គាប់់របស់យើងទេ។
11គ្រានោះ ទេវតានៃព្រះអម្ចាស់បានមកអង្គុយនៅក្រោមដើមមៃសាក់ ត្រង់អូប្រា ដែលជារបស់លោក​យ៉ូអាស ក្នុងគ្រួសារអបៀស៊ី នៅពេលដែលលោកគេឌាន ជាកូនរបស់លោកយ៉ូអាស កំពុងតែបោកស្រូវនៅក្នុងធុងបញ្ជាន់ទំពាំងបាយជូរ ដើម្បីលាក់ខ្លួនពីជន‌ជាតិ​ម៉ាឌាន​។
12នោះ ទេវតានៃព្រះអម្ចាស់បានមកបង្ហាញខ្លួនចំពោះលោកហើយប្រាប់លោកថា៖ «លោកជាវីរជន ដ៏អង់អាចក្លាហានអើយ! ព្រះអម្ចាស់គង់នៅជាមួយលោកហើយ!»។
13លោកគេឌានតបវិញថា៖ «ឱលោកម្ចាស់អើយ! ប្រសិនបើ ព្រះអម្ចាស់គង់ជាមួយពួកទូលបង្គំរាល់គ្នាពិតមែន ហេតុអ្វីបានជារឿងទាំងអស់នេះកើតឡើងចំពោះទូលបង្គំរាល់គ្នា? ហើយការអស្ចារ្យរបស់ទ្រង់ដែលបុព្វបុរសរបស់យើងបានថ្លែងប្រាប់តគ្នាមកថា ព្រះអម្ចាស់បាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នៅឯណាទៅ? ហើយឥឡូវនេះ ព្រះអង្គបានបោះបង់យើងរាល់គ្នា ហើយបានប្រគល់យើងរាល់គ្នាទៅក្នុងកណ្តាប់ដៃរបស់ជន‌ជាតិ​ម៉ាឌាន​»។
14ព្រះអម្ចាស់បានទតមើលទៅលោកហើយមានព្រះបន្ទូលថា៖ «តើយើងមិនបានចាត់អ្នកទេឬ? ចូរឯងចេញទៅដោយកម្លាំងឯងចុះ ហើយរំដោះអ៊ីស្រាអែលពីកណ្តាប់ដៃរបស់ជន‌ជាតិ​ម៉ាឌាន​»
15លោកក៏ទូលទ្រង់ថា៖ «ឱព្រះអម្ចាស់អើយ! តើទូលបង្គំរំដោះអ៊ីស្រាអែលដោយរបៀបណា? សូមទតមើលចុះ គ្រួសាររបស់ទូលបង្គំតូចទាបជាងគេក្នុងអំបូរម៉ាណាសេ ឯទូលបង្គំក៏ជាអ្នកតូចទាបជាងគេក្នុងផ្ទះរបស់ឪពុកទូលបង្គំដែរ»។
16ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងនៅជាមួយអ្នក ហើយអ្នកនឹងវាយជន‌ជាតិ​ម៉ាឌាន​ដូចជាវាយមនុស្សតែម្នាក់»។
17«ប្រសិនបើ ទូលបង្គំប្រកបដោយគុណរបស់ព្រះអង្គមែន សូមប្រទាននូវទីសម្គាល់ថា ព្រះអង្គនេះហើយដែលមានព្រះបន្ទូលមកកាន់ទូលបង្គំ។
18សូមកុំចាកចេញពីទីនេះឡើយ រហូតដល់ទូលបង្គំត្រឡប់មកវិញទាំងនាំយកតង្វាយមកថ្វាយដល់ព្រះអង្គ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងរង់ចាំ រហូតដល់អ្នកត្រឡប់មកវិញ»។
19លោកគេឌានបានចាកចេញទៅ ហើយរៀបចំកូនពពែមួយ និងនំប៉័ងឥតមេធ្វើពីម៉្សៅមួយថាំង។ លោកដាក់សាច់នៅក្នុងកញ្រែ្ចង ហើយដាក់ទឹកសម្លក្នុងចាន ហើយនាំយកមកថ្វាយព្រះអង្គនៅក្រោមដើមម៉ៃសាក់នោះ។
20នោះទេវតានៃព្រះអម្ចាស់ប្រាប់លោកថា៖ «ចូរយកសាច់ និងនំប៉័ងឥតមេទៅដាក់នៅលើថ្មនេះ ហើយចាក់ទឹកសម្លពីលើវា»។ លោកគេឌានក៏ធ្វើតាម។
21បន្ទាប់មក ទេវតានៃព្រះអម្ចាស់ក៏លូកចុងដំបងដែលកាន់នឹងដៃរបស់លោក។ លោកពាល់សាច់ និងនំប៉័ងឥតមេ នោះភ្លើងក៏ចេញពីថ្មនោះមកដុតបញ្ឆេះសាច់ និងនំប៉័ងនោះអស់រលីងទៅ។ បន្ទាប់មក ទេវតានៃព្រះអម្ចាស់បានចេញពីទីនោះបាត់ទៅ លោកគេឌានមិនបានឃើញលោកទៀតទេ។
22លោកគេឌានបានដឹងថា​​ នេះគឺជាទេវតានៃព្រះអម្ចាស់។ លោកនិយាយថា៖ «ហ្អា! ព្រះអម្ចាស់ដ៏ជាព្រះ ទូលបង្គំបានមើលឃើញទេវតារបស់ព្រះអង្គមុខទល់នឹងមុខ!»
23ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរសេចក្តីសុខសាន្តកើតមានដល់អ្នកចុះ កុំភ័យខ្លាចអ្វីឡើយ អ្នកនឹងមិនស្លាប់ទេ»។
24លោកគេឌានបានសង់កន្លែងថ្វាយយញ្ញបូជាមួយថ្វាយដល់ព្រះអម្ចាស់។ លោកបានដាក់ឈ្មោះថា៖ «ព្រះអម្ចាស់នៃសេចក្តីសុខសាន្ត»។ កន្លែងថ្វាយយញ្ញបូជានោះ នៅត្រង់អូប្រា នៃអំបូរអ័បៀស៊ើររហូតដល់សព្វថ្ងៃនេះ។
25នៅយប់នោះព្រះអម្ចាស់មានព្រះបន្ទូលទៅគាត់ថា៖ «ចូរយកគោឈ្មោលរបស់ឪពុកអ្នក និងគោឈ្មោលទីពីរ ដែលមានអាយុប្រាំពីរឆ្នាំទៅជាមួយ ហើយរលំកន្លែងថ្វាយយញ្ញបូជារបស់ព្រះបាលរបស់ឪពុកអ្នកចោលទៅ ព្រមទាំងកាប់បំផ្លាញបង្គោលព្រះអាសេរ៉ា ដែលនៅក្បែរនោះចេញដែរ។
26ចូរសង់កន្លែងថ្វាយយញ្ញបូជាមួយថ្វាយដល់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកនៅលើទីខ្ពស់នៃកន្លែងពឹងជ្រក ហើយសង់វាឲ្យបានត្រឹមត្រូវ។ ចូរថ្វាយគោឈ្មោលទីពីរនោះ ជាយញ្ញបូជា ដោយប្រើឈើដែលមកពីកន្លែងថ្វាយយញ្ញបូជាព្រះអាសេរ៉ា ដែលអ្នកបានកាប់បំផ្លាញនោះ»។
27លោកគេឌានបាននាំអ្នកបម្រើរបស់លោកដប់នាក់ទៅជាមួយ ហើយធ្វើតាមអ្វីដែលព្រះអម្ចាស់បានបង្គាប់គាត់។ ប៉ុន្តែដោយសារគាត់មានការភ័យខ្លាចចំពោះអ្នកផ្ទះរបស់ឪពុកគាត់ និងមនុស្សនៅក្រុងនោះ ហេតុដូច្នេះហើយ បានជាគាត់មិនធ្វើវានៅពេលថ្ងៃទេ ប៉ុន្តែ គាត់ធ្វើវានៅពេលយប់វិញ។
28នៅពេលដែលមនុស្សក្នុងក្រុងក្រោកឡើងនៅពេលព្រឹក ពួកគេបានឃើញកន្លែងថ្វាយយញ្ញបូជារបស់ព្រះបាលបានរលំ ហើយបង្គោលនៃព្រះអាសេរ៉ាបានកាប់ចោលនៅក្បែរនោះដែរ ចំណែកឯ គោឈ្មោលទីពីរនៅបានដុតជាយញ្ញបូជានៅលើកន្លែងថ្វាយយញ្ញបូជាដែលបានសង់ឡើងនោះ។
29មនុស្សនៅក្រុងនោះបានសួរគ្នាទៅវិញទៅមកថា៖ «តើអ្នកណាដែលធ្វើកិច្ចការទាំងនេះ?» ពួកគេក៏ស៊ើបរក រួចមានគេប្រាប់ថា៖ «លោកគេឌានកូនប្រុសរបស់លោកយ៉ូអាស ជាអ្នកធ្វើការទាំងនេះ»។
30ដូច្នេះ មនុស្សប្រុសដែលនៅក្រុងនោះ បាននិយាយទៅលោកយ៉ូអាសថា៖ «ចូរនាំកូនរបស់អ្នកមក ហើយឲ្យគេស្លាប់ទៅ ព្រោះគេបានរលំកន្លែងថ្វាយយញ្ញបូជាថ្វាយព្រះបាល ហើយកាប់បំផ្លាញកន្លែងថ្វាយយញ្ញបូជារបស់ព្រះអាសេរ៉ា»។
31លោកយ៉ូអាសក៏ឆ្លើយទៅមនុស្សដែលទាស់នឹងគាត់ថា៖ «តើអ្នករាល់គ្នាចង់តវ៉ាជំនួសព្រះបាលឬ? តើអ្នករាល់គ្នាជួយសង្ក្រោះព្រះបាលឬ? អ្នកណាដែលចង់តវ៉ាជំនួសព្រះបាល អស់អ្នកដែលតវ៉ាជំនួសព្រះបាល ត្រូវសម្លាប់អ្នកនោះចោលមុនពេលព្រឹកមកដល់ទៅចុះ។ ប្រសិនបើ ព្រះបាលពិតជាព្រះពិតមែន ចូរឲ្យព្រះបាលតវ៉ាសម្រាប់ខ្លួនឯងទៅ ដោយព្រោះគេបានរលំកន្លែងថ្វាយយញ្ញបូជារបស់ខ្លួន»។
32ហេតុនោះហើយបានជានៅថ្ងៃនោះ គេហៅលោកគេឌានថា៖ «យេរូប បាល» ដោយព្រោះពាក្យដែលថា៖ «ចូរឲ្យព្រះបាលតវ៉ាដោយខ្លួនឯងចុះ» គឺពីព្រោះលោកគេឌានបានរលំកន្លែងថ្វាយយញ្ញបូជារបស់ព្រះបាល»។
33គ្រានោះ ពួកជនជាតិមេឌាន ជនជាតិអាម៉ាឡេក ព្រមទាំងជនជាតិនានាពីទិសខាងកើតក៏មូលគ្នាឆ្លងទន្លេយ័រដាន មកបោះទ័ពនៅត្រង់វាលច្រកភ្នំយេសរាល។
34នោះព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានសណ្ឋិតលើលោកគេឌាន។ គាត់បានផ្លុំត្រែឡើង នោះពួកអ័បៀស៊ើរក៏មូលគ្នាមកតាមលោក
35រួចលោកចាត់មនុស្សឲ្យទៅគ្រប់ស្រុកម៉ាណាសេ គេក៏មូលគ្នាមកតាមលោកដែរ។ លោកក៏បានចាត់គេទៅកុលសម្ព័ន្ធអាស៊ើរ កុលសម្ព័ន្ថសាប់យ៉ូឡូន និងពួកណែបថាលី ហើយពួកគេក៏បានឡើងមកជួបជាមួយលោក។
36លោកគេឌានទូលទៅព្រះអម្ចាស់ថា៖ «ប្រសិនបើ ព្រះអង្គ សព្វព្រះហឫទ័យនឹងជួយសង្គ្រោះប្រជាជនអ៊ីស្រាអែលតាមរយៈទូលបង្គំ ដូចដែលព្រះអង្គមានព្រះបន្ទូលមែន
37នោះមើល ទូលបង្គំដាក់រោមចៀមនេះនៅទីលានបោកស្រូវ ប្រសិនបើ ឃើញមានសន្សើមនៅតែលើរោមចៀម ហើយផ្ទៃដីជុំវិញស្ងួត នោះទូលបង្គំនឹងដឹងថា ព្រះអង្គពិតជាប្រើទូលបង្គំឲ្យសង្គ្រោះប្រជាជនអ៊ីស្រាអែល ដូចដែលព្រះអង្គមានព្រះបន្ទូលមែន»។
38នៅពេលព្រឹកព្រលឹមបន្ទាប់ ក៏កើតមានដូច្នោះ កាលលោកក្រោកឡើង ទៅច្របាច់ពូតរោមចៀមនោះ បានទឹកសន្សើមពេញមួយចាន។
39បន្ទាប់មក លោកទូលព្រះអង្គថា៖ «សូមកុំខ្ញាល់នឹងទូលបង្គំឡើយ ទូលបង្គំនឹងសូមព្រះអង្គតែម្តងទៀតប៉ុណ្ណោះ។ សូមអនុញ្ញាតឲ្យទូលបង្គំ សាកល្បងដោយរោមចៀមនេះម្តងទៀត! លើកនេះសូមឲ្យរោមចៀមស្ងួត ហើយសូមឲ្យដីជុំវិញសើមវិញម្តង»។
40ព្រះអង្គបានធ្វើតាមការសុំរបស់លោកនៅក្នុងយប់នោះ។ រោមចៀមបែរជាស្ងួត តែនៅលើដីជុំវិញនោះបានសើម។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។