1បន្ទាប់ពី លោកអេហ៊ូដទទួលមរណភាពទៅ ប្រជាជនអ៊ីស្រាអែលបានត្រឡប់ទៅប្រព្រឹត្តការអាក្រក់ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ជាថ្មី។
2ព្រះអម្ចាស់បានប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន ដែលសោយរាជ្យនៅក្រុង ហាសោរ។ មេទ័ពរបស់ទ្រង់គឺលោកស៊ីសេរ៉ា ដែលរស់នៅហារ៉ូសេត-កូយឹម។
3ជនជាតិអ៊ីស្រាអែលបានស្រែកអង្វររកព្រះអម្ចាស់ឲ្យសង្រ្កោះពួកគេ ព្រោះស៊ីសេរ៉ា មានរទេះចម្បាំងប្រាំបួនរយ ហើយសង្កត់សង្កិនជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំងអស់រយៈពេលម្ភៃឆ្នាំ។
4នៅជំនាន់នោះ លោកស្រីដេបូរ៉ា ជាព្យាការិនី ជាភរិយារបស់លោកឡាពីដូត បានដឹកនាំជនជាតិអ៊ីស្រាអ៊ែល។
5លោកស្រីដេបូរ៉ាតែងតែអង្គុយក្រោមដើមលម៉ើ ដែលគេហៅថាដើមលម៉ើលោកស្រីដេបូរ៉ា ដែលស្ថិតនៅចន្លោះភូមិរ៉ាម៉ា និងបេតអ៊ែល នៅតំបន់ភ្នំអេប្រាអ៊ីម ហើយជនជាតិអ៊ីស្រាអែលតែងតែឡើងមករកលោកស្រី ដើម្បីជំនុំជម្រះក្តីរបស់ពួកគេ។
6លោកស្រីបានកោះហៅ លោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម ដែលរស់នៅភូមិកេដេស ក្នុងតំបន់ណែបថាលី លោកស្រីមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលមកលោកដូចតទៅ៖ «ចូរចេញទៅភ្នំតាបោរ ហើយនាំយកមនុស្សប្រុសចំនួនមួយម៉ឺននាក់ពីកុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធសាប់យូឡូបទៅជាមួយ។
7យើងនឹងទាក់ទាញស៊ីសេរ៉ា មេទ័ពរបស់ស្តេចយ៉ាប៊ីន ជាមួយនឹងរទេះចម្បាំងព្រមទាំងកងទ័ពរបស់គេ អោយមកច្បាំងជាមួយនឹងអ្នកនៅត្រង់ជ្រោះគីសូន យើងនឹងប្រគល់គេមកក្នុងកណ្តាប់ដៃរបស់អ្នក»។
8លោកបារ៉ាក់តបទៅកាន់លោកស្រីថា៖ «ប្រសិនបើ លោកស្រីធ្វើដំណើរទៅជាមួយខ្ញុំ ខ្ញុំនឹងទៅ តែបើលោកស្រីមិនទៅជាមួយទេ ខ្ញុំក៏មិនទៅដែរ»។
9លោកស្រីក៏មានប្រសាសន៍ថា៖ «ខ្ញុំប្រាកដជាទៅជាមួយលោក តែអ្វីដែលលោកធ្វើនឹងមិនបានកិត្តិយសមកលោកទេ ព្រោះព្រះអម្ចាស់នឹងប្រគល់សេសារ៉ាទៅក្នុងកណ្តាប់ដៃរបស់មនុស្សស្រី»។ បន្ទាប់មកលោកស្រីដេបូរ៉ាបានក្រោកឡើង ហើយធ្វើដំណើរទៅភូមិកេដេសជាមួយលោកបារ៉ាក់។
10លោកបារ៉ាក់បានកោះហៅកុលសម្ព័ន្ធសាយូឡូន និងណែបថាលីឲ្យមកជួបជុំគ្នានៅកេដេស។ មនុស្សមួយម៉ឺននាក់បានតាមលោក ហើយលោកស្រី ដេបូរ៉ា ក៏ធ្វើដំណើរជាមួយលោកដែរ។
11ឥឡូវនេះ លោកហេប័រ ជាជនជាតិកែន បានបែកចេញពីជនជាតិកែនដទៃទៀត ដែលពួកគេជាពូជពង្សរបស់លោកហូបាប ជាបងថ្លៃរបស់លោកម៉ូសេ ហើយគាត់បានបោះជំរំរបស់គាត់នៅក្បែរដើមជ្រៃស្អាណានីម ជិតភូមិកេដេស។
12ពេលដែលពួកគេប្រាប់លោកស៊ីសេរ៉ាថា លោកបារ៉ាក់ កូនរបស់អប៊ីណោម បានឡើងពីភ្នំតាបោរ
13លោកស៊ីសេរ៉ា បានប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿងហើយនិងទាហានទាំងអស់ដែលនៅជាមួយលោកពី ហារ៉ូសែតកូយីម ហើយឆ្ពោះទៅកាន់ទន្លេគីសូន។
14លោកស្រីដេបូរ៉ាមានប្រសាសន៍ទៅកាន់លោកបារ៉ាក់ថា៖ «ចូរចេញទៅ! នេះគឺជាថ្ងៃដែលព្រះអម្ចាស់ប្រទានឲ្យអ្នកមានជ័យជម្នះលើស៊ីសេរ៉ា។ តើព្រះអម្ចាស់មិននាំមុខលោកទេឬ?» ដូច្នេះ លោកបារ៉ាក់បានចុះពីភ្នំតាបោរជាមួយនឹងមនុស្សដែលតាមលោកមួយម៉ឺននាក់។
15ព្រះអម្ចាស់បានធ្វើឲ្យលោកស៊ីសេរ៉ា ទាំងរទេះចម្បាំង និងទាហានទាំងអស់បាក់ទ័ព មនុស្សរបស់លោកបារ៉ាក់បានចាប់ពួកគេ ហើយស៊ីសេរ៉ាបានលោតចុះពីរទេះចម្បាំងរបស់គាត់ ហើយរត់ដោយជើងទទេ
16លោកបារ៉ាក់បានដេញតាមរទេះចម្បាំង និងទាហានរហូតដល់ហារ៉ូសេតកូយឹម ហើយទាហានទាំងអស់របស់លោកស៊ីសេរ៉ា ត្រូវបានសម្លាប់ដោយមុខដាវ គ្មានសល់អ្នកណាម្នាក់ឡើយ។
17លោកស៊ីសេរ៉ា បានរត់ទៅត្រសាលរបស់នាងយូអ៊ែល ហើយភរិយារបស់លោកហេប័រ ជាសាសន៍កែន ដោយព្រះបាទយ៉ាប៊ីន ជាស្តេចក្រុងហាសោរ និងក្រុមគ្រួសារលោកហេបើរជនជាតិកែនមានទំនាក់ទំនងមេត្រីភាពជាមួយគ្នា។
18នាងយ៉ូអ៊ែលបានចេញមកជួបជាមួយលោកស៊ីសេរ៉ា ហើយមានប្រសាសន៍ទៅកាន់គាត់ថា៖ «សូមលោកម្ចាស់អញ្ជើញចូលមកចុះ សូមកុំមានការភ័យខ្លាចអ្វីឡើយ!» ដូច្នេះ លោកបានចូលទៅក្នុងត្រសាលរបស់នាង ហើយនាងបានលាក់លោកនៅក្នុងភួយ។
19លោកនិយាយទៅនាងថា៖ «ខ្ញុំស្រែកទឹកណាស់ សូមឲ្យទឹកបន្តិចមកខ្ញុំផឹក! «នាងក៏បើកឆ្នុកថង់ស្បែកហើយឲ្យទឹកទៅលោកផឹក បន្ទាប់មក នាងយកភួយគ្របលោកវិញ។
20លោកបាននិយាយទៅនាងថា៖ «សូមរង់ចាំនៅមាត់ទ្វារត្រសាល! ហើយប្រសិនបើមានអ្នកណាមកសួរថា «តើមានអ្នកណាមកទីនេះដែរឬទេ? ចូរឆ្លើយថា៖ «គ្មានទេ!»។
21បន្ទាប់មក នាងយ៉ូអ៊ែល ភរិយាលោក ហេបើរបានកាន់ចម្រឹងដែក និងញញួរយ៉ាងសម្ងាត់ទៅរកលោកស៊ីសេរ៉ា នៅពេលដែលលោកដេកលង់លក់ នាងបានបោះចម្រឹងដែលត្រង់សៀតផ្ការបស់លោកធ្លុះទៅជាប់នឹងដី ហើយលោកក៏ស្លាប់ទៅ។
22ពេលនោះ លោកបារ៉ាក់បានតាមរកលោកស៊ីសេរ៉ាទាន់នៅទីនោះ នាងយ៉ូអ៊ែលបានចេញទៅជួបលោក ហើយពោល៖ «សូមចូលមក ខ្ញុំនឹងបង្ហាញលោកនូវមនុស្ស ដែលលោកតាមរក»។ ដូច្នេះ លោកបានចូលទៅក្នុងត្រសាលជាមួយនាង ហើយលោកក៏បានឃើញលោកស៊ីសេរ៉ា ស្លាប់នៅទីនោះ ដោយមានចម្រឹងដែកជាប់នឹងសៀតផ្ការបស់លោក។
23នៅថ្ងៃនោះព្រះអម្ចាស់បានបំបាក់មុខព្រះបាតយ៉ាប៊ីន ជាស្តេចស្រុកកាណា ចំពោះមុខជនជាតិអ៊ីស្រាអែល។
24អំណាចរបស់ជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឡើងៗលើព្រះបាទយ៉ាប៊ីន ស្តេចស្រុកកាណាន រហូតពួកគេអាចសម្លាប់ស្តេចបាន។