ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចៅហ្វាយ 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់បានទុកជាតិសាសន៍នានាដើម្បីល្បងលអ៊ីស្រាអែលទាំងប៉ុន្មានដែលមិនបានចូលរួមធ្វើសង្រ្គាមវាយដណ្តើមទឹកដីពីជនជាតិកាណាន។
2ព្រះអង្គបានបង្រៀនការធ្វើសង្រ្គាមនេះដល់ជនជាតិអ៊ីស្រាអែលជំនាន់ក្រោយដែលមិនបានស្គាល់វាពីមុន។
3ប្រជាជាតិទាំងនោះមានដូចជា៖ ជនជាតិភីលីស្ទីនទាំងប្រាំនគរ ជនជាតិកាណានទាំងអស់ ជនជាតិស៊ីដូន និងជនជាតិហេវី ដែលរស់នៅតាមតំបន់ភ្នំលីបង់ ចាប់តាំងពីភ្នំបាល ហ៊ើរម៉ូន រហូតដល់ហាម៉ាត់។
4ព្រះអម្ចាស់ទុកជាតិសាសន៍ទាំងនោះដើម្បីល្បងលមើលឲ្យដឹងថា តើជនជាតិអ៊ីស្រាអែលគោរពតាមបទបញ្ជាដែលព្រះអង្គបានប្រទានមកបុព្វបុរសរបស់ពួកគេតាមរយៈលោកម៉ូសេដែរឬទេ។
5ដូច្នេះ ជនជាតិអ៊ីស្រាអែលរស់នៅក្នុងចំណោមជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរីស៊ីត និងជនជាតិយេប៊ូស។
6ពួកគេយកកូនស្រីជាតិសាសន៍ទាំងនោះធ្វើជាប្រពន្ធ និងលើកកូនស្រីរបស់ខ្លួនអោយរៀបការជាមួយកូនប្រុសជនជាតិទាំងនោះ ហើយពួកគេនាំគ្នាគោរពថ្វាយបង្គំព្រះរបស់ជនជាតិទាំងនោះទៀតផង។
7ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហឬទ័យព្រះអម្ចាស់ ពួកគេបានបំភ្លេចព្រះអង្គ ហើយបែរទៅថ្វាយបង្គំព្រះ បាល និង អាសថារ៉ូតវិញ។
8ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ព្រះអង្គបានប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃ របស់ព្រះបាទ គូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ណាហារេម។ ជនជាតិអ៊ីស្រាអែលបានបម្រើស្តេចគូសាន-រីសាថែម អស់រយះពេលប្រាំបីឆ្នាំ។
9ពេលដែលជនជាតិអ៊ីស្រាអែលស្រែកអង្វររកព្រះអម្ចាស់ ព្រះអង្គបានធ្វើឲ្យមានអ្នកសង្រ្គោះម្នាក់ក្រោកឡើងសង្គ្រោះជនជាតិអ៊ីស្រាអែល គឺលោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនរបស់លោកកាលែប។
10ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានសណ្ឋិតលើលោកអូធ្នាល លោកក៏បានធ្វើជាមេដឹកនាំរបស់អ៊ីស្រាអែល លោកអូធ្នាលបានចេញទៅច្បាំង ហើយព្រះអម្ចាស់បានប្រទានឲ្យលោកមានជ័យជម្នះលើព្រះបាទគូសាន-រីសាថែម។
11ទឹកដីរបស់គេមានសេចក្តីសុខសាន្តអស់រយៈពេលសែសិបឆ្នាំ។ ក្រោយមក លោ​កអូធ្នាល ជាកូនរបស់លោកកេណាស បានទទួលមរណភាពទៅ។
12ក្រោយមក ជនជាតិអ៊ីស្រាអែលបានត្រឡប់មកប្រព្រឹត្តការណ៍អាក្រក់ដែលមិនសព្វព្រះទ័យព្រះអម្ចាស់ ហេតុនេះ ព្រះអង្គបានពង្រឹងអំណាចព្រះបាទអេក្លូន ស្តេចរបស់ជនជាតិម៉ូអាប់ ឲ្យប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។
13ព្រះបាទអេក្លូនបាន រួមដៃគ្នាជាមួយជនជាតិអាំម៉ូន និងជនជាតិអាម៉ាឡេក ទៅច្បាំងនឹងជនជាតិអ៊ីស្រាអែល ហើយពួកគេដណ្តើមបានទីក្រុងដើមលម៉ើរ។
14ជនជាតិអ៊ីស្រាអែលបម្រើព្រះបាទអេក្លូន ជាស្តេចស្រុកម៉ូអាប់អស់រយៈពេលដប់ប្រាំបីឆ្នាំ។
15ជនជាតិអ៊ីស្រាអែល បានស្រែកអង្វររកព្រះអម្ចាស់ ព្រះអង្គបានធ្វើឲ្យមានអ្នកសង្រ្គោះម្នាក់ក្រោកឡើងសង្រ្គោះពួកគេ។ លោកអេហ៊ូដ ជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធប៊េនយ៉ាមីន លោកអេហ៊ូដ ប្រើតែដៃឆ្វេងប៉ុណ្ណោះ។ ពេលនោះជនជាតិអ៊ីស្រាអែលបានចាត់លោក ឲ្យនាំយកសួយសារអាករទៅថ្វាយព្រះបាទអេក្លូន ជាស្តេចស្រុកម៉ូអាប់។
16លោកអេហ៊ូដបានធ្វើអាវុធដែលមានមុខពីរ និងប្រវែងប្រហែលមួយហត្ថសម្រាប់ខ្លួនរបស់លោក ហើយចងឱបនឹងភ្លៅស្តាំ លាក់ក្រោមសម្លៀកបំពាក់របស់លោក។
17លោកបាន ថ្វាយសួយសារអាករ ទៅព្រះបាទអេក្លូន ជាស្តេចស្រុកម៉ូអាប់។
18ព្រះបាទអេក្លូនគឺធាត់ខ្លាំងណាស់។ បន្ទាប់ពីលោកអេហ៊ូដបានថ្វាយសួយសារអាករហើយ លោកក៏ត្រឡប់ទៅវិញជាមួយអ្នកដែលបានកាន់សួយសារអាករមក។
19ពេលដែលលោកអេហ៊ូដបានមកដល់ត្រង់រូបបដិមាករ ដែលនៅជិត គីលកាល លោកបានត្រឡប់ក្រោយ ហើយទូលស្តេចថា៖ «បពិត ព្រះករុណា ទូលបង្គំមានកិច្ចការសម្ងាត់មួយទូលថ្វាយព្រះអង្គ» ព្រះបាទអេក្លូនមានព្រះបន្ទូលថា៖ «ចូលស្ងាត់!» ដូច្នេះ ព្រះអង្គបានបញ្ជាឲ្យអ្នកបម្រើរបស់ព្រះអង្គទាំងអស់ចាកចេញពីព្រះដំណាក់។
20លោក អេហ៊ូដបានចូលទៅរកស្តេច។ ពេលនោះព្រះបាទអេក្លូនគង់នៅក្នុងបន្ទប់ត្រជាក់ខាងលើ ជាកន្លែងលំហែកាយរបស់ស្តេចផ្ទាល់។ លោកអេហ៊ូដទូលស្តេចថា៖ «ទូលបង្គំមានព្រះបន្ទូលមកពីព្រះអម្ចាស់ សម្រាប់ទូលថ្វាយព្រះករុណា»។ ស្តេចក៏ក្រោកចេញពីកៅអី។
21លោកអេហ៊ូដបានលូកដៃឆ្វេងទៅដកកាំបិទដែលចងផ្អោបនៅភ្លៅស្តាំ រួចចាក់ទៅក្នុងខ្លួនរបស់ស្តេច។
22ដងកាំបិតបានកប់បាត់ទៅក្នុង ហើយខ្លាញ់ពោះក៏បិតជិតកាំបិតនោះ លោកអេហ៊ូដ មិនបានដកយកកាំបិតចេញមកវិញទេ។
23បន្ទាប់មក លោកអេហ៊ូដបានចេញទៅរានហាលហើយបិទទ្វារទាំងអស់នៃបន្ទប់ខាងលើពីក្រោយលោក និងចាក់សោរទ្វារផង។
24បន្ទាប់ពីលោកអេហ៊ូដចាកចេញទៅ អ្នកបម្រើរបស់ស្តេចបានចូលមក ពួកគេឃើញទ្វារបន្ទប់ខាងលើត្រូវបានចាក់សោរ ដូច្នេះ ពួកគេគិតថា៖ «ព្រះអង្គប្រាកដជាកំពុងដោះទុក្ខរបស់ទ្រង់ នៅក្នុងបន្ទប់ត្រជាក់ខាងលើ»។
25ពួកគេនាំគ្នារង់ចាំ រហូតទាល់តែមានអារម្មណ៍បារម្ភ ព្រោះតែស្តេចនៅតែមិនព្រមបើកទ្វារទៅកាន់បន្ទប់ខាងលើ។ ដូច្នេះ ពួកគេបានយកកូនសោរទៅបើកទ្វារបន្ទប់ ហើយឃើញម្ចាស់របស់គេសុគតនៅលើកម្រាលឥដ្ឋ។
26អំឡុងពេលដែលពួកអ្នកបម្រើកំពុងរង់ចាំ តើពួកគេធ្វើអ្វី! លោកអេហ៊ូដបានភៀសខ្លួន ហើយរត់ហួសរូបបដិមាករ ហើយទៅដល់តំបន់សៃរ៉ា។
27ពេលដែលលោកទៅដល់តំបន់ភ្នំអេប្រាអ៊ីម លោកបានផ្លុំត្រែ។ បន្ទាប់មក លោកបានដឹកនាំប្រជាជនអ៊ីស្រាអែល ហើយនាំពួកគេចុះពីភ្នំទៅជាមួយគាត់។
28លោកបានមានប្រសាសន៍ទៅកាន់ពួកគេថា ៖ «ចូរមកតាមខ្ញុំ ដ្បិត ព្រះអម្ចាស់បានប្រគល់ជនជាតិម៉ូអាប់ ជាសត្រូវរបស់អ្នករាល់គ្នា មកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ»។ ពួកគេបានតាមលោក ហើយវាយយកកន្លែងទឹករាក់សម្រាប់ឆ្លងនៃទន្លេយ័រដានពីជនជាតិម៉ូអាប់ ពួកគេមិនអនុញ្ញាតឲ្យជនជាតិម៉ូអាប់ឆ្លងទន្លេទេ។
29នៅគ្រានោះពួកគេបានសម្លាប់ជនជាតិម៉ូអាប់អស់ប្រហែលមួយម៉ឺននាក់ ដែលសុទ្ធតែជាមនុស្សខ្លាំងពូកែ និងក្លាហាន ដោយមិនលើកលែងឲ្យអ្នកណាម្នាក់ឡើយ។
30ហើយស្រុកទេសបានសុខសាន្តអស់រយៈពេលប៉ែតសិបឆ្នាំ។
31ចៅហ្វាយបន្ទាប់ពីលោកអេហ៊ូដ គឺលោកស៊ាំកើរ ជាកូនលោកអណាត ដែលបានសម្លាប់ជនជាតិភីលីស្ទីនអស់ប្រាំមួយរយនាក់ ដោយប្រើជន្លួញគោ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។