1នៅពេលទេវតានៃព្រះអម្ចាស់បានឡើងពីគីលកាល់ទៅបូគីម ហើយពោលទៅកាន់ជនជាតិអ៊ីស្រាអែលថា ៖ «យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីបមក ហើយក៏បាននាំអ្នកទៅកាន់ទឹកដីដែលយើងបានសន្យានឹង បុព្វបុរសរបស់អ្នកថានឹងឲ្យទៅអ្នករាល់គ្នា។ យើងបាននិយាយថា យើងនឹងមិនផ្តាច់សម្ព័ន្ធមេត្រី ដែលយើងបានចងជាមួយអ្នកឡើយ។
2រីឯអ្នករាល់គ្នាវិញ គឺមិនត្រូវចងសម្ព័ន្ធមេត្រីជាមួយប្រជាជនដែលរស់នៅក្នុងស្រុកនេះដែរ។ អ្នកត្រូវតែរំលំអាសនៈទាំងឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនបានស្តាប់ពាក្យរបស់យើងទេ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ?
3ដូច្នេះ យើងសុំប្រាប់អ្នករាល់គ្នាថា «យើងនឹងមិនបណ្តេញជនជាតិកាណានទាំងនេះចេញពីមុខរបស់អ្នកទេ ពួកគេនឹងក្លាយទៅជាសត្រូវរបស់អ្នករាល់ ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងអន្ទាក់នៃព្រះនានារបស់ពួកគេ»។
4នៅពេលដែលប្រជាជនអ៊ីស្រាអែល បានឮទេវតារបស់ព្រះអម្ចាស់ពោលដូច្នេះ ពួកគេបានស្រែកទ្រហ៊ោរយំ។
5ពួកគេបានដាក់ឈ្មោះទីកន្លែងនោះថា បូគីម។ នៅទីនោះ ពួកគេបានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។
6លោកយ៉ូស្វេបានឲ្យជនជាតិអ៊ីស្រាអែលត្រឡប់ទៅវិញ ពួកគេបានចាប់យកចំណែកទឹកដីដែលជាមរតករបស់គេរៀងៗខ្លួន។
7អំឡុងពេលដែលលោកយ៉ូស្វេនៅមានជីវិតនៅឡើយ ពួកគេគោរពបម្រើព្រះអម្ចាស់។ ក្រោយលោក ទទួលមរណភាពទៅ ពួកគេក៏នៅតែគោរពបម្រើព្រះអង្គបន្តទៅទៀត គឺអំឡុងពេលដែលពួកចាស់ទុំនៅមានជីវិតនៅឡើយ គឺចាស់ទុំដែលបានឃើញពីការអស្ចារ្យ ដ៏ឧដុង្គឧត្តមដែលព្រះអម្ចាស់បានធ្វើចំពោះជនជាតិអ៊ីស្រាអែល។
8លោកយ៉ូស្វេ ជាកូនរបស់នូន ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ បានទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។
9ពួកគេបានបញ្ចុះសពរបស់លោកនៅក្នុងទឹកដីដែលជាចំណែកមរតរបស់លោក នៅធីមណាត ហេរេស នៅក្នុងតំបន់ភ្នំអេប្រាអ៊ីម នៅខាងជើងភ្នំកាអាស។
10មនុស្សជំនាន់នោះក៏បានទៅជួបនឹងដូនតារបស់គេដែលបានចែកឋានទៅ។ ហើយមនុស្សជំនាន់មួយជំនាក់ទៀតក៏កើតមកតាមក្រោយ ពួកគេមិនបានស្គាល់ព្រះជាម្ចាស់និងកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើចំពោះជនជាតិអ៊ីស្រាអែលនោះទេ។
11ប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយពួកគេបានគោរពបម្រើព្រះបាល។
12ពួកគេបានបែកចេញពីមាគា៌របស់ព្រះអម្ចាស់ គឺព្រះនៃបុព្វបុរសរបស់គេ ព្រះដែលបាននាំគេចេញពីស្រុកអេស៊ីបមក។ គេបែរទៅគោរពព្រះផ្សេងៗទៀតក្នុងចំណោមព្រះនានារបស់ប្រជាជនដែលរស់នៅជុំវិញពួកគេ ពួកគេក្រាបថ្វាយបង្គំព្រះទាំងនោះ ដែលជាហេតុនាំឲ្យព្រះអម្ចាស់ព្រះពិរោធ
13ដោយសារតែពួកគេបានបែរចេញពីផ្លូវរបស់ទ្រង់ ហើយគោរពបម្រើព្រះបាល និងអាសថារ៉ូត។
14ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ព្រះអង្គបានប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃពួកចោរព្រៃ ដែលប្លន់យកទ្រព្យសម្បត្តិរបស់ពួកគេ។ ព្រះអង្គបានលក់ពួកគេឲ្យទៅខ្មាំងសត្រូវដែលនៅជុំវិញធ្វើជាទាសករ ដូច្នេះហើយពួកគេមិនអាចទប់ទល់នឹងខ្មាំងសត្រូវរបស់ពួកគេបានទៀតទេ។
15នៅគ្រប់ទីកន្លែងដែលជនជាតិអ៊ីស្រាអែលចេញទៅច្បាំង ព្រះអម្ចាស់ធ្វើឲ្យពួកគេបរាជ័យជានិច្ច ដូចដែលព្រះអង្គមានព្រះបន្ទូលព្រមានពួកគេរួចស្រេចហើយ។
16ក្រោយមក ព្រះអម្ចាស់បានធ្វើឲ្យមានពួកចៅហ្វាយ ក្រោកឡើង ដែលរំដោះពួកគេឲ្យរួចពីកណ្តាប់ដៃពួកចោរព្រៃ។
17ប៉ុន្តែ ពួកគេនៅតែមិនស្តាប់បង្គាប់ពួកចៅហ្វាយរបស់ពួកគេ។ ជនជាតិអ៊ីស្រាអែលបានក្បត់ព្រះអម្ចាស់ ហើយបែរទៅគោរពថ្វាយបង្គំព្រះដទៃ។ ពួកគេឆាប់បែរចេញពីមាគ៌ារបស់បុព្វបុរស គឺពួកគេមិនប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ដូចបុព្វបុរសរបស់ពួកគេទេ។
18កាលព្រះអម្ចាស់បានធ្វើឲ្យពួកចៅហ្វាយក្រោកឡើងសម្រាប់ពួកគេ ព្រះអម្ចាស់បានគង់ជាមួយចៅហ្វាយនោះ និងសង្គ្រោះពួកគេពីកណ្តាប់ដៃខ្មាំងសត្រូវរបស់ពួកគេ ពេញមួយជីវិតរបស់ចៅហ្វាយនោះ។ ព្រះអម្ចាស់មានសេចក្តីអាណិតអាសូរដល់ពួកគេ នៅពេលដែលពួកគេស្រែកថ្ងូរដោយសារតែពួកខ្មាំងសត្រូវសង្កត់សង្កិន និងធ្វើបាបពួកគេ។
19ប៉ុន្តែ ពេលដែលចៅហ្វាយនោះទទួលមរណភាពផុតទៅ ពួកគេបានបែរទៅប្រព្រឹត្តការអាក្រក់សារជាថ្មី លើសជាងពួកដូនតារបស់ពួកគេដែលធ្លាប់ប្រព្រឹត្តទៅទៀត។ ពួកគេបានដើរតាមព្រះដទៃដោយគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ ពួកគេមិនបានបោះបង់ចោលការប្រព្រឹត្តអាក្រក់ ឬចរិតដែលរឹងចចេសរបស់ពួកគេចោលទេ។
20ពេលនោះ ព្រះអម្ចាស់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ព្រះអង្គមានព្រះបន្ទូលថា៖ «ដោយសារតែប្រជាជាតិនេះបានផ្តាច់ សម្ព័ន្ធមេត្រីដែលយើងបានចងជាមួយដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ ដោយសារតែពួកគេមិនស្តាប់ពាក្យរបស់យើង
21នោះយើងនឹងមិនបណ្តេញប្រជាជាតិណាមួយ ដែលលោកយ៉ូស្វេបានបន្សល់ទុក ក្រោយពេលគាត់ស្លាប់នៅទៅដែរ។
22យើងនឹងល្បងលមើលជនជាតិអ៊ីស្រាអែលឲ្យដឹងថា តើអ៊ីស្រាអែលនឹងដើរតាមផ្លូវដែលបុព្វបុរសររបស់គេដើរដែរឬទេ»។
23ដូច្នេះហើយ ព្រះអម្ចាស់បានទុកជាតិសាសន៍នានា គឺព្រះអង្គមិនប្រញាប់បណ្តេញពួកគេចេញពីទឹកដីរបស់ពួកគេ ហើយក៏មិនប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់លោកយ៉ូស្វេដែរ។