ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចៅហ្វាយ 20

Read Scripture freely. Divine Threads study for this chapter is coming later.

1ប្រជាជនអ៊ីស្រាអែលទាំងអស់បានប្រមូលគ្នាមកដូចជាមនុស្សតែម្នាក់ ចាប់ពីក្រុងដាន់រហូតដល់បៀសេបា រួមទាំងប្រជាជនពីទឹកដីកាឡាត ហើយពួកគេមកប្រជុំគ្នានៅចំពោះព្រះអម្ចាស់នៅមីសប៉ា។
2ពួកមេដឹកនាំនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ប្រជាជនអ៊ីស្រាអែលក៏មានវត្តមាននៅក្នុងអង្គប្រជុំរបស់ព្រះអម្ចាស់ដែរ គឺមានពលថ្មើរជើងចំនួន បួនសែននាក់ដែលប្រដាប់ដោយអាវុធ។
3កូនចៅបេនយ៉ាមីនបានទទួលដំណឹងថា ប្រជាជនអ៊ីស្រាអែលបានមកដល់មីសប៉ាហើយ។ ពេលនោះប្រជាជនអ៊ីស្រាអែលបានសួរថា៖ «ចូរប្រាប់យើងមកមើលតើឧក្រិដ្ឋកម្មនេះកើតឡើងយ៉ាងដូចម្តេច»។
4បុរសលេវីជាប្តីរបស់ស្ត្រីដែលត្រូវបានសម្លាប់នោះឆ្លើយថា៖ «ខ្ញុំបានធ្វើដំណើរទៅគីបៀរ នៅក្នុងទឹកដីបេនយ៉ាមីន ខ្ញុំនិងប្រពន្ធចុងរបស់ខ្ញុំបានសម្រាកនៅទីនោះ។
5នៅយប់នោះពួកមេដឹកនាំនៃគីបៀរបានមកវាយប្រហារខ្ញុំដោយឡោមព័ទ្ធផ្ទះដែលខ្ញុំស្នាក់នៅ និងចង់សម្លាប់ខ្ញុំផង។ ពួកគេបានចាប់រំលោភប្រពន្ធចុងរបស់ខ្ញុំរហូតដល់នាងស្លាប់។
6ដូច្នេះ ខ្ញុំក៏យកសពរបស់នាងមកកាត់ជាកំណាត់ៗ ហើយផ្ញើទៅគ្រប់តំបន់នៅស្រុកអ៊ីស្រាអែលទាំងអស់ ព្រោះពួកគេបានប្រព្រឹត្តអំពើដ៏ឃោរឃៅបំផុតក្នុងទឹកដីអ៊ីស្រាអែល។
7«ឥឡូវនេះ សូមបងប្អូនជាប្រជាជនអ៊ីស្រាអែលទាំងអស់ពិភាក្សាគ្នា ហើយសម្រេចចិត្តទៅចុះ»។
8ប្រជាជនអ៊ីស្រាអែលទាំងអស់បានក្រោកឡើងដូចមនុស្សតែម្នាក់ ពួកគេនិយាយថា៖ «នឹងមិនមានអ្នកណាម្នាក់ក្នុងចំណោមយើង ត្រឡប់ទៅទីលំនៅរបស់ខ្លួនវិញទេ ទោះបីអ្នកនោះរស់ក្នុងតង់ឬជំរំក្តី!»
9គឺយើងត្រូវប្រព្រឹត្តបែបនេះចំពោះពួកគេ គឺយើងត្រូវវាយប្រហារពួកគេដោយចាប់ឆ្នោត។
10យើងត្រូវជ្រើសរើសមនុស្សមួយភាគដប់ ពីកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ដើម្បីឲ្យគេទទួលខុសត្រូវក្នុងការរកស្បៀងអាហារសម្រាប់ពលទ័ព ដែលចេញទៅវាយពួកបេនយ៉ាមីននៅក្រុងគីបៀរ ដើម្បីដាក់ទណ្ឌកម្មពួកគេសម្រាប់អំពើឃោរឃៅដែលពួកគេបានប្រព្រឹត្តក្នុងទឹកដីអ៊ីស្រាអែល»។
11ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងមូលមានចិត្តតែមួយលើគ្នាប្រឆាំងនឹងអ្នកក្រុងគីបៀរ។
12កុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែលបានបញ្ជូនអ្នកនាំសារទៅកាន់គ្រប់អំបូរទាំងអស់នៃកុលសម្ព័ន្ធបេនយ៉ាមីន ហើយសួរថា៖ «ហេតុអ្វីបានជាមានប្រព្រឹត្តអំពើអ្វីឃោរឃៅយ៉ាងដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា?
13ឥឡូវនេះចូរប្រគល់មនុស្សឃោរឃៅទាំងនោះមក ដើម្បីឲ្យយើងសម្លាប់ពួកគេ និងបោសសម្អាតការអាក្រក់ទាំងឡាយចេញពីចំណោមប្រជាជនអ៊ីស្រាអែល»។ ប៉ុន្តែ ពួកបេនយ៉ាមីនមិនស្តាប់សម្តីជនជាតិអ៊ីស្រាអែលដែលជាបងប្អូនរបស់ពួកគេនោះទេ ។
14កូនចៅបេនយ៉ាមីនទាំងអស់បានប្រមូលផ្តុំគ្នានៅគីបៀរដើម្បីប្រឆាំងជាមួយនឹងប្រជាជនអ៊ីស្រាអែលទាំងអស់។
15នៅថ្ងៃនោះទាហានបេនយ៉ាមីនដែលគេកេណ្ឌមកពីក្រុងនានាដែលប្រដាប់ដោយអាវុធ មានចំនួនពីរម៉ឺនប្រាំមួយពាន់នាក់ ដោយមិនរាប់បញ្ចូលទាហានដ៏ជំនាញប្រាំពីររយនាក់ទៀតដែលពួកគេជ្រើសរើសមកពីក្រុងគីបៀរនោះទេ។
16ក្នុងចំណោមទាហានទាំងនោះមានប្រាំពីររយនាក់ជាទាហានជំនាញៗ ដែលពួកគេប្រើដៃឆ្វេង។ អ្នកទាំងនោះអាចប្រើដង្ហក់ចោលគ្រាប់គ្រួស ដែលសូម្បីតែសក់មួយសរសៃក៏ពួកគេចោលមិនខុសដែរ។
17រីឯទាហានរបស់កុលសម្ព័ន្ធអ៊ីស្រាអែលផ្សេងៗទៀតដោយមិនរាប់បញ្ចូលពួកបេនយ៉ាមីន សរុបមានចំនួន សែសិបម៉ឺននាក់ដែលប្រដាប់ដោយអាវុធ និងសុទ្ធតែជាអ្នកចម្បាំងដ៏ជំនាញ។
18ប្រជាជនទាំងអស់បានចុះទៅ បេតអែល ហើយទូលសួរព្រះអម្ចាស់ថា៖ «តើក្នុងចំណោមយើង អ្នកណាត្រូវចេញទៅច្បាំងនឹងពួកបេនយ៉ាមីនមុនគេ?» ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កុលសម្ព័ន្ធយូដាត្រូវចេញទៅមុនគេ»។
19ជនជាតិអ៊ីស្រាអែលទាំងអស់បានក្រោកពីព្រលឹម នាំគ្នាទៅបោះទ័ពក្បែរគីបៀរ។
20បន្ទាប់មក ពួកគេចេញទៅច្បាំងជាមួយនឹងពួកបេនយ៉ាមីន ដោយបោះជំរំទ័ពទល់មុខគីបៀរ។
21នៅថ្ងៃនោះ កូនចៅបេនយ៉ាមីនបានចេញពីគីបៀរមកហើយសម្លាប់សត្រូវរបស់គេគឺកូនចៅអ៊ីស្រាអែល អស់ពីរម៉ឺនពីរពាន់នាក់។
22ប៉ុន្តែ ទាហានអ៊ីស្រាអែលបានពង្រឹងទឹកចិត្តគេឡើងវិញ ហើយបោះទីតាំងទ័ពនៅកន្លែងដដែល ដែលគេបានបោះនៅថ្ងៃដំបូង។
23បន្ទាប់ពី កូនចៅអ៊ីស្រាអែលបានឡើងទៅយំសោកចំពោះព្រះអម្ចាស់រហូតដល់ល្ងាច ដោយទូលសួរទ្រង់ថា៖ «តើទូលបង្គំរាល់គ្នាត្រូវទៅច្បាំងនឹងពួកបេនយ៉ាមីន ជាបងប្អូនទូលបង្គំទៀតឬ?» ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរឡើងទៅវាយគេចុះ!»។
24ដូច្នេះ ជនជាតិអ៊ីស្រាអែលក៏វាយលុកពួកបេនយ៉ាមីននៅថ្ងៃទីពីរ។
25នៅថ្ងៃនោះ ពួកបេនយ៉ាមីនបានចេញទៅច្បាំងជាមួយជនជាតិអ៊ីស្រាអែល ហើយសម្លាប់ជនជាតិអ៊ីស្រាអែលអស់មួយម៉ឺនប្រាំបីពាន់នាក់ ដែលពួកគេសុទ្ធសឹងតែជាទាហានប្រដាប់ដោយដាវ។
26ដូច្នេះ ទាហាននិងប្រជាជនអ៊ីស្រាអែលទាំងអស់បានទៅឯបេតអែល ហើយយំសោក ពួកគេអង្គុយនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ហើយតមអាហាររហូតដល់ល្ងាច ទើបពួកគេថ្វាយតង្វាយដុតទាំងមូល និងជាយញ្ញបូជាមេត្រីភាពនៅចំពោះព្រះអម្ចាស់។
27ប្រជាជនអ៊ីស្រាអែលទូលសួរព្រះអម្ចាស់ ដ្បិតកាលនោះ ហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់នៅបេតអែល
28កាលគ្រានោះ លោកភីនេហាស កូនប្រុសលោកអេឡាសា និងជាចៅរបស់លោកអ៊ឺរ៉ុន ជាអ្នកបម្រើព្រះអង្គនៅទីនោះ គេសួរព្រះអង្គថា៖ «តើយើងត្រូវចេញទៅច្បាំងនឹងពួកបេនយ៉ាមីនជាបងប្អូនរបស់យើងទៀត ឬត្រូវឈប់?» ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរទៅចុះ ថ្ងៃស្អែកយើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នករាល់គ្នា»។
29ជនជាតិអ៊ីស្រាអែលបានដាក់មនុស្សឲ្យលាក់ខ្លួនជុំវិញក្រុងគីបៀរ។
30នៅថ្ងៃទីបីពួកគេក៏បានបោះទីតាំងទ័ព នៅទល់មុខគីបៀរដូចពីមុន ហើយច្បាំងនឹងពួកបេនយ៉ាមី។
31ពេលនោះ កូនចៅបេនយ៉ាមីនបានចេញមកប្រយុទ្ធនឹងជនជាតិអ៊ីស្រាអែល ហើយទ័ពអ៊ីស្រាអែលបាននាំពួកគេទៅឆ្ងាយពីទីក្រុង។ ពួកបេនយ៉ាមីន បានសម្លាប់ជនជាតិអ៊ីស្រាអែលដូចពេលមុន គឺគេសម្លាប់មនុស្សអស់សាមសិបនាក់ នៅក្នុងស្រែ និងតាមផ្លូវទៅបេតអែល ព្រមទាំងតាមផ្លូវទៅក្រុងគីបៀរ។
32នោះ កូនចៅបេនយ៉ាមីនពោលឡើងថា៖ «មើល៍! ពួកវាបាត់ទ័ពហើយរត់ពីមុខយើងដូចគ្រាមុនអ៊ីចឹង» ប៉ុន្តែ ទាហានអ៊ីស្រាអែលបាននិយាយថា៖ «តោះ ពួកយើងរត់ទៅដើម្បីបញ្ឆោតពួកវាឲ្យចេញឆ្ងាយពីក្រុង»។
33កងទ័ពអ៊ីស្រាអែលទាំងអស់បានចេញមកពីកន្លែងរបស់គេរៀងៗខ្លួន មកផ្តុំគ្នានៅបាល-តាម៉ារ រីឯទាហានដែលបង្កប់ខ្លួនក៏ស្ទុះចេញមកពីកន្លែងលាក់ខ្លួននៅត្រង់វាលទំនាបគីបៀរ។
34ទាហានជំនាញៗចំនួនមួយម៉ឺននាក់ ដែលបានជ្រើសរើសពីចំណោមទាហានអ៊ីស្រាអែលទាំងមូល បានលោកគ្នាមកដល់មុខគីបៀរ ប៉ុន្តែ ពួកបេនយ៉ាមីន មិនបានដឹងនោះទេថាមហន្តរាយកំពុងចូលមកគៀកខ្លួនពួកគេនោះទេ។
35ព្រះអម្ចាស់បានធ្វើឲ្យកូនចៅបេនយ៉ាមីន បាក់ទ័ពនៅចំពោះមុខអ៊ីស្រាអែល។ នៅថ្ងៃនោះ ទាហានអ៊ីស្រាអែលបានសម្លាប់ទាហានបេនយ៉ាមីនអស់ ពីរម៉ឺនប្រាំពាន់មួយរយនាក់ ពួកគេសុទ្ធសឹងជាទាហានដែលប្រដាប់ដោយអាវុធ។
36ដូច្នេះ កូនចៅបេនយ៉ាមីន បានដឹងខ្លួនថាពួកគេចាញ់ហើយ ជនជាតិអ៊ីស្រាអែលដែលបានរត់នោះដោយសារគេបានទុកចិត្តដល់ទាហានដែលបង្កប់ខ្លួននៅខាងក្រៅក្រុងគីបៀរ។
37បន្ទាប់មកអស់អ្នកដែលលាក់ខ្លួនបានស្ទុះចេញមកហើយសម្រុកចូលទៅក្នុងក្រុង ហើយពួកគេបានចាប់យកទីក្រុង និងសម្លាប់រង្គាលអ្នកក្រុងនោះទៀតផង។
38កងទ័ពអ៊ីស្រាអែលទាំងមូល និងពួកទាហានវាយឆ្មក់ដែលបានបង្កប់ខ្លួនបានធ្វើការសន្មត់គ្នា នៅពេលដែលមានផ្សែងហុយហើរឡើងពីទីក្រុង។
39នោះកងទ័ពដែលរត់នៅខាងមុខពួកបេនយ៉ាមីន ត្រូវរត់ត្រឡប់ក្រោយវិញ។ ពួកបេនយ៉ាមីនបានដេញតាមអ៊ីស្រាអែល ហើយសម្លាប់ទាហានអស់សាមសិបនាក់ ហើយពួកគេគិតថា «មើល៍! ពួកវាបាក់ទ័ពនៅចំពោះមុខយើងដូចពីមុនទៀតហើយ»។
40នៅពេលដែលផ្សែងខ្មួលខ្មាញ់ហើយចេញពីក្រុង ពួកបេនយ៉ាមីនងាកក្រោយហើយឃើញផ្សែងខ្មួលខ្មាញចេញពីក្រុងទាំងមូល។
41ពេលនោះកងទ័ពអ៊ីស្រាអែលបានត្រឡប់ក្រោយមកច្បាំងជាមួយពួកគេ។ កូនចៅបេនយ៉ាមីភ័យតក់ស្លុតយ៉ាងខ្លាំង ដោយឃើញមហន្តរាយចូលមកដល់ពួកគេ។
42ដូច្នេះ ពួកគេបានរត់គេចពីជនជាតិអ៊ីស្រាអែល សំដៅទៅរកវាលរហោស្ថាន។ ប៉ុន្តែ ទាហានអ៊ីស្រាអែលដែលរត់នោះបានត្រឡប់មកលើពួកគេ ហើយទាហានវាយឆ្មក់ក៏បានចេញពីទីក្រុងមក និងបានសម្លាប់ពួកគេនៅទីនោះ។
43ពួកគេបានឡោមព័ទ្ធពួកបេនយ៉ាមីននិងដេញតាមសម្លាប់ពួកគេ ចុះទៅណូអា រហូតដល់ខាងកើតក្រុងគីបៀរ។
44ទានហានរបស់បេនយ៉ាមីន សុទ្ធតែខ្លាំងពូកែ បានបាត់បង់ជីវិតអស់មួយម៉ឺនប្រាំបីពាន់នាក់។
45មានពួកទាហានបេនយ៉ាមីនដែលរត់គេចសំដៅទៅវាលរហោស្ថាន តាមផ្លូវទៅផ្ទាំងថ្ម រីមម៉ូន ត្រូវបានជនជាតិអ៊ីស្រាអែលសម្លាប់អស់ ប្រាំពាន់នាក់។ ជនជាតិអ៊ីស្រាអែល បន្តដេញតាមពួកគេរហូតដល់គីដូន ហើយសម្លាប់បានពីរពាន់នាក់ទៀត។
46ទាហានចំណានៗរបស់បេនយ៉ាមីនដែលបានបាត់បង់ជិវីតនៅថ្ងៃនោះ មានចំនួន ពីរម៉ឺនប្រាំពាក់នាក់។
47ប៉ុន្តែ ទាហានប្រាំមួយពាន់អ្នកបានរត់រួចទៅដល់ផ្ទាំងថ្ម រីមម៉ូន ហើយពួកគេបានរស់នៅទីនោះអស់រយៈពេលបួនខែ។
48ទាហានអ៊ីស្រាអែលបានត្រឡប់ទៅវិញប្រយុទ្ធជាមួយពួកបេនយ៉ាមីនដែលនៅសល់ ហើយប្រហារពួកគេេដោយមុខដាវ ទាំងមនុស្ស ទាំងសត្វ ព្រមទាំងសម្បត្តិគ្រប់យ៉ាងដែលគេបានជួប ពួកគេក៏ដុតកម្ទេចទីក្រុងទាំងប៉ុន្មានដែលនៅទីនោះចោលទៀតផង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។