1គ្រានោះ ប្រជាជនអ៊ីស្រាអែលបានជួបជុំគ្នានៅមីសប៉ា ហើយស្បថថា៖ «ក្នុងចំណោមយើង មិនត្រូវឲ្យមានអ្នកណាលើកកូនស្រីខ្លួនអោយឲ្យពួកបេនយ៉ាមីនធ្វើជាប្រពន្ធទេ។»
2ដូច្នេះ ពួកគេបានធ្វើដំណើរទៅបេតអែល ហើយអង្គុយនៅទីនោះរហូតដល់ល្ងាច ទាំងយំសោកសង្រេងយ៉ាងខ្លាំង។
3ពួកគេទូលថា៖ «ឱព្រះអម្ចាស់! ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ! ហេតុអ្វីបានជារឿងនេះកើតឡើងចំពោះអ៊ីស្រាអែល? ហេតុអ្វីបានជាថ្ងៃនេះអ៊ីស្រាអែលត្រូវបាត់បង់កុលសម្ព័ន្ធដូច្នេះ?»។
4ស្អែកឡើង ប្រជាជនទាំងអស់ក្រោកពីព្រលឹមសង់អាសនៈនៅទីនោះ រួចថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។
5ប្រជាជនទាំងអស់ពោលឡើងថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល តើមានក្រុមណាមួយដែលមិនបានមកចូលរូមប្រជុំ នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ នៅមីសប៉ានេះឬទេ?» កាលដែលគេសួរដូច្នេះ ព្រោះពួកគេបានធ្វើការស្បថជាឧឡារិកថា ចំពោះអ្នកណាដែលមិនបានមករួមប្រជុំនៅមីសប៉ានេះថា៖ «អ្នកដែលមិនបានមកចូលរួមប្រជុំ នឹងត្រូវសម្លាប់ជាប្រាកដ»។
6ជនជាតិអ៊ីស្រាអែល មានសេចក្តីស្តាយស្រណោះចំពោះកុលសម្ព័ន្ធបេនយ៉ាមីន ដែលជាបងប្អូនរបស់គេ ហើយនិយាយថា៖ «ថ្ងៃនេះកុលសម្ព័ន្ធមួយ ត្រូវបានកាត់ចេញពីជនជាតិអ៊ីស្រាអែល។
7តើអ្នកណានឹងរកប្រពន្ធឲ្យពួកគេដែលនៅរស់ ព្រោះថាយើងបានស្បថចំពោះព្រះអម្ចាស់ថា យើងមិនលោកកូនស្រីរបស់យើងអោយធ្វើជាប្រពន្ធរបស់គេទេ?»
8ពួកគេឆ្លើយឡើងថា៖ «តើកុលសម្ព័ន្ធណាមួយដែលមិនបានឡើងមកប្រជុំនៅមីសប៉ា ចំពោះព្រះភក្រ្តព្រះអម្ចាស់?» គេរកឃើញថា មិនមានអ្នកណាម្នាក់ពីភូមិយ៉ាបេស ក្នុងស្រុកកាឡាត បានមកចូលរួមប្រជុំទេ។
9ព្រោះពេលដែលរាប់ចំនួនមនុស្សឲ្យមានរបៀបនោះ មិនឃើញមាននរណាម្នាក់ពីភូមិយ៉ាបេសនោះទេ។
10នោះអង្គប្រជុំបានចាត់មនុស្សដែលអង់អាចក្លាហានចំនួនមួយម៉ឺនពីរពាន់នាក់ ឲ្យទៅភូមិយ៉ាបេស ដោយបញ្ជាឲ្យប្រហារអ្នកភូមិយ៉ាបេស ក្នុងស្រុកកាឡាតទាំងមនុស្ស ទាំងកូនក្មេងដោយមុខដាវ។
11គឺត្រូវធ្វើដូច្នេះ គឺត្រូវសម្លាប់មនុស្សប្រុសទាំងអស់ និងស្ត្រីដែលមានប្តីហើយ»។
12ក្នុងចំណោមអ្នកភូមិយ៉ាបេស ស្រុកកាឡាត គេឃើញមានស្រ្តីក្រមុំព្រហ្មចារីចំនួនបួនរយនាក់ ហើយពួកគេក៏នាំស្រ្តីក្រមុំទាំងនោះទៅជំរំស៊ីឡូ ក្នុងស្រុកកាណាន។
13បន្ទាប់មក អ្នកនាំសហគមន៍ទាំងមូលបានចាត់អ្នកនាំសារទៅប្រាប់កូនចៅបេនយ៉ាមីនដែលរស់នៅត្រង់ផ្ទាំងថ្មរីម៉ូន នោះថា អ៊ីស្រាអែលបានលើកលែងទោសឲ្យពួកគេហើយ។
14ពេលនេះកូនចៅបេនយ៉ាមីន អាចត្រឡប់ទៅរស់នៅក្នុងភូមិរបស់គេបានវិញបាន ហើយជនជាតិអ៊ីស្រាអែលបានប្រគល់ស្រ្តីអ្នកភូមិយ៉ាបេសឲ្យពួកគេជាប្រពន្ធ ប៉ុន្តែ មានចំនួនមិនគ្រប់គ្រាន់សម្រាប់ពួកគេនោះទេ។
15ជនជាតិអ៊ីស្រាអែលសោកស្តាយចំពោះកុលសម្ព័ន្ធបេនយ៉ាមីនណាស់ ព្រោះព្រះអម្ចាស់បានបំបាត់ពួកគេពីក្នុងកុលសម្ព័ន្ធអ៊ីស្រាអែល។
16ពួកមេដឹកនាំនៃសហគមន៍ទាំងមូល ពោលថា៖ «តើយើងធ្វើដូចម្តេចដើម្បីឲ្យពួកបេនយ៉ាមីនដែលនៅរស់ អាចមានប្រពន្ធ ព្រោះថាស្ត្រីពួកបេនយ៉ាមីនត្រូវបានសម្លាប់អស់ហើយដូច្នេះ?»
17ពួកគេនិយាយថា៖ «ពួកបេនយ៉ាមីនត្រូវបន្តពូជពង្សរបស់ខ្លួន ដើម្បីកុំឲ្យកុលសម្ព័ន្ធនេះរលាយបាត់ពីជនជាតិអ៊ីស្រាអែល។
18យើងមិនអាចឲ្យកូនស្រីរបស់យើងរៀបការជាមួយពួកគេទេ ព្រោះយើងបានស្បថថា អ្នកណាដែលលើកកូនស្រីឲ្យធ្វើជាប្រពន្ធកូនចៅបេនយ៉ាមីន នឹងត្រូវបណ្តាសារ»។
19នោះពួកគេឆ្លើយថា៖ «តើអស់លោកដឹងទេថា យើងតែងតែប្រារព្ធពិធីបុណ្បមួយថ្វាយព្រះអម្ចាស់នៅស៊ីឡូជារៀងរាល់ឆ្នាំ» (ស៊ីឡូ មានស្ថិតនៅខាងជើងបេតអែល ខាងត្បូងផ្លូវដែលភ្ជាប់ពីបេតអែលទីស៊ីគែម និងខាងត្បូងលេបូណា)»។
20ពួកគេបញ្ជាកូនចៅបេនយ៉ាមីនថា៖ «ចូរទៅលាក់ខ្លួន និងរង់ចាំក្នុងចម្ការទំពាំងបាយជូរ។
21ឃ្លាំចាំមើល នៅពេលដែលមានស្ត្រីចេញពីស៊ីឡូមករាំលេង អ្នករាល់គ្នាត្រូវស្ទុះចេញពីមកចម្ការទំពាំងបាយជូរ ហើយចាប់ពួកនាងទាំងនោះមួយម្នាក់ៗយកទៅទឹកដីរបស់អ្នករាល់គ្នាធ្វើជាប្រពន្ធចុះ។
22នៅពេលដែលឪពុក ឬបងប្រុសរបស់ពួកនាងមកប្តឹងយើង យើងនឹងអង្វរពួកគេ សូមមេត្តាអនុគ្រោះដល់កូនចៅបេនយ៉ាមីនផងចុះ! ព្រោះនៅពេលដែលយើងទៅវាយប្រហារភូមិយ៉ាបេស យើងរកស្រ្តីមិនបានគ្រប់គ្រាន់ឲ្យធ្វើជាប្រពន្ធរបស់ពួកគេទេ។ ហើយអ្នករាល់គ្នាក៏មិនបានលើកកូនស្រីអោយទៅពួកគេដែរ ដូច្នេះ អ្នករាល់គ្នាមិនបានធ្វើខុសពាក្យសម្បថទេ»។
23កូនចៅបេនយ៉ាមីនក៏ធ្វើតាមការបង្គាប់។ គឺពួកគេបានចាប់ស្ត្រីក្នុងចំណោមស្រ្តីក្រមុំដែលចេញមករាំតាមចំនួនដែលពួកគេត្រូវការ ហើយនាំយកទៅជាមួយខ្លួន។ ពួកគេបានត្រឡប់ទៅកាន់ទឹកដីដែលជាមរតករបស់ពួកគេ ហើយសាងសង់ក្រុងឡើងវិញនិងរស់នៅទីនោះ។
24បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានចាកចេញពីទីនោះ វិលត្រឡប់ទៅកុលសម្ព័ន្ធ ក្រុមគ្រួសារ និងទឹកដីជាមរតករបស់ពួកគេរៀងៗខ្លួនវិញ។
25ក្នុងគ្រានោះក្នុងស្រុកអ៊ីស្រាអែលមិនមានស្តេចសោយរាជ្យទេ។ គ្រប់គ្នាធ្វើអ្វីៗតាមដែលខ្លួនយល់ឃើញថាល្អ។