1គ្រានោះមិនមានស្តេចគ្រប់គ្រងលើប្រជាជនអ៊ីស្រាអែលទេ។ កូនចៅនៃកុលសម្ព័ន្ធដាន់បានសម្លឹងមើលទឹកដីសម្រាប់ពួកគេរស់នៅ កាលគ្រានោះពួកគេមិនទាន់មានទឹកដីដូចកុលសម្ព័នដទៃនៅឡើយទេ។
2កូនចៅដាន់បានជ្រើសរើសមនុស្សចំនួនប្រាំនាក់តាមចំនួនមេគ្រូរបស់ពួកគេ ដែលជាអ្នកចម្បាំងដ៏មានជំនាញពី សូអា និងពីអេសថោល ឲ្យស៊ើបពិនិត្យមើលទឹកដី។ អ្នកទាំងនោះនិយាយថា៖ «ចូរទៅហើយពិនិត្យមើលទឹកដី»។ ពួកអ្នកសើុបបានមកដល់ នៅតំបន់ភ្នំអេប្រាអ៊ីម នៅយប់នោះពួកគេបានចូលទៅសម្រាកនៅផ្ទះរបស់លោកមីកា។
3នៅពេលពួកគេនៅក្បែរផ្ទះលោកមីកា ពួកគេបានឭសម្លេងរបស់យុវជនលេវី ដូច្នេះ ពួកគេបានឈប់នៅទីនោះហើយសួរគាត់ថា៖ «តើអ្នកណាបាននាំអ្នកមកទីនេះ? តើអ្នកកំពុងធ្វើអ្វីនៅទីកន្លែងនេះ? ហេតុអ្វីបានជាអ្នកនៅទីនេះ?»
4គាត់់ក៏ឆ្លើយថា «គឺលោកមីកាបានតែងតាំងខ្ញុំជាបូជាចារ្យ»។
5ពួកគេពោលថា៖ «ដូច្នេះ ចូរទូលសួរព្រះអម្ចាស់ថា តើយើងអាចដឹងថា ដំណើរដែលយើងធ្វើនឹងបានជោគជ័យឬយ៉ាងណា»។
6លោកបូជាចារ្យតបទៅពួកគេថា៖ «សូមទៅដោយក្តីសុខសាន្តចុះ ព្រះអម្ចាស់នឹងគង់ជាមួយអស់លោកក្នុងដំណើររបស់អស់លោកហើយ»។
7បន្ទាប់មក បុរសទាំងប្រាំនាក់បានចាកចេញពីទីនោះទៅដល់ក្រុងឡាអ៊ីស នៅទីនោះពួកគេបានឃើញប្រជាជនរស់នៅដោយឥតបារម្ភអ្វីឡើយ គឺគេរស់នៅយ៉ាងសុខសាន្ត និងស្ងៀមស្ងាត់ដូចជាអ្នកស្រុកស៊ីដូនដែរ។ នៅទីនោះ មិនមានអ្នកណាជិះជាន់សង្កត់សង្កិនពួកគេទេ។ ប៉ុន្តែ ពួកគេរស់នៅឆ្ងាយពីស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកផ្សេងទេ។
8ពួកគេបាននាំគ្នាត្រឡប់សូអា និងអេសថោលវិញ។ បងប្អូនរបស់គេបានសួរ៖ «តើដំណើររបស់ពួកគេនោះយ៉ាងណាហើយ?»
9ពួកគេឆ្លើយថា៖ «មក! ចូរយើងទៅវាយពួកគេ! យើងបានឃើញទឹកដីនោះហើយ វាល្អខ្លាំងណាស់។ តើអ្នករាល់គ្នានឹងមិនធ្វើអ្វីមួយទេឬ? កុំនៅយឺតយ៉ាវក្នុងការវាយប្រហារ និងដណ្តើមទឹកដីនោះឡើយ។
10ពេលដែលអ្នករាល់គ្នាទៅដល់អ្នករាល់គ្នានឹងឃើញមនុស្សមួយក្រុមដែលរស់នៅដោយឥតមានបារម្ភអ្វីឡើយ ហើយទឹកដីក៏ធំទូលាយ! គឺព្រះអម្ចាស់ប្រគល់វាមកឲ្យអ្នករាល់គ្នាហើយ គឺជាទឹកដីដ៏សម្បូរសប្បាយ ឥតខ្វះអ្វីឡើយ»។
11ដូច្នេះ មនុស្សប្រាំមួយរយនាក់នៃកុលសម្ព័ន្ធដាន់ ប្រដាប់ដោយអាវុធ ហើយចាកចេញពីសូអា និងអេសថោលទៅ។
12ពួកគេបានឡើងទៅបោះទ័ពនៅខាងលិច គារីយ៉ាត-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយ ពួកគេបានហៅកន្លែងនោះថា «ជំរំដាន់» រហូតដល់សព្វថ្ងៃនេះ ។
13ពួកគេបានចាកចេញពីទីនោះទៅកាន់តំបន់ភ្នំអេប្រាអ៊ីម ហើយមកដល់ផ្ទះលោកមីកា។
14បន្ទាប់មក មនុស្សទាំងប្រាំនាក់ដែលបានទៅស៊ើបនៅឡាអ៊ីស ហើយនិយាយទៅកាន់បងប្អូនរបស់គេថា៖ «តើអ្នករាល់គ្នាដឹងឬទេថាក្នុងចំណោមផ្ទះទាំងនេះ មានផ្ទះមួយដែលមានរូបបដិមា និងរូបចំលាក់ជាច្រើន ព្រមទាំងរូបព្រះមួយ និងរូបសំណាកមួយទៀតធ្វើពីប្រាក់? ដូច្នេះ បងប្អូនដឹងហើយថាគួរធ្វើយ៉ាងណា?»
15ដូច្នេះ ពួកគេបានត្រឡប់ទៅផ្ទះរបស់លោកមីកា ហើយសួរសុខទុក្ខបុរសលេវីដែលស្នាក់នៅក្នុងផ្ទះនោះ។
16ឥឡូវនេះពួកដាន់ទាំងប្រាំមួយរយនាក់ ដែលប្រដាប់ដោយអាវុធនៅនឹងដៃ បានឈរនៅមុខច្រកចូលផ្ទះដែរ។
17បុរសទាំងប្រាំនាក់ដែលបានទៅស៊ើបមើលទឹកដីនោះ ក៏បានចូលទៅក្នុងផ្ទះហើយពួកគេបានយករូបសំណាក រូបបដិមា និងរូបព្រះផ្សេងៗ ព្រមទាំងរូបចម្លាក់ដែលធ្វើពីប្រាក់ នៅពេលដែលបូជាចារ្យឈរក្បែរច្រកចូលជាមួយមនុស្សទាំងប្រាំមួយរយនាក់ដែលប្រដាប់ដោយអាវុធ។
18ពេលដែលពួកគេចូលទៅក្នុងផ្ទះលោកមីកា ហើយយករូបសំណាក រូបបដិមា និងរូបព្រះផ្សេងៗ ព្រមទាំងរូបចម្លាក់ដែលធ្វើពីប្រាក់ បូជាចារ្យពោលទៅកាន់ពួកគេថា៖ «តើអ្នករាល់គ្នាកំពុងធ្វើអ្វី?»
19ពួកគេឆ្លើយថា៖ «ចូរស្ងៀមស្ងាត់ទៅ! យកដៃបិតមាត់របស់អ្នកហើយមកជាមួយយើង ចូរមកធ្វើជាឪពុក និងជាបូជាចារ្យរបស់យើង! តើវាមិនប្រសើរទេឬ ដែលអ្នកមកធ្វើជាបូជាចារ្យសម្រាប់អំបូរមួយក្នុងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ជំនួសការធ្វើជាបូជាចារ្យសម្រាប់មនុស្សតែម្នាក់ក្នុងគ្រួសារតែមួយ»។
20បូជាចារ្យមានចិត្តត្រេកអរជាខ្លាំងនឹងសំណើនេះ។ លោកបានយករូបសំណាក រូបបដិមា និងរូបព្រះផ្សេងៗ ព្រមទាំងរូបចម្លាក់ដែលធ្វើពីប្រាក់ ហើយចាកចេញទៅជាមួយពួកគេ។
21ពួកគេបន្តដំណើរទៀត ដោយដាក់ក្មេងៗ ហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់ពួកគេនៅខាងមុខ។
22លុះពួកគេធ្វើដំណើរចេញឆ្ងាយពីផ្ទះលោកមីកាបន្តិចហើយ ទើបលោកមីកា និងអ្នកជិតខាងប្រមូលគ្នាដេញតាម ពួកគេតាមទាន់ហើយស្រែកសួរកូនចៅដាន់
23កូនចៅដាន់ក៏តបទៅលោកមីកាវិញថា៖ «តើមានការអ្វីបានជាប្រមូលគ្នាមកដូច្នេះ?»
24លោកមីកាឆ្លើយថា៖ «អ្នករាល់គ្នាបានលួចព្រះដែលយើងបានធ្វើ អ្នករាល់គ្នាបានយកបូជាចារ្យរបស់យើង ហើយអ្នករាល់គ្នាកំពុងតែចាក់ចេញ។ តើមានអ្វីផ្សេងទៀតដែលខ្ញុំភ្លេច? តើអ្នកអាចសួរខ្ញុំម្តេចបានថា តើយើងរំខានអ្វីដល់អ្នក?»
25ដូច្នេះ កូនចៅដាន់តបទៅគាត់ថា៖ «លោកមិនគួរឲ្យយើងបានឮអ្វីដែលលោកបាននិយាយនោះទេ ព្រោះប្រសិនបើមានអ្នកណាក្នុងចំណោមយើងខឹងសប្បារឡើង គេអាចនឹងសម្លាប់លោក និងគ្រួសាររបស់លោកផង»។
26បន្ទាប់មក កូនចៅដាន់ធ្វើដំណើរបន្តទៅមុខ។ នៅពេលដែលលោកមីកាឃើញថាកូនចៅដាន់មានកម្លាំងខ្លាំងជាងលោក លោកក៏បកក្រោយត្រឡប់ទៅផ្ទះវិញ។
27កូនចៅដាន់បានដណ្តើមយកអ្វីៗដែលលោកមីកាបានបង្កើត សូម្បីតែបូជាចារ្យក៏នាំយកទៅជាមួយដែរ ហើយពួកគេវាយលុកក្រុងឡាអ៊ីស ទាំងសម្លាប់រង្គាលប្រជាជនដែលរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ព្រមទាំងដុតក្រុងចោលទៀតផង។
28ក្រុងឡាអ៊ីសជាក្រុងដែលស្ថិតនៅក្នុងជ្រលងភ្នំបេត-រេហូប ដែលនៅឆ្ងាយពីក្រុងស៊ីដូន ហើយពួកគេក៏មិនមានទំនាក់ទំនងជាមួយអ្នកណាដែរ ដូច្នេះហើយ ទើបមិនមានអ្នកណាសង្ក្រោះពួកគេឡើយ។ កូនចៅដាន់បានសង់ទីក្រុងឡើងវិញ ហើយរស់នៅទីនោះ។
29ពួកគេបានប្តូរឈ្មោះក្រុងឡាអ៊ីស ដែលធ្លាប់ប្រើពីមុនទៅជា «ក្រុងដាន់» តាមឈ្មោះបុព្វបុរសរបស់គេវិញ ដែលត្រូវជាកូនរបស់លោកយ៉ាកុប។
30កូនចៅបានយករូបព្រះមកតម្កល់សម្រាប់ពួកគេថ្វាយបង្គំ។ ពួកគេបានតែងតាំងលោកយ៉ូណាថាន់ កូនប្រុសរបស់លោកគែរសូម ដែលត្រូវជាពូជពង្សរបស់លោកម៉ូសេ ឲ្យធ្វើជាបូជាចារ្យ សម្រាប់កុលសម្ព័ន្ធដាន់ រហូតដល់ជំនាន់ដែលប្រជាជនត្រូវកៀរទៅជាឈ្លើយ។
31ដូច្នេះ ពួកគេនៅតែថ្វាយបង្គំរូបព្រះរបស់លោកមីកា ក្នុងអំឡុងពេលដែលពួកគេមានព្រះដំណាក់របស់ព្រះអម្ចាស់នៅស៊ីឡូ។