1គ្រានោះមានបុរសម្នាក់នៅតំបន់ភ្នំ អេប្រាអ៊ីម ឈ្មោះមីកា។
2គាត់ពោលទៅម្តាយរបស់គាត់ថា៖ «តើម៉ែមាននឹកចាំទេ ពេលដែលគេលួចលុយម៉ែមួយពាន់មួយរយស្លឹងនោះ ម៉ែបានដាក់បណ្តាសាចោរនៅចំពោះមុខខ្ញុំ! មើល៍! នេះនែប្រាក់នៅជាមួយនឹងខ្ញុំ។ គឺខ្ញុំបានយកវា»។ ម្តាយរបស់គាត់ពោលថា «សូមព្រះអម្ចាស់ប្រទានពរកូន!»។
3លោកក៏បានប្រគល់ប្រាក់មួយពាន់មួយរយស្លឹងទៅឲ្យម្តាយរបស់គាត់វិញ ហើយម្តាយរបស់គាត់និយាយ៖ «ម្តាយបានសម្រេចថ្វាយប្រាក់នេះទៅព្រះអម្ចាស់ហើយ ដើម្បីឲ្យកូនយកប្រាក់នេះទៅរំលាយហើយសិតធ្វើជារូបព្រះ។ ដូច្នេះ ម៉ែប្រគល់ប្រាក់នេះទៅឲ្យកូន»។
4នៅពេលដែលលោកប្រគល់ប្រាក់នោះទៅឲ្យម្តាយរបស់លោក ម្តាយគាត់បានដកប្រាក់ពីររយស្លឹងប្រគល់ទៅឲ្យពួកជាងស្មិតរំលាយ និងសិតធ្វើរូបព្រះ ព្រមទាំងរូបសំណាក រួចពួកគេយករូបនោះទៅដាក់ក្នុងផ្ទះរបស់លោកមីកា។
5ដូច្នេះ លោកមីកាមានកន្លែងមួយថ្វាយបង្គំព្រះនៅក្នុងផ្ទះរបស់គាត់ គាត់ក៏បានធ្វើរូបព្រះ និងរូបសំណាកជាច្រើនសម្រាប់គោរពបូជា ហើយគាត់បានតែងតាំងកូនប្រុសរបស់គាត់ម្នាក់ឲ្យធ្វើជាបូជាចារ្យ។
6នៅជំនាន់នោះមិនមានស្តេចគ្រងរាជ្យលើប្រជាជនអ៊ីស្រាអែលទេ ម្នាក់ៗធ្វើអ្វីតាមទំនើងចិត្តដែលគេគិតថាត្រឹមត្រូវសម្រាប់គេ។
7មានយុវជនម្នាក់រស់នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។ គាត់រស់នៅទីនោះដើម្បីបំពេញភារកិច្ចរបស់គាត់។
8គាត់បានចាកចេញពីបេថ្លេហិម ក្នុងស្រុកយូដា ហើយស្វែងរកកន្លែងរស់នៅផ្សេងទៀត។ នៅពេលដែលគាត់ធ្វើដំណើរដល់ផ្ទះរបស់លោកមីកា ក្នុងតំបន់ភ្នំអេប្រាអ៊ីម។
9លោកមីកាមានប្រសាសន៍ថា៖ «តើលោកអញ្ជើញមកពីណា?» បុរសនោះតបថា «ខ្ញុំជាពួកលេវី មកពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ខ្ញុំកំពុងធ្វើដំណើរស្វែងរកកន្លែងដែលខ្ញុំអាចរស់នោះបាន»។
10លោកមីកាពោលថា៖ «សូមស្នាក់នៅជាមួយនឹងខ្ញុំចុះ ហើយមកធ្វើជាបូជាចារ្យគ្រប់គ្រងលើផ្ទះរបស់ខ្ញុំ ខ្ញុំនឹងជូនលោកដប់ស្លឹងក្នុងមួយឆ្នាំ សម្លៀកបំពាក់ និង អាហារសម្រាប់លោក»។ បុរសលេវីនោះក៏យល់ព្រមរស់នៅផ្ទះរបស់លោក។
11បុរសលេវីបានរស់នៅជាមួយលោកមីកា ហើយលោកមីកាចាត់ទុកគាត់ដូចជាកូនបង្កើត។
12លោកមីកាបានតែងតាំងបុរសនោះជាបូជាចារ្យ ហើយឲ្យរស់នៅក្នុងផ្ទះរបស់គាត់។
13លោកមីកាពោលថា៖ «ឥឡូវនេះខ្ញុំដឹងថា ព្រះអម្ចាស់នឹងប្រទានពរដល់ខ្ញុំមិនខាន ពីព្រោះមានបុរសលេវីម្នាក់ជាបូជាចារ្យរបស់ខ្ញុំ»។