1លោកសាំសុនបានធ្វើដំណើរទៅក្រុងកាសា នៅទីនោះលោកបានឃើញស្រ្តីពេស្យាម្នាក់ ក៏ចូលទៅក្នុងបន្ទប់របស់នាង។
2មានគេប្រាប់អ្នកក្រុងកាសាថា៖ «សាំសុននៅទីនេះ»។ ពួកគេបានដាក់គ្នាយាមល្បាត និងចាំឃ្លាំមើលលោកនៅមាត់ទ្វារក្រុង ពេញមួយយប់។ ពួកគេសំងំពេញមួយយប់។ ពួកគេនិយាយគ្នាថា៖ «ចូរយើងរង់ចាំរហូតដល់ភ្លឺ ចាំយើងសម្លាប់វា»។
3លោកសាំសុនសម្រាន្តដល់ពាក់កណ្តាលអ្រធាត្រ។ លុះកណ្តាលអ្រធាត្រលោកបានក្រោកឡើង ហើយលោកចាប់ទាញទ្វារក្រុងទាំងមូល និងសសរក្លោងទ្វារទាំងពីរ។ លោកទាញវាឡើង ទាំងរនុក និងលីវាលើស្មា ហើយយកវាទៅដាក់នៅលើកំពូលភ្នំ ទល់មុខក្រុងហេប្រូន។
4បន្ទាប់ពីនោះមកលោកសាំសុនស្រឡាញ់ស្រ្តីម្នាក់ទៀតដែលរស់នៅត្រង់ច្រកភ្នំសូរេក។ នាងឈ្មោះថា ដេលីឡា។
5អ្នកគ្រប់គ្រងជនជាតិភីលីស្ទីន បានមករកនាង ហើយនិយាយថា៖ «ចូរលោកល្បួងសាំសុន ឲ្យបានដឹងថាតើគាត់មានកម្លាំងដ៏ខ្លាំងក្លានេះមកពីណា ហើយតើធ្វើដូចម្តេចទើបយើងអាចយកឈ្នះគាត់បាន? ដែលយើងអាចចាប់ចង និងបង្ក្រាបគាត់បាន។ រួចហើយយើងនឹងឲ្យប្រាក់នាងក្នុងម្នាក់មួយពាន់មួយរយស្លឹង»។
6នាងដេលីឡា ក៏លួងលោមលោកសាំសុនដោយថា៖«បងអើយ សូមអ្នកប្រាប់ខ្ញុំផង តើបងអាចមានកម្លាំងខ្លាំងយ៉ាងនេះដូចម្តេចបាន ហើយតើអ្នកណាម្នាក់អាចនឹងចាប់ចង បង្ក្រាបបងយ៉ាងដូចម្តេចបាន?
7លោកក៏ឆ្លើយនឹងនាងថា៖ «ប្រសិនបើ គេយកខ្សែពួរស្រស់ដែលមិនទាន់ហាលស្ងួតនៅឡើយ ចំនួនប្រាំពីរខ្សែមកចងបង នោះបងនឹងទៅជាខ្សោយ ដូចជាមនុស្សធម្មតា»។
8ដូច្នេះ អ្នកត្រួតត្រាសាសន៍ភីលីស្ទីន បានយកខ្សែពួរស្រស់ហាលមិនទាន់ស្ងួតប្រាំពីរចង្វាយមកឲ្យដេលីឡា ហើយនាងបានចងលោកសាំសុន ជាមួយខ្សែទាំងនោះ។
9នាងបានឲ្យមនុស្សលាក់ខ្លួនចាសម្ងាត់ក្នុងផ្ទះ ក្នុងបន្ទប់ខាងក្នុង។ បន្ទាប់មក នាងស្រែកប្រាប់គាត់ថា «បងសាំសុនអើយ ពួកភីលីស្ទីន មកចាប់បងហើយ!» ប៉ុន្តែ លោកផ្តាច់ខ្សែពួរនោះ ដូចជាខ្សែអំបោះដែលត្រូវភ្លើង។ ដូច្នេះ គេនៅតែពុំដឹងពីអាថ៌កំបាំងនៃកម្លាំងរបស់លោកដដែល។
10នាងដេលីឡានិយាយទៅលោកសាំសុនថា៖ «បងបានបញ្ឆោត និងកុហកអូន។ សូមប្រាប់ខ្ញុំ តើធ្វើយ៉ាងណាទើបអាចចងបងបាន?»
11លោកប្រាប់នាងថា៖ «ប្រសិនបើ គេចងខ្ញុំនឹងខ្សែពួរដែលមិនដែលប្រើពីមុន នោះខ្ញុំនឹងទៅជាខ្សោយដូចជាមនុស្សធម្មតា»។
12ដូច្នេះនាងដេលីឡាយកខ្សែពួរថ្មីមកចងលោក ហើយស្រែកប្រាប់លោកថា៖ «ពួកភីលីស្ទីនមកចាប់បងហើយ សាំសុនអើយ!» មានមនុស្សលាក់ខ្លួននៅក្នុងបន្ទប់ខាងក្នុង។ ប៉ុន្តែ លោកផ្តាច់ពួរដែលចងដៃលោក ដូចជាផ្តាច់ខ្សែអំបោះ។
13នាងដេលីឡាពោលទៅកាន់លោកសាំសុនថា៖ «រហូតមកដល់ពេលនេះបងនៅតែបញ្ឆោត និងនិយាយកុហកខ្ញុំ។ សូមប្រាប់ខ្ញុំមក តើធ្វើដូចម្តេចទើបអាចចងបងបាន?» លោកប្រាប់នាងថា៖ «ប្រសិនបើ នាងក្រងសក់ខ្ញុំប្រាំពីរកម្រងភ្ជាប់ទៅនឹងកីតម្បាញ នោះខ្ញុំនឹងទៅជាខ្សោយដូចមនុស្សធម្មតា»។
14នៅពេលដែលលោកសម្រាន្តលក់ នាងដេលីឡាបានក្រងសក់លោកប្រាំពីរកម្រង ហើយចងភ្ជាប់សក់របស់លោកទៅនឹងកីដតម្បាញ ហើយនាងស្រែកប្រាប់លោកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីន មកចាប់បងហើយ!» លោកសាំសុនភ្ញាក់ឡើង ហើយកន្ត្រាក់របើកទាំងស្នឹង ទាំងកីតម្បាញទៀតផង។
15នាងពោលទៅគាត់ថា៖ «តើបងនិយាយថា បងស្រឡាញ់អូន ដូចម្តេច នៅពេលដែលបងមិនប្រាប់ពីការសម្ងាត់របស់បងអោយអូនដឹង? មើល៍! បងបានបញ្ឆោតខ្ញុំបីដងហើយ ហើយមិនបានប្រាប់ខ្ញុំថា បងមានកម្លាំងដ៏អស្ចារ្យនេះយ៉ាងដូចម្តេច»។
16ជារៀងរាល់ថ្ងៃនាងរំអុកលោកយ៉ាងខ្លាំងជាមួយនឹងសំដីរបស់នាង ដែលធ្វើឲ្យលោកធុញថប់ស្ទើរដាច់ខ្យល់ស្លាប់។
17ដូច្នេះ លោកបានប្រាប់នាងគ្រប់យ៉ាង និងនិយាយទៅកាន់នាងថា៖ «បងមិនដែលកាត់ឬកោរសក់លើក្បាលរបស់បងទេ គឺបងត្រូវបានញែកថ្វាយព្រះអម្ចាស់តាំងពីបងចាប់កំណើតក្នុងផ្ទៃម្តាយរបស់បងម្លេះ។ បើបងកោរសក់ចេញ នោះកម្លាំងរបស់បងនឹងចេញពីខ្លួនរបស់បង ហើយបងនឹងទៅជាខ្សោយ និងដូចជាមនុស្សធម្មតា»។
18នៅពេលដែលដេលីឡា ឃើញថាលោកបានប្រាប់អាថ៌កំបាំងគ្រប់យ៉ាងដល់នាងហើយ នាងបានហៅអ្នកត្រួតត្រាភីលីស្ទីនមកដោយនិយាយថា៖ «សូមមកម្តងទៀតចុះ គាត់បានប្រាប់អាថ៌កំបាំងគ្រប់យ៉ាងដល់ខ្ញុំហើយ។ នោះអ្នកត្រួតត្រាបានមកឯនាង ទាំងយកប្រាក់នៅនឹងដៃមកជាមួយពួកគេផង។
19នាងបានដាក់អោយលោកសាំសុនសម្រាន្តលើភ្លៅរបស់នាង រហូតដល់លក់។ នាងបានហៅមនុស្សម្នាក់មកកោរកម្រង់សក់ទាំងប្រាំពីររបស់លោក លោកចាប់ផ្តើមខ្សោយ កម្លាំងរបស់លោកក៏ចេញពីខ្លួនរបស់លោកទៅ។
20នាងស្រែកឡើងថា៖ «ពួកភីលីស្ទីនមកចាប់បងហើយ សាំសុនអើយ!» លោកបានក្រោកពីដំណេកហើយនិយាយថា៖ «បងនឹងក្រោកឡើងដូចជារាល់ដង ហើយបងនឹងរលាស់ខ្លួនរបស់បងអោយមានសេរីភាព»។ ប៉ុន្តែលោកមិនបានដឹងទេថា ព្រះអម្ចាស់បានចាកចេញពីលោកហើយនោះទេ។
21ពួកភីលីស្ទីនបានចាប់លោកហើយខ្វេះភ្នែកទាំងពីររបស់លោក។ ពួកគេនាំលោកទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកដាក់លោក និងបង្ខំលោកឲ្យបង្វិលត្បាល់នៅក្នុងគុក។
22សក់របស់គាត់ចាប់ផ្តើមដុះឡើងវិញបន្ទាប់ពីគេកោរនោះ។
23ពួកត្រួតត្រាភីលីស្ទីនបានប្រមូលគ្នា ធ្វើពិធីបុណ្យអបអរសាទរជ័យជម្នះរបស់ពួកគេ ព្រមទាំងថ្វាយយញ្ញបូជាដល់ព្រះដាកុនរបស់ពួកគេផង។ ពួកគេនិយាយថា៖ «ព្រះរបស់យើងបានប្រគល់សាំសុនដែលជាសត្រូវរបស់យើងមកក្នុងកណ្តាប់ដៃរបស់យើង»។
24ពេលឃើញរូបព្រះរបស់គេ ពួកគេសសើរតម្កើងព្រះរបស់គេ និយាយថា៖ «ព្រះរបស់យើង បានបង្រ្កាបសត្រូវរបស់យើង គឺអ្នកដែលបានបំផ្លាញប្រទេស និងបានសម្លាប់ប្រជាជនជាច្រើនរបស់យើង ហើយក៏ប្រគល់គេមកឲ្យយើង»។
25ពេលដែលកំពុងសប្បាយរីករាយនោះពួកគេនិយាយថា៖ «ចូរហៅសាំសុនមក អើយវាឡកកំប្លែងឲ្យយើងសើច»។ ពួកគេក៏បានហៅលោកចេញមកដើម្បីធ្វើឲ្យពួកគេសើច។ ពួកគេបានដាក់លោកឲ្យឈរនៅចន្លោះសសរ។
26លោកសាំសុនបាននិយាយទៅកាន់ក្មេងដែលកាន់ដៃលោកនោះថា៖ «សូមនាំខ្ញុំទៅក្បែរសសរដែលទ្រវិហារ ដើម្បីឲ្យខ្ញុំអាចផ្អែកខ្លួនលើសសរនោះផង»។
27ពេលនោះក្នុងវិហារពេញទៅដោយមនុស្សទាំងប្រុសទាំងស្រី រួមទាំងពួកអ្នកគ្រប់គ្រងរបស់សាសន៍ភីលីស្ទីនទាំងអស់ក៏នៅទីនោះដែរ។ ហើយមានមនុស្សប្រមាណជាបីពាន់នាក់ផ្សេងទៀតដែលឈរ ដើម្បីមើលលោកសាំសុនឡក។
28លោកសាំសុនស្រែកអង្វរព្រះអម្ចាស់ថា៖ «ឳព្រះអម្ចាស់អើយ សូមកុំភ្លេចទូលបង្គឡើយ! សូមព្រះអម្ចាស់ប្រទានកម្លាំងដល់ទូលបង្គំម្តងនេះទៀតចុះ គឺក្នុងពេលមួយប៉ប្រិចភ្នែក ដែលទូលបង្គំអាចសងសឹកចំពោះពួកភីលីស្ទីន ដែលបានខ្វេះភ្នែកទាំងពីររបស់ទូលបង្គំនោះផង។»
29លោកសាំសុនដាក់ដៃលើសសរកណ្តាលទាំងពីរដែលទ្រវិហារ ហើយលោកសង្កត់ដៃស្តាំទៅលើសសរនៅខាងស្តាំ ហើយដៃឆ្វេងសង្កត់ទៅលើសសរដែលនៅខាងឆ្វេង។
30លោកស្រែកឡើងថា៖ «សូមឲ្យខ្ញុំស្លាប់រួមជាមួយពួកភីលីស្ទីននេះទៅចុះ!» លោកបញ្ចេញកម្លាំងច្រានសសរអស់ទំហឹង ហើយវិហារក៏រលំសង្កត់ពួកអ្នកគ្រប់គ្រង និងមនុស្សទាំងអស់ដែលនៅទីនោះ។ ដូច្នេះ មនុស្សដែលលោកបានសម្លាប់នៅពេលលោកស្លាប់មានច្រើនជាង មនុស្សដែលលោកបានសម្លាប់នៅអំឡុងពេលដែលលោកនៅរស់។
31បងប្អូន និងសាច់ញាតិរបស់លោកបានទៅយកសពរបស់លោក ហើយគេបញ្ចុះសពរបស់លោកនៅក្នុងផ្នូរលោកម៉ាណូអា ដែលជាឪពុករបស់លោក នៅចន្លោះសូអា និងអេសថោល។ លោកសាំសុនដឹកនាំជនជាតិអ៊ីស្រាអែលអស់រយៈពេលម្ភៃឆ្នាំ។