ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចៅហ្វាយ 15

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្តិចក្រោយមក អំឡុងពេលប្រមូលផលស្រូវសាលី លោកសាំសុនបានលីពពែស្ទាវមួយទៅសួរសុខទុក្ខភរិយារបស់គាត់។ លោកនិយាយទៅកាន់ខ្លួនលោកថា៖ «ខ្ញុំនឹងទៅបន្ទប់ប្រពន្ធរបស់ខ្ញុំ»។ ប៉ុន្តែ ឪពុកក្មេករបស់លោកមិនអនុញ្ញាតឲ្យលោកចូលទៅទេ។
2ឪពុកក្មេករបស់លោកមានប្រសាសន៍ថា៖ «ពុកពិតជាគិតថាកូនបានស្អប់នាង ដូច្នេះ ពុកបានលើកនាងទៅឲ្យអ្នកកំដររបស់កូន។ ប្អូនស្រីរបស់នាងស្អាតជាងនាងទៅទៀត តើកូនអាចយកនាងជំនួសបានឬទេ?»។
3លោកសាំសុនតបទៅពួកគេថា៖ «ពេលនេះខ្ញុំនឹងធ្វើបាបពួកភីលីស្ទីន ហើយក៏គ្មានអ្នកណាចោទប្រកាន់ ខ្ញុំបានទេ។»
4លោកសាំសុនបានចេញទៅចាប់សត្វកញ្ជ្រោងចំនួនបីរយក្បាល ហើយលោកបានចងកន្ទុយវាជាប់គ្នាមួយគូរៗ។ រួចយកចន្លុះដោតនៅកណ្តាលចំណងនៃគូរនីមួយៗ។
5ក្រោយពេលលោករៀបចំចន្លុះរួចរាល់ហើយ លោកក៏លែងសត្វកញ្ជ្រោងទាំងនោះឲ្យចូលទៅក្នុងស្រែរបស់ពួកភីលីស្ទីន ធ្វើឲ្យឆេះស្រូវដែលច្រូតហើយ និងស្រូវដែលមិនទាន់ច្រូតទាំាងអស់នៅក្នុងស្រែ ព្រមទាំងឆេះចំការអូលីវទៀតផង។
6ពួកភីលីស្ទីនបានសួរគ្នាថា៖ «តើអ្នកណាដែលបានធ្វើការនេះ?» មានគេប្រាប់ថា «គឺសាំសុន! គាត់ធ្វើបែបនេះ ព្រោះតែឪពុកក្មេករបស់គាត់ជាអ្នកស្រុកធីមណា ដែលបានលើកប្រពន្ធរបស់គាត់ ទៅឲ្យបុរសជាអ្នកកំដររបស់គាត់»។ ជនជាតិភីលីស្ទីនបានលើកគ្នាទៅសម្លាប់នាងព្រមទាំងឪពុករបស់នាង។
7លោកសាំសុននិយាយទៅកាន់ពួកគេថា៖ «ដោយអ្នករាល់គ្នាបានប្រព្រឹត្តដូច្នេះ ខ្ញុំមិនអាចនៅស្ងៀមបានទេ គឺខ្ញុំនឹងសងសឹកអ្នករាល់គ្នា»។
8លោកវាយប្រហារពួកគេឲ្យបរាជ័យយ៉ាងដំណំ ឥតត្រាប្រណីទេ។ បន្ទាប់មក លោកភៀសខ្លួនទៅរស់នៅក្នុងរូងភ្នំអេតាំ។
9ជនជាតិភីលីស្ទីន បានឡើងមកបោះទ័ពក្នុងទឹកដីយូដា ហើយដាក់ទាហានរបស់ពួកគេឡោមព័ទ្ធលេហ៊ី។
10អ្នកស្រុកយូដាសួរពួកគេថា៖ «ហេតុអ្វីបានជាអ្នកឡើងមកប្រយុទ្ធនឹងយើង?» ពួកគេឆ្លើយថា៖ «យើងមកដើម្បីចាប់សាំសុន ហើយនឹងធ្វើចំពោះគេដូចដែលគេបានធ្វើចំពោះយើង»។
11អ្នកបានចុះទៅរូងភ្នំអេតាំ ហើយនិយាយនឹងសាំសុនថា៖ «តើលោកមិនដឹងទេឬថាពួកភីលីស្ទីន ជាអ្នកគ្រប់គ្រងលើយើង? តើអ្នកបានធ្វើអ្វីដាក់យើង? សាំសុនតបទៅពួកគេថា៖ «ខ្ញុំប្រព្រឹត្តចំពោះគេដូចដែលគេបានប្រព្រឹត្តចំពោះខ្ញុំ»។ ដូចដែលគេបានធ្វើចំពោះយើង»។
12ពួកគេក៏តបទៅលោកវិញថា៖ «យើងមកដើម្បីចាប់លោក ប្រគល់ទៅអោយជនជាតិភីលីស្ទីន»។ លោកសាំសុនមានប្រសាសន៍ទៀតថា៖ «សូមអ្នករាល់គ្នាស្បថនឹងខ្ញុំ ថាអ្នករាល់គ្នានឹងមិនសម្លាប់ខ្ញុំដោយខ្លូនអ្នកផ្ទាល់ទេ»។
13ពួកគេឆ្លើយថា៖ «ទេ! យើងគ្រាន់តែសុំចងលោកនឹងខ្សែហើយនាំលោកទៅឲ្យពួកគេ។ យើងស្បថថាយើងមិនសម្លាប់លោកទេ»។ បន្ទាប់មក ពួកគេបានចងលោកនឹងខ្សែពួរថ្មីពីរខ្សែហើយនាំលោកចេញពីរូងភ្នំ។
14ពេលដែលលោកមកដល់លេហ៊ី ជនជាតិភីលីស្ទីនបានឃើញលោកហើយពួកគេស្រែកហ៊ោឡើង។ គ្រានោះព្រះវិញ្ញាណនៃព្រះអម្ចាស់បានសណ្ឋិតលើលោក ដែលនាំឲ្យលោកមានកម្លាំងយ៉ាងខ្លាំង។ ខ្សែពួរនៅលើដៃលោក ដូចជាអំបោះត្រូវភ្លើង ហើយបានរបូតចេញពីដៃលោក។
15លោកសាំសុនបានឃើញឆ្អឹងថ្គាមមួយរបស់សត្វលាដែលទើបសម្លាប់ថ្មីៗ លោកក៏បានរើសវាមកហើយប្រើវាសម្លាប់មនុស្សអស់មួយពាន់នាក់។
16លោកនិយាយថា៖ «ដោយសារឆ្អឹងថ្គាមរបស់សត្វលា ខ្ញុំបានប្រមូលខ្មោចដាក់គរលើគ្នា ដោយសារឆ្អឹងថ្គាមរបស់សត្វលា ខ្ញុំបានសម្លាប់មនុស្សអស់មួយពាន់នាក់។»
17ពេលដែលលោកនិយាយចប់ លោកក៏ប្រវាត់ឆ្អឹងនោះចោល ហើយគាត់ដាក់ឈ្មោះកន្លែងនោះថា រ៉ាម៉ា -លេហ៊ី។
18លោកស្រែកទឹកយ៉ាងខ្លាំងហើយគាត់ក៏ទូលទៅព្រះអម្ចាស់ថា «ព្រះអម្ចាស់អើយ ព្រះអង្គបានប្រទានអោយអ្នកបម្រើរបស់ទ្រង់ទទួលជ័យជំនះយ៉ាងឧត្តម។ ប៉ុន្តែឥឡូវនេះ តើទូលបង្គំនឹងត្រូវស្លាប់ដោយសារស្រេកទឹកឬ ហើយទូលបង្គំនឹងត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកជនមិនកាត់ស្បែកនេះឬអី?»។
19ព្រះអម្ចាស់បានបំបែកបើកថ្មនៅលេហ៊ី ធ្វើឲ្យមានទឹកហូរចេញមក។ នៅពេលដែលលោកផឹកទឹកហើយ លោកក៏ត្រឡប់មកមានទឹកចិត្តនិងមានកម្លាំងឡើងវិញ។ ដូច្នេះ លោកដាក់ឈ្មោះកន្លែងនោះថា អេន-ហាកូរេ ហើយប្រភពទឹកនោះនៅលេហ៊ីរហូតដល់សព្វថ្ងៃ។
20លោកសាំសុនដឹកនាំលើជនជាតិអ៊ីស្រាអែល នៅជំនាន់ដែលជនជាតិភីលីស្ទីនត្រួតត្រាលើស្រុកអ៊ីស្រាអែល អស់រយៈពេលម្ភៃឆ្នាំ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។