1ថ្ងៃមួយ លោកសាំសុន បានចុះទៅធីមណា នៅទីនោះលោកបានឃើញស្រ្តីក្រមុំម្នាក់ ជាកូនស្រីរបស់ជនជាតិភីលីស្ទីន។
2នៅពេលដែលលោកត្រឡប់មកវិញ លោកប្រាប់ឪពុកនឹងម្តាយរបស់លោកថា៖ «ខ្ញុំបានឃើញស្រ្តីក្រមុំម្នាក់នៅធីមណា ជាកូនស្រីរបស់ជនជាតិភីលីស្ទីន។ ឥឡូវនេះ សូមទៅស្តីដណ្តឹងនាងមកជាប្រពន្ធរបស់ខ្ញុំ»។
3ឪពុក និងម្តាយរបស់លោកតបវិញថា៖ «តើក្នុងចំណោមញាតិ ឬ ជនជាតិរបស់ឯងមិនមានស្រ្តីក្រមុំទេឬអី បានជាឯងនឹងយកប្រពន្ធពីចំណោមពួកភីលីស្ទីនមិនកាត់ស្បែកនោះ?» លោកសាំសុនឆ្លើយថា៖ «សូមពុកស្តីដណ្តឹងនាងមកឲ្យខ្ញុំ ព្រោះខ្ញុំពេញចិត្តតែនាងម្នាក់ប៉ុណ្ណោះ»។
4ប៉ុន្តែ ឪពុក និងម្តាយរបស់គាត់មិនបានដឹងទេថា ព្រះអម្ចាស់បណ្តាលឲ្យលោកសាំសុនមានចិត្តដូច្នេះ ដើម្បីបង្កជម្លោះជាមួយពួកភីលីស្ទីន ព្រោះពេលនោះភីលីស្ទីនត្រួតត្រាលើស្រុកអ៊ីស្រាអែល។
5លោកក៏ធ្វើដំណើរទៅធីមណាជាមួយឪពុក និងម្តាយរបស់លោក ហើយពួកគេបានមកដល់ចម្ការទំពាំងបាយជូរក្បែរធីមណា ក៏មានសិង្ហស្ទាវមួយបានហក់មករកលោកទាំងគ្រហឹម។
6ភ្លាមនោះព្រះវិញ្ញាណនៃព្រះអម្ចាស់បានសណ្ឋិតលើលោក លោកក៏ចាប់ហែកសត្វសិង្ហជាចំណែកៗងាយដូចជាហែកកូនពពែ ដោយដៃទទេ។ ប៉ុន្តែ លោកមិនបានប្រាប់ឪពុកម្តាយរបស់លោកឲ្យដឹងពីអ្វីដែលលោកបានធ្វើនោះទេ។
7លោកធ្វើដំណើរបន្តទៀតទៅដល់ធីមណា រួចនិយាយជាមួយស្រ្តីក្រមុំនោះ លោកពេញចិត្តនាងយ៉ាងខ្លាំង។
8ប៉ុន្មានថ្ងៃក្រោយមកលោកត្រឡប់មកទៅធីមណាវិញ ដើម្បីរៀបការជាមួយនាង គាត់បានឈៀងចូលទៅមើលសាកសពសិង្ហនោះ ហើយឃើញមានសំបុកឃ្មុំ ពេញទៅដោយទឹកឃ្មុំនៅក្នុងខ្មោចសត្វនោះ។
9លោកបានបេះឃ្មុំនៅនឹងដៃ ដើរបណ្តើរ បរិភោគបណ្តើរ។ ពេលជួបឪពុកម្តាយ លោកបានយកឃ្មុំនោះអោយឪពុកម្តាយរបស់លោកបរិភោគដែរ តែមិនបានប្រាប់ថាពួកគាត់ថាលោកយកឃ្មុំមកពីខ្មោចសត្វសិង្ហនោះទេ។
10ឪពុករបស់លោកបានទៅផ្ទះខាងស្រី នៅទីនោះលោកសាំសុនបានរៀបចំពិធីជប់លៀងតាមទម្លាប់ដែលកូនកម្លោះត្រូវធ្វើ។
11សាច់ញាតិរបស់នាងបានឃើញលោក គេបានជ្រើសរើសយុវជនចំនួនសាមសិបនាក់ អោយមកកំដរលោក។
12លោកបានពោលទៅកាន់ពួកគេថា៖ «ខ្ញុំមានប្រស្នាមួយសម្រាប់អ្នករាល់គ្នា។ ប្រសិនបើ អ្នករាល់គ្នាអាចដោះប្រស្នានេះបានក្នុងអំឡុងពេលប្រាំពីរថ្ងៃនៃពិធីអាពាហ៍ពិពាហ៍នេះ ខ្ញុំនឹងជូនអាវចំនួនសាមសិប និងអាវសម្រាប់ពិធីបុណ្យចំនួនសាមសិបបន្លាស់។
13ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនអាចដោះប្រស្នានេះបានទេ អ្នករាល់គ្នាត្រូវឲ្យអាវចំនួនសាមសិប និងអាវសម្រាប់ពិធីបុណ្យចំនួនសាមសិបបន្លាស់មកខ្ញុំវិញ»។ ពួកគេឆ្លើយថា៖ «ចូរចោទប្រស្នារបស់អ្នកមកយើង ពួកយើងនឹងចាំស្តាប់!»។
14គាត់ចោទឡើងថា៖ «មានចំណីចេញពីអ្នកឆី មានអាផ្អែមចេញពីអាខ្លាំង»។ ប៉ុន្តែ ក្នុងអំឡុងពេលបីថ្ងៃពួកគេមិនអាចស្រាយប្រស្នានេះបានទេ។
15នៅថ្ងៃទីបួនពួកគេបាននិយាយទៅភរិយារបស់លោកសាំសុនថា៖ «ចូទៅល្បួងប្តីរបស់នាង ឲ្យគាត់ប្រាប់ចម្លើយនៃប្រស្នានេះហើយមកប្រាប់យើង មិនដូច្នេះទេយើងនឹងដុតសម្លាប់គ្រួសាររបស់នាងទាំងខ្លួននាងផង។ តើនាងហៅយើងមក ដើម្បីប្លន់យើងរាល់គ្នាឬ?»
16ប្រពន្ធរបស់លោកសាំសុនចាប់ផ្តើមនិយាយជាមួយលោកទាំងយំថា៖ «បងមិនបានស្រឡាញ់អូនទេ! បងស្អប់អូន! បងបានចោទប្រស្នាទៅប្រជាជនរបស់អូន តែបងមិនបានប្រាប់ចម្លើយនៃប្រស្នានោះអោយអូនដឹងសោះ»។ លោកសាំសុនតបទៅនាងវិញថា៖ «មើល៍! សូម្បីឪពុកម្តាយរបស់បង ក៏បងមិនប្រាប់អោយគាត់ដឹងផង ហេតុអ្វីបងត្រូវបកស្រាយប្រស្នាប្រាប់អូន?»
17នាងយំរំអុកលោកក្នុងអំឡុងប្រាំពីរថ្ងៃនៃពីធីជប់លាងនោះ។ នៅថ្ងៃទីប្រាំពីរលោកបានប្រាប់ចម្លើយទៅនាង ដោយនាងចេះតែយំរំអុកលោកខ្លាំងពេក។ នាងក៏ប្រញាប់នាំចម្លើយនោះទៅប្រាប់សាច់ញាតិរបស់នាង។
18មុនពេលថ្ងៃលិចនៅថ្ងៃទីប្រាំពីរមនុស្សនៅក្នុងក្រុងនិយាយទៅលោកថា៖ តើមានអ្វីដែលផ្អែមជាងទឹកឃ្មុំ? ហើយតើមានអ្វីដែលខ្លាំងជាងសិង្ហស្ទាវទៀតនោះ? លោកសាំសុនតបទៅពួកគេវិញថា៖ «នែប្រសិនបើ អ្នករាល់គ្នាមិនបានភ្ជួរដីដោយប្រើគោញីរបស់ខ្ញុំទេនោះ អ្នករាល់គ្នាមិនអាចរកចម្លើយនៃប្រស្នានេះឃើញឡើយ»។
19រំពេចនោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានសណ្ឋិតលើលោក ធ្វើឲ្យលោកមានកម្លាំងខ្លាំងក្លា។ លោកសាំសុនបានចុះទៅអាស់កេឡូន ហើយបានសម្លាប់មនុស្សអស់សាមសិបនាក់។ លោកបានយកសម្លៀកបំពាក់របស់ពួកគេឲ្យបុរសទាំងសាមសិននាក់ដែលបានបកស្រាយប្រស្នា។ បន្ទាប់មក លោកខឹងយ៉ាងខ្លាំង ហើយលោកបានត្រឡប់ទៅផ្ទះឪពុករបស់លោកវិញ។
20គេក៏លើកភរិយារបស់លោកទៅឲ្យបុរសម្នាក់ដែលជាអ្នកកំដររបស់លោក។