ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចៅហ្វាយ 13

Read Scripture freely. Divine Threads study for this chapter is coming later.

1ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តការអាក្រក់ដែលមិនគាប់ព្រះហឬទ័យព្រះអម្ចាស់ ដូច្នេះហើយព្រះអង្គបានប្រគល់ពួកគេទៅក្នុងដៃរបស់សាសន៍ភីលីស្ទីន អស់រយះពេលសែសិបឆ្នាំ។
2មានបុរសម្នាក់ពីក្រុងសូរ៉ាស់ ពីកុលសម្ព័ន្ធដាន់ ឈ្មោះថា ម៉ាណូអា ភរិយារបស់គាត់ជាស្ត្រីអារ គាត់មិនអាចមានកូនបានទេ។
3ទេវតានៃព្រះអម្ចាស់បានបង្ហាញខ្លួនចំពោះភរិយារបស់គាត់ ហើយប្រាប់ថា៖ «មើល៍ៗ នាងជាស្ត្រីអារ មិនអាចមានកូនបានទេ ប៉ុន្តែឥឡូវនេះ នាងនឹងមានទម្ងន់ហើយបង្កើតបានកូនប្រុសមួយ។
4ប៉ុន្តែ ត្រូវប្រុងប្រយ័ត្ន នាងមិនអាចផឹកទឹកទំពាំងបាយជូរ ឬស្រាខ្លាំងបានទេ ហើយក៏មិនត្រូវបរិភោគអាហារដែលមិនបរិសុទ្ធដែរ។
5មើល៍! នាងនឹងពរពោះ ហើយបង្កើតបានកូនប្រុសមួយ។ មិនត្រូវកាត់ ឬកោរសក់របស់គេទេ ព្រោះកូននេះនឹងត្រូវញែកថ្វាយព្រះអម្ចាស់តាំងពីចាប់កំណើតក្នុងផ្ទៃ កូននេះនឹងរំដោះប្រជាជនអ៊ីស្រាអែលពីដៃជនជាតិភីលីស្ទីន»។
6បន្ទាប់មក នាងបានរត់ទៅប្រាប់ប្តីរបស់នាងថា៖ «មានអ្នកបម្រើមួយរូបរបស់ព្រះអម្ចាស់បានមកឯខ្ញុំ គាត់បានបង្ហាញខ្លួនដូចជាទេវតានៃព្រះ ដែលគួរឲ្យស្ញែងខ្លាចក្រៃលែង។ ខ្ញុំមិនបានសួរថាគាត់មកពីណានោះទេ ហើយគាត់ក៏មិនបានឈ្មោះរបស់គាត់ដល់ខ្ញុំដែរ។
7គាត់បាននិយាយថា មើល! នាងនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ ដូច្នេះ នាងមិនអាចផឹកទឹកទំពាំងបាយជូរ ឬស្រាខ្លាំងបានទេ ក៏មិនអាចបរិភោគអាហារដែលច្បាប់ចែងថាមិនបរិសុទ្ធនោះដែរ ព្រោះក្មេងនេះនឹងត្រូវញែកថ្វាយព្រះអម្ចាស់ចាប់តាំងពីពេលគេចាប់កំណើតនៅក្នុងផ្ទៃ រហូតដល់ថ្ងៃដែលគាត់ស្លាប់»។
8ពេលនោះ លោកម៉ាណូអា បានអធិស្ឋានទៅព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! សូមព្រះអង្គមេត្តាប្រោសប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គវិលត្រឡប់មកវិញ ដើម្បីឲ្យលោកបង្រៀនយើងពីអ្វីដែលយើងត្រូវធ្វើសម្រាប់កុមារដែលនឹងកើតមកក្នុងពេលយ៉ាងឆាប់ខាងមុខនោះ។»
9ព្រះអម្ចាស់បានឮពាក្យទូលសូមរបស់លោកម៉ាណូអា ហើយទេវតារបស់ព្រះអម្ចាស់បានមកឯស្រ្តីម្តងទៀត នៅពេលដែលនាងកំពុងអង្គុយនៅឯវាលស្រែ។ ប៉ុន្តែ លោកម៉ាណូអា មិនបាននៅជាមួយគាត់ទេ។
10ដូច្នេះ ស្ត្រីបានរត់យ៉ាងលឿនទៅប្រាប់ប្តីរបស់គាត់ថា៖ «បុរសដែលខ្ញុំបានជួបថ្ងៃមុន គាត់បានមកទៀតហើយ!»
11លោកម៉ាណូអាក្រោឡើងហើយតាមប្រពន្ធគាត់ទៅ។ នៅពេលដែលគាត់បានឃើញបុរសម្នាក់នោះ គាត់និយាយថា៖ «តើលោកគឺជាម្នាក់ដែលបាននិយាយជាមួយប្រពន្ធខ្ញុំនោះឬ?» ទេវតារបស់ព្រះអម្ចាស់ឆ្លើយថា៖ «គឺខ្ញុំមែន»។
12លោកម៉ាណូអាមានប្រសាសន៍ថា៖ «សូមឲ្យគ្រប់ពាក្យរបស់លោកបានសម្រេច។ តើក្មេងនោះត្រូវកាន់តាមច្បាប់ទម្លាប់អ្វីខ្លះ ហើយតើក្មេងនោះនឹងទៅជាអ្វី?
13នោះទេវតានៃព្រះតបទៅលោកថា៖ «ភរិយារបស់លោកត្រូវប្រុងប្រយ័ត្នគ្រប់យ៉ាងដែលយើងបានប្រាប់នាង។
14នាងមិនត្រូវបរិភោគអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរទេ មិនត្រូវផឹកស្រាឬគ្រឿងស្រវឹងឡើយ ហើយក៏មិនត្រូវបរិភោគអ្វីដែលមិនបរិសុទ្ធឡើយ។ នាងត្រូវតែប្រព្រឹត្តតាមគ្រប់ពាក្យទាំងប៉ុន្មានដែលយើងបានប្រាប់នាង»។
15លោកម៉ាណូអាពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ថា៖ «សូមមេត្តារង់ចាំនៅទីនេះបន្តិចសិន យើងនឹងរៀបចំកូនពពែមួយជូនលោក»។
16ទេវតានៃព្រះអម្ចាស់តបទៅលោកថា៖ «ទោះបីជាយើងនៅ ក៏យើងមិនបរិភោគអាហាររបស់អ្នកដែរ។ ប៉ុន្តែ បើអ្នកចង់ថ្វាយតង្វាយដុតទាំងមូល ថ្វាយព្រះអម្ចាស់ ចូរធ្វើចុះ»។ លោកម៉ាណូអាមិនដឹងថាជាទេវតារបស់ព្រះអម្ចាស់នោះទេ។
17លោកម៉ាណូអាពោលទៅកាន់ទេវតានៃព្រះអម្ចាស់ថា៖ «តើលោកមានឈ្មោះអ្វី ដូច្នេះ យើងនឹងអាចដឹងគុណលោក នៅពេលដែលហេតុការណ៍នោះបានសម្រេចតាមពាក្យរបស់លោក?
18ទេវតានៃព្រះអម្ចាស់តបទៅលោកថា៖ «ហេតុអ្វីបានជាអ្នកចង់ដឹងឈ្មោះរបស់ខ្ញុំ? ឈ្មោះនេះប្លែកអស្ចារ្យណាស់!»។
19បន្ទាប់មក លោកម៉ាណូអាបានយកកូនពពែ និងម៉្សៅដែលត្រូវថ្វាយជាមួយ មកដុតនៅលើថ្មថ្វាយជាតង្វាយដុតទាំងមូលថ្វាយដល់ព្រះអម្ចាស់។ ពេលដែលលោកម៉ាណូអា និងភរិយាកំពុងសម្លឹងមើល ស្រាប់តែមានហេតុការដ៏អស្ចារ្យមួយ
20គឺនៅពេលដែលភ្លើងបានចេញពីអាសនៈឡើងទៅលើមេឃ ទេវតារបស់ព្រះអម្ចាស់ក៏បានឡើងទៅជាមួយភ្លើងដែលចេញពីអាសនៈនោះទៅដែរ។ នៅពេលដែលលោកម៉ាណូអា និងភរិយារបស់លោកបានឃើញដូច្នេះ ពួកគេក៏ក្រាបចុះឱនមុខដល់ដី។
21កាលអ្នកទាំងពីរមើលទេវតារបស់ព្រះអម្ចាស់លែងឃើញហើយ ទើបពួកគេដឹងថានោះជាទេវតានៃព្រះអម្ចាស់។
22លោកម៉ាណូអាបានមានប្រសាន៍ទៅកាន់ភរិយារបស់គាត់ថា៖ «យើងប្រាកដជាស្លាប់ ព្រោះយើងបានឃើញព្រះអម្ចាស់!»
23ប៉ុន្តែ ភរិយារបស់គាត់តបថា៖ «ប្រសិនបើ ព្រះអម្ចាស់ចង់ឲ្យយើងស្លាប់មែន នោះព្រះអង្គពិតជាមិនទទួលយកតង្វាយដុតទាំងមូល និងម៉្សៅដែលយើងថ្វាយទៅព្រះអង្គទេ។ ហើយព្រះអង្គប្រាកដជាមិនបង្ហាញ ឬក៏ប្រាប់អំពីកិច្ចការទាំងអស់នេះដល់យើងនោះទេ»។
24ក្រោយមក ភរិយារបស់លោកម៉ាណូអា បង្កើតកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា សាំសុន។ កុមារនោះមានវ័យចម្រើនឡើង ហើយព្រះអម្ចាស់បានប្រទានពរគាត់។
25ព្រះវិញ្ញាណនៃព្រះអម្ចាស់ចាប់ផ្តើមធ្វើការក្នុងជីវិតរបស់លោក នៅពេលដែលលោកនៅក្នុងជំរំដាន់ ដែលនៅត្រង់ចន្លោះសូរ៉ាស់ និង អែសថោល។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។