ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ចៅហ្វាយ 11

Read Scripture freely. Divine Threads study for this chapter is coming later.

1គ្រានោះ លោកយ៉ែបថា ជាអ្នកចម្បាំងដ៏ខ្លាំងពូកែម្នាក់នៅកាឡាត ជាកូនប្រុសរបស់ស្ត្រីពេស្យា និងបុរសម្នាក់ឈ្មោះកាឡាត។
2ភរិយារបស់លោកកាឡាតក៏បានបង្កើតកូនប្រុសដទៃទៀតឲ្យលោកដែរ។ នៅពេលដែលកូនប្រុសភរិយារបស់លោកកាឡាតធំឡើង ពួកគេបានបណ្តេញលោកយ៉ែបថា ចេញពីផ្ទះ ហើយបាននិយាយទៅគាត់ថា៖ «ឯងគ្មានសិទ្ធិនឹងទទួលមរតករបស់ឪពុកយើងទេ ព្រោះឯងជាកូនរបស់ស្រីផ្សេង»។
3ដូច្នេះ លោកយ៉ែបថា បានភៀសខ្លួនចេញពីបងប្អូនរបស់គាត់ហើយទៅរស់នៅក្នុងស្រុក ថូប។ មានពួកមនុស្សពាលបានមកចូលរួមជាមួយគាត់ ហើយពួកគេបាននាំគ្នាចេញទៅប្លន់។
4ប៉ុន្មានថ្ងៃក្រោយមក ជនជាតិអាំម៉ូន បានធ្វើសង្រ្គាមទាស់នឹងជនជាតិអ៊ីស្រាអែល។
5នៅពេលដែលជនជាតិអាំម៉ូន ប្រឆាំងទាស់នឹងអ៊ីស្រាអែល ពួកចាស់ទុំកាឡាតបាននាំគ្នាចេញទៅអញ្ជើញលោកយ៉ែបថា ឲ្យត្រឡប់ពីទឹកដីថូប មកវិញ។
6ពួកគេនិយាយទៅកាន់លោកយ៉ែបថាថា៖ «សូមមក ហើយធ្វើជាមេដឹកនាំលើយើង នោះយើងនឹងប្រយុទ្ធជាមួយជនជាតិអាំម៉ូន»។
7លោកយ៉ែបថាឆ្លើយទៅពួកចាស់ទុំវិញថា៖ «អ្នករាល់គ្នាបានស្អប់ខ្ញុំ ហើយបានបណ្តេញខ្ញុំចេញពីផ្ទះឳពុករបស់ខ្ញុំ។ ហេតុអ្វីពេលដែលអ្នករាល់គ្នាមានបញ្ហា អ្នករាល់គ្នាមករកខ្ញុំ?»
8ចាស់ទុំនៃស្រុកកាឡាត តបថា៖ «នោះជាហេតុផលដែលយើងមករកលោកពេលនេះ សូមមកជាមួយយើង ហើយច្បាំងជាមួយជនជាតិអាំម៉ូន នោះលោកនឹងក្លាយជាអ្នកដឹកនាំលើគ្រប់គ្នាដែលនៅក្នុងស្រុកកាឡាតនេះ»។
9លោកយ៉ែបថាបានតបទៅចាស់ទុំស្រុកកាឡាតថា៖ «ខ្ញុំនឹងធ្វើជាមេដឹកនាំលើអ្នករាល់គ្នា ប្រសិនបើ អ្នករាល់គ្នានាំខ្ញុំត្រឡប់ទៅផ្ទះម្តងទៀត ដើម្បីប្រយុទ្ធជាមួយជនជាតិអាំម៉ូន ហើយប្រសិនបើេព្រះអម្ចាស់ប្រទានឲ្យយើងមានជ័យជម្នះលើពួកគេ»។
10ពួកចាស់ទុំនៃស្រុកកាឡាតនិយាយទៅកាន់លោកយ៉ែបថាថា៖ «ព្រះអម្ចាស់ជាសាក្សីរវាងលោក និងពួកយើង ប្រសិនបើ យើងមិនធ្វើតាមការដែលយើងនិយាយទេនោះ!»
11ដូច្នេះ លោកយែ៉បថាបានទៅជួបពួកចាស់ទុំនៅស្រុកកាឡាដ ហើយពួកគេបានលើកគាត់ឲ្យធ្វើជាអ្នកដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ នៅចំពោះព្រះអម្ចាស់ នៅស្រុកមីសប៉ា លោកយ៉ែបថាបាននិយាយអ្វីដែលគាត់បានសន្យាសារថ្មីឡើយវិញ។
12បន្ទាប់មក លោកយ៉ែបថាបានចាត់អ្នកនាំសារទៅស្តេចរបស់ជនជាតិអាំម៉ូន ទូលថា៖ «តើនេះជាជម្លោះអ្វីរវាងពួកយើង? ហេតុអ្វីបានជាអ្នកមកបណ្តេញយកទឹកដីរបស់យើង?»
13ស្តេចជនជាតិអាំម៉ូនបានឆ្លើយទៅអ្នកនាំសាររបស់លោកយ៉ែបថាថា៖ «ព្រោះនៅពេលដែលជនជាតិអ៊ីស្រាអែលចេញពីអេស៊ីព្ទមក ពួកគេបានចាប់យកដីចាប់តាំងពីស្រុកអាណូណដល់ស្រុកយ៉ាបបុក នៅខាងជើងទន្លេយ័រដាន់។ ឥឡូវនេះ ចូរប្រគល់ទឹកដីទាំងនោះមកវិញដោយសន្តិភាពមក»។
14លោកយ៉ែបថា បានបញ្ជូនអ្នកនាំសារម្តងទៀតទៅកាន់ស្តេចនៃជនជាតិអាំម៉ូន
15ហើយគាត់បាននិយាយថា៖ «នេះជាអ្វីដែលលោកយ៉ែបថានិយាយ៖ ជនជាតិអ៊ីស្រាអែលមិនបានយកទឹកដីរបស់ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូនទេ
16ប៉ុន្តែ ពួកគេបានចេញមកអេស៊ីព្ទ ឆ្លងកាត់តាមវាលរហោស្ថានទៅសមុទ្រត្រែង ហើយក៏មកដល់កាដេស។
17នៅពេលដែលអ៊ីស្រាអែលបញ្ជូនអ្នកនាំសារទៅស្តេចនៃស្រុកអេដុំ ដោយទូលថា៖ «សូមអនុញ្ញាតឲ្យយើងឆ្លងកាត់ទឹកដីរបស់ទ្រង់ តែស្តេចអេដុំមិនស្តាប់ការសូមនោះទេ ពួកគេក៏បានបញ្ជូនអ្នកនាំសារទៅស្តេចម៉ូអាប់ដូចគ្នា ប៉ុន្តែ ស្តេចបានបដិសេធ។ ដូច្នេះ អ៊ីស្រាអែលបានស្នាក់នៅកាដេស។
18នោះ ពួកគេបានធ្វើដំណើរវាងទឹកដីអេដុម និងទឹកដីម៉ូអាប់ ដោយឆ្លងកាត់វាលរហោស្ថាន ពួកគេធ្វើដំណើរតាមភាគខាងកើតទឹកដីម៉ូអាប់ ហើយពួកគេបោះជំរំនៅទិសផ្សេងទៀតនៃស្ទឹងអើណូណ ប៉ុន្តែ ពួកគេមិនបានចូលទៅទឹកដីម៉ូអាប់ទេ។ ស្ទឹងអើណូណជាព្រំប្រទល់នៃទឹកដីរបស់ជនជាតិម៉ូអាប់។
19ជនជាតិអ៊ីស្រាអែលក៏បានចាត់អ្នកនាំសារទៅទូលព្រះបាទស៊ីហុន ជាស្តេចនៃជនជាតិអាម៉ូរី ដែលគ្រងរាជ្យនៅហេប្រុនថា «សូមអនុញ្ញាតឲ្យយើងខ្ញុំឆ្លងកាត់ទឹកដីរបស់ទ្រង់ឆ្ពោះទៅកាន់ទឹកដីដែលជារបស់យើង។»
20ប៉ុន្តែ ព្រះបាទស៊ីហុន មិនទុកចិត្តឲ្យជនជាតិអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់ទ្រង់ទេ។ ដូច្នេះ ហើយបានជាពេលនោះព្រះបាទស៊ីហុន ប្រមូលផ្តុំ កងទ័ពទាំងអស់របស់ទ្រង់នៅយ៉ាហាស ច្បាំងជាមួយជនជាតិអ៊ីស្រាអែល។
21គ្រានោះព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលបានប្រទានស៊ីហុន និងមនុស្សទាំងអស់របស់ទ្រង់មកក្នុងកណ្តាប់ដៃជនជាតិអ៊ីស្រាអែល នោះជនជាតិអ៊ីស្រាអែលក៏មានជ័យជម្នះលើពួកគេ ហើយបានយកទឹកដីរបស់ជនជាតិអាម៉ូរីទាំងអស់។
22ជនជាតិអ៊ីស្រាអែលបានកាន់កាប់ទឹកដីរបស់ជនជាតិអាម៉ូរីចាប់ពីស្ទឹងអ៉ាណូណរហូតដល់យ៉ាបបុក ហើយពីវាលរហោស្ថានដល់ទន្លេយ័រដាន។
23គឺព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលបានបណ្តេញជនជាតិអាម៉ូរីចេញពីមុខរាស្រ្តរបស់ទ្រង់ ឥឡូវនេះ តើព្រះករុណាចង់ដណ្តើមទឹកដីរបស់ពួកគេឬ?
24តើព្រះករុណាមិនបានកាន់កាប់ទឹកដីដែលព្រះកេម៉ូស ជាព្រះរបស់ព្រះរុណាបានប្រគល់ឲ្យទេឬ? ដូច្នេះ តើយើងមិនអាចកាន់កាប់ទឹកដីដែលព្រះអម្ចាស់ជាព្រះនៃយើងបានប្រគល់ឲ្យយើងដែរទេឬ?
25តើឥឡូវនេះ ព្រះអង្គពិតជាប្រសើរជាងព្រះបាទបាឡាក់ ប្រុតរបស់ស៊ីបព័រ ជាស្តេចនៃជនជាតិម៉ូអាប់ឬអី? ព្រះបាទបាឡាក់មិនបានរករឿងប្រជាជាតិអ៊ីស្រាអែល ហើយក៏មិនបានធ្វើសង្គ្រាមជាមួយពួកគេដែរ។
26អស់រយៈពេលបីរយឆ្នាំមកហើយ ដែលប្រជាជនអ៊ីស្រាអែលបានរស់នៅក្នុងក្រុងហេសបូន និង ក្រុងអារ៉ូអើ ព្រមទាំងតំបន់ជុំវិញ និងភូមិស្រុកនានានៅតាមដងស្ទឹងអើណូណ ចុះហេតុដូចម្តេចបានជាទ្រង់មិនរំដោះយកទឹកដីទាំងនោះក្នុងពេលនោះទៅ?
27ទូលបង្គំមិនបានធ្វើអ្វីខុសនឹងទ្រង់ទេ គឺទ្រង់ទេតើដែលបានប្រព្រឹត្តខុសដោយទាស់នឹងទូលបង្គំ សូមឲ្យព្រះអម្ចាស់ជាចៅក្រម សម្រេចក្តីនៅថ្ងៃនេះរវាងជនជាតិអ៊ីស្រាអែលនិងជនជាតិអាំម៉ូននៅថ្ងៃនេះចុះ»។
28ប៉ុន្តែ ស្តេចនៃជនជាតិអាំម៉ូន មិនបានអើពើនឹងសំដីតីដែលលោកយែ៉បថាបានចាត់អ្នកនាំពាក្យទៅទូលទ្រង់នោះទេ។
29គ្រានោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានមកសណ្ឋិតលើលោកយ៉ែបថា រួចលោកបានធ្វើដំណើរឆ្លងកាត់ស្រុកកាឡាតនិងស្រុកម៉ាណាសេ ហើយឆ្លងកាត់ទៅដល់ក្រុងមីសប៉ាក្នុងស្រុកកាឡាត បន្ទាប់មកលោកធ្វើដំណើរពីក្រុងមីសប៉ានៃស្រុកកាឡាតទៅដល់ស្រុកអាំម៉ូន។
30លោកយ៉ែបថា​ បានសច្ចានៅចំពោះព្រះជាម្ចាស់ថា៖ «ប្រសិនបើ ព្រះអម្ចាស់ប្រទានឲ្យទូលបង្គំមានជ័យជម្នះលើជនជាតិអាំម៉ូននេះ
31ហើយនៅពេលដែលទូលបង្គំត្រឡប់មកវិញដោយសុខសាន្ត អ្នកណាដែលចេញពីទ្វារផ្ទះរបស់ទូលបង្គំមកទទួលទូលបង្គំមុនគេ ទូលបង្គំនឹងយកអ្នកនោះធ្វើជាយញ្ញបូជាថ្វាយដល់ព្រះអម្ចាស់»។
32ដូច្នេះ លោកយែ៉បថាចូលទៅវាយជនជាតិអាំម៉ូន ហើយព្រះអម្ចាស់បានប្រទានឲ្យលោកមានជ័យជម្នះ។
33លោកយ៉ែបថាបានវាយប្រហារ និងសម្លាប់រង្គាលពួកគេចាប់ពីក្រុងអារ៉ូអ៊ើ រហូតដល់តំបន់ជិតខាងក្រុងមេនីត សរុបទាំងអស់ម្ភៃក្រុង និងដល់ក្រុងអាបែល ការ៉ូមីម។ ដូច្នេះជនជាតិអ៊ីស្រាអែលបានគ្រប់គ្រងលើជនជាតិអាំមូន។
34លោកយ៉ែបថាបានត្រឡប់មកផ្ទះរបស់លោកនៅក្រុងមីសប៉ាវិញ ពេលនោះកូនស្រីរបស់លោកបានចេញមកទទួលលោកទាំងវាយក្រាប់ និងរាំផង។ នាងជាកូនតែម្នាក់គត់របស់លោក ក្រៅពីនាង លោកមិនមានកូនប្រុស ស្រីឯណាទៀតទេ។
35ពេលដែលលោកបានឃើញនាងភ្លាម លោកបានហែកសម្លៀកបំពាក់របស់លោកហើយនិយាយថា៖ «ឱ កូនស្រីមាសឪពុក‌! កូនបានធ្វើឲ្យឳពុកកើតទុក្ខហើយ ហើយកូនបានធ្វើឲ្យឳពុកមានសេចក្តីឈឺចាប់! ព្រោះឳពុកបានស្បថនឹងព្រះអម្ចាស់ ហើយពុកមិនអាចក្បត់សេចក្តីសន្យានោះបានទេ»។
36នាងក៏និយាយទៅកាន់លោកថា៖ «លោកឳពុកអើយ លោកបានស្បថចំពោះព្រះអម្ចាស់ហើយ ដូច្នេះ សូមលោកឪពុកប្រព្រឹត្តតាមសេចក្តីគ្រប់យ៉ាងដែលបានស្បថនោះចុះ ពីព្រោះព្រះអម្ចាស់បានប្រទានឲ្យពុកមានជ័យជន្នះលើសត្រូវរបស់ឪពុក គឺលើជនជាតិអាំម៉ូន»។
37នាងនិយាយទៅកាន់ឪពុករបស់នាងទៀតថា «សូមអនុញ្ញាតទុកពេលឲ្យកូនបានពីរខែសិន ឲ្យកូនបានចុះពីលើភ្នំទៅយំសោកស្តាយព្រហ្មចារីរបស់កូនជាមួយមិត្តភក្ត្រស្រីៗរបស់កូន»។
38លោកនិយាយថា៖ «ចូរទៅចុះកូន!» លោកបានអនុញ្ញាតឲ្យនាងចេញទៅពីរខែ ហើយនាងក៏ចាកចេញពីគាត់ ទៅជាមួយមិត្តភក្ត្រស្រីៗរបស់នាង។
39គ្រប់ពីរខែហើយនាងក៏ត្រឡប់ទៅរកឪពុកវិញ រួចលោកក៏យកនាងធ្វើជាយញ្ញបូជាតាមពាក្យសន្យារបស់លោក។ នាងមិនដែលស្គាល់បុរសណាឡើយ ចាប់ពីពេលនោះមក ជនជាតិអ៊ីស្រាអែលបានប្រកាន់ទំនៀមទម្លាប់នេះ គឺ
40ជារៀងរាល់ឆ្នាំកូនក្រមុំជនជាតិអ៊ីស្រាអែលត្រូវនាំគ្នាទៅយំរំលឹកដល់កូនស្រីរបស់លោកយ៉ែបថា ជាអ្នកស្រុកកាឡាតរយះពេលបួនថ្ងៃ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។