1ក្រោយពី លោកអេប៊ីម៉ាឡេក ទទួលមរណភាពទៅលោកថូឡា ជាកូនលោកពូវ៉ា និងជាចៅរបស់លោកដូដូ មកពីកុលសម្ព័ន្ធអ៊ីសាខារ ជាអ្នកស្រុកសាមារ ក្នុងតំបន់ភ្នំអេប្រាអ៊ីម បានងើបឡើងរំដោះជនជាតិអ៊ីស្រាអែល។
2គាត់ដឹកនាំអ៊ីស្រាអែលអស់រយៈពេលម្ភៃបីឆ្នាំ។ ពេលដែលលោកទទួលមរណភាព សពរបស់លោកត្រូវបានបញ្ជុះនៅសាមារ។
3ក្រោយពីលោកថូឡា ទទួលមរណភាពទៅលោកយ៉ាអៀរ ជាអ្នកស្រុកកាឡាដ បានដឹកនាំអ៊ីស្រាអែលអស់រយៈពេលម្ភៃពីរឆ្នាំ។
4គាត់មានកូនប្រុសសាមសិបនាក់ដែលមានលាសាមសិបជាជំនិះ ហើយគ្រប់គ្រងលើទីក្រុងចំនួនសាមសិប នៅលើទឹកដីកាឡាត ដែលហៅថាបុរីយ៉ាអៀរ រហូតដល់សព្វថ្ងៃនេះ។
5លោកយ៉ាអៀរក៏ទទួលមរណភាព សពរបស់លោកត្រូវបានបញ្ចុះនៅកាម៉ូន។
6ប្រជាជនអ៊ីស្រាអែលបានធ្វើការអាក្រក់ទាស់ព្រះហឫទ័យព្រះអម្ចាស់ជាថ្មី ហើយពួកគេថ្វាយបង្គំព្រះបាល ព្រះអាសថេរ៉ូត ព្រមទាំងព្រះនានារបស់ជនជាតិអារ៉ាម ព្រះរបស់ស៊ីដូន ព្រះរបស់ម៉ូអាប់ ព្រះនៃជនជាតិអាំម៉ូន និងព្រះនៃជនជាតិភីលីស្ទីន។ ពួកគេបានបំភ្លេចព្រះអម្ចាស់ហើយមិនថ្វាយបង្គំទ្រង់តទៅទៀតទេ។
7ព្រះអម្ចាស់ព្រះពិរោធនឹងជាមួយជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ព្រះអង្គបានប្រគល់ពួកគេទៅក្នុងដៃសាសន៍ភីលីស្ទីន ហើយទៅក្នុងដៃជនជាតិអាំម៉ូន។
8តាំងពីឆ្នាំនោះមកអស់រយៈពេលដប់ប្រាំបីឆ្នាំ ពួកគេបានជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែល ដែលរស់នៅខាងទន្លេយ័រដាន់ក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ដែលនៅក្នុងស្រុកកាឡាដ។
9រីឯជនជាតិអាំម៉ូន បានឆ្លងទន្លេយ័រដានមកវាយកុលសម្ព័ន្ធយូដា កុលសម្ព័ន្ធបេនយ៉ាមីន និងគ្រូនៃកុលសម្ព័ន្ធអេប្រាអ៊ីម ដែលធ្វើអោយជនជាតិអ៊ីស្រាអែលរងទុក្ខលំបាកយ៉ាងខ្លាំង។
10ពេលនោះជនជាតិអ៊ីស្រាអែលបានទូលអង្វររកព្រះអម្ចាស់ថា៖ «យើងបានធ្វើទាស់នឹងទ្រង់ ព្រោះយើងបានបោះបង់ព្រះរបស់យើងហើយបែរទៅថ្វាយបង្គំព្រះបាល»។
11ព្រះអម្ចាស់តបទៅពួកគេថា៖ «តើយើងមិនបាននាំអ្នករាល់គ្នាពីជនជាតិអេស៊ីព្ទ ជនជាតិអាម៉ូរី ជនជាតិអាំម៉ូន និងពីជនជាតិភីលីស្ទីន
12ហើយនិងពីជនជាតិស៊ីដូនមកទេឬ? ជនជាតិអាម៉ាឡេក និងជនជាតិម៉ាអូនបានជិះជាន់សង្កត់សង្កិនអ្នករាល់គ្នា អ្នករាល់គ្នាបានស្រែកហៅរកយើង ហើយយើងបានរំដោះអ្នករាល់គ្នាពីអំណាចរបស់ពួកគេ។
13ប៉ុន្តែ ដោយអ្នករាល់គ្នាបានបោះបង់យើង ទៅថ្វាយបង្គំព្រះផ្សេងៗទៀត ដូច្នេះយើងនឹងមិនសង្រេ្គោះអ្នករាល់គ្នាទៀតទេ។
14ចូរទៅសូមព្រះទាំងឡាយដែលអ្នករាល់គ្នាបានថ្វាយបង្គំនោះ ឲ្យពួកគេសង្ក្រោះអ្នករាល់គ្នាពេលដែលអ្នករាល់គ្នាមានបញ្ហាចុះ»។
15ប្រជាជនអ៊ីស្រាអែលទូលព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! យើងបានធ្វើបាបទាស់នឹងព្រះអង្គ សូមទ្រង់ដាក់ទោសយើងខ្ញុំតាមព្រះឫទ័យទ្ព្រះអង្គចុះ តែសូមទ្រង់រំដោះទូលបង្គំនៅថ្ងៃនេះផង»។
16ពួកគេបានយកព្រះនានាចេញពីក្នុងចំណោមពួកគេ ហើយបែរមកថ្វាយបង្គំព្រះអម្ចាស់វិញ។ ពេលនោះ ព្រះអម្ចាស់រញ្ជួលព្រះហឫទ័យដោយឃើញទុក្ខលំបាករបស់ពួកគេ។
17គ្រានោះ ជនជាតិអាំម៉ូនបានប្រមូលផ្តុំគ្នា ហើយបោះទ័ពនៅកាឡាត។ ជនជាតិអ៊ីស្រាអែលក៏បានមកហើយបោះជំរំរបស់ពួកគេនៅម៉ីសប៉ាដែរ។
18ពួកអ្នកដឹកនាំនៃប្រជាជននៅស្រុកកាឡាតបានពិភាក្សាគ្នាថា៖ «តើអ្នកណាដែលគួរនឹងចេញទៅច្បាំងនឹងជនជាតិអាំម៉ូនមុនគេ អ្នកនោះនឹងធ្វើជាមេដឹកនាំលើប្រជាជនកាឡាតមុនគេ។