ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ាកុប 4

Read Scripture freely. Divine Threads study for this chapter is coming later.

1តើការទាស់ទែង និងការឈ្លោះប្រកែកគ្នាក្នុងចំណោមបងប្អូនកើតចេញមកពីណា? តើការនោះមិនមែនចេញពីបំណងចិត្ត ដែលទាស់ប្រឆាំងគ្នាក្នុងចំណោមបងប្អូនអ្នករាល់គ្នាទេឬអី?
2បងប្អូន​ចង់បាន តែ​មិន​បាន​ដូច​ចិត្តប៉ង​ទេ។ ទោះបងប្អូន​សម្លាប់ និង​ឈ្នានីស​គេ ក៏​បងប្អូននៅ​តែ​មិនបាន​អ្វីដែរ។ បងប្អូន​ឈ្លោះ​ប្រកែក និង​ទាស់‌ទែង​គ្នា។ បងប្អូនមិនបានទទួល ព្រោះបងប្អូនមិនបានទូលសុំ។
3ទោះបងប្អូនទូលសុំ ​ក៏នៅ​តែ​ពុំ​បាន​ទទួល​អ្វី​ដែរ ព្រោះសំណូមរបស់​បងប្អូន​មិន​ល្អ ដ្បិត បងប្អូនទូលសុំដើម្បីបំពេញ​ចិត្ត​ស្រើប‌ស្រាល​របស់​ខ្លួនឯង។
4ឱអ្នកដែលមានចិត្តក្បត់អើយ! តើបងប្អូនមិនដឹងទេឬអីថា ការធ្វើជាមិត្តសម្លាញ់របស់លោកីយ៍ ប្រឆាំងទាស់ជាមួយនឹងព្រះជាម្ចាស់ ដូច្នេះ នរណាចង់ក្លាយជាមិត្តសម្លាញ់របស់លោកីយ៍ អ្នកនោះបានតាំងខ្លួនធ្វើជាសត្រូវរបស់ព្រះជាម្ចាស់ហើយ។
5ឬតើអ្នកគិតថាព្រះបន្ទូល ដែលបានចែងទាំងអស់នោះសុទ្ធតែឥតបានការឬអី? «ព្រះវិញ្ញាណព្រះអង្គដែលគង់ក្នុងយើង ពេញដោយសេចក្តីប្រច័ណ្ឌ»។
6ប៉ុន្តែ ព្រះជាម្ចាស់បានប្រទានព្រះគុណច្រើនថែមទៀត ដូចបទគម្ពីរបានចែងថា៖ «ព្រះជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ព្រះអង្គ​ប្រណី‌សន្ដោសដល់​អស់​អ្នក​ដែល​បន្ទាប​ខ្លួនវិញ»។
7ដូច្នេះ សូម​បងប្អូន​គោរព​ចុះ​ចូល​ព្រះ‌ជាម្ចាស់។ ហើយ​ប្រឆាំង​នឹង​មារ នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បងប្អូន​មិន​ខាន។
8សូមចូលមកជិតព្រះអង្គ ​នោះព្រះជាម្ចាស់នឹងយាងមកជិតបងប្អូនវិញ។ សូមលាងដៃបងប្អូនឲ្យបានស្អាត បងប្អូនជាមនុស្សមានបាប សូមជម្រះចិត្តឲ្យបានវិសុទ្ធ ហើយសូមជម្រះគំនិតដែលតែងតែសង្ស័យឲ្យបានស្អាតផង។
9ចូលកាន់ទុក្ខ និង​សោក​សង្រេង ព្រម​ទាំង​ធ្វើ​ឲ្យ​សំណើច​ក្អាក‌ក្អាយ​របស់​បងប្អូន ​ប្រែ​ទៅ​ជា​ទុក្ខ​សោក ហើយ​ឲ្យ​អំណរ​សប្បាយ​របស់​បងប្អូន​ប្រែ​ទៅ​ជា​ទុក្ខ​ព្រួយ​វិញ។
10ចូលបន្ទាបខ្លួនបងប្អូន នៅចំពោះព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងលើកបងប្អូនឡើង។
11បងប្អូនអើយ​ មិន​ត្រូវ​និយាយ​ទាស់គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។​​ អ្នក​ណា​និយាយ​ទាស់ ឬ​ថ្កោល​ទោស​បងប្អូន​ណា​ម្នាក់ អ្នក​នោះ​ក៏​ដូច​ជា​និយាយទាស់នឹង​ក្រឹត្យ‌វិន័យ ហើយក៏​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​ដែរ។ ប្រសិន​បើ​ អ្នក​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​បាន​សេចក្ដី​ថា អ្នក​មិន​បានកាន់​ក្រឹត្យ‌វិន័យ​ទេ គឺ​អ្នក​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​​វិញ។
12ព្រះជាម្ចាស់តែមួយគត់ ដែលជាអ្នកផ្តល់ក្រឹត្យវិន័យ និងការវិនិច្ឆ័យ។ ព្រះអង្គតែមួយគត់ដែលអាចសង្គ្រោះ និង​ធ្វើ​ឲ្យ​វិនាសបាន។ តើបងប្អូនជានរណាបានជាហ៊ានវិនិច្ឆ័យបងប្អូនរបស់អ្នកនោះ?
13ឥឡូវ​នេះ ​បងប្អូន​ដែល​និយាយ​ថា៖ «ថ្ងៃ​នេះ​ឬ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី និង​បាន​ចំណេញ»។
14បងប្អូនមិនដឹងថា ថ្ងៃ​ស្អែកជីវិត​បងប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ? បងប្អូន​ប្រៀប​បី​ដូច​ជា​ចំហាយ​ទឹក ដែល​មាន​តែ​មួយ‌ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។
15ផ្ទុយទៅវិញ បងប្អូន​គួរ​តែ​និយាយ​ថា៖ «បើ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​ធ្វើ​ការ​នេះ ឬ​ធ្វើ​ការ​នោះ»។
16តែ​ឥឡូវ​នេះ បងប្អូន​បែរ​ជា​ក្អេង‌ក្អាង​អួត​បំប៉ោង​ទៅ​វិញ។ ការ​អួត​ក្អេង‌ក្អាង​បែប​នេះ​អាក្រក់​ណាស់។
17ដូច្នេះ ប្រសិនបើអ្នក​ណា​ដឹងថាត្រូវធ្វើ​អំពើ​ល្អយ៉ាងណាហើយ តែ​មិន​ព្រម​ធ្វើ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប​ហើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។