1ចូរក្រោកឡើង ចូរភ្លឺឡើង ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ ហើយសិរីល្អនៃព្រះអម្ចាស់ បានភ្លឺដល់អ្នកដែរ។
2ទោះសេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងប្រជាជាតិ ព្រះអម្ចាស់នឹងយាងមកសណ្ឋិត លើអ្នកដែលព្រះអង្គនឹងសំដែង សិរីរុងរឿងរបស់ព្រះអង្គអោយគេឃើញ។
3គ្រប់ប្រជាជាតិ នឹងចូលមកក្នុងពន្លឺរបស់អ្នក ហើយស្ដេចទាំងឡាយក៏ដើរទៅរករស្មីដែលចាំងចេញពីអ្នកដែរ។
4ចូរអ្នកមើលជុំវិញឲ្យឃើញ។ ពួកគេទាំងអស់ជួបជុំគ្នាដើរតម្រង់មករកអ្នក។ ពួកកូនប្រុសៗរបស់អ្នកទាំងអស់នឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗរបស់អ្នកមកដែរ។
5ពេលនោះ អ្នកនឹងឃើញ ហើយមានសេចក្ដីរីករាយ នឹងត្រេកអរសប្បាយ ពីព្រោះសេចក្ដីបរិបូរណ៏នៃសមុទ្រ បានបង្ហូរមកឯអ្នកហើយទ្រព្យសម្បត្តិរបស់ប្រជាជាតិនានានឹងមកដល់អ្នក។
6សត្វអូដ្ឋទាំងហ្វូងៗនឹងមកពេញទីក្រុង គឺអូដ្ឋរបស់ពួកម៉ាឌាន និងពួកអេផា។ អ្នកស្រុកសេបាទាំងអស់នឹងនាំគ្នាមក ពួកគេយកមាស និងកំញានមកជាមួយផង ហើយលើកតម្កើងការអស្ចារ្យ ដែលព្រះអម្ចាស់បានធ្វើ។
7ហ្វូងសត្វនៅស្រុកកេដារនឹងមកជួបជុំគ្នានៅមុខអ្នក។ អ្នកនឹងទទួលចៀមឈ្មោលពីស្រុកនេបាយ៉ូត សម្រាប់ធ្វើជាយញ្ញបូជានៅលើ អាសនៈរបស់យើងជាតង្វាយដែលគាប់ចិត្តយើង។ យើងនឹងធ្វើឲ្យដំណាក់ដ៏រុងរឿងរបស់យើង បានថ្កុំថ្កើងឡើង។
8តើអ្នកទាំងនោះជានរណា តើនរណាដែលរសាត់ដូចពពក និងដូចព្រាបដែលហើរមករកសំបុកវាវិញ? ។
9មនុស្សម្នានៅតាមកោះនានានឹងមករកយើង នាវានៅស្រុកតើស៊ីសនឹងដឹកកូនប្រុសៗ របស់អ្នកពីស្រុកឆ្ងាយវិលត្រឡប់មកវិញ ទាំងនាំមាសប្រាក់របស់ខ្លួនមកជាមួយ ពួកគេនាំគ្នាមកតម្កើងព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអីុស្រាអែល ដែលប្រោសអ្នកឲ្យបានថ្កុំថ្កើង។
10កូនរបស់ជនជាតិដ៏ទៃនឹងនាំគ្នាសង់ កំពែងរបស់អ្នកឡើងវិញ ស្ដេចរបស់ពួកគេនឹងមកបម្រើអ្នក ដ្បិតកាលពីមុន យើងបានខឹង ហើយវាយអ្នក តែឥឡូវនេះ យើងសម្តែងចិត្តអាណិតមេត្តាចំពោះអ្នកវិញ។
11ទ្វាររបស់អ្នក នៅបើកចំហ ឥតបិទសោះឡើយ ទោះជាយប់ ឬថ្ងៃក្ដី ដើម្បីឲ្យភោគទ្រព្យរបស់ប្រជាជាតិទាំងឡាយហូរចូលមក និងឲ្យស្ដេចរបស់ពួកគេ មកជាហូរហែដែរ។
12ជាការពិតណាស់ ប្រជាជាតិ និងនគរនានា ដែលមិនបម្រើអ្នក មុខជាត្រូវវិនាសមិនខាន ប្រជាជាតិទាំងនោះនឹងត្រូវគេបំផ្លាញ។
13សេចក្តីលម្អនៃស្រុកលីបង់និងមានដល់អ្នក គឺជាឈើកកោះ ឈើស្រស់ និងឈើស្រឡៅផង ដើម្បីយកមកធ្វើជាគ្រឿងសង្ហារឹម លំអទីសក្ការៈរបស់យើង។ យើងនឹងធ្វើឲ្យកន្លែងដែលយើង ស្ថិតនៅនេះ បានប្រកបដោយសិរីរុងរឿង។
14ពួកគេនាំគ្នាមកឱនកាយនៅចំពោះមុខអ្នក គឺកូនចៅអ្នកដែលបានប្រមាថអ្នក ពួកគេនឹងមកក្រាបនៅទៀបជើងអ្នក គេនឹងហៅអ្នកថាជាក្រុងរបស់ព្រះអម្ចាស់ ក្រុងស៊ីយ៉ូនរបស់ព្រះដ៏វិសុទ្ធ នៃជនជាតិអុីស្រាអែល។
15ផ្ទុយទៅវិញ គេបានបោះបង់ចោលអ្នក គេស្អប់អ្នក ហើយគ្មាននរណាដើរកាត់ តែយើងនឹងធ្វើឲ្យអ្នកប្រែទៅជាក្រុងមួយដ៏ថ្លៃថ្នូរ ជាក្រុងដ៏សប្បាយរហូតអស់កល្ប ជាអង្វែងតរៀងទៅ។
16ប្រជាជាតិ និងស្ដេចទាំងឡាយ នឹងធ្វើជាមេដោះរបស់អ្នក។ អ្នកនឹងទទួលស្គាល់ថា ព្រះសង្គ្រោះរបស់អ្នក គឺព្រះអម្ចាស់ ព្រះដែលលោះអ្នក គឺព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធិបារមី។
17យើងនឹងឲ្យគេយកមាសមកជំនួសលង្ហិន ប្រាក់ជំនួសដែក លង្ហិនជំនួសឈើ ដែកជំនួសថ្ម។ យើងឲ្យសន្តិភាព និងយុត្តិធម៌ គ្រប់គ្រង ហើយកាន់អំណាចលើអ្នក។
18ក្នុងស្រុករបស់អ្នក គេនឹងលែងនិយាយពី អំពើហិង្សាទៀតហើយ ក្នុងទឹកដីរបស់អ្នកក៏លែងមាន ការវិនាសហិនហោចទៀតដែរ។ គេនឹងហៅកំពែងរបស់អ្នកថា សង្គ្រោះ ហៅទ្វាររបស់អ្នកថាទ្វារ សរសើរតម្កើង។
19ព្រះអាទិត្យនឹងគ្មានពន្លឺដល់អ្នកនៅពេលថ្ងៃ ហើយក៏មិនមានពន្លឺព្រះច័ន្ទចាំងមកលើអ្នកដែរ ប៉ុន្តែព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នករហូតទៅ ហើយជាព្រះអម្ចាស់នឹងជាសិរីល្អរបស់អ្នកដែរ។
20ពន្លឺថ្ងៃរបស់អ្នកនឹងមិនលិចបាត់ទេ ពន្លឺព្រះច័ន្ទរបស់អ្នកក៏មិនលិចបាត់ទៅវិញដែរ ដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នករហូតទៅ ហើយថ្ងៃដែលអ្នកកាន់ទុក្ខ នឹងត្រូវបញ្ចាប់ដែរ។
21ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
22អំបូរដែលតូចជាងគេនឹងកើនចំនួនរាប់ពាន់អ្នក ដែលខ្សោយជាងគេ នឹងប្រែទៅជាប្រជាជាតិមួយដ៏ខ្លាំងពូកែ។ យើងជាព្រះអម្ចាស់ យើងនឹងធ្វើឲ្យការទាំងនេះសម្រេចជារូបរាង យ៉ាងឆាប់ៗ តាមពេលកំណត់។