1ព្រះវិញ្ញាណនៃព្រះជាអម្ចាស់ សណ្ឋិតលើខ្ញុំ ដោយព្រោះព្រះអម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយបើកឲ្យអ្នកជាប់ឃុំឃាំងរួចពីចំណង។
2ព្រះអង្គបានឲ្យខ្ញុំមកប្រកាសពីឆ្នាំដែលព្រះអម្ចាស់សម្តែង ព្រះគុណ និងពីថ្ងៃដែលព្រះជាម្ចាស់របស់យើង នឹងសងសឹក ហើយសម្រាលទុក្ខដល់អ្នកដែលកាន់ទុក្ខ។
3ព្រះអង្គបានបពា្ជូនខ្ញុំ ដើម្បីចែកឲ្យដល់អ្នកដែលកាន់ទុក្ខនៅក្រុងសុីយ៉ូន បានទទួលមកុដនៅលើក្បាលជំនួសផេះ ប្រេងនៃអំណរ ជំនួសឲ្យការកាន់ទុក្ខ តាំងគំនិតក្នុងការសសើរ នៅក្នុងទីកន្លែងដែលមានវិញ្ញាណងងឹត ដើម្បីហៅពួកគេថាជាដើមតាត្រៅនៃក្តីសុចរិត ព្រះអម្ចាស់ជាអ្នកដាំ ហើយព្រះអង្គនឹងត្រូវបានលើកតម្កើង។
4ពួកគេនឹងសង់ក្រុង ដែលបាក់បែកពីមុនឡើងវិញ ពួកគេនឹងជួសជុលអ្វីៗដែលខ្ទេចខ្ទីកាលពីបុរាណ ឲ្យមានរូបរាងឡើងវិញ។ ពួកគេជួសជុលក្រុងដែលខ្មាំងបំផ្លាញចោលជាច្រើន ជំនាន់នោះឡើងវិញ។
5ជនជាតិដទៃនឹងនាំគ្នាមកហើយ ត្រួតហ្វូងចៀមរបស់អ្នករាល់គ្នា កូនចៅគេនឹងភ្ជួររាស់ដី ហើយដាំទំពាំងបាយជូរឲ្យអ្នករាល់គ្នា។
6អ្នករាល់គ្នាត្រូវបានហៅជា បូជាចារ្យរបស់ព្រះអម្ចាស់ គេនឹងហៅអ្នករាល់គ្នាថា អ្នកបម្រើរបស់ព្រះនៃយើង។ អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យ របស់ប្រជាជាតិទាំងឡាយ ហើយអ្នកបានអួតដោយសារទ្រព្យរបស់ពួកគេ។
7ជំនួសអោយភាពអាម៉ាស់ អ្នកនឹងទទួលបានទ្វេដង ហើយគេមិនបាក់មុខផ្ទុយទៅវិញរីករាយជាមួយនិងការចែកទៅវិញ។ ហើយគេនឹងចែកពីរដងនៃដីរបស់ពួកគេ អ្នករាល់គ្នានឹងមានអំណរ អស់កល្បជានិច្ច។
8ដ្បិតយើង ព្រះអម្ចាស់យើងស្រឡាញ់យុត្តិធម៌ ហើយស្អប់ការជំរិតជិះជាន់ និងអំពើឃោរឃៅណាស់។ យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។
9គ្រប់ទាំងប្រជាជាតិនឹងស្គាល់កូនចៅរបស់អ្នករាល់គ្នា ហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បី នៅក្នុងចំណោមជាតិសាសន៍នានាដែរ។ អស់អ្នកដែលបានឃើញពួកគេនឹងទទួលស្គាល់ថា ពួកគេជាប្រជាជនដែលព្រះអម្ចាស់បានប្រទានពរ។
10ខ្ញុំនឹងមានអំណរយ៉ាងខ្លាំងក្រៃលែង ព្រោះតែព្រះអង្គនៅក្នុងយើង ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែព្រះរបស់ខ្ញុំ ដ្បិតព្រះអង្គបានសង្គ្រោះខ្ញុំ។ ព្រះអង្គបានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។
11ដ្បិត ដូចជាផែនដីធ្វើឲ្យមានពន្លករុក្ខជាតិ ហើយដូចគ្រាប់ពូជដុះឡើងនៅក្នុងសួនច្បារជាយ៉ាងណា ដូច្នេះហើយ ព្រះជាម្ចាស់ដ៏ជាព្រះនឹងធ្វើឲ្យសេចក្ដីសុចរិត មានការសរសើរតម្កើងផុសចេញពីទឹកដីនេះ នៅចំពោះប្រជាជាតិទាំងមូលយ៉ាងនោះដែរ។