1មើល!៍ ព្រះហស្ដរបស់ព្រះអម្ចាស់មិនខ្លីទេដែលមិនអាចសង្គ្រោះបាននោះទេ ហើយព្រះអង្គក៏មិនធ្ងន់ព្រះកាណ៌ ដែលស្តាប់មិនឮនោះដែរ។
2អំពើបាបរបស់អ្នកបានធ្វើអោយអ្នកឃ្លាតឆ្ងាយពីព្រះជាម្ចាស់របស់អ្នក ហើយអំពើបាបរបស់អ្នក បានបាំងព្រះភ័ក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់អ្នក។
3ដ្បិតដៃរបស់អ្នកប្រឡាក់ដោយឈាមហើយម្រាមដៃរបស់អ្នកមានបាប។ ហើយបបូរមាត់របស់អ្នកនិយាយកុហកហើយ អណ្តាតរបស់អ្នកពោលពាក្យអាក្រក់។
4គ្មាននរណាម្នាក់អំពាវនាវរកភាពសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ ពួកគេទុកចិត្តលើពាក្យដែលគ្មានន័យ អ្នករាល់គ្នាគិតគូរគម្រោងការជិះជាន់គេ រួចនាំគ្នាកើតចេញជាអំពើបាប។
5ពួកគេភ្ញាស់ពងពស់ពិស ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលបរិភោគពងនោះ រមែងស្លាប់ទៅ ហើយបើគេបំបែកពងពស់ណាមួយ នោះនឹងមានពស់វែកចេញមក។
6មងរបស់គេប្រើធ្វើជាសម្លៀកបំពាក់មិនបាន ហើយគេនឹងបិទបាំងខ្លួនដោយការដែលគេធ្វើក៏មិនបានដែរ អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្តសុទ្ធតែទុច្ចរិត ស្នាដៃរបស់អ្នកពេញដោយឃោរឃៅ។
7ជើងរបស់គេរត់ទៅរកអំពើអាក្រក់ ហើយប្រញាប់ទៅបង្ហូរឈាមជនស្លូតត្រង់ គំនិតរបស់ពួកគេគឺជាគំនិតនៃអំពើទុច្ចរិត មានសេចក្ដីវិនាស និងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ។
8ពួកគេនឹងមិនដឹងដែលពីផ្លូវនៃសន្តិភាពហើយគ្មានយុត្តិធម៌នឹងសេចក្ដីសុខសាន្តឡើយ។ ពួកគេបានដើរតាមផ្លូវកោង វៀច ហើយអ្នកណាដែលដើរតាមផ្លូវទាំងនោះ នឹងមិនដែលស្គាល់សុខសាន្តទេ។
9ដូច្នេះហើយ សេចក្ដីយុត្តិធម៌នៅឆ្ងាយពីយើងខ្ញុំ ហើយសេចក្ដីសុចរិតក៏មិនមានដល់យើងដែរ។ យើងសង្ឃឹមថានឹងមានពន្លឺ ផ្ទុយទៅវិញ យើងជួបតែភាពងងឹត យើងរង់ចាំថ្ងៃរះ ផ្ទុយទៅវិញ យើងបែរជាដើរក្នុងយប់អន្ធការ។
10យើងដើរស្ទាបៗ ដូចមនុស្សខ្វាក់ដើរសសៀរ តាមជញ្ជាំង ដូចអ្នកដែលមិនអាចមើលឃើញ។ យើងជំពប់ដួលនៅពេលថ្ងៃត្រង់ ដូចនៅពេលព្រលប់ ក៏ប្រៀបដូចជាមនុស្សស្លាប់ដែរ។
11យើងស្រែកគ្រហឹមដូចខ្លាឃ្មុំ និងថ្ងូរដូចជាសត្វព្រាប យើងរងចាំយុត្តិធម៍ តែគ្មានសោះ យើងរង់ចាំព្រះអម្ចាស់សង្គ្រោះ តែនៅឆ្ងាយពីយើង។
12ដ្បិតអំពើរំលងរបស់យើងខ្ញុំ បានចម្រើនជាច្រើនឡើងនៅចំពោះព្រះអង្គ អំពើបាបរបស់យើងធ្វើជាបន្ទាល់ទាស់នឹងយើង អំពើរំលងរបស់យើងខ្ញុំនៅជាប់នឹងយើងជានិច្ច ហើយយើងខ្ញុំក៏ស្គាល់អំពើបាបរបស់យើងខ្ញុំដែរ
13យើងបានបះបោរបដិសេធព្រះអម្ចាស់ហើយងាកចេញពីព្រះរបស់យើង។ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក។
14យុត្តិធម៌បានចេញឆ្ងាយ ហើយសេចក្តីសុចរិតនៅឆ្ងាយ ពីសេចក្តីពិត ដ្បិតសេចក្ដីពិតបានដួលនៅកណ្ដាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន។
15សេចក្ដីពិតបានបាត់ពីខ្លួនយើងខ្ញុំទៅហើយ រីឯអ្នកដែលងាកចេញពីអំពើអាក្រក់រមែងតែងតែ ធ្វើឲ្យខ្លួនគេក្លាយជាជនរងគ្រោះ។ ព្រះអម្ចាស់បានឃើញដូច្នេះហើយព្រះអង្គមិនសព្វព្រះហឫទ័យ ហើយយល់ឃើញថា នោះជាការអាក្រក់ ដែលគ្មានយុត្តិធម៌សោះ។
16ព្រះអង្គឃើញថា គ្មាននរណាម្នាក់អើពើ ហើយព្រះអង្គសោកស្ដាយ ដោយពុំឃើញមាននរណាម្នាក់ឈឺឆ្អាល។ ដូច្នេះ ព្រះហស្តរបស់ព្រះអង្គ បាននាំយកសេចក្ដីសង្គ្រោះមកឯទ្រង់ដោយអាងលើក្តីសុចរិតរបស់ព្រះអង្គវិញ។
17ព្រះអង្គបានពាក់សេចក្ដីសុចរិតទុកជាអាវក្រោះព្រះអង្គយកការសង្គ្រោះធ្វើជាមួកដែក ព្រះអង្គយកការសងសឹកធ្វើជាព្រះពស្ដ្រ និងសេចក្ដីខ្មីឃ្មាត ទុកជាព្រះភូសា។
18ព្រះអង្គបានតបស្នងទៅពួកគេវិញនូវអំពើដែលពួកគេបានប្រព្រឹត្ដ និងវិនិច្ឆ័យទោសចំពោះខ្មាំងសត្រូវរបស់ព្រះអង្គ សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ ក៏ព្រះអង្គដាក់ទោសជារង្វាន់។
19ដូច្នេះ ពួកគេនឹងគោរពកោតខ្លាចព្រះនាមព្រះអម្ចាស់ពីទិសខាងលិច ហើយដល់សិរីល្អនៃព្រះអង្គ ចាប់តាំងពីថ្ងៃរះ ដ្បិតព្រះអង្គនឹងយាងមកដូចទឹកទន្លេត្រូវខ្យល់បក់បោក ហូរមកយ៉ាងខ្លាំង។
20«ព្រះអម្ចាស់មានព្រះបន្ទូលថា នឹងមានអ្នកជួយប្រោសលោះមកក្រុងស៊ីយ៉ូន និងលោះប្រជាជនក្នុងចំណោមកូនចៅ របស់លោកយ៉ាកុបដែលលះបង់អំពើទុច្ចរិត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21ព្រះអម្ចាស់មានព្រះបន្ទូលថា នេះជាសម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ ព្រះវិញ្ញាណរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសព្រះបន្ទូលរបស់យើង ហើយពាក្យដែលយើងបានដាក់នៅក្នុងមាត់អ្នក នោះនឹងមិនដែលឃ្លាតចេញពីមាត់អ្នក ឬចេញពីមាត់កូនៗ របស់អ្នកទេ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។