ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហេព្រើរ 8

Read Scripture freely. Divine Threads study for this chapter is coming later.

1ចំណុចសំខាន់ដែលយើងកំពុងតែបរិយាយនេះគឺថា យើងមានមហាបូជាចារ្យមួយរូប ដែលបានគង់នៅខាងស្តាំបល្ល័ង្កនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតគង់នៅស្ថានបរមសុខ។
2ព្រះអង្គជាអ្នកបម្រើនៅក្នុងទីសក្ការៈ និងជាព្រះពន្លាដែលព្រះអម្ចាស់បានសាងសង់ឡើង ពុំមែនសង់ដោយដៃមនុស្សទេ។
3ដ្បិត មហាបូជាចារ្យគ្រប់រូបទទួលការតែងតាំងឲ្យបំពេញមុខងារថ្វាយតង្វាយ និងយញ្ញបូជាផ្សេងៗ។ ដូច្នេះ ពួកលោកត្រូវតែមានតង្វាយចាំបាច់ថ្វាយដល់ព្រះជាម្ចាស់។
4ឥឡូវនេះ បើព្រះគ្រិស្តគង់នៅលើផែនដី ព្រះអង្គពុំមែនជាបូជាចារ្យទេ ព្រោះមានអ្នកថ្វាយតង្វាយរួចហើយ ស្របតាមក្រឹត្យវិន័យ។
5ពួកលោកបម្រើនៅក្នុងព្រះពន្លា ដែលជាគំរូ និងស្រមោលនៃពិធីផ្សេងៗនៅស្ថានបរមសុខ។ ដូចជាព្រះជាម្ចាស់បានព្រមានដល់លោកម៉ូសេ ពេលលោករៀបនឹងសង់ព្រះពន្លាថា៖​ «ចូរ​ប្រយ័ត្ននូវអ្វីដែលអ្នកត្រូវសង់ ដោយយកគម្រូតាមការបង្ហាញនៅលើភ្នំចុះ»។
6ប៉ុន្តែឥឡូវនេះ ព្រះគ្រិស្តបានទទួលព័ន្ធកិច្ចប្រសើរជាងមុន។ គឺព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីប្រសើរជាងមុន ដែលចងឡើងព្រះបន្ទូលសន្យាប្រសើរជាង។
7ដ្បិតប្រសិនបើសម្ពន្ធមេត្រីទីមួយគ្មានកំហុស នោះពុំចាំបាច់មានសម្ពន្ធមេត្រីទីពីរទេ។
8ដ្បិត ពេលព្រះជាម្ចាស់រកឃើញថាប្រជាជនមានកំហុស នោះព្រះអង្គមានព្រះបន្ទូលថា៖ «មើល ថ្ងៃជិតមកដល់ហើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងចងសម្ពន្ធមេត្រីមួយថ្មី ជាមួយនឹងពូជពង្សអ៊ីស្រាអែល និងយូដា។
9វាមិនដូចសម្ពន្ធមេត្រីមុន ដែលយើងបានចងឡើងជាមួួយបុព្វបុរសរបស់ពួកគេ គឺនៅថ្ងៃយើងដឹកដៃពួកគេចេញពីប្រទេសអេសុីប។ ដ្បិតពួកគេពុំបានរក្សាសម្ពន្ធមេត្រីរបស់យើងឡើយ ដូច្នេះ យើងក៏លែងរវីរវល់ជាមួយពួកគេដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10ដ្បិត នេះជាសម្ពន្ធមេត្រី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រាអែល បន្ទាប់ពីថ្ងៃនោះកន្លងផុតទៅ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងចារក្រឹត្យវិន័យយើងក្នុងគំនិត ហើយយើងចារក្រឹត្យវិន័យទាំងនោះក្នុងដួងចិត្តពួកគេផងដែរ។ យើងធ្វើជាព្រះជាម្ចាស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្រ្តរបស់យើង។
11ពួកគេលែងបង្រៀនអ្នកជិតខាង និងបង្រៀនបងប្អូនទៅវិញទៅមក ដោយនិយាយថា៖ «ចូរស្គាល់ព្រះអម្ចាស់ ដ្បិតមនុស្សគ្រប់គ្នានឹងស្គាល់យើង ពីអ្នកតូចបំផុត
12រហូតដល់អ្នកធំបំផុត។ ដ្បិត យើងនឹងផ្តល់ក្តីមេត្តា ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត ហើយយើងនឹងមិននឹកចាំពីអំពើបាបពួកគេទៀតទេ»។
13ដោយព្រះអម្ចាស់មានព្រះបន្ទូលថា សម្ពន្ធមេត្រីនេះជាសម្ពន្ធមេត្រី «ថ្មី» ដូច្នេះសម្ពន្ធមេត្រីទីមួយជាសម្ពន្ធមេត្រីចាស់​​​​​​​​​​​​​​​​ ហើយអ្វីដែល​កាន់​តែ​ចាស់​ទៅៗ​នោះ នឹង​ត្រូវ​សាប​សូន្យ​មិនខាន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។