ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហេព្រើរ 7

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទមុិលគីស្សាដែក ជាមហាក្សត្រក្រុងសាឡិម ជាបូជាចារ្យរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ដែលបានជួបលោកអប្រាហាំ ក្រោយពេលលោកវាយឈ្នះស្តេចនានា និងជូនពរលោក។
2លោកអប្រាហាំបានថ្វាយមួយភាគដប់នៃអ្វីៗលោកមាន ដល់ព្រះបាទមុិលគីស្សាដែក។ ព្រះនាម «មុិលគីស្សាដែក» មានន័យថា «មហាក្សត្រនៃសេចក្តីសុចរិត»។ ព្រះអង្គមានគោរមងារ «មហាក្សត្រនៃក្រុងសាឡិម» គឺ «មហាក្សត្រនៃសេចក្តីសុខសាន្ត»។
3ព្រះអង្គគ្មានព្រះមាតាបិតា គ្មានវង្សត្រកូល គ្មានដើមកំណើត ក៏គ្មានចុងបញ្ចប់ដែរ។ ផ្ទុយទៅវិញ ព្រះអង្គដូចជាព្រះបុត្រាព្រះជាម្ចាស់ ព្រោះព្រះអង្គជាបូជាចារ្យជារៀងរហូត។
4ចូរពិចារណាមើលថាតើព្រះបាទមិុលគីស្សាដែកធំកម្រិតណា។ លោកអប្រាហាំជាបុព្វបុរសយើងថ្វាយតង្វាយមួយភាគដប់ ពីអ្វីៗដែលលោករឹបអូសបានពីសង្រ្គាម។
5ម្យ៉ាងវិញទៀត កូនៗរបស់លោកលេវី ដែលបានទទួលមុខងារជាបូជាចារ្យ ក៏បានទទួលបញ្ជាតាមក្រឹត្យវិន័យ ដើម្បីប្រមូលតង្វាយមួយភាគដប់ពីបណ្តាជន គឺពីបងប្អូនពួកគេ ទោះបីជាពួកគេជាបងប្អូននឹងគ្នាកើតចេញពី ពូជពង្សលោកអប្រាហាំដូចគ្នា។
6ប៉ុន្តែ ចំណែកឯព្រះបាទមិុលគីស្សាដែក ដែលពុំជាប់សាច់ឈាមនឹងពួកគេ បានទទួលតង្វាយមួយភាគដប់ពីលោកអប្រាហាំ និងជូនពរលោក តាមព្រះបន្ទូលសន្យា។​
7យើងពុំអាចប្រកែកបានទេថា អ្នកតូចទទួលពរពីអ្នកធំ។
8នៅត្រង់ចំណុចនេះ មនុស្សដែលតែងតែស្លាប់ទទួលតង្វាយមួយភាគដប់ ប៉ុន្តែ នៅត្រង់ចំណុចផ្សេងទៀតបញ្ជាក់ថា អ្នកនោះមានជីវិតរស់នៅ។
9បើនិយាយពីរបៀបលោកលេវីវិញ លោកបានទទួលតង្វាយមួយភាគដប់ ហើយលោកក៏បានថ្វាយតង្វាយមួយភាគដប់តាមរយៈលោកអប្រាហាំវិញដែរ
10ព្រោះលោកលេវីស្ថិតនៅក្នុងបុព្វបុរសលោក ពេលព្រះបាទមិុលគីស្សាដែកជួបលោកអប្រាហាំ។
11ឥឡូវនេះ ប្រសិនបើមនុស្សបានគ្រប់លក្ខណ៍តាមរយៈមុខងារបូជាចារ្យរបស់លោកលេវីទៅហើយ (ដ្បិតមនុស្សបានទទួលក្រឹត្យវិន័យ ពេលស្ថិតនៅក្រោមមុខងារបូជាចារ្យនេះ) តើគួរចាំបាច់ត្រូវមានមុខងារបូជាចារ្យណាមួយទៀត គឺរបៀបព្រះបាទមិុលគីស្សាដែកធ្វើអ្វី? ហេតុអ្វីមិនគិតពីបូជាចារ្យតាមរបៀបលោកអើរ៉ុនទៅ?
12ដ្បិតកាលណាមានការផ្លាស់ប្តូររបៀបបូជាចារ្យ នោះក៏ត្រូវមានការផ្លាស់ប្តូរក្រឹត្យវិន័យដែរ?
13ដ្បិតម្នាក់ដែលមានចែងក្នុងអត្ថបទនេះ ស្ថិតក្នុងកុលសម្ព័ន្ធមួយផ្សេងទៀត ពុំដែលមាននរណាម្នាក់ធ្លាប់បម្រើនៅលើអាសនៈឡើយ។
14ឥឡូវនេះ មានចែងច្បាស់ថា លោកកើតចេញពីកុលសម្ព័ន្ធយូដា ដែលព្រះអម្ចាស់បានប្រសូតមក គឺជាកុលសម្ព័ន្ធមួយ ដែលលោកម៉ូសេពុំដែលបាននឹកនាដល់ អំពីរបៀបបូជាចារ្យ។
15សេចក្តីដែលយើងបាននិយាយយ៉ាងច្បាស់ ប្រសិនបើ មានរបៀបបូជាចារ្យមួយផ្សេងទៀត តាមរបៀបព្រះបាទមិុលគីស្សាដែក។
16មុខងារបូជាចារ្យនេះមិនស្ថិតលើមូលដ្ឋានគ្រឹះក្រឹត្យវិន័យរបស់មនុស្ស ផ្ទុយទៅវិញមុខងារបូជាចារ្យនេះ ស្ថិតនៅលើប្ញទ្ធានុភាពនៃជីវិតមិនចេះសាបសូន្យឡើយ។
17ដ្បិត ព្រះគម្ពីរធ្វើបន្ទាល់អំពីព្រះអង្គ៖ «ព្រះអង្គជាបូជាចារ្យអស់កល្បជានិច្ច តាមរបៀបព្រះបាទមិុលគីស្សាដែក»។
18បទបញ្ជាពីមុនត្រូវបានលុបចោលហើយ ព្រោះវាទន់ខ្សោយ និងគ្មានប្រយោជន៍ទៀតទេ។
19ដ្បិត ក្រឹត្យវិន័យពុំបានធ្វើឲ្យអ្វីៗបានគ្រប់លក្ខណៈឡើយ។ ផ្ទុយទៅវិញ យើងមានទំនុកចិត្តប្រសើរជាងមុន នាពេលអនាគត ដែលនាំយើងឲ្យចូលជិតព្រះជាម្ចាស់។
20ព្រះអង្គពុំបានទទួលមុខងារជាបូជាចារ្យដោយគ្មានសម្បថឡើយ។ រីឯង អ្នកខ្លះបានទទួលមុខងារជាបូជាចារ្យដោយគ្មានសម្បថ។
21លើសពីនេះ ព្រះយេស៊ូវិញ បានទទួលមុខងារជាបូជាចារ្យ ដោយព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ព្រះអម្ចាស់បានស្បថ​ ហើយព្រះអង្គពុំប្រែប្រួលសោះឡើយ។ ព្រះអង្គជាបូជាចារ្យនៅអស់កល្បជានិច្ច»។
22ដោយសារហេតុនេះហើយ បានជាព្រះយេស៊ូធានានូវសម្ពន្ធមេត្រីប្រសើរជាងមុន។
23ម្យ៉ាងវិញទៀត មានមនុស្សជាច្រើនបំពេញមុខងារជាបូជាចារ្យ តែពួកគេតែងតែស្លាប់ដោយពុំអាចបំពេញរហូតបានទេ។
24លើសពីនេះទៅទៀត ដោយសារព្រះយេស៊ូគង់នៅអស់កល្បជានិច្ច ព្រះអង្គបំពេញមុខជាបូជាចារ្យអស់កល្បជានិច្ច។
25ដូច្នេះ ព្រះអង្គអាចសង្រ្គោះពេញទីដល់អស់អ្នកណា ដែលចូលមករកព្រះជាម្ចាស់តាមរយៈព្រះអង្គ ព្រោះព្រះអង្គតែងទូលអង្វរព្រះជាម្ចាស់ជំនួសពួកគេ។
26យើងមានមហាបូជាចារ្យដ៏ប្រសើរមួយអង្គ។ ព្រះអង្គគ្មានបាប ឥតសៅហ្មង បរិសុទ្ធ ចេញឆ្ងាយពីអំពើបាប និងគង់នៅខ្ពស់ជាងស្ថានបរសមុខ។
27ពុំដូចជាបូជាចារ្យដទៃទៀតឡើយ ព្រះអង្គពុំចាំបាច់ត្រូវថ្វាយតង្វាយប្រចាំថ្ងៃ ដើម្បីលោះបាបផ្ទាល់ខ្លួន និងតង្វាយលោះបាបជំនួសប្រជាជនអ៊ីស្រាអែលទេ។ ព្រះអង្គថ្វាយអង្គទ្រង់ជាតង្វាយលោះបាប ម្តងជាសម្រេច។
28ដ្បិតក្រឹត្យវិន័យតែងតាំងបូជាចារ្យជាមនុស្ស ដែលទន់ខ្សោយ។ ប៉ុន្តែ ព្រះបន្ទូលសម្បថមកក្រោយក្រឹត្យវិន័យបានតែងតាំងព្រះបុត្រា ដែលគ្រប់លក្ខណ៍ជារៀងរហូត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។