1ឥឡូវនេះ សូម្បីតែសម្ពន្ធមេត្រីទីមួយក៏មានក្បួនច្បាប់សម្រាប់ថ្វាយបង្គំ និងទីសក្ការៈនៅលើផែនដីដែរ។
2គេសង់ព្រះពន្លាឡើង។ បន្ទប់ទីមួយមានដាក់ជើងចង្កៀង តុ និងនំប៉័ងតំណាងវត្តមាន គេហៅថា ទីសក្ការៈ។
3នៅខាងក្រោយវាំងននទីពីរ មានបន្ទប់មួយគេថា ទីសក្ការៈបំផុត។ នៅទីនោះមានអាសនៈថ្វាយគ្រឿងក្រអូបធ្វើពីមាស។
4មានហិបនៃសម្ពន្ធមេត្រីស្រោបពីមាស។ នៅខាងក្នុងហិបនោះ មានពានមាសមួយសម្រាប់ដាក់នំម៉ាណា មានដំបងរបស់លោកអើរ៉ុនមានដុះផ្កាចេញ និងបន្ទះថ្មនៃសម្ពន្ធមេត្រី។
5នៅលើហិបនៃសម្ពន្ធមេត្រី មានរូបចេរូប៊ីនពេញដោយសិរីរុងរឿង ត្រដាងស្លាបបាំងពីលើកន្លែងថ្វាយឈាម ដែលយើងមិនអាចរៀបរាប់ឲ្យបានលម្អិតនៅពេលនេះទេ។
6បន្ទាប់ពីបានរៀបចំរបស់ទាំងនេះរួចហើយ បូជាចារ្យចេញទៅខាងក្រៅព្រះពន្លា ដើម្បីបំពេញមុខងារបម្រើ។
7ប៉ុន្តែ មានតែមហាបូជាចារ្យប៉ុណ្ណោះ មានសិទ្ធិចូលទៅទីសក្ការៈបំផុតមួយឆ្នាំម្តង ហើយលោកត្រូវយកឈាមទៅថ្វាយយញ្ញបូជារំដោះបាបខ្លួនលោកផ្ទាល់ និងរំដោះបាបប្រជាជនទាំងមូលផង។
8ព្រះវិញ្ញាណដ៏វិសុទ្ធបានបង្ហាញថា ផ្លូវចូលទៅកាន់ទីសក្ការៈបំផុតមិនទាន់បើកឲ្យមនុស្សទូទៅចូលបានឡើយ ដរាបណាព្រះពន្លានៅឈររឹងមាំនៅឡើយ។
9នេះជានិមិត្តរូបបច្ចុប្បន្នកាលនេះ គឺទាំងតង្វាយ និងយញ្ញបូជាដែលមនុស្សបានថ្វាយ មិនអាចធ្វើឲ្យមនសិកាអ្នកថ្វាយបង្គំបានគ្រប់លក្ខណ៍ទេ។
10ព្រោះពួកគេខ្វល់ខ្វាយរឿងអាហារ និងភេសជ្ជៈ ព្រមទាំងពិធីប្រោះទឹកផ្សេងៗ។ ទាំងនេះជាក្បួនតម្រាសម្រាប់មនុស្ស ដែលបានប្រទានទំរាំដល់ពេលព្រះជាម្ចាស់ប្រទានបទបញ្ជាថ្មី។
11ព្រះគ្រិស្តបានយាងមកក្នុងឋានៈជាមហាបូជាចារ្យ ដើម្បីនាំសម្បត្តិដែលព្រះអង្គបានប្រទានមក។ ព្រះអង្គយាងកាត់ព្រះពន្លាមួយដ៏ប្រសើរ និងគ្រប់លក្ខណ៍ ពុំមែនសង់ឡើងដោយដៃមនុស្ស និងពុំមែនជារបស់លោកនេះឡើយ។
12ព្រះអង្គពុំបានយកឈាមពពែ និងកូនគោទេ ប៉ុន្តែព្រះអង្គយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ ចូលទៅទីសក្ការៈបំផុតម្តងជាសម្រេច ដើម្បីប្រោសលោះយើងអស់កល្បជានិច្ច។
13ដ្បិតប្រសិនបើឈាមរបស់ពពែ និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើឲ្យរូបកាយគេបានបរិសុទ្ធ និងជាវិសុទ្ធទៅហើយ
14ចុះចំណង់បើព្រះលោហិតព្រះគ្រិស្ដ តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ច ថ្វាយព្រះអង្គផ្ទាល់ទុកជាយញ្ញបូជាឥតសៅហ្មងនៅចំពោះព្រះជាម្ចាស់ ទាំងសម្អាតមនសិកាយើងកិច្ចការឥតបានការ ដើម្បីគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់យ៉ាងណាទៅទៀត?
15ដោយហេតុនេះហើយបានជាព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីថ្មីមួយ។ ដូច្នេះ ព្រះអង្គបានរំដោះអស់អ្នកស្ថិតនៅក្រោមសម្ពន្ធមេត្រីទីមួយ ឲ្យមានសេរីភាពរួចពីបាប គឺអស់អ្នកដែលព្រះអង្គបានត្រាស់ហៅមក ឲ្យទទួលព្រះបន្ទូលសន្យាទុកជាមរតកអស់កល្បជានិច្ច។
16ដ្បិត គេនឹងចែកបណ្តាំមរតក ដរាបណាមានភស្តុតាងបង្ហាញថា អ្នកសរសេរបណ្តាំមរតកស្លាប់ជាមុនសិន។
17គេនឹងអនុវត្តតាមបណ្តាំមរតក កាលណាអ្នកសរសេរបណ្តាំមរតកបានស្លាប់រួចហើយ ព្រោះគេនឹងមិនអនុវត្តតាមបណ្តំមរតកទេ ខណៈពេលអ្នកសរសេរបណ្តាំមរតកនៅរស់នៅឡើយ។
18ដូច្នេះ សូម្បីតែសម្ពន្ធមេត្រីទីមួយក៏មិនបានចងឡើង ដោយគ្មានការបង្ហូរឈាមនោះឡើយ។
19ដ្បិត ពេលលោកម៉ូសេប្រកាសបទបញ្ជាទាំងអស់ មានចែងក្នុងក្រឹត្យវិន័យដល់ប្រជាជន លោកបានយកឈាមកូនគោ និងឈាមពពែឈ្មោល ព្រមទាំងទឹកប្រោះ ដោយជ្រលក់នឹងរោមចៀមព៌ណក្រហម និងស្លឹកហ៊ីសុប យកមកប្រោះលើគម្ពីរ និងប្រជាជនទាំងមូល។
20បន្ទាប់មក លោកមានប្រសាសន៍ថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានបង្គាប់អ្នកឲ្យប្រព្រឹត្តតាម»។
21ជាមួយគ្នានេះដែរ លោកបានប្រោះឈាមលើព្រះពន្លា និងប្រដាប់ប្រដាប្រើប្រាស់ទាំងអស់ សម្រាប់បម្រើព្រះជាម្ចាស់។
22យោងតាមក្រឹត្យវិន័យ ស្ទើរតែគ្រប់អ្វីៗទាំងអស់បានស្អាត ដោយសារឈាម។ បើគ្មានការបង្ហូរឈាមទេនោះ ក៏គ្មានការអត់ទោសបាបដែរ។
23ដូច្នេះ ចាំបាច់ណាស់ឲ្យយើងដឹងថា គ្រាន់តែអ្វីៗចម្លងពីស្ថានបរមសុខបានស្អាតបរិសុទ្ធដោយសារយញ្ញបូជារបស់សត្វទាំងនេះទៅហើយ ចុះបើអ្វីៗនៅស្ថានបរមសុខនឹងបានស្អាតបរិសុទ្ធ ដោយត្រូវការយញ្ញបូជាប្រសើរជាងនេះទៅទៀត។
24ដ្បិត ព្រះគ្រិស្តពុំបានយាងចូលទីសក្ការៈបំផុត ដែលសង់ឡើងដោយដៃមនុស្ស ដែលគ្រាន់តែចម្លងពីរបស់ពិតប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ព្រះអង្គយាងចូលស្ថានបរមសុខដោយព្រះអង្គផ្ទាល់ ឥឡូវនេះព្រះអង្គគង់នៅចំពោះព្រះភក្រ្តរបស់ព្រះជាម្ចាស់ ជាប្រយោជន៍សម្រាប់យើងរាល់គ្នា។
25ព្រះអង្គពុំបានយាងចូលទៅទីនោះ ដើម្បីថ្វាយព្រះអង្គផ្ទាល់ច្រើនលើកច្រើនសានោះទេ ដូចជាមហាបូជាចារ្យចូលទៅទីសក្ការៈបំផុត ដើម្បីថ្វាយយញ្ញបូជារៀងរាល់ឆ្នាំ ដោយយកឈាមរបស់អ្នកដទៃនោះទេ។
26ប្រសិនបើវាដូច្នោះមែន ព្រះអង្គត្រូវរងទុក្ខជាច្រើនលើកច្រើនសា តាំងពីកំណើតលោកីយ៍មកមេ្ល៉ះ។ ប៉ុន្តែឥឡូវនៅគ្រាចុងក្រោយនេះ ព្រះជាម្ចាស់បានបើកសម្តែងថា ព្រះអង្គយាងមកតែម្តងគត់ ដើម្បីលុបបំបាត់បាបដោយព្រះអង្គត្រូវថ្វាយព្រះអង្គផ្ទាល់ជាយញ្ញបូជា។
27មនុស្សគ្រប់គ្នាត្រូវស្លាប់ម្តង បន្ទាប់មកត្រូវជំនំុជម្រះ។
28ដូចគ្នានេះដែរ ព្រះគ្រិស្តត្រូវថ្វាយព្រះអង្គទ្រង់ម្តង ដើម្បីដកបាបពីមនុស្សទាំងអស់ នោះព្រះអង្គនឹងលេចមកម្តងទៀតពុំមែនដើម្បីរំដោះបាបមនុស្សលោកទេ ផ្ទុយទៅវិញព្រះអង្គនឹងសង្រ្គោះដល់អស់អ្នកណាដែលរង់ចាំព្រះអង្គ ដោយចិត្តអត់ធ្មត់។