ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហេព្រើរ 6

Read Scripture freely. Divine Threads study for this chapter is coming later.

1ដូច្នេះ ចូរយើងទុកសេចក្តីដំបូងនៃព្រះបន្ទូលរបស់ព្រះគ្រិស្តមួយឡែក រួចហើយបោះជំហានទៅមុខ ដើម្បីក្លាយខ្លួនជាមនុស្សពេញវ័យវិញ។ ចូរយើងកុំចាក់គ្រឹះនៃការកែប្រែចិត្ត ពីកិច្ចការណាឥតបានការ ហើយមានជំនឿលើព្រះជាម្ចាស់វិញ។
2ចូរកុំចាក់គ្រឹះនៃពិធីជ្រមុជទឹក ការដាក់ដៃ និងការរស់ឡើងវិញរបស់មនុស្សស្លាប់ និងការជំរំជម្រះអស់កល្បជានិច្ចវិញ។
3យើងនឹងនិយាយសេចក្តីទាំងនេះ បើព្រះជាម្ចាស់គាប់ព្រះហប្ញទ័យ។
4វាមិនអាចទេ ដែលអ្នកខ្លះបានភ្លឺម្តងរួចហើយ ស្គាល់ឱជារសអំណោយទានស្ថានបរមសុខ ចូលរួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ
5និងអស់អ្នកបានស្គាល់ឱជារសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងស្គាល់ប្ញទ្ធានុភាពនៃលោកខាងមុខ
6ប៉ុន្តែ បែរជាធ្លាក់ខ្លួនបាត់ជំនឿទៅវិញ គេមិនអាចនាំអ្នកនោះឲ្យកែប្រែចិត្តវិញបានទេ។ ព្រោះពួកគេបានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់ និងខ្លួនគេផ្ទាល់ម្តងទៀត ព្រមទាំងធ្វើឲ្យព្រះអង្គអាម៉ាស់ជាសាធារណៈ។
7ដ្បិត ដីណាទទួលទឹកភ្លៀងញឹកញាប់ ដីនោះនឹងបង្កើតផលជារុក្ខជាតិមានប្រយោជន៍ ព្រោះដីនោះបង្កើតផល គឺជាដីទទួលព្រះពរមកពីព្រះជាម្ចាស់។
8ប៉ុន្តែ បើវាដុះបន្លា និងអញ្ចាញវិញ ជាដីគ្មានប្រយោជន៍ទាល់តែសោះ ហើយជិតត្រូវបណ្តាសាទៀត។ គេនឹងយកវាទៅដុតចោល។
9ប៉ុន្តែ បងប្អូនជាទីស្រឡាញ់អើយ យើងជឿជាក់លើអ្វីៗដែលនាំឲ្យបងប្អូនទទួលការសង្រ្គោះ ទោះបីយើងនិយាយបែបនេះក៏ដោយ។
10ដ្បិត ព្រះជាម្ចាស់ពុំមែនអយុត្តិធ៌ម ដោយបំភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់របស់បងប្អូន ដែលបានលើកតម្កើងព្រះនាមព្រះអង្គ ពីព្រោះបងប្អូនបានបម្រើអ្នកជឿទាំងឡាយពីមុន ហើយឥឡូវបងប្អូននៅតែបម្រើដដែល។
11យើងពិតជាមានបំណងចង់ឲ្យបងប្អូនម្នាក់ៗ បង្ហាញទឹកចិត្តខ្នះខ្នែងដូចគ្នា រហូតដល់ទីបញ្ចប់ ប្រយោជន៍ផ្តល់ទំនុកចិត្តធានារ៉ាប់រងពេញលក្ខណៈ។
12ហេតុដូច្នេះ បងប្អូនលែងខ្ជិលច្រអូស ប៉ុន្តែ យកតម្រាប់តាមមនុស្សទទួលមរតក តាមព្រះបន្ទូលសន្យា ដោយសារជំនឿ និងចិត្តអត់ធ្មត់។
13ដ្បិត ពេលព្រះជាម្ចាស់សន្យាជាមួយលោកអប្រាហាំ ព្រះអង្គស្បថចំពោះព្រះអង្គផ្ទាល់ ព្រោះគ្មាននរណាមានឋានៈធំជាងព្រះអង្គធ្វើជាទីសម្បថឡើយ។
14ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «យើង​ពិតជាឲ្យពរអ្នក ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ពូជពង្ស​របស់​អ្នក​​កើន​ចំនួន​ច្រើន​ឡើងផង​ដែរ»។
15លោកអប្រាហាំបានទទួលព្រះពរតាមព្រះបន្ទូលសន្យា តាមរបៀបនេះឯង ក្រោយពេលលោករង់ចាំដោយចិត្តអត់ធ្មត់។
16ដ្បិត មនុស្សម្នាស្បថដោយយកអ្នកណាមានឋានៈធំជាងខ្លួនធ្វើជាទីសម្បថ។ នៅចុងបញ្ចប់នៃជម្លោះ គេតែងយកពាក្យសម្បថនោះជាការបញ្ជាក់អះអាង។
17ពេលព្រះជាម្ចាស់សម្រេចព្រះទ័យ ដើម្បីបង្ហាញឲ្យអ្នកទទួលមរតកតាមព្រះបន្ទូលសន្យាយ៉ាងច្បាស់ថា ព្រះអង្គសម្រេចយ៉ាងណា នោះព្រះអង្គពុំប្រែប្រួលឡើយ ហើយព្រះអង្គធានាអះអាងដោយពាក្យសម្បថថែមទៀតផង។
18ព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យរបស់ពីរយ៉ាងពុំប្រែប្រួល គឺព្រះជាម្ចាស់ពុំចេះកុហក់ឡើយ និងអ្នកដែលរត់ទៅរកទីជម្រកនឹងទទួលបានការលើកទឹកចិត្ត ដើម្បីមានទំនុកចិត្តរឹងមាំនូវអ្វី ដែលព្រះអង្គបានដាក់នៅមុខយើង។
19យើងមានទំនុកចិត្តប្រកបដោយសុវត្ថិភាព និងប្រៀបបីដូចជាយុថ្កាខាងវិញ្ញាណដ៏រឹងមាំ ដែលធ្វើឲ្យយើងចូលទៅហួសវាំងននទីសក្ការៈ។
20ព្រះយេស៊ូបានចូលទៅទីសក្ការៈមុនយើង ទុក​ជា​ប្រយោជន៍​ដល់​យើង ហើយ​ព្រះអង្គ​​បាន​ទទួល​ឋានៈ​ជា​មហា​បូជាចារ្យ ​អស់កល្ប​ជានិច្ចតាម​របៀប​ព្រះបាទ​ម៉ិលគីស្សាដែក។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។