ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហេព្រើរ 5

Read Scripture freely. Divine Threads study for this chapter is coming later.

1គេជ្រើសរើសមហាបូជាចារ្យគ្រប់រូបពីចំណោមមនុស្ស ដើម្បីតែងតាំងឲ្យបំពេញមុខងារតំណាងឲ្យមនុស្ស ទាក់ទងជាមួយព្រះជាម្ចាស់ ដូច្នេះ លោកនឹងថ្វាយតង្វាយ និងថ្វាយយញ្ញបូជាលោះបាប។
2លោកមានអធ្យាស្រ័យជាមួយមនុស្សល្ងង់ និងវង្វេង ព្រោះលោកផ្ទាល់ក៏នៅជាមួយមនុស្សទន់ខ្សោយដែរ។
3ដោយហេតុនេះ បានជាលោកត្រូវថ្វាយតង្វាយលោះបាបខ្លួនឯងមុនសិន ទើបថ្វាយតង្វាយ​លោះ​បាបឲ្យប្រជារាស្រ្ត។
4ពុំមែនសម្រាប់លោកទេ ដែលគ្រប់គ្នាបានទទួលកិត្តិយសនេះ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ទេតើ ដែលបានត្រាស់ហៅលោកឲ្យបំពេញមុខងារនេះ ដូចជាលោកអឺរ៉ុនជាដើម។
5ដូចគ្នានេះដែរ ព្រះគ្រិស្តពុំបានលើកកិត្តិយសខ្លួនឯងធ្វើជាមហាបូជាចារ្យឡើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអង្គថា៖ «ថ្ងៃនេះ យើងទទួលព្រះអង្គជាព្រះបុត្រាយើង យើងជាព្រះបិតាព្រះអង្គ»។
6ព្រះជាម្ចាស់មានបន្ទូលមួយវគ្គទៀតថា៖ «ព្រះអង្គជាបូជាចារ្យជារៀងរហូត តាមរបៀបព្រះបាទមុិលគីស្សាដែក»។
7កាលព្រះគ្រិស្តគង់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គអធិស្ឋានទូលអង្វរដោយបន្លឺសំឡេងខ្លាំងៗ និងបង្ហូរទឹកភ្នែក សូមព្រះជាម្ចាស់សង្រ្គោះមនុស្សពីសេចក្តីស្លាប់។ ព្រះជាម្ចាស់ស្តាប់ឮការទូលអង្វរ ព្រោះអង្គរគោរពប្រណិបតន៍ព្រះជាម្ចាស់។
8ទោះបីព្រះអង្គជាព្រះបុត្រាក៏ដោយ ក៏ព្រះអង្គរៀនស្តាប់បង្គាប់ពីការរងទុក្ខលំបាក។
9ព្រះអង្គបានគ្រប់លក្ខណ៍ និងក្លាយជាប្រភពនៃការសង្រ្គោះអស់កល្បជានិច្ចចំពោះអ្នកណាដែលស្តាប់បង្គាប់ព្រះជាម្ចាស់។
10ព្រះជាម្ចាស់បានតម្រូវទុកជាមុន ឲ្យព្រះអង្គបំពេញមុខងារជាមហាបូជាចារ្យតាមរបៀបព្រះបាទមុិលគីស្សាដែក។
11យើងមានចំណុចច្រើនត្រូវនិយាយពីព្រះយេស៊ូ ប៉ុន្តែពិបាកពន្យល់ណាស់ ព្រោះបងប្អូនក្រនឹងយល់ណាស់។
12រហូតមកទល់នឹងពេលនេះ បងប្អូនគួរធ្វើជាគ្រូបង្រៀនគេបាន ប៉ុន្តែ បងប្អូននៅតែត្រូវការគេបង្រៀន អំពីគោលការណ៍គ្រឹះខ្លះនៃព្រះបន្ទូលព្រះជាម្ចាស់។​
13បងប្អូនត្រូវការទឹកដោះគោ តែមិនទាន់ត្រូវការអាហាររឹងនៅឡើយ។ អស់អ្នកណាត្រូវការតែទឹកដោះគោ អ្នកនោះគ្មានបទពិសោធន៍ជាមួយព្រះបន្ទូលនៃសេចក្តីសុចរិត ព្រោះខ្លួនគេនៅក្មេងខ្ចីនៅឡើយ។
14ប៉ុន្តែ អាហាររឹងសម្រាប់មនុស្សពេញវ័យ។ អ្នកទាំងនោះជាមនុស្សពេញវ័យ មានការយល់ដឹងថាអ្វីមួយល្អ អ្វីមួយអាក្រក់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។