ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហេព្រើរ 12

Read Scripture freely. Divine Threads study for this chapter is coming later.

1ចាប់តាំងពីមានមនុស្សជាច្រើននៅជុំវិញ ធ្វើបន្ទាល់ទុកឲ្យយើងទៅហើយ ចូរយើងលះបង់គ្រប់ទាំងបន្ទុក​ និងអំពើបាបរួមរឹតចោល។ ចូរយើងរត់ទៅមុខដោយចិត្តអត់ធ្មត់ ដែលព្រះជាម្ចាស់បានដាក់ឲ្យយើងរត់។
2ចូរយើងសម្លឹងមើលព្រះយេស៊ូ ដែលជាអ្នកចាប់ផ្តើមជំនឿ និងធ្វើឲ្យជំនឿយើងបានគ្រប់លក្ខណ៍។ ដ្បិត អំណរនៅចំពោះមុខព្រះអង្គ ធ្វើឲ្យព្រះអង្គស៊ូទ្រាំទុក្ខលំបាកនៅលើឈើឆ្កាង ឥតមានខ្មាស់សោះឡើយ ហើយឥឡូនេះព្រះអង្គគង់នៅខាងស្តាំព្រះបិតា។
3ដូច្នេះ ចូរគិតអំពីព្រះអង្គ ដែលស៊ូទ្រាំការប្រឆាំងរបស់មនុស្សបាប ដើម្បីកុំឲ្យបងប្អូនណាយចិត្ត និងបោះបង់ចោលឡើយ។
4បងប្អូនរាល់គ្នាពុំទាន់បានតយុទ្ធ ឬពុះពារឧបសគ្គរហូតដល់បង្ហូរឈាមនៅឡើយទេ
5ហើយបងប្អូនបានភ្លេចការលើកទឹកចិត្ត ដែលបានណែនាំបងប្អូនក្នុងនាមជាកូន៖ «កូន​រាល់គ្នាអើយ មិន​ត្រូវ​ធ្វេសប្រហែស​នឹងការទូន្មានរបស់​ព្រះអម្ចាស់​ឡើយ ហើយក៏មិនត្រូវណាយចិត្ត ពេលព្រះអម្ចាស់កែតម្រង់បងប្អូនឡើយ»។
6ដ្បិត ព្រះអម្ចាស់ដាក់វិន័យដល់អស់អ្នកណា ព្រះអង្គស្រឡាញ់ ហើយព្រះអង្គដាក់ទោសកូនណាព្រះអង្គទទួល។
7ចូរស៊ូទ្រាំទុក្ខលំបាកដូចពួកសិស្សព្រះអង្គ។ ព្រះជាម្ចាស់ដោះស្រាយជាមួយបងប្អូនក្នុងនាមជាកូន។ តើមានកូនណាដែលលោកឪពុកមិនដាក់វិន័យ?
8ប៉ុន្តែ បើសិនបងប្អូនមិនទទួលវិន័យ ដូចកូនដទៃទៀតទទួលទេ នោះបងប្អូនជាកូនឥតខាន់ស្លា និងពុំមែនជាកូនព្រះអង្គឡើយ។
9ជាងនេះទៅទៀត យើងមានឪពុកនៅផែនដីនេះជាអ្នកដាក់វិន័យ ហើយយើងក៏គោរពចុះចូលលោក។ តើមិនគួរឲ្យយើងគោរពឪពុកខាងវិញ្ញាណ រឹតតែខ្លាំងថែមទៀតដើម្បីទទួលបានជីវិតទេឬអី?
10ចំណែកឯឪពុកយើងវិញ តែងដាក់វិន័យយើងតែពីរបីថ្ងៃប៉ុណ្ណោះ ដែលយើងអាចទទួលយកបាន។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់ធ្វើដូច្នេះ ជាប្រយោជន៍ល្អដល់យើង ដូច្នេះ យើងអាចចែករំលែកភាពវិសុទ្ធរបស់ព្រះអង្គបាន។​
11គ្មានការដាក់វិន័យណាមួយគួរជាទីរីករាយទេ នៅពេលនោះ គឺមានតែការឈឺចាប់ប៉ុណ្ណោះ។ ប៉ុន្តែ នៅទីបញ្ចប់វានឹងបង្កើតផលផ្លែមេត្រី នៃសេចក្តីសុចរិត ដល់អស់អ្នកណាទទួលការអប់រំពីព្រះអង្គ។
12ដូច្នេះ ចូរលើកដៃរបស់បងប្អូនឡើង និងតម្រង់ជង្គង់ដែលទន់ ឲ្យរឹងមាំឡើងវិញ។
13ចូររៀបចំផ្លូវឲ្យត្រង់ ដើម្បីកុំឲ្យអ្នកពិការជើងពិបាកដើរ​ ផ្ទុយទៅវិញអ្នក ពិការមិនត្រូវគ្រេចជើងឡើយ ប៉ុន្តែ ឲ្យពួកគេបានជាសះស្បើយវិញ។
14ចូរស្វែងរស់នៅឲ្យបានសុខជាមួយមនុស្សគ្រប់គ្នា និងឲ្យបានវិសុទ្ធផង បើគ្មានវិសុទ្ធភាពគ្មាននរណាមើលឃើញព្រះជាម្ចាស់ឡើយ។
15ចូរប្រយ័ត្ន ក្រែងលោនរណាខ្វះព្រះគុណព្រះជាម្ចាស់ ហើយកុំឲ្យប្ញសគល់នៃភាពល្វីងជូរចត់រីកដុះដាល បង្កជាបញ្ហាផ្សេងៗ និងបំពុលចិត្តគំនិតបងប្អូនឡើយ។
16ចូរប្រយ័ត្ន កុំប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ ឬ​ការមិនគោរប្រណិបតន៍កើតមានក្នុងបងប្អូន ដូច​លោក​អេសាវ​បាន​លក់​សិទ្ធិ​ជា​កូន​ច្បង ព្រោះ​តែ​​ម្ហូប​មួយ​ចាន​ឲ្យ​សោះ។
17បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ក្រោយ​មក​​ពេល​គាត់​ចង់​ទទួល​ពរ​ទុក​ជា​មរតក ឪពុកក៏បានបដិសេធ​ ព្រោះ​គាត់​គ្មានឱកាសប្រែចិត្ត ទោះ​បី​គាត់​ខំ​ទទូច​អង្វរ​សុំ​ទាំងស្រក់​ទឹក​ភ្នែក​ក៏​ដោយ។
18ដ្បិត បងប្អូនពុំបានចូលមកភ្នំដែលអាចប៉ះបានទេ គឺជាភ្នំមានភ្លើងឆេះ ភាពងងឹត ស្រអាប់ និងព្យុះបោកបក់។
19បងប្អូនពុំបានចូលមករកសំឡេងត្រែ និងឮសំឡេង ដែលគេអង្វរមិនចង់ឲ្យឮម្តងទៀត។
20ដ្បិត ពួកគេមិនអាចទ្រាំទ្រនឹងបទបញ្ជានេះបានទេ គឺថា៖ «សូម្បីតែសត្វដែលប៉ះភ្នំនេះ ក៏ត្រូវចោលសម្លាប់នឹងដំថ្មដែរ»។
21គ្រាន់តែឃើញនឹងភ្នែកគួរឲ្យខ្លាចទៅហើយ ដូច្នេះ លោកម៉ូសេមានប្រសាសន៍ថា៖ «ខ្ញុំភ័យខ្លាច និងញាប់ញ័រជាខ្លាំង»។
22ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន ជាទីក្រុងរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមស្ថានបរមសុខ ដែលពួកទេវតារាប់លានរាប់កោដិ ជួបជុំគ្នាយ៉ាងអធិកអធម។
23បងប្អូនបានចូលមកជិតក្រុមជំនុំពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខ។ បងប្អូនបានចូលមកជិតព្រះជាម្ចាស់ ជាអ្នកវិនិច្ឆ័យមនុស្សទាំងអស់់ និងជាវិញ្ញាណសុចរិតដែលបានគ្រប់លក្ខណ៍រួចហើយ។
24បងប្អូនចូលមកជិតព្រះយេស៊ូ ជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី និងលោហិតដែលបានប្រោះ ប្រសើរជាងឈាមរបស់លោកអេបិលទៀតផង។
25មើល សូម​កុំ​បដិសេធ​មិន​ព្រម​ស្ដាប់គ្នា​នោះ​ឡើយ។ ប្រសិន​បើ​ពួកគេមិនរត់គេចទេ ពេលណាពួកគេ​បដិសេធ​មិន​ព្រម​ស្ដាប់​ពាក្យ​មនុស្ស​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅហើយ
26ចុះបើ​យើង​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដាប់​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​យើង​ពី​ស្ថាន​បរមសុខ​វិញ ​យើង​រឹត​តែ​ពុំ​អាច​គេច​ផុត​ពី​ទោស​បាន​ឡើយ។ ពី​ដើម ព្រះសូរសៀង​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដី។ តែឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​ថា៖ «ជាថ្មីម្តង​ទៀត យើង​នឹង​​មិន​ត្រឹម​តែធ្វើឲ្យ​ផែនដី​កក្រើកប៉ុណ្ណោះ​ទេ គឺ​កក្រើក​ទាំង​ផ្ទៃ​មេឃ​ទាំងមូល»។
27ពាក្យ «ម្ដង​នេះ​ទៀត» បានសេចក្តីថា អ្វីៗ​ដែល​ព្រះជាម្ចាស់​បង្កើត​មក​នឹង​ត្រូវ​កក្រើក​ និងត្រូវ​រលាយ​​អស់​ គឺ​មាន​តែ​អ្វីៗ​មិន​កក្រើក​ប៉ុណ្ណោះ​ទេ​ដែល​នៅ​សល់។
28ដោយ​យើង​បាន​ទទួល​ព្រះរាជ្យ​មួយ​ដែល​មិន​ចេះ​កក្រើក​ដូច្នេះ យើង​ត្រូវ​តែ​ដឹង​គុណ ហើយ​គោរព​បម្រើព្រះជាម្ចាស់ តាម​របៀបព្រះអង្គ​គាប់​ព្រះហឫទ័យ ដោយការគោរព និងកោតស្ញប់ស្ញែង។
29ដ្បិត​ ព្រះជាម្ចាស់នៃយើង​ដូច​ជា​ភ្លើង​​ឆេះ​សន្ធោសន្ធៅ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។