1ឥឡូវនេះ ជំនឿគឺជាការសង្ឃឹមជាក់ ថានឹងបានដូចការរំពឹងទុក។ ជំនឿជាភស្តុតាងនូវព្រឹត្តការណ៍ទាំងឡាយណា ដែលយើងមើលពុំឃើញនៅឡើយ។
2ដោយហេតុនេះហើយបានជាបុព្វបុរស បានទទួលកេរ្តិ៍ឈ្មោះល្អដោយសារជំនឿ។
3ដោយសារជំនឿ យើងយល់ថា ព្រះជាម្ចាស់បង្កើតពិភពលោកទាំងមូល ដោយសារព្រះបន្ទូល ដូច្នេះ អ្វីៗដែលមើលឃើញនឹងភ្នែក ពុំុមែនកើតឡើងដោយអ្វីៗមានរូបរាងឡើយ។
4ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជា ដ៏ប្រសើរជាងយញ្ញបូជាលោកកាអ៊ីនទៅព្រះជាម្ចាស់។ ដោយសារជំនឿ ព្រះជាម្ចាស់រាប់លោកជាមនុស្ស សុចរិត។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងតង្វាយរបស់លោក ហើយដោយសារជំនឿ លោកនៅតែមានប្រសាសន៍នៅឡើយ ទោះបីលោកបានស្លាប់ទៅហើយក៏ដោយ។
5ដោយសារជំនឿ ព្រះជាម្ចាស់បានលើកលោកហេណុកឡើងទៅ ទាំងលោកនៅមិនទាន់ស្លាប់ផង។ «គ្មាននរណារកលោកឃើញឡើយ ព្រោះព្រះជាម្ចាស់បានលើកលោកឡើង»។ មុនពេលព្រះជាម្ចាស់លើកលោកឡើងទៅ លោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងលោក។
6ឥឡូវនេះ បើគ្មានជំនឿទេ គ្មាននរណាគាប់ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ដ្បិត អស់អ្នកណាដែលចូលទៅរកព្រះជាម្ចាស់ អ្នកនោះចាំបាច់ត្រូវជឿថា មានព្រះជាម្ចាស់មែន ហើយថាព្រះអង្គនឹងប្រទានរង្វាន់ ដល់អស់អ្នកណាស្វែងរកព្រះអង្គ។
7ដោយសារជំនឿ លោកណូអេបានទទួលព្រះរាជសារពីស្ថានបរមសុខ នូវហេតុការណ៍ទាំងឡាយណា ដែលពុំទាន់មើលឃើញនៅឡើយ ដោយការស្តាប់បង្គាប់ព្រះជាម្ចាស់ លោកបានសង់ទូកដ៏ធំដើម្បីសង្រ្គោះក្រុមគ្រួសារលោក។ ដោយបានធ្វើដូច្នេះ លោកបានដាក់ទោសពិភពលោក និងក្លាយជាមនុស្សសុចរិតទុកជាមរតក ដោយសារជំនឿ។
8ដោយសារជំនឿ ពេលព្រះជាម្ចាស់បានត្រាស់ហៅលោកអប្រាហាំលោកស្ដាប់បង្គាប់ព្រះអង្គ ដោយចាកចេញទៅកន្លែងមួយ ដែលលោកនឹងទទួលទុកជាមរតក។ លោកចេញទៅទាំងពុំដឹងថា ត្រូវទៅណាផង។
9ដោយសារជំនឿ លោកបានមករស់នៅទឹកដីសន្យា ក្នុងនាមជាជនបរទេស។ លោកបានបោះជំរំនៅជាមួយលោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកត្រូវទទួលទឹកដីនោះជាមរតករួមជាមួយលោក តាមព្រះបន្ទូលសន្យាដដែល។
10ដ្បិតលោកទន្ទឹងរង់ចាំទទួលក្រុងមួយ ដែលមានគ្រឹះរឹងមាំ គឺជាក្រុងដែលព្រះជាម្ចាស់ជាស្ថាបត្យករ និងសាងសង់។
11ដោយសារជំនឿ ទោះបីលោកស្រីសារ៉ាជាស្រ្តីអារក៏ដោយ ក៏លោកអប្រាហាំបានទទួលសមត្ថភាពធ្វើជាឪពុកដែរ។ ហេតុការណ៍នេះកើតឡើង ទោះបីលោកមានវ័យចាស់ក៏ដោយ លោកយល់ថាព្រះជាម្ចាស់ស្មោះត្រង់ និងសម្រេចតាមព្រះបន្ទូលសន្យា។
12ដូច្នេះ ដោយសារតែបុរសម្នាក់ដែលហៀបនឹងស្លាប់ទៅហើយ ក៏កើតមានមនុស្សជាច្រើនរាប់មិនអស់ ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ។
13ដោយសារជំនឿ អស់លោកទាំងនោះបានស្លាប់ទៅ ដោយពុំបានទទួលអ្វីតាមព្រះបន្ទូលសន្យាឡើយ។ ផ្ទុយទៅវិញ លោកបានឃើញ និងទទួលពីចម្ងាយថា លោកគ្រាន់តែជាជនបរទេស ធ្វើដំណើរនៅលើផែនដីតែប៉ុណ្ណោះ។
14ដ្បិត អស់អ្នកដែលបាននិយាយដូច្នោះ បង្ហាញថាពួកលោកកំពុងតែស្វែងរកមាតុភូមិរបស់ខ្លួន។
15ប្រសិនបើ ពួកលោកគិតដល់ប្រទេសដែលពួកលោកបានចាកចេញ ពួកលោកប្រាកដជាមានឱកាសត្រឡប់មកវិញបាន។
16ប៉ុន្តែ ពួកលោកប្រាថ្នាទៅរស់នៅប្រទេសមួយប្រសើរជាងនេះ គឺស្ថានបរមសុខ។ ហេតុដូចនេះ បានជាព្រះជាម្ចាស់មិនអាម៉ាស់នឹងឲ្យគេហៅថា ព្រះជាម្ចាស់របស់ពួកគេឡើយ ព្រោះព្រះអង្គបានរៀបចំទីក្រុងមួយសម្រាប់ពួកគេ។
17ដោយសារជំនឿ លោកអប្រាហាំថ្វាយអ៊ីសាកជាយញ្ញបូជា ពេលព្រះជាម្ចាស់សាកល្បងចិត្តលោក។ លោកថ្វាយអ៊ីសាកដែលជាកូនតែមួយគត់ ដែលលោកបានទទួលតាមព្រះបន្ទូលសន្យា។
18ទោះបីជាព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «លោកអ៊ីសាកនឹងបន្តពូជពង្សជាច្រើនយ៉ាងក៏ដោយ»។
19ក៏លោកអប្រាហំាជឿថា ព្រះជាម្ចាស់អាចនឹងប្រោសអ៊ីសាកឲ្យរស់ពីស្លាប់វិញបាន ហើយដោយហេតុនេះ លោកបានទទួលកូនមកវិញ។
20ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរលោកយ៉ាកុបនិងអេសាវ ទុកសម្រាប់អនាគត។
21ដោយសារជំនឿ លោកយ៉ាកុបហៀបនឹងស្លាប់ទៅហើយ ក៏បានឲ្យពរកូនៗរបស់លោកយ៉ូសែប។ លោកយ៉ាកុបថ្វាយបង្គំព្រះជាម្ចាស់ ដោយផ្អែកលើឈើច្រត់របស់លោក។
22ដោយសារជំនឿ លោកយ៉ូសែបជិតនឹងលាលោកនេះទៅហើយ បានប្រកាសថា កូនចៅអ៊ីស្រាអែលនឹងត្រូវចាកចេញពីប្រទេសអេស៊ីប ហើយប្រាប់ពួកគេពីរបៀបរៀបចំទុកដាក់ធាតុរបស់លោក។
23ដោយសារជំនឿ ពេលលោកម៉ូសេកើតមក ឪពុកម្តាយលោកបានយកលោកទៅលាក់ទុកចំនួនបីខែ ព្រោះលោកឃើញថា កូននោះស្អាតខ្លាំងណាស់។ ពួកគេមិនខ្លាចបញ្ជារបស់ស្តេចឡើយ។
24ដោយសារជំនឿ លោកម៉ូសេធំពេញវ័យឡើង ហ៊ានបដិសេធមិនឲ្យគេហៅលោកថា កូនរបស់បុត្រីព្រះចៅផារ៉ោនឡើយ។
25ផ្ទុយទៅវិញ លោកបានជ្រើសរើសរងទុក្ខលំបាករួមជាមួយប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ជាជាងរស់នៅសប្បាយនឹងអំពើបាបតែមួយរយៈខ្លី។
26លោកយល់ថា រងការប្រមាថព្រោះតែដើរតាមព្រះគ្រិស្ត ប្រសើរជាងបានទ្រព្យសម្បត្តិនានានៅអេស៊ីបទៅទៀត។ ដ្បិត លោកសម្លឹងមើលរង្វាន់មកពីព្រះជាម្ចាស់វិញ។
27ដោយសារជំនឿ លោកម៉ូសេបានចាកចេញពីប្រទេសអេស៊ីប។ លោកមិនបានខ្លាចស្តេចខ្ញាល់ឡើយ លោកស៊ូទ្រាំនឹងទុក្ខលំបាក ដោយលោកសម្លឹងមើលឃើញព្រះជាម្ចាស់ ដែលមនុស្សមើលពុំឃើញ។
28ដោយសារជំនឿ លោករក្សាពិធីបុណ្យរំលង និងពិធីប្រោះឈាម ដើម្បីកុំឲ្យមច្ចុរាជបំផ្លាញកូនច្បងរបស់អ៊ីស្រាអែល។
29ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម ដូចដើរលើគោក។ ពេលពួកអេស៊ីបខំឆ្លងមកដែរ តែត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់។
30ដោយសារជំនឿ ជញ្ជាំងក្រុងយេរីខូដួលរំលំចុះ បន្ទាប់ពីពួកអ៊ីស្រាអែលដើរជុំវិញប្រាំពីរថ្ងៃ។
31ដោយសារជំនឿ នាងរ៉ាហាបជាស្រ្តីពេស្យាពុំបានស្លាប់ជាមួយពួកមិនស្តាប់បង្គាប់ឡើយ ព្រោះនាងបានទទួលអ្នកស៊ើបការដោយមេត្រី។
32តើខ្ញុំអាចនិយាយអ្វីបានខ្លះទៀត? ខ្ញុំគ្មានពេលនិយាយអំពីរឿងលោកគេឌាន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងព្យាការីនានាទៀតទេ។
33ដោយសារជំនឿ លោកទាំងនោះបានច្បាំងឈ្នះនគរផ្សេងៗ ប្រព្រឹត្តអំពើសុចរិត និងទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានមក។ ពួកគេបានបិទមាត់សឹង្ហ
34ពន្លត់ភ្លើងឆេះសន្ធោសន្ធៅ និងគេចផុតពីមុខដាវ និងបានជាសះស្បើយពីជំងឺ មានកម្លាំងច្បាំងឈ្នះសង្រ្គាម ព្រមទាំងផ្តួលសត្រូវបរទេសឲ្យខ្លបខ្លាចបាក់ទ័ព។
35ស្ត្រីៗបានឃើញគ្រួសារខ្លួន ដែលស្លាប់ទៅហើយនោះរស់ឡើងវិញ។ អ្នកខ្លះទទួលទារុណកម្ម មិនព្រមឲ្យគេដោះលែងឡើយ ដើម្បីទទួលបានជីវិតរស់ឡើងវិញប្រសើរជាង។
36អ្នកខ្លះទៀតសុខចិត្តឲ្យគេចំអកឡកឡឺយ គេវាយដំ ព្រមទាំងឲ្យគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។
37អ្នកខ្លះត្រូវគេគប់សម្លាប់នឹងដំថ្ម។ អ្នកខ្លះត្រូវគេសម្លាប់ដោយអារនឹងរណារ។ អ្នកខ្លះត្រូវគេសម្លាប់ដោយដាវ។ អ្នកខ្លះមានតែស្បែកចៀម និងស្បែកពពែបិទបាំងខ្លួន។ អ្នកខ្លះខ្វះខាតសព្វគ្រប់ទាំងអស់ ត្រូវគេជិះជាន់សង្កត់សង្កិន និងធ្វើបាបថែមទៀតផង។
38លោកីយ៍ពុំស័ក្ដិសមនឹងឲ្យអ្នកនោះរស់នៅជាមួយឡើយ។ ដូច្នេះ ពួកគេត្រាច់ចរតាមទីរហោស្ថាន តាមភ្នំ តាមរូងភ្នំ និងតាមរអាងភ្នំជាដើម។
39ទោះបីព្រះជាម្ចាស់បានទទួលអ្នកទាំងនោះដោយសារជំនឿក្ដី ក៏គេពុំទាន់បានទទួលអ្វីៗតាមព្រះបន្ទូលសន្យាដែរ។
40ព្រះជាម្ចាស់គ្រោងទុកថា នឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ដូច្នេះ បើគ្មានយើងទេ អ្នកទាំងនោះពុំបានគ្រប់លក្ខណ៍ឡើយ។