ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លោកុប្បត្តិ 35

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះជាម្ចាស់មានបន្ទូលទៅលោកយ៉ាកុបថា៖ «ចូរក្រោកឡើង ឡើងទៅបេតអែលចុះ ហើយស្នាក់នៅទីនោះ។ ចូរសង់អាសនៈមួយនៅទីនោះថ្វាយព្រះជាម្ចាស់ ដែលបានយាងមកជួបអ្នក នៅពេលអ្នករត់គេចពីអេសាវ បងប្រុសរបស់អ្នក»។
2បន្ទាប់មក លោកយ៉ាកុបនិយាយទៅកាន់ក្រុមគ្រួសាររបស់គាត់ និងអ្នកដែលនៅជាមួយគាត់ថា៖ «ចូរបោះបង់ព្រះដទៃនៅក្នុងចំណោមអ្នករាល់គ្នាចោល ចូរសម្អាតខ្លួនរបស់អ្នករាល់គ្នា ហើយផ្លាស់ប្តូរសម្លៀកបំពាក់របស់អ្នករាល់គ្នាចេញ។
3បន្ទាប់មក យើងចេញដំណើរ ហើយឡើងទៅបេតអែល។ ខ្ញុំនឹងសង់អាសនៈមួយនៅទីនោះថ្វាយព្រះជាម្ចាស់ ដែលបានឆ្លើយតបខ្ញុំនៅថ្ងៃដែលខ្ញុំមានទុក្ខ ហើយបានគង់នៅជាមួយខ្ញុំ គ្រប់កន្លែងដែលខ្ញុំទៅ»។
4ដូច្នេះ ពួកគេបានប្រគល់រូបព្រះរបស់សាសន៍ដទៃដែលនៅក្នុងដៃរបស់ពួកគេទាំងអស់ឲ្យដល់លោកយ៉ាកុប ហើយនិងចិញ្ចៀនដែលពួកគេពាក់នៅនឹងត្រចៀក។
5លោកយ៉ាកុបបានកប់វានៅក្រោមដើមជ្រៃដែលនៅជិតទឹកដីស៊ីគែម។ នៅពេលពួកគេធ្វើដំណើរ ព្រះជាម្ចាស់បានធ្វើឲ្យទីក្រុងផ្សេងៗដែលនៅជុំវិញពួកគេមានការភ័យខ្លាច ដូច្នេះ គ្មាននរណាហ៊ានដេញតាមកូនចៅរបស់លោកយ៉ាកុបទេ។
6ដូច្នេះ លោកយ៉ាកុបបានមកដល់ លូស (គឺជា​បេត‌អែល) ដែលនៅ​ក្នុង​ទឹកដីកាណាន គាត់ និងមនុស្សគ្រប់គ្នាដែលនៅជាមួយគាត់។
7គាត់បានសង់អាសនៈមួយនៅទីនោះ តាមដែលព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់ដល់គាត់ នៅពេលគាត់កំពុងតែរត់គេចពីបងប្រុសរបស់គាត់។
8នាងស្រី​ដេបូរ៉ា ដែល​ត្រូវ​ជា​មេ​ដោះ​របស់​នាង​ស្រី​រេបិកា បាន​​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​នាងនៅ​ជើង​ភ្នំ​បេត‌អែល​នោះ គឺនៅក្រោម​ដើម​ជ្រៃ​មួយ ដែល​គេ​ហៅ​ថា អាឡុន បាគូថ។
9នៅពេលលោកយ៉ាកុបមកពីស្រុក​ប៉ាដាន់ អើរ៉ាមវិញ ព្រះជាម្ចាស់បានយាងមកជួបគាត់សារជាថ្មី ហើយបានឲ្យពរដល់គាត់។
10ព្រះជាម្ចាស់មានបន្ទូលទៅគាត់ថា៖ «អ្នកឈ្មោះយ៉ាកុប ប៉ុន្តែ ឈ្មោះរបស់អ្នកលែងហៅថាយ៉ាកុបទៀតហើយ។ អ្នកនឹងមានឈ្មោះថា អ៊ីស្រាអែល»។ ដូច្នេះ ព្រះជាម្ចាស់បានហៅឈ្មោះរបស់គាត់ថា អ៊ីស្រាអែល។
11ព្រះជាម្ចាស់មានបន្ទូលទៅគាត់ថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា។ ចូរបង្កើតផល ហើយបានចម្រើនឡើង។ ជាប្រជាជាតិមួយ ដែលមានប្រជាជាតិជាច្រើនកើតចេញពីអ្នក ហើយនិងស្តេចដែលកើតឡើងចេញពីក្នុងចំណោមពូជពង្សរបស់អ្នក។
12ទឹកដីដែលយើងបានប្រគល់ឲ្យលោកអប្រាហាំ និងលោកអ៊ីសាក យើងនឹងប្រគល់ដល់អ្នក។ យើងក៏ប្រគល់ទឹកដីឲ្យដល់ពូជពង្សរបស់អ្នកដែលនៅតាមក្រោយអ្នកដែរ»។
13ព្រះជាម្ចាស់បានយាងចេញពីគាត់គឺចេញពីកន្លែងដែលព្រះអង្គមានបន្ទូលជាមួយគាត់។
14លោកយ៉ាកុបបានរៀបចំបង្គោលមួយ នៅកន្លែងដែលព្រះជាម្ចាស់បានមានបន្ទូលជាមួយគាត់ គឺជាសសរថ្ម។គាត់បានច្រូចតង្វាយពីលើវា ហើយក៏បានចាក់ប្រេងពីលើវាដែរ។
15លោកយ៉ាកុបដាក់ឈ្មោះកន្លែងដែលព្រះជាម្ចាស់មានបន្ទូលមកគាត់ថា បេតអែល។
16ពួកគេបានចេញដំណើរពីបេតអែល។ កាលពួក​គេ​នៅ​ឆ្ងាយ មិន​ទាន់​ទៅ​ដល់​អេប្រាតា​នៅ​ឡើយ នាង​រ៉ាជែល​បានឈឺ​ពោះ​សម្រាល​កូន ហើយ​គាត់​សម្រាល​កូន​យ៉ាង​លំបាក
17កាលដែលនាងកំពុងដែលសម្រាលកូនយ៉ាងលំបាកបំផុតនោះ ឆ្មបបាននិយាយទៅនាងថា៖ ​«កុំខ្លាចអ្វីឡើយ ដ្បិតឥឡូវនាងបង្កើតបានកូនប្រុសមួយទៀតហើយ»។
18ពេលនាងរៀបនឹងស្លាប់ នៅដង្ហើមចុងក្រោយ នាងបានដាក់ឈ្មោះកូនប្រុសនោះថា បេន អូនី ប៉ុន្តែ ឪពុករបស់គាត់ដាក់ឈ្មោះថា បេនយ៉ាមីនវិញ។
19នាងរ៉ាជែលបានស្លាប់ ហើយបានបញ្ចុះនៅតាមផ្លូវទៅអេប្រាតា (គឺជា​​បេថ្លេ‌ហិម)។
20លោកយ៉ាកុបបានដំឡើងបង្គោលមួយឲ្យនាងនៅលើផ្នូររបស់នាង។ គឺជាសញ្ញាសង្គាល់ផ្នូររបស់នាងរហូតមកដល់សព្វថ្ងៃនេះ។
21លោកអ៊ីស្រាអែលបានបន្តដំណើរទៅមុខទៀត ហើយបានសង់ត្រសាលរបស់គាត់ខ្ពស់ជាងប៉មរបស់ហ្វូងសត្វទៅទៀត។
22ក្នុងកាលដែលោកអ៊ីស្រាអែលរស់នៅក្នុងទឹកដីនោះ លោក​រូបេន​រួមបាន​ដំណេក​ជា​មួយ​នាង​ប៊ីល‌ហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​គាត់ ហើយ​លោក​អ៊ីស្រា‌អែល​បាន​ដឹង​រឿង​នេះ។ ហើយលោក​យ៉ាកុប​មាន​កូន​ប្រុស​ដប់‌ពីរ​នាក់​។
23កូន​ប្រុស​ៗរបស់គាត់តាមរយៈនាង​ស្រី​លេអាគឺ រូបេន ជា​កូន​ច្បងរបស់លោកយ៉ាកុប ​ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។
24កូនប្រុសៗរបស់គាត់តាមរយៈនាងរ៉ាជែល មាន យ៉ូសែប និងបេនយ៉ាមីន។
25កូនប្រុសៗ​របស់គាត់តាមរយៈ​នាង​ប៊ីល‌ហា ជាអ្នកបម្រើស្រី​របស់នាង​រ៉ាជែល មាន​ដាន់ និង​ណែប‌ថាលី។
26កូន​ប្រុសៗរបស់គាត់តាមរយៈ​នាង​ស៊ីលផា ជាអ្នក​បម្រើស្រី​របស់​នាងលេអា មាន​កាដ និង​អេ‌ស៊ើរ។ កូនទាំងអស់​នេះ​ជា​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប ដែល​កើត​នៅក្នុងទឹកដី​ប៉ាដាន់អើរ៉ាម។
27លោក​យ៉ាកុប​បានមករកលោក​អ៊ីសាក​ជា​ឪពុកវិញ នៅត្រង់​ដើម​ជ្រៃ​ម៉ាមរ៉េ នៅ​​គារយ៉ាត អើបា (គឺនៅ​ហេប្រូន) ជាទឹកដីដែល​លោក​អប្រាហាំ និង​លោក​អ៊ីសាក​បាន​ធ្លាប់បានរស់​នៅ។
28លោកអ៊ីសាកមានអាយុមួយរយប៉ែតសិបឆ្នាំ។
29លោកអ៊ីសាកបានផុតដង្ហើម ហើយបានស្លាប់ ព្រមទាំងបានទៅជួបជុំជាមួយបុព្វបុរសរបស់គាត់ ហើយគាត់បានស្កប់ស្កល់នៅក្នុងជីវិតរបស់គាត់។ លោកអេសាវ និងលោកយ៉ាកុប កូនប្រុសរបស់គាត់ បានបញ្ចុះសពគាត់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។