ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លោកុប្បត្តិ 34

Read Scripture freely. Divine Threads study for this chapter is coming later.

1នាងឌីណា ជាកូនស្រីរបស់នាងលេអា ដែលនាងបានបង្កើតឲ្យលោកយ៉ាកុប នាងបានទៅជួបស្រ្តីវ័យក្មេងនៅក្នុងទឹកដី។
2ពេល​នោះ លោកស៊ីគែម​ជា​កូន​របស់​លោក​ហា‌ម៉ោរ ជនជាតិ​ហេវី ដែល​ជាមេ​​នៅ​ស្រុក​នោះ បាន​ឃើញ​នាង ហើយ​ចាប់​នាង​រំលោភផង។
3គាត់ជាប់ចិត្តនឹងនាងឌីណា កូនស្រីរបស់លោកយ៉ាកុបជាខ្លាំង។ គាត់បានស្រឡាញ់ ហើយថ្នាក់ថ្នមនាងជាខ្លាំង។
4លោកស៊ីគែមបាននិយាយជាមួយលោកហា‌ម៉ោរ ជាឪពុករបស់គាត់ ដោយប្រាប់ថា៖ «សូមយកនាងឲ្យធ្វើជាភរិយារបស់ខ្ញុំមក»។
5លោកយ៉ាកុបបានឮថា គាត់បានបង្ខូចកិត្តិយសនាងឌីណាកូនស្រីរបស់គាត់។ កូនប្រុសៗ និងហ្វូងសត្វរបស់គាត់នៅឯវាល ដូច្នេះ លោកយ៉ាកុបក៏នៅស្ងៀមរហូតដល់ពួកគេមក។
6​លោក​ហា‌ម៉ោរ ជាឪពុករបស់លោកស៊ីគែមបានចេញទៅជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយគាត់។
7កាលកូនប្រុសៗរបស់លោកយ៉ាកុបបានមកដល់ពីវាលវិញ ពួកគេបានឮរឿងនេះ។ ពួកគេរវាតចិត្ត។ ពួកគេខឹងជាខ្លាំង ពីព្រោះគាត់បានប្រមាថលោកអ៊ីស្រាអែល ដោយបង្ខំខ្លួនគាត់ជាមួយកូនស្រីរបស់លោកយ៉ាកុប គឺជារឿងដែលមិនគួរឲ្យធ្វើឡើយ។
8លោកហា‌ម៉ោរបាននិយាយជាមួយពួកគេ ដោយពោលថា៖ «ស៊ីគែម កូនប្រុសរបស់ខ្ញុំ ស្រឡាញ់កូនស្រីរបស់លោក។ សូមប្រគល់នាងឲ្យកូនប្រុសខ្ញុំ ធ្វើជាភរិយាចុះ។
9សូមភ្ជាប់សាច់ឈាមជាមួយយើង ដោយប្រគល់កូនស្រីរបស់លោកមកយើង ហើយយកពួកកូនស្រីរបស់យើងទៅធ្វើជាភរិយារបស់អ្នករាល់គ្នាចុះ។
10អ្នករាល់នឹងរស់នៅជាមួយយើង ហើយទឹកដីនេះ នឹងបើកចំហសម្រាប់អ្នករាល់គ្នារស់នៅ និងធ្វើជំនួញ ព្រមទាំងអាចទិញដីនៅក្នុងស្រុកនេះបាន។
11លោកស៊ីគែមនិយាយទៅកាន់ឪពុក និងបងប្អូនរបស់នាងថា៖ «សូមមេត្តាដល់ខ្ញុំផង ហើយអ្វីៗដែលលោកប្រាប់ដល់ខ្ញុំនឹងប្រគល់ឲ្យ។
12សូមទាមទារពីខ្ញុំនៅតម្លៃបណ្ណាការ និងអំណោយតាមដែលលោកទាមទារ ខ្ញុំនឹងប្រគល់អ្វីៗតាមដែលលោកបង្គាប់ដល់ខ្ញុំ ប៉ុន្តែ សូមប្រគល់កូនស្រីរបស់លោកឲ្យខ្ញុំធ្វើជាភរិយាចុះ»។
13កូនប្រុសៗរបស់លោកយ៉ាកុបឆ្លើយទៅលោកស៊ីគែម និងលោកហាម៉ោរ ឪពុករបស់គាត់ដោយល្បិចកល ព្រោះលោកស៊ីគែមបានបង្ខូចកិត្តិយសនាងឌីណា ប្អូនស្រីរបស់ពួកគេ។
14កូនៗរបស់លោកយ៉ាកុបនិយាយទៅពួកគេថា៖ «យើងមិនអាចធ្វើការនេះបានទេ ក្នុងការប្រគល់ប្អូនស្រីរបស់យើងដល់នរណាម្នាក់ដែលមិនបានកាត់ស្បែកឡើយ បើធ្វើបែបនេះនឹងបង្ខូចកិតិ្តយសរបស់យើង។
15មានតែលក្ខខណ្ឌមួយនេះទេ ទើបយើងយល់ព្រមជាមួយលោក ប្រសិនបើ ពួកប្រុសៗទាំងអស់ក្នុងចំណោមអស់លោកកាត់ស្បែកដូចយើង ។
16ដូច្នេះ យើងនឹងប្រគល់កូនស្រីរបស់យើងដល់លោក ហើយយើងនឹងយកកូនស្រីរបស់អស់លោកមកឯយើងដែរ ហើយយើងនឹងរស់នៅជាមួយលោក និងក្លាយទៅជាមនុស្សតែមួយ។
17ប៉ុន្តែ ប្រសិនបើ លោកមិនព្រមស្តាប់តាមយើងទេ ហើយមិនព្រមកាត់ស្បែក ដូច្នេះ យើងនឹងយកប្អូនស្រីរបស់យើងទៅវិញ ហើយយើងនឹងចាកចេញពីទីនេះ។
18លោក​ហា‌ម៉ោរ និងលោកស៊ីគែមបំពេញចិត្តនឹងពាក្យសំដីរបស់ពួកគេ។
19បុរសវ័យក្មេងនោះមិនបង្អង់ក្នុងការធ្វើតាមអ្វីដែលពួកគេបាននិយាយ ព្រោះគាត់ស្រឡាញ់កូនស្រីរបស់លោកយ៉ាកុបណាស់ ហើយនៅក្នុងផ្ទះរបស់ឪពុកគាត់ គេគោរពលោកស៊ីគែមជាងគេបំផុត។
20លោកហា‌ម៉ោរ និងលោកស៊ីគែម កូនប្រុសរបស់គាត់បានទៅទ្វារក្រុងរបស់ពួកគេ ហើយនិយាយទៅកាន់ពួកប្រុសៗទាំងអស់គ្នា ដោយពោលថា៖
21«បុរសទាំងនេះចង់បានសុខជាមួយយើង ដូច្នេះ ចូរឲ្យពួកគេរស់នៅក្នុងទឹកដី ហើយធ្វើជំនួញនៅក្នុងស្រុកជាមួយយើង ទឹកដីរបស់យើងធំល្មមសម្រាប់ពួកគេ។ ចូរឲ្យយើងយកកូនស្រីរបស់ពួកគេមកធ្វើជាប្រពន្ធ ហើយឲ្យពួកគេយកកូនស្រីរបស់យើងធ្វើជាប្រពន្ធវិញ។
22មានលក្ខខណ្ឌតែមួយគត់ដើម្បីឲ្យពួកគេរស់នៅជាមួយយើង ហើយក្លាយជាជនជាតិតែមួយរបស់យើងគឺ ប្រសិនបើ បុរសទាំងអស់ដែលនៅក្នុងចំណោមយើងកាត់ស្បែក ដូចពួកគេបានកាត់ស្បែកដែរ។
23តើហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់ពួកគេ ហ្វូងសត្វទាំងអស់របស់ពួកគេមិនមែនជារបស់យើងទេឬអី? ដូច្នេះ ចូរយើងព្រមជាមួយពួកគេ ហើយពួកគេនឹងរស់នៅក្នុងចំណោមយើង»។
24ពួកប្រុសៗទាំងអស់ដែលនៅក្នុងក្រុងនោះបានស្តាប់តាមលោកហា‌ម៉ោរ និងលោកស៊ីគែម កូនប្រុសរបស់គាត់។
25ពួកប្រុសៗត្រូវបានកាត់ស្បែកទាំងអស់គ្នា។ នៅថ្ងៃទីបី នៅពេលពួកគេកំពុងតែឈឺ កូនប្រុសរបស់លោកយ៉ាកុបពីរនាក់ (​លោក​ស៊ីម្មាន និង​លោក​លេវី ត្រូវជា​បង​របស់​នាង​ឌីណា) ម្នាក់ៗយកដាវរបស់គាត់រៀងខ្លួន ហើយពួកគេបានប្រហារទីក្រុងដែលមានសុវត្ថិភាព ហើយពួកគេបានសម្លាប់ប្រុសៗទាំងអស់។
26ពួកគេបានសម្លាប់លោកហា‌ម៉ោរ និងលោកស៊ីគែម កូនប្រុសរបស់គាត់ ដោយមុខដាវ។ ពួកគេបានយកនាងឌីណា ពីផ្ទះរបស់លោកស៊ីគែម ហើយបានចេញទៅ។
27កូនប្រុសម្នាក់ទៀតរបស់លោកយ៉ាកុបបានចូលទៅឯសាកសព ហើយរឹមអូសទ្រព្យសម្បត្តិនៅក្នុងទីក្រុងនោះ ដោយព្រោះអ្នកក្រុងនោះបានបង្ខូចកិត្តិយសប្អូនស្រីរបស់ពួកគេ។
28ពួក​គេ​បាន​យក​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​លា​របស់​អ្នក​ស្រុក​នោះ និងអ្វីៗទាំងអស់ដែលនៅទីក្រុងនោះ ព្រមទាំងអ្វីៗដែលនៅទីវាលផង
29គឺទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់។ ពួកគេបានចាប់ទាំងកូនក្មេង និងប្រពន្ធរបស់ពួកគេ។ ពួកគេបានយក សូម្បីតែអ្វីៗដែលនៅក្នុងផ្ទះផង។
30លោកយ៉ាកុបនិយាយទៅកាន់លោក​ស៊ីម្មាន និង​លោក​លេវីថា៖ «កូនប្រុសទាំងពីរ នាំបញ្ហាដល់ឪពុកហើយ កូនបានបង្ខូចឈ្មោះរបស់ឪពុកនៅក្នុងចំណោមជនជាតិកាណាន និងជនជាតិពេរិ‌ស៊ីត។ ឪពុកក៏មានគ្នាតិច។ ប្រសិនបើ ពួកគេប្រមូលគ្នាទាស់នឹងឪពុក ហើយប្រហារឪពុក ដូច្នេះ ឪពុកនឹងត្រូវវិនាសហើយ ហើយឪពុក និងអ្នកផ្ទះរបស់ឪពុកមិនខាន»។
31ប៉ុន្តែ លោក​ស៊ីម្មាន និង​លោក​លេវីនិយាយថា៖ «តើគួរឲ្យលោកស៊ីគែមធ្វើជាមួយប្អូនស្រីរបស់យើងដូចជាស្រីពេស្យា?»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។