1កាលនោះ ព្រះបាទអាំរ៉ាផែលជាស្ដេចរបស់ប្រទេសស៊ីណើរ ព្រះបាទអើយ៉ុកជាស្ដេចរបស់ប្រទេសអេឡាសារ ព្រះបាទកេដូឡោមើរជាស្ដេចប្រទេសអេឡាំ និងព្រះបាទធីដាលជាស្ដេចរបស់ប្រទេសកូយីម
2ពួកគេបានធ្វើសង្គ្រាមទាស់នឹងព្រះបាទបេរ៉ាជាស្ដេចក្រុងសូដុម ព្រះបាទប៊ីសារជាស្ដេចក្រុងកូម៉ូរ៉ា ព្រះបាទស៊ីណាបជាស្ដេចក្រុងអាដម៉ា ព្រះបាទសេមេប៊ើរជាស្ដេចក្រុងសេបោម និងស្ដេចក្រុងបេឡា (ដែលហៅថាក្រុងសូអារផងដែរ)។
3ក្រោយមក ស្តេចទាំងប្រាំបានរួមគ្នានៅជ្រលងភ្នំស៊ីឌីម (ដែលហៅថាសមុទ្រប្រៃ)។
4ស្ដេចទាំងនេះបានបម្រើព្រះបាទកេដូឡោមើរ អស់រយៈពេលដប់ពីរឆ្នាំ ប៉ុន្តែ នៅឆ្នាំទីដប់បីពួកគេបាននាំគ្នាបះបោរ។
5បន្ទាប់មក នៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្ដេចផ្សេងៗ ដែលនៅជាមួយព្រះអង្គ បាននាំគ្នាមកវាយលុកជនជាតិរេផែម នៅក្រុងអាសថារ៉ូតកើណែម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីម នៅក្រុងគារយ៉ាថែម
6និងជនជាតិហូរី នៅតំបន់ភ្នំសៀរ រហូតដល់តំបន់អែលបារ៉ាន ដែលនៅជិតទីរហោស្ថាន។
7បន្ទាប់មក ពួកគេបានត្រឡប់ ហើយមកឯក្រុងអេនមីសផាត (ដែលហៅថាក្រុងកាដេស) វិញ ហើយបានវាយយករបស់ជនជាតិអាម៉ាឡេក ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅទឹកដីហាសាសូនតាម៉ារផង។
8បន្ទាប់មក ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា និងស្តេចបេឡា (ដែលហៅថាក្រុងសូអារ)
9បានចេញទៅធ្វើសង្គ្រាមតទល់នឹងព្រះបាទកេដូឡោមើរជាស្ដេចរបស់ទឹកដីអេឡាំ ព្រះបាទធីដាលជាស្ដេចទឹកដីកូយីម ព្រះបាទអាំរ៉ាផែលជាស្ដេចរបស់ទឹកដីស៊ីណើរ និងព្រះបាទអើរយ៉ុកជាស្ដេចរបស់ទឹកដីអេឡាសារ គឺស្ដេចបួនអង្គតទល់នឹងស្ដេចប្រាំអង្គ។
10ឥឡូវនេះ នៅជ្រលងភ្នំស៊ីឌីមពេញទៅដោយអណ្តូងប្រេងជាច្រើន ហើយស្តេចក្រុងសូដុម និងក្រុងកូម៉ូរ៉ា បានរត់ ហើយពូកគេបានធ្លាក់ទៅក្នុងអណ្តូងនោះ។ ហើយពួកអ្នកដែលនៅសល់បានរត់ទៅតាមភ្នំផ្សេងៗ។
11ដូច្នេះ ពួកសត្រូវបានយករបស់របនៅក្រុងសូដុម និងក្រុងកូម៉ូរ៉ាទាំងអស់ ព្រមទាំងទ្រព្យសម្បតិ្តរបស់ពួកគេទៅជាមួយដែរ។
12នៅពេលពួកគេនាំចេញទៅ ពួកគេបាននាំលោកឡុត ក្មួយរបស់លោកអាប់រ៉ាមដែលរស់នៅក្នុងក្រុងសូដុមទៅជាមួយដែរ រួមទាំងទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ផងដែរ។
13មានម្នាក់ដែលបានគេចរួចបានមកប្រាប់លោកអាប់រ៉ាមជាជនជាតិហេព្រើរ។ លោករស់នៅក្បែរដើមជ្រៃដែលជាកម្មសិទ្ធិរបស់លោកម៉ាមរ៉េជាជនជាតិអាម៉ូរី ដែលត្រូវជាបងប្អូនរបស់លោកអែសកុល និងលោកអាន់នើរ ដែលជាសម្ពន្ធមិត្តរបស់លោកអាប់រ៉ាម។
14នៅពេលនេះ លោកអាប់រ៉ាមបានឮថា ពួកសត្រូវបានចាប់យកសាច់ញាតិរបស់គាត់ លោកបាននាំអ្នកបម្រើដែលកើតនៅក្នុងផ្ទះរបស់គាត់ ដែលគាត់បានបង្វឹកចំនួន៣១៨នាក់ ហើយគាត់បានដេញតាមពួកគេរហូតដល់ក្រុងដាន់។
15គាត់បានបែងចែកគ្នារបស់គាត់ដើម្បីប្រយុទ្ធជាមួយពួកគេនៅពេលយប់ ហើយបានវាយលុកពួកគេ និងដេញតាមពួកគេរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។
16បន្ទាប់មក គាត់បាននាំទ្រព្យសម្បត្តិទាំងអស់ ហើយបាននាំលោកឡុតដែលជាសាច់ញាតិរបស់គាត់ ព្រមទាំងរបស់របរ រួមទាំងភរិយា និងអ្នកផ្សេងទៀតផងដែរ។
17បន្ទាប់ពីលោកអាប់រ៉ាមបានត្រឡប់ពីវាយលុកព្រះបាទកេដូឡោមើរ និងស្ដេចទាំងឡាយដែលនៅជាមួយរួចមក ស្ដេចក្រុងសូដុមក៏ចេញមកទទួលគាត់នៅជ្រលងភ្នំសាវេ (ដែលហៅថាជ្រលងភ្នំហ្លួងផងដែរ)។
18ព្រះបាទម៉ិលគីស្សាដែកជាស្តេចនៅក្រុងសាឡិម បានឲ្យគេយកនំប៉័ង និងស្រាទំពាំងបាយជូរមកជូនលោកអាប់រ៉ាម។ គាត់គឺជាមហាបូជាចារ្យរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត។
19គាត់បានឲ្យពរដល់លោកដោយថ្លែងថា៖ «សូមព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ជាព្រះដែលបានបង្កើតស្ថានសួគ៌ និងផែនដី បានប្រទានពរដល់លោកអាប់រ៉ាម។
20សូមព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោក ប្រទានពរដល់លោក»។ បន្ទាប់មក លោកអាប់រ៉ាមបានថ្វាយមួយភាគដប់ដល់ស្តេចពីអ្វីៗទាំងអស់។
21ស្តេចក្រុងសូដុមមានបន្ទូលទៅលោកអាប់រ៉ាមថា៖ «ចូរប្រគល់មនុស្សមកឲ្យយើងវិញ ហើយយកទ្រព្យសម្បត្តិសម្រាប់លោកទៅចុះ»។
22លោកអាប់រ៉ាមទូលទៅស្តេចក្រុងសូដុមថា៖ «ទូលបង្គំសូមលើកដៃរបស់ទូលបង្គំនៅចំពោះព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះដែលបានបង្កើតស្ថានសួគ៌ និងផែនដីថា
23ទូលបង្គំនឹងមិនយកអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយ ឬអ្វីៗដែលជាសម្បត្តិរបស់ព្រះករុណាសោះឡើយ ដើម្បីកុំឲ្យព្រះករុណាមានបន្ទូលថា៖ «យើងបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន»។
24ទូលបង្គំនឹងមិនយកអ្វីឡើយ លើកលែងតែអ្វីៗដែលសម្រាប់យុវជនហូប ហើយចែករំលែកជាមួយអ្នកដែលទៅជាមួយទូលបង្គំប៉ុណ្ណោះបានហើយ សូមឲ្យលោកអាន់នើរ លោកអេសកុល និងលោកម៉ាមរ៉េបានយកចំណែករបស់ពួកគេផង»។