1ដូច្នេះ លោកអាប់រ៉ាមបានចេញពីអេស៊ីប ហើយធ្វើដំណើរទៅណេកិប ជាមួយភរិយា និងអ្វីៗទាំងអស់ដែលគាត់មាន។ លោកឡុតក៏ទៅជាមួយពួកគេដែរ។
2លោកអាប់រ៉ាមមានហ្វូងសត្វ ប្រាក់ និងមាសជាច្រើន។
3គាត់បានបន្តធ្វើដំណើរពីណេកិតទៅបេតអែល ទៅកន្លែងដែលគាត់បានសង់ត្រសាលកាលពីមុន នៅចន្លោះបេតអែល និងក្រុងអៃ។
4គាត់បានទៅដល់កន្លែងដែលមានអាសនៈ ដែលគាត់បានសង់ពីមុន។ នៅទីនេះ គាត់អំពាវនាវព្រះនាមព្រះជាម្ចាស់។
5លោកឡុតបានធ្វើដំណើរជាមួយលោកអាប់រ៉ាម គាត់មានហ្វូងសត្វ ហ្វូងចៀម ហ្វូងគោ និងមានត្រសាលជាច្រើនដែរ។
6ទឹកដីនោះមិនអាចផ្គត់ផ្គង់ពួកគេទាំងពីរនាក់ឲ្យរស់នៅជាមួយគ្នាបានទេ ដោយសារពួកគេមានទ្រព្យសម្បត្តិយ៉ាងច្រើន ដូច្នេះ ពួកគេមិនអាចនៅជាមួយគ្នាបានទេ។
7ក៏មានជម្លោះរវាងអ្នកគង្វាលសត្វរបស់លោកអាប់រ៉ាម និងអ្នកគង្វាលសត្វរបស់លោកឡុត។ ជនជាតិកាណាន និងជនជាតិពេរិស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។
8ដូច្នេះ លោកអាប់រ៉ាមនិយាយទៅកាន់លោកឡុតថា៖ «កុំឲ្យមានជម្លោះរវាងឯងនិងអ៊ំ និងអ្នកគង្វាលសត្វរបស់ឯង និងអ្នកគង្វាលសត្វរបស់អ៊ំដែរ ព្រោះយើងជាគ្រួសារតែមួយទេ។
9តើទឹកដីនៅខាងមុខឯងទាំងអស់នេះ មិនមែនជារបស់ឯងទេឬអី? ចូរទៅចុះ ហើយយើងបែកផ្លូវគ្នាចុះ។ ប្រសិនបើ ឯងទៅខាងឆ្វេង អ៊ំនឹងទៅខាងស្តាំ។ ឬ ប្រសិនបើ ឯងទៅខាងស្តាំ អ៊ំនឹងទៅខាងឆ្វេង»។
10ដូច្នេះ លោកឡុតក៏សម្លឹងមើលជុំវិញ ហើយគាត់បានឃើញទឹកដីទាំងអស់នៅវាលទន្លេយ័រដាន់មានទឹកច្រើនល្អ រហូតដល់ក្រុងសូអារ ស្អាតដូចជាសួនរបស់ព្រះអម្ចាស់ ដូចជាទឹកដីរបស់អេស៊ីប។ ការនេះ នៅមុនព្រះអម្ចាស់បំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
11ដូច្នេះ លោកឡុតក៏ជ្រើសរើសវាលរបស់ទន្លេយ័រដាន់ ហើយបានធ្វើដំណើរទៅភាគខាងកើត ហើយពួកគេបានបែកខ្ញែកពីសាច់ញាតិរបស់ពួកគេ។
12លោកអាប់រ៉ាមបានរស់នៅក្នុងទឹកដីកាណាន ហើយលោកឡុតរស់នៅក្នុងចំណោមទីក្រុងដែលមានវាលទំនាប។ គាត់បានសង់ត្រសាលនៅពេលដែលគាត់មកដល់ក្រុងសូដុម។
13មនុស្សនៅក្នុងក្រុងសូដុមជាមនុស្សបាប អាក្រក់ជាខ្លាំងទាស់នឹងព្រះអម្ចាស់។
14ព្រះអម្ចាស់មានបន្ទូលទៅកាន់លោកអាប់រ៉ាម បន្ទាប់ពីលោកឡុតចេញពីគាត់ «ចូរមើលពីកន្លែងដែលអ្នកឈរនេះ ទៅជើង ទៅត្បូង ទៅកើត និងទៅលិច។
15ទឹកដីទាំងអស់ដែលអ្នកឃើញ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នករហូតតទៅ។
16យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានចម្រើនឡើងដូចជាធូលីនៅលើផែនដី ប្រសិនបើ មនុស្សអាចរាប់ធូលីដីបាន នោះគេក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។
17ចូរក្រោកឡើង ចូរដើរឲ្យពេញទឹកដីនេះ ដ្បិត យើងបានប្រគល់ឲ្យអ្នកហើយ»។
18ដូច្នេះ លោកអាប់រ៉ាមបានដំឡើងត្រសាលរបស់គាត់ ហើយមករស់នៅជិតដើមជ្រៃរបស់លោកម៉ាមរ៉េ ដែលនៅក្រុងហេប្រុន ហើយបានសង់កន្លែងថ្វាយតង្វាយថ្វាយដល់ព្រះអម្ចាស់នៅទីនោះ។