ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លោកុប្បត្តិ 12

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់មានបន្ទូលទៅលោកអាប់រ៉ាមថា៖ «ចូរចេញពីប្រទេស ពីសាច់ញាតិ និងពីគ្រួសាររបស់អ្នក ទៅកាន់ទឹកដីដែលយើងបានបង្ហាញដល់អ្នក។
2យើងនឹងធ្វើឲ្យអ្នកត្រឡប់ទៅជាប្រទេសមួយដ៏ធំ ហើយយើងនឹងប្រទានពរដល់អ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ព្រមទាំងឲ្យអ្នកបានត្រឡប់ទៅជាពរដល់អ្នកដទៃ។
3យើងនឹងឲ្យពរដល់អស់អ្នកដែលឲ្យពរដល់អ្នក ប៉ុន្តែ អស់អ្នកណាដែលមើលងាយដល់អ្នក យើងនឹងដាក់បណ្តាសាដល់អ្នកនោះវិញ។ គ្រួសារទាំងអស់ដែលនៅផែនដីនឹងបានពរតាមរយៈអ្នក»។
4ដូច្នេះ លោកអាប់រ៉ាមបានចេញទៅ តាមដែលព្រះអម្ចាស់បង្គាប់ដល់គាត់ឲ្យធ្វើ ហើយលោកឡុតបានទៅជាមួយគាត់ដែរ។ លោកអាប់រ៉ាមមានអាយុចិតសិបប្រាំ ពេលគាត់ចេញពីហារ៉ាន។
5លោកអាប់រ៉ាមបានយកនាងសារ៉ាយជាភរិយាររបស់គាត់ និងលោកឡុត ក្មួយប្រុសរបស់គាត់ និងទ្រព្យសម្បតិ្តទាំងអស់ដែលពួកគេមាន ហើយនិងទាសករដែលពួកគេបានទិញនៅក្នុងទឹកដីហារ៉ាន។ ពួកគេបានចាកចេញ ដើម្បីធ្វើដំណើរទៅទឹកដីកាណាន ហើយបានមកដល់ទឹកដីរបស់កាណាន។
6លោកអាប់រ៉ាមបានឆ្លងកាត់ទឹកដីកាណានមកដល់ ស៊ីគែម នៅត្រង់ដើមដើម​ជ្រៃ​របស់​លោក​​ម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ទឹកដីដែលគេរស់នៅ។
7ព្រះអម្ចាស់បានយាងមកឲ្យលោកអាប់រា៉ាមឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ទឹកដីនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអាប់រ៉ាមបានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ដែលបានយាងមកឲ្យគាត់ឃើញ។
8គាត់បានចាកចេញពីទីនោះទៅប្រទេសដែលមានភ្នំគឺភាគខាងកើតនៃបេតអែល គាត់បានសង់ត្រសាលរបស់គាត់នៅទីនោះ បេតអែលនៅ​ខាង​លិចគឺ​នៅចន្លោះ នឹង​ក្រុង​អៃ ដែល​នៅ​ខាង​កើត។ គាត់បានសង់អាសនៈថ្វាយព្រះអម្ចាស់ ហើយអំពាវនាវរកព្រះនាមព្រះរបស់ព្រះអម្ចាស់នៅទីនោះ។
9បន្ទាប់មក លោកអាប់រ៉ាមបានបន្តដំណើរ ឆ្ពោះទៅក្នុងក្រុង​ណេកិប។
10នៅពេលនោះ មានគ្រោះទុរភិក្សកើតឡើងនៅក្នុងទឹកដីរបស់គាត់ ដូច្នេះ លោកអាប់រ៉ាមបានចុះទៅរស់នៅអេស៊ីប ដ្បិត មានគ្រោះទុរភិក្សយ៉ាងខ្លាំងកើតឡើងនៅក្នុងទឹកដីរបស់គាត់។
11នៅពេលគាត់ជិតចូលទៅក្នុងទឹកដីរបស់អេស៊ីបហើយ គាត់បាននិយាយទៅកាន់សារ៉ាយភរិយារបស់គាត់ថា៖ «មើល៍ បងដឹងថា អូនជាស្រីម្នាក់ដែលស្អាត។
12នៅពេលជនជាតិអេស៊ីបឃើញអូន ពួកគេនឹងនិយាយថា នេះជាភរិយារបស់គាត់ ហើយគេនឹងសម្លាប់បងហើយ តែគេនឹងទុកឲ្យអូនរស់វិញ។
13ចូរនិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យពួកគេបានធ្វើល្អជាមួយបងដោយសារអូន ហើយអូនបានការពារជីវិតបងផងដែរ»។
14នៅពេលលោកអាប់រ៉ាមបានចូលទៅក្នុងទឹកដីអេស៊ីប ជនជាតិអេស៊ីបបានឃើញថា នាងសារ៉ាយស្អាតខ្លាំងណាស់។
15ពួកមន្ត្រីរបស់ស្តេចផារោនបានឃើញនាង ហើយបានសរសើរនាងចំពោះស្តេចផារោន ហើយគេបាននាំនាងទៅក្នុងដំណាក់របស់ស្តេចផារោន។
16ស្តេចផារោនបានប្រព្រឹត្តជាមួយលោកអាប់រ៉ាមយ៉ាងល្អដោយព្រោះនាង ហើយបានប្រទានចៀម គោ និងសត្វលាឈ្មោលៗ អ្នកបម្រើទាំងប្រុស និងអ្នកបម្រើស្រី សត្វលាញីៗ និងសត្វអូដ្ឋជាច្រើនផង។
17បន្ទាប់មក ព្រះអម្ចាស់បានធ្វើឲ្យស្តេចផារោន និងញាតិ្តវង្សរបស់ស្តេចជួបគ្រោះកាចយ៉ាងខ្លាំង ដោយសារនាងសារ៉ាយ ភរិយារបស់អាប់រ៉ាម។
18ស្តេចផារោនបានកោះហៅលោកអាប់រ៉ាម ហើយមានបន្ទូលថា៖ «ហេតុអ្វីបានជាអ្នកធ្វើចំពោះយើងយ៉ាងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនប្រាប់យើងថានាងជាភរិយារបស់អ្នក?
19ហេតុអ្វីបានជាអ្នកនិយាយថានាងជាប្អូនស្រីរបស់អ្នកទៅវិញ ធ្វើឲ្យយើងយកនាងទៅជាមហេសីរបស់យើងដូច្នេះ? ឥឡូវនេះ មើល៍ នេះ ភរិយារបស់អ្នក។ ចូរយកនាង ហើយចេញទៅ?»។
20បន្ទាប់មក ស្តេចផារោនបានបង្គាប់ដល់ពួកប្រុសៗរបស់ព្រះអង្គទាំងអស់ទាក់ទងនឹងលោក ហើយពួកគេបានចាត់លោកឲ្យទៅ ជាមួយភរិយារបស់លោក និងជាមួយអ្វីៗទាំងអស់ដែលគាត់មាន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។