ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លោកុប្បត្តិ 11

Read Scripture freely. Divine Threads study for this chapter is coming later.

1ឥឡូវនេះ ផែនដីទាំងមូលបានប្រើភាសាតែមួយ ហើយមានសំដីតែមួយ។
2ក្នុងការដែលពួកគេធ្វើដំណើរឆ្ពោះទៅប៉ែកខាងកើតនោះ ពួកគេបានជួបទីវាលរាបមួយនៅក្នុងទឹកដីស៊ី‌ណើរ ហើយពួកគេក៏តាំងលំនៅនៅទីនោះ។​
3ពួកគេបាននិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «មក ចូរយើងធ្វើឥដ្ឋ ហើយដុតវា»។ ពួកគេមានដីឥដ្ឋជំនួសឲ្យថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយ‌អ។
4ពួកគេនិយាយថា៖ «ចូរមក តោះយើងសង់ទីក្រុងមួយ និងប៉មមួយសម្រាប់ខ្លួនយើង ដែលមានកំពូលរហូតដល់មេឃ ហើយយើងធ្វើវាដើម្បីកេរ្តិ៍ឈ្មោះពួកយើង។ ប្រសិនបើ យើងមិនធ្វើទេ​យើងនឹងបែកខ្ញែកគ្នាទៅពេញផ្ទៃនៃផែនដីទាំងមូលហើយ»។
5ដូច្នេះ ព្រះអម្ចាស់បានយាងចុះមក ដើម្បីទតមើលទីក្រុង ហើយនិងប៉មដែលកូនចៅរបស់លោកអាដាំបានសង់។
6ព្រះអម្ចាស់មានបន្ទូលថា៖ «មើល៍ ពួកគេជាមនុស្សតែមួយ ជាមួយនឹងភាសាតែមួយ ហើយពួកគេចាប់ផ្តើមធ្វើការនេះ គ្មានអ្វីអាចហាមពីបំណងចិត្តដែលពួកគេចង់ធ្វើបានឡើយ។
7មក ចូរយើងចុះទៅ ហើយបំភាន់ភាសារបស់ពួកគេ ដើម្បីកុំឲ្យពួកគេយល់គ្នាទៅវិញទៅមកបានឡើយ»។
8ដូច្នេះ ព្រះអម្ចាស់បានបំបែកពួកគេចេញពីផ្ទៃនៃផែនដីទាំងមូល ហើយពួកគេបានឈប់សង់ទីក្រុងនោះទៀយ។
9ហេតុដូច្នេះហើយ គេបានហៅទីក្រុងនោះថា បាបិល ព្រោះ ព្រះអម្ចាស់បានបំភាន់ភាសានៅលើផែនដីទាំងមូល ហើយព្រះអម្ចាស់បានបំបែកពួកគេពីទីនោះឲ្យបែកខ្ញែកទៅពេញផ្ទៃនៃផែនដីទាំងមូល។
10អ្នកទាំងនេះគឺជាពូជពង្សរបស់លោកសិម។ លោកសិមមានអាយុមួយរយឆ្នាំ ហើយក្រោយទឹកជំនន់ពីរឆ្នាំ គាត់មានកូនប្រុសមួយឈ្មោះអើប៉ាក់‌សាឌ ។
11លោកសិមរស់បានប្រាំរយឆ្នាំ បន្ទាប់មកគាត់បង្កើតបានលោកអើប៉ាក់‌សាឌ។ គាត់ក៏មានកូនប្រុស និងកូនស្រីជាច្រើនទៀតដែរ។
12ពេលលោកអើប៉ាក់‌សាឌរស់បានសាមសិបឆ្នាំ គាត់បង្កើតបានសេឡា។
13លោកអើប៉ាក់សាឌរស់បាន៤០៣ឆ្នាំ បន្ទាប់ពីគាត់បង្កើតបានលោកសេឡារួចហើយ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតដែរ។
14លោកសេឡារស់បានសាមសិបឆ្នាំ គាត់បង្កើតបានហេប៊ើរ។
15លោកសេឡារបស់បាន៤០៣ឆ្នាំ បន្ទាប់ពីគាត់បង្កើតបានលោកហេប៊ើរ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។
16លោកហេប៊ើរស់បានសាមសិបបួនឆ្នាំ គាត់បង្កើតបានផាលេក។
17បន្ទាប់ពីលោកហេប៊ើររស់បាន៤៣០ឆ្នាំ គាត់បង្កើតបានផាលេក។ គាត់បង្កើតបានកូនប្រុស​ និងកូនស្រីជាច្រើនទៀតផងដែរ។
18លោកផាលេករស់បានសាមសិបឆ្នាំ គាត់បង្កើតបានរេហ៊ូវ។
19លោកផាលេករស់បាន២០៩ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតលោករេហ៊ូវ។ គាត់បានបង្កើតកូនប្រុស និងកូនស្រីជាច្រើនទៀត។
20លោករេហ៊ូវរស់បានសាមសិបពីរឆ្នាំ គាត់បង្កើតបានសេរូក។
21លោករេហ៊ូវរស់បាន២០៧ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតបានលោកសេរូក។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។
22លោករេហ៊ូវរស់បានសាមសិបឆ្នាំ គាត់បង្កើតបានណាឃរ។
23លោករេហ៊ូវរស់បានពីររយឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតបានលោកណាឃរ។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។
24លោកណាឃររស់បានម្ភៃប្រាំបួនឆ្នាំ​ គាត់បង្កើតបានថេរ៉ា។
25លោកណាឃររស់បាន១១៩ឆ្នាំទៀត បន្ទាប់ពីគាត់បង្កើតលោកថេរ៉ា។ គាត់ក៏បង្កើតបានកូនប្រុស និងកូនស្រីជាច្រើនទៀតផងដែរ។
26បន្ទាប់មក លោកថេរ៉ារបស់បានចិតសិបឆ្នាំទៀត គាត់​បង្កើត​បាន​អាប់រ៉ាម ណាឃរ និង​ហារ៉ាន។
27ហើយនេះគឺជាពូជពង្សរបស់លោកថេរ៉ា។ លោកថេរ៉ាបង្កើតបានលោកអាប់រ៉ាម លោកណាឃរ និងលោកហារ៉ាន ហើយលោកហារ៉ានបង្កើតបានឡុត។
28លោកហារ៉ានបានស្លាប់នៅចំពោះមុខថេរ៉ាជាឪពុករបស់គាត់ នៅក្នុងទឹកដីកំណើតរបស់គាត់ នៅក្នុង​ក្រុង​អ៊ើរ​នៃ​ទឹកដី​ខាល់ដេ។
29លោកអាប់រ៉ាម និងលោកណាឃរបានរៀបការ។ ភរិយារបស់លោកអាប់រ៉ាមឈ្មោះនាងសារ៉ាយ ហើយភរិយារបស់លោកណាឃរឈ្មោះនាងមីលកា ត្រូវជាកូនស្រីរបស់លោកហារ៉ាន ដែលជាឪពុករបស់មីលកា និង​យីសកា។
30នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ។
31លោកថេរ៉ាបាននាំលោកអាប់រ៉ាមកូនប្រុសរបស់គាត់ លោកឡុតត្រូវជាកូនប្រុសរបស់កូនប្រុសគាត់គឺលោកហារ៉ាន ហើយពួកគេបានចេញទៅពីក្រុងអ៊ើនៃទឹកដីខាល់ដេ ទៅក្នុងទឹកដីកាណាន។ ប៉ុន្តែ ពួកគេបានទៅហារ៉ាន ហើយស្នាក់នៅទីនោះ។
32លោកថេរ៉ារស់នៅបាន២០៥ឆ្នាំ ហើយបន្ទាប់គាត់ក៏បានស្លាប់នៅក្នុងក្រុងហារ៉ាន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។