1ព្រះគ្រិស្តបានរំដោះយើងរាល់គ្នាឲ្យមានសេរីភាពហើយ។ ដូច្នេះ ចូរឈរមាំមួន ហើយកុំបណ្តាយខ្លួន ឲ្យស្ថិតក្រោមការត្រួតត្រារបស់នឹមទាសករទៀត។
2មើល៍ ខ្ញុំ ប៉ូលជម្រាបប្រាប់បងប្អូនថា បើបងប្អូននៅតែទទួលពិធីកាត់ស្បែក នោះព្រះគ្រិស្តគ្មានប្រយោជន៍អ្វីចំពោះបងប្អូនឡើយ។
3ខ្ញុំធ្វើសក្ខីភាពម្តងទៀតប្រាប់បុរសគ្រប់រូប ដែលចង់ទទួលពិធីកាត់ស្បែក អ្នកនោះត្រូវគោរពតាមក្រឹត្យវិន័យទាំងស្រុងផង។
4បងប្អូនណាដែលចង់បានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យ អ្នកនោះបានដាច់ចេញពីព្រះគ្រិស្ត និងដាច់ចេញពីព្រះគុណព្រះជាម្ចាស់ហើយ។
5តាមរយៈព្រះវិញ្ញាណ យើងទន្ទឹងរង់ចាំសេចក្តីសង្ឃឹមពិតប្រាកដថា ព្រះជាម្ចាស់នឹងប្រោសយើងឲ្យបានសុចរិត ដោយសារជំនឿ។
6នៅក្នុងព្រះគ្រិស្តយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកគ្មានន័យអ្វីសោះឡើយ មានតែជំនឿនាំយើងឲ្យធ្វើការល្អផ្សេងៗ ដោយក្តីស្រឡាញ់ប៉ុណ្ណោះទើបសំខាន់។
7បងប្អូនចាប់ផ្តើមជំនឿបានល្អណាស់។ តើនរណារារាំងបងប្អូនមិនឲ្យស្តាប់បង្គាប់សេចក្តីពិតនោះ?
8ព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូនមក ពុំបានបញ្ចុះបញ្ចូលបងប្អូនឡើយ!
9មេម្សៅតែបន្តិច អាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន។
10ខ្ញុំមានជំនឿចិត្តលើព្រះអម្ចាស់ថា បងប្អូននឹងមិនបែកគំនិតទៅតាមអ្នកផ្សេងឡើយ។ អ្នកណាដែលនាំរឿងដល់បងប្អូន ទោះជានរណាក៏ដោយ មុខជាទទួលទោស។
11បងប្អូនអើយ ប្រសិនបើ ខ្ញុំនៅតែប្រកាសអំពីការកាត់ស្បែក ចុះហេតុអ្វីបានជាខ្ញុំ ត្រូវគេបៀតបៀនដដែល? នៅត្រង់ចំណុចនេះ ពួកគេលែងរវាតចិត្តទៀតឡើយ។
12អ្នកណាដែលធ្វើឲ្យបងប្អូនវឹកវរ ខ្ញុំចង់ឲ្យអ្នកនោះក្រៀវខ្លួនឯងទៅ!
13ដ្បិត ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ឲ្យមានសេរីភាព។ ប៉ុន្តែ កុំយកសេរីភាពនេះ ទៅធ្វើជាលេសដើម្បីរកឱកាស ប្រព្រឹត្តតាមនិស្ស័យលោកីយ៍ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមក ដោយចិត្តស្រឡាញ់។
14ដ្បិត ក្រឹត្យវិន័យទាំងមូលបានសម្រេចឡើងដោយពាក្យមួយឃ្លាថា ៖ «បងប្អូនត្រូវស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯងដែរ»។
15ក៏ប៉ុន្តែ បើបងប្អូននៅតែប្រខាំគ្នា និងហែកហួរគ្នាដូច្នេះ ចូរប្រយ័ត្នក្រែងលោបងប្អូនត្រូវវិនាសដោយសារគ្នាឯង។
16ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរដើរដោយវិញ្ញាណ នោះបងប្អូននឹងមិនបំពេញចិត្តលោភលន់ខាងនិស្ស័យលោកីយ៍ឡើយ។
17ដ្បិត ការបំពេញចិត្តលោភលន់ខាងនិស្ស័យលោកីយ៍ ទាស់ទទឹងនឹងព្រះវិញ្ញាណ ហើយការបំពេញចិត្តខាងព្រះវិញ្ញាណ ទាស់ទទឹងនឹងនិស្ស័យលោកីយ៍។ ដ្បិត ព្រះវិញ្ញាណ និងនិស្ស័យលោកីយតែងទាស់ទទឹងគ្នា ដូច្នេះ បងប្អូនមិនអាចធ្វើអ្វី ដែលបងប្អូនចង់ធ្វើបានឡើយ។
18ប៉ុន្តែ ប្រសិនបើព្រះវិញ្ញាណដឹកនាំបងប្អូន នោះបងប្អូនមិនស្ថិតនៅក្រោមអំណាចក្រឹត្យវិន័យទៀតទេ។
19យើងដឹងច្បាស់ណាស់ថា កិច្ចការខាងនិស្ស័យលោកីយ៍មានដូចជា អំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាមគុណថោកទាប
20ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែកគ្នា បាក់បែកគ្នា ច្រណែនគ្នា កំហឹងឃោរឃៅ ប្រកួតប្រជែងគ្នាប្រឆាំងគ្នា ប្រកាន់បក្សពួក
21ឈ្នានីសគ្នា ប្រមឹកស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតស្រដៀងការទាំងនេះដែរ។ ខ្ញុំព្រមានបងប្អូនថា មនុស្សដែលប្រព្រឹត្តអំពើទាំងនោះ ពួកគេនឹងមិនអាចទទួលព្រះរាជ្យព្រះជាម្ចាស់ទុកជាមរតកឡើយ។
22ប៉ុន្តែ ផលផ្លែនៃព្រះវិញ្ញាណវិញគឺ សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្ដោស មេត្តា ជំនឿ
23ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង។ គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះទេ ។
24អស់អ្នកណាដែលជាកម្មសិទ្ធិរបស់ព្រះគ្រិស្តយេស៊ូ បានឆ្កាងនិស្ស័យលោកីយ៍ រួមជាមួយតណ្ហា និងចិត្តលោភលន់រួចហើយ។
25ប្រសិនបើ យើងរស់នៅដោយព្រះវិញ្ញាណ ចូរយើងដើរដោយព្រះវិញ្ញាណដែរ។
26ចូរកុំឲ្យយើងអួតបំប៉ោង ការបង្ករឿងគ្នា និងឈ្នានីសគ្នាទៅវិញទៅមក។