1ខ្ញុំចង់ជម្រាបបងប្អូនថា ដរាបណាកូនដែលត្រូវទទួលមរតកនៅក្មេងនៅឡើយ នោះគ្មានអ្វីខុសពីអ្នកបម្រើទេ ទោះបីជាគាត់ជាម្ចាស់ទ្រព្បសម្បត្តិទាំងអស់ក៏ដោយ។
2ប៉ុន្តែ គាត់ត្រូវនៅក្រោមការមើលថែ និងការទទួលខុសត្រូវ រហូតដល់ពេលឪពុកកំណត់ឲ្យ។
3ដូចគ្នានេះដែរ ពេលណាយើងនៅក្មេងនៅឡើយ យើងជាអ្នកបម្រើរបស់មេគ្រប់គ្រងនៃលោកីយ៍នេះ។
4ប៉ុន្តែ ដល់ពេលពេញវ័យមកដល់ ព្រះជាម្ចាស់បានចាត់បញ្ជូនព្រះបុត្រាព្រះអង្គ ឲ្យមកប្រសូតចេញពីស្រ្តីនៅក្រោមអំណាចរបស់ក្រឹត្យវិន័យ។
5ទ្រង់បានប្រោសលោះ អស់អ្នកណាដែលស្ថិតនៅក្រោមក្រឹត្យវិន័យ ដើម្បីទទួលបានឋានៈជាបុត្រព្រះអង្គ។
6ព្រោះបងប្អូនជាបុត្ររបស់ព្រះជាម្ចាស់ នោះព្រះអង្គបានចាត់បញ្ជូនព្រះវិញ្ញាណរបស់ព្រះបុត្រា មកគង់ក្នុងចិត្តយើង ហើយយើងបន្លឺសំឡេងថា៖ «អប្បា ព្រះបិតា!»។
7ដូច្នេះ ឥឡូវនេះបងប្អូនលែងជាអ្នកបម្រើទៀតហើយ ប៉ុន្តែជាបុត្ររបស់ព្រះជាម្ចាស់វិញ ហើយប្រសិនបើបងប្អូនជាបុត្ររបស់ព្រះជាម្ចាស់មែន នោះបងប្អូននឹងទទួលមត៌កមកពីព្រះជាម្ចាស់ជាមិនខាន។
8កាលពីដើម បងប្អូនពុំទាន់បានស្គាល់ព្រះជាម្ចាស់នៅឡើយ បងប្អូនជាអ្នកបម្រើរបស់ព្រះនានា ដែលពុំមែនជាព្រះពិតប្រាកដទាល់តែសោះ។
9ប៉ុន្តែ ឥឡូវនេះ បងប្អូនបានស្គាល់ព្រះជាម្ចាស់ហើយ ឬគួរនិយាយថា ព្រះជាម្ចាស់បានស្គាល់បងប្អូន ហេតុអ្វីបានជាបងប្អូនវិលត្រឡប់ទៅរកមេគ្រប់គ្រងលោកីយ៍ ដែលទន់ខ្សោយ និងគ្មានបារមីដូច្នេះ? តើបងប្អូនរាល់គ្នាចង់ត្រឡប់ទៅធ្វើជាអ្នកបម្រើម្តងទៀតឬ?
10អ្នករាល់គ្នាគោរពថ្ងៃ ខែ រដូវ និងឆ្នាំនានា!
11ខ្ញុំបារម្ភថា កិច្ចការដែលខ្ញុំបំពេញជាមួយបងប្អូន ត្រឡប់ជាឥតបានការ។
12បងប្អូនអើយ ខ្ញុំសុំអង្វរបងប្អូនថា ចូរកាន់ចិត្តដូចខ្ញុំ ដ្បិតខ្ញុំបានកាន់ចិត្តដូចបងប្អូនដែរ។ បងប្អូនគ្មានបានធ្វើអ្វីខុសចំពោះខ្ញុំទេ។
13បងប្អូនបានជ្រាបស្រាប់ហើយថា ព្រោះខ្ញុំមានសុខភាពទន់ខ្សោយ ខ្ញុំបានប្រកាសដំណឹងល្អជាមួយបងប្អូនលើកទីមួយ។
14ទោះបីជំងឺខ្ញុំបណ្តាលឲ្យបងប្អូនលំបាកក៏ដោយ ក៏បងប្អូនពុំបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំឡើយ។ ផ្ទុយទៅវិញ បងប្អូនបានស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ ទុកដូចជាទេវតារបស់ព្រះជាម្ចាស់ ឬទទួលខ្ញុំដូចព្រះគ្រិស្តយេស៊ូដែរ។
15ឥឡូវនេះ តើបងប្អូនរាល់គ្នាបានទទួលព្រះពរមកពីខាងណា? ដ្បិត ខ្ញុំធ្វើសក្ខីភាពចំពោះមុខបងប្អូន ប្រសិនបើ បងប្អូនហ៊ានខ្វេះភ្នែកទាំងពីរ និងប្រគល់មកឲ្យខ្ញុំ។
16តើខ្ញុំក្លាយជាសត្រូវរបស់បងប្អូន ព្រោះតែខ្ញុំនិយាយសេចក្តីពិតប្រាប់បងប្អូនឬ?
17ពួកគេឧស្សាហ៍ខ្នះខ្នែងចង់បានបងប្អូន ប៉ុន្តែ គ្មានបំណងល្អទេ។ ពួកគេចង់បំបែកបងប្អូនពីយើង ដូច្នេះ បងប្អូននឹងឧស្សាហ៍ខ្នះខ្នែងចំពោះពួកគេវិញ។
18ជាការប្រពៃណាស់ ដែលបងប្អូនមានចិត្តឧស្សាហ៍ក្នុងគោលបំណងល្អ មិនត្រឹមតែពេលដែលខ្ញុំនៅជាមួយបងប្អូនឡើយ។
19កូនចៅរាល់គ្នាអើយ ខ្ញុំឈឺចាប់ក្នុងការបង្កើតអ្នករាល់គ្នាសារជាថ្មី រហូតទាល់តែព្រះគ្រិស្តកើតជារូបរាងក្នុងអ្នករាល់គ្នា។
20ពេលនេះ ខ្ញុំប្រាថ្នាចង់នៅជាមួយអ្នករាល់គ្នា និងនិយាយជាមួយបងប្អូនផ្ទាល់ ព្រោះខ្ញុំទ័លគំនិតមិនដឹងត្រូវសរសេរអ្វីទៅកាន់បងប្អូន។
21សូមប្រាប់ខ្ញុំមើល៍ មានបងប្អូនណាខ្លះប្រាថ្នាចង់ចុះចូលនឹងក្រឹត្យវិន័យ តើបងប្អូនយល់អំពីក្រឹត្យវិន័យដែរទេ?
22ដ្បិត មានសេចក្តីចែងទុកថា លោកអប្រាហាំមានកូនប្រុសពីរនាក់ កូនមួយជាកូនរបស់ស្រ្តីអ្នកងារ និងម្នាក់ទៀតជាកូនរបស់ស្រ្តីអ្នកជា។
23ប៉ុន្តែ កូនរបស់ស្រ្តីអ្នកងារកើតតាមរបៀបលោកីយ៍ ចំណែកឯកូនរបស់ស្រ្តីអ្នកជាកើតតាមព្រះបន្ទូលសន្យា។
24សេចក្តីទាំងនេះអាចជានិមិត្តរូបមួយដែរ ដ្បិត ស្រ្តីទាំងពីរនេះតំណាងឲ្យសម្ពន្ធមេត្រីពីរ។ មួយតំណាងសម្ពន្ធមេត្រីចងនៅភ្នំស៊ីណៃ ហើយនាងបង្កើតកូនជាអ្នកបម្រើ គឺនាងហាការ។
25ឥឡូវនេះ នាងហាការតំណាងភ្នំស៊ីណៃនៅស្រុកអារ៉ាប់ ជានិមិត្តរូបនៃក្រុងយេរូសាឡិមសព្វថ្ងៃ ហើយកូនរបស់នាងសុទ្ធតែជាកូនអ្នកងារ។
26តែក្រុងយេរូសាឡិមនៅស្ថានលើវិញ ជាកូនអ្នកជាដែលជាម្តាយរបស់យើង។
27ដ្បិត មានសេចក្តីចែងទុកមកថា៖ «នាងជាស្ត្រីអារ នាងជាស្ត្រីមិនបានបង្កើតកូនអើយ ចូរអរសប្បាយឡើង! នាងពុំធ្លាប់ឈឺផ្ទៃអើយ ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង! ដ្បិត កូនរបស់ស្ត្រីដែលប្ដីបោះបង់ចោលនោះ នឹងមានចំនួនច្រើនជាងកូនរបស់ស្ត្រី ដែលមានប្ដីទៅទៀត»។
28ប៉ុន្តែ បងប្អូនរាល់គ្នាអើយ បងប្អូនដូចជាលោកអ៊ីសាក ជាកូនកើតតាមព្រះបន្ទូលសន្យា។
29នៅពេលនោះ កូនកើតតាមរបៀបលោកីយ៍បៀតបៀន កូនកើតតាមព្រះវិញ្ញាណ។ ឥឡូវនេះក៏ដូចគ្នាដែរ។
30តើព្រះគម្ពីរមានចែងថាដូចម្តេច? គឺចែងថា ៖«ចូរបណ្តេញស្រ្តីអ្នកងារ និងកូនរបស់នាងចេញទៅ។ ដ្បិត កូនរបស់ស្រ្តីអ្នកងារនឹងមិនត្រូវទទួលមរតក រួមជាមួយកូនប្រុសរបស់ស្រ្តីអ្នកជាឡើយ»។
31ដូច្នេះ បងប្អូនអើយ យើងរាល់គ្នាពុំមែនជាកូនរបស់ស្រ្តីអ្នកងារទេ តែជាកូនរបស់ស្រ្តីអ្នកជាវិញ។