ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កាឡាទី 6

Read Scripture freely. Divine Threads study for this chapter is coming later.

1បងប្អូនអើយ បើគេតាមទាន់មនុស្សម្នាក់កំពុងតែប្រព្រឹត្តអំពើបាប បងប្អូនដែលមានព្រះវិញ្ញាណគួរកែតម្រង់អ្នកនោះឡើងវិញ ដោយចិត្តស្លូតបូត។ ចូរប្រយ័ត្នខ្លួនឯង ក្រែងលោបងប្អូនត្រូវរងការល្បួងដែរ។
2ចូរចែករំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើដូច្នេះ បងប្អូនបានបំពញេតាមក្រឹត្យវិន័យរបស់ព្រះគ្រិស្តហើយ។
3ដ្បិត បើមាននរណាម្នាក់គិតថា ខ្លួនឯងសំខាន់ជាងគេ តែឥតបានការសោះ អ្នកនោះបញ្ឆោតខ្លួនឯង។
4ម្នាក់ៗគួរពិចារណាមើលកិច្ចការខ្លួនឯងបានប្រព្រឹត្ត អ្នកនោះមានហេតុផលនឹងអួតពីខ្លួនឯង កុំទៅប្រៀបធៀបជាមួយអ្នកដទៃឲ្យសោះ។
5ដ្បិត គ្រប់គ្នានឹងទទួលខុសត្រូវកិច្ចការ ដែលខ្លួនបានប្រព្រឹត្តរួចមកហើយ។
6ម្នាក់ដែលទទួលការបង្រៀនខាងព្រះបន្ទូល ត្រូវយករបស់ល្អទាំងឡាយមួយចំណែក ចែកអ្នកដែលបង្រៀនខ្លួន។
7កុំបញ្ឆោតខ្លួនឯងឲ្យសោះ។ គ្មាននរណាម្នាក់បោកបញ្ឆោតព្រះជាម្ចាស់បានទេ ដ្បិតមនុស្សសាបព្រោះពូជណា គេនឹងប្រមូលផលពូជនោះឯង។
8ដ្បិតអ្នកណាសាបព្រោះពូជនិស្ស័យលោកីយ៍ នោះគេនឹងច្រូតបានផលជានិស្ស័យលោកីយ៍ ដែលតែងតែពុករលួយ។ ចំណែកឯ អ្នកណាដែលសាបព្រោះពូជព្រះវិញ្ញាណវិញ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច តាមរយៈព្រះវិញ្ញាណ។
9កុំឲ្យយើងរសាយចិត្តក្នុងការប្រព្រឹត្តអំពើល្អឡើយ ដ្បិត ដល់ពេលកំណត់ យើងនឹងបានប្រមូលផល ប្រសិនបើ យើងពុំបោះបង់ចោលទេ។
10ដូច្នេះ ប្រសិនបើយើងមានឱកាស ចូរប្រព្រឹត្តអំពើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់បងប្អូនរួមជំនឿយើង។
11ខ្ញុំបានសរសេរដោយផ្ទាល់ដៃមកកាន់បងប្អូន ជាអក្សរធំៗ។
12អស់អ្នកដែលចង់បានចំណាប់អារម្មណ៍ ខាងនិស្ស័យលោកីយ៍ ពួកគេព្យាយាមបង្ខំបងប្អូនឲ្យទទួលពិធីកាត់ស្បែក។ ពួកគេធ្វើដូច្នេះ ដើម្បីជៀសវាងការបៀតបៀនព្រោះតែឈើឆ្កាងព្រះគ្រិស្ត។
13ដ្បិត អ្នកទាំងដែលបានទទួលពិធីកាត់ស្បែក ក៏មិនបានប្រព្រឹត្តតាមក្រឹត្យវិន័យដែរ ប៉ុន្តែ ពួកគេចង់ឲ្យបងប្អូនកាត់ស្បែក ដូច្នេះ ពួកគេនឹងអួតថា ពួកគេបានកាត់ស្បែកឲ្យបងប្អូនតែប៉ុណ្ណោះ។
14ប៉ុន្តែ ខ្ញុំ​មិន​អួត​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូ​គ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង​ឡើយ ដោយសារ​ឈើ​ឆ្កាង​នេះ​អ្វីៗ​ក្នុង​ពិភព​លោក​លែង​​ទាក់​ទាម​នឹង​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​លែង​មាន​ទាក់​ទាម​អ្វី​នឹង​ពិភព​លោក​ទៀត​ដែរ​។
15ទោះកាត់ស្បែកក្តី មិនកាត់ស្បែកក្តី គ្មានអ្វីសំខាន់ទេ មានតែការកើកជាថ្មីប៉ុណ្ណោះទើបសំខាន់។
16អស់អ្នកដែលរស់ក្នុងជីវិតថ្មីនេះ សេចក្តីសុខសាន្ត និងសេចក្តីមេត្តារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយពួកគេ និងប្រជារាស្រ្តអ៊ីស្រាអែលផងដែរ។
17ចាប់ពីពេលនេះតទៅ សូម​កុំ​ឲ្យ​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ទៀត​ ដ្បិត​ខ្ញុំ​មាន​ស្លាកស្នាម​​របស់​ព្រះយេស៊ូ នៅ​ក្នុង​រូប​កាយ​ខ្ញុំ​ស្រាប់​ហើយ។
18សូម​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​នៃ​យើង ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បង​ប្អូន។ អាម៉ែន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។