1ឱបងប្អូនអ្នកស្រុកកាឡាទីអើយ ហេតុអ្វីបានបងប្អូនល្ងីល្ងើដូច្នេះ? តើបងប្អូនត្រូវអំពីរបស់នរណា? ពីមុនមក បងប្អូនបានដឹងច្បាស់ថា ព្រះយេស៊ូគ្រិស្តបានជាប់ឆ្កាង។
2ខ្ញុំចង់ដឹងតែការមួយពីបងប្អូនប៉ុណ្ណោះ តើបងប្អូនបានទទួលព្រះវិញ្ញាណ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយជឿលើដំណឹងល្អដែលបងប្អូនបានស្តាប់?
3តើបងប្អូនល្ងីល្ងើដល់កាលណាទៀត? បងប្អូនចាប់ផ្តើមជីវិតថ្មីដោយព្រះវិញ្ញាណ តើឥឡូវនេះបងប្អូនចង់បញ្ចប់ដោយតាមរបៀបលោកីយ៍ឬ?
4តើបងប្អូនរងទុក្ខលំបាកជាច្រើនជាអសារឥតការឬ? ទេ ពុំមែនអសារឥតការទេ។
5តើព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបងប្អូន និងធ្វើការអស្ចារ្យក្នុងចំណោមបងប្អូន ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬជឿលើដំណឹងល្អបងប្អូនបានស្តាប់?
6ដូចលោកអប្រាហាំ «ជឿព្រះជាម្ចាស់ ហើយព្រះអង្គបានប្រោសលោកឲ្យបានសុចរិត ដោយយល់ជំនឿនេះ»
7ដូចគ្នានេះដែរ សូមបងប្អូនយល់ថា អ្នកណាមានជំនឿ អ្នកនោះជាកូនចៅលោកអប្រាហំហើយ។
8ព្រះគម្ពីរប្រាប់យើងទុកជាមុនថា ព្រះជាម្ចាស់នឹងប្រោសសាសន៍ដទៃឲ្យបានសុចរិត ដោយសារជំនឿ ហើយដំបូងលោកអប្រាហាំបានទទួលដំណឹងល្អថា៖ «ជាតិសាសន៍ទាំងអស់នឹងបានទទួលពរដោយសារអ្នក»
9ដូច្នេះ អស់អ្នកដែលមានជំនឿនឹងបានទទួលព្រះពររួមជាមួយលោកអប្រាហាំ ដែលជាបិតានៃជំនឿ។
10អស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យ អ្នកនោះត្រូវបណ្តាសាហើយ ដូច្នេះមានសេចក្តីចែងទុកមកថា៖ «អ្នកណាមិនប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរវិន័យយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ»។
11ឥឡូវនេះ យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះព្រះជាម្ចាស់ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ព្រោះមនុស្សសុចរិតរស់នៅដោយពឹងលើជំនឿ។
12ប៉ុន្តែ ក្រឹត្យវិន័យខុសប្លែកពីជំនឿ ដ្បិតមានចែងទុកថា៖ «មនុស្សពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យ នឹងត្រូវរស់នៅតាមក្រឹត្យវិន័យ»។
13ព្រះគ្រិស្តបានប្រោសលោះយើងរាល់គ្នា ឲ្យរួចពីបណ្តាសារបស់ក្រឹត្យវិន័យ គឺទ្រង់ទទួលបណ្តាសាជំនួសយើង ដ្បិតមានចែងទុកមកថា៖ «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ»
14ដើម្បីឲ្យព្រះពររបស់លោកអប្រាហាំហូរទៅដល់សាសន៍ដទៃ ក្នុងព្រះគ្រិស្តយេស៊ូ ដូច្នេះ យើងទទួលព្រះវិញ្ញាណតាមសេចក្តីសន្យា ដោយសារជំនឿ។
15បងប្អូនអើយ ខ្ញុំសុំនិយាយតាមពាក្យមនុស្សប្រើប្រាស់។ កិច្ចសន្យាដែលមនុស្សបានតាក់តែងឡើងត្រឹមត្រូវហើយ គ្មាននរណាម្នាក់អាចលុបបំបាត់ ឬបន្ថែមអ្វីបានឡើយ។
16ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាជាមួយលោកអប្រាហាំ ព្រមទាំងពូជពង្សរបស់លោក។ ក្នុងគម្ពីរពុំបានចែងទុកមកថា៖ «ពូជពង្សទាំងឡាយ» ដែលសំដៅទៅលើពូជពង្សជាច្រើន ផ្ទុយទៅវិញ សំដៅទៅលើពូជពង្សតែមួយប៉ុណ្ណោះ «ពូជពង្សរបស់អ្នក» គឺព្រះគ្រិស្ត។
17ឥឡូវនេះ ខ្ញុំចង់ពន្យល់ថា៖ «ក្រឹត្យវិន័យកើតមានបួនរយសាមសិបឆ្នាំក្រោយមក ពុំបានលុបបំបាត់សម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានចងនោះឡើយ។
18ប្រសិនបើ ព្រះជាម្ចាស់ប្រទានមរតកមកមនុស្ស ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យ នោះបានសេចក្តីថា គេលែងទទួលមរតកតាមព្រះបន្ទូលសន្យាទៀតហើយ។ ប៉ុន្តែ ព្រះជាម្ចាស់ប្រទានមរតកមកលោកអប្រាហាំ តាមព្រះបន្ទូលសន្យា។
19ដូច្នេះ តើក្រឹត្យវិន័យមានគោលបំណងអ្វី? ក្រឹត្យវិន័យកើតមានតាមក្រោយ ដើម្បីបង្ហាញបទល្មើសរបស់មនុស្ស រហូតដល់ពូជពង្សរបស់លោកអប្រាហាំ ដែលត្រូវទទួលមត៌ក តាមព្រះបន្ទូលសន្យាមកដល់។ ពួកទេវតាបាននាំយកក្រឹត្យវិន័យមក ដោយមានមនុស្សម្នាក់ជួយអន្តរាគមន៍។
20ឥឡូវនេះ អ្នកជួយអន្តរាគមន៍ពុំមែនមានតែម្នាក់ទេ ប៉ុន្តែព្រះជាម្ចាស់មានតែមួយព្រះអង្គប៉ុណ្ណោះ។
21ដូច្នេះ តើក្រឹត្យវិន័យទាស់នឹងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ឬ? ទេ ពុំមែនទេ! ប្រសិនបើ ក្រឹត្យវិន័យដែលមនុស្សទទួលមក អាចប្រទានជីវិតបាន នោះមនុស្សបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យទៅហើយ។
22ប៉ុន្តែ ព្រះគម្ពីរចែងថា អ្វីៗទាំងអស់ស្ថិតនៅក្រោមអំណាចបាប។ ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីសង្រ្គោះយើងរាល់គ្នាតាមព្រះបន្ទូលសន្យា ដោយសារជំនឿលើព្រះយេស៊ូគ្រិស្ត បានប្រទានមកចំពោះអស់អ្នកណាដែលជឿព្រះអង្គ។
23មុនពេលមានជំនឿមកដល់ យើងនៅជាប់ឃុំក្រោមអំណាចរបស់ក្រឹត្យវិន័យ រហូតទាល់តែជំនឿបានបើកសម្តែងឡើង។
24ដូច្នេះ ក្រឹត្យវិន័យក្លាយជាអ្នកមើលថែយើង រហូតទាល់តែព្រះគ្រិស្តយាងមក ដើម្បីឲ្យយើងបានរាប់ជាសុចរិតដោយសារជំនឿ។
25ឥឡូវនេះ ជំនឿបានមកដល់ហើយ យើងលែងស្ថិតនៅក្រោមការមើលថែរបស់ក្រឹត្យវិន័យទៀតឡើយ។
26ដ្បិត បងប្អូនរាល់គ្នាជាបុត្ររបស់ព្រះជាម្ចាស់ ដោយសារជំនឿលើព្រះគ្រិស្តយេស៊ូ។
27ដ្បិត មានបងប្អូនជាច្រើនបានទទួលពិធីជ្រមុជទឹក ដើម្បីចូលរួមជាមួយព្រះគ្រិស្ត នោះបងប្អូនមានព្រះគ្រិស្តហើយ។
28គ្មានសាសន៍យូដា គ្មានសាសន៍ក្រិក គ្មានអ្នកជា គ្មានអ្នកងារ គ្មានស្រី គ្មានប្រុសទៀតឡើយ ព្រោះបងប្អូនទាំងអស់គ្នារួមគ្នាមកតែមួយក្នុងអង្គព្រះគ្រិស្តយេស៊ូ។
29បើបងប្អូនជារបស់ព្រះគ្រិស្ត នោះបងប្អូនរាល់គ្នាជាពូជពង្សរបស់លោកអប្រាហាំ ហើយនឹងទទួលមរតកតាមព្រះបន្ទូលជាក់ជាមិនខាន។