ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កាឡាទី 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិមម្តងទៀត ជាមួយលោកបារណាបាស ទាំងនាំយកលោកទីតុសទៅជាមួយខ្ញុំដែរ។
2ខ្ញុំឡើងទៅ ព្រោះខ្ញុំបានទទួលការបើកសម្តែងឲ្យទៅ និងមានបំណងចង់ជម្រាប់ប្រាប់បងប្អូននៅទីនោះ អំពីដំណឹងល្អដែលខ្ញុំបានប្រកាសជាមួយសាសន៍ដទៃ។ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់បងប្អូនជាអ្នកដឹកនាំ ដាច់ដោយឡែកពីគេដែរ ដើម្បីឲ្យប្រាកដថា កិច្ចការដែលខ្ញុំកំពុងធ្វើ ឬបានធ្វើរួចហើយ ត្រឡប់ទៅជាអសារឥតការឡើយ។
3លោកទីតុសដែលទៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្តី ក៏គេមិនបង្ខំគាត់ ឲ្យទទួលការកាត់ស្បែកឡើយ។
4មានពួកបងប្អូនក្លែងក្លាយខ្លះ បានបន្លំខ្លួនជ្រៀតចូលមក ដើម្បីឈ្លបមើលសេរីភាព ដែលយើងមាននៅក្នុងព្រះគ្រិស្តយេស៊ូ។ ពួកគេមានបំណងចង់ឲ្យយើងក្លាយជាទាសករ
5ប៉ុន្តែយើងមិនព្រមធ្វើតាមពួកគេឡើយ សូម្បីតែមួយភ្លែត ដូច្នេះសេចក្តីពិតនៃដំណឹងល្អនឹងស្ថិតនៅជាប់ជាមួយអ្នករាល់គ្នារហូត។
6ប៉ុន្តែ ចំពោះបងប្អូនដែលគេចាត់ទុកជាអ្នកដឹកនាំវិញ (ទោះបីជាមានឋានៈអ្វីក៏ដោយ ក៏ខ្ញុំមិនខ្វល់ដែរ ព្រោះព្រះជាម្ចាស់ពុំបានរើសនរណាឡើយ) អស់អ្នកដែលគេចាត់ទុកជាអ្នកដឹកនាំ គ្មានអ្វីសំខាន់ចំពោះរូបខ្ញុំឡើយ)។
7ផ្ទុយទៅវិញគេឃើញថា ព្រះជាម្ចាស់បានប្រគល់មុខងារប្រកាសដំណឹងល្អ ទៅពួកមិនកាត់ស្បែក ដូចជាព្រះជាម្ចាស់ប្រទានមុខងារប្រកាសដំណឹងល្អ ទៅពួកកាត់ស្បែកឲ្យលោកពេត្រុសផងដែរ។
8ដ្បិតព្រះជាម្ចាស់ដែលបានប្រទានឲ្យលោកពេត្រុស​មាន​មុខងារជាសាវកប្រកាសដំណឹងល្អ ទៅពួកកាត់ពួកកាត់ស្បែកយ៉ាងណា នោះក៏ព្រះជាម្ចាស់បានប្រគល់មុខងារជាសាវកឲ្យខ្ញុំ ទៅប្រកាសដំណឹងល្អដល់សាសន៍ដទៃយ៉ាងនោះដែរ។
9កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហានដែលត្រូវគេទទួលស្គាល់ថា ជាសរសរទ្រូងរបស់ក្រុមជំនុំ ហើយទទួលស្គាល់ព្រះគុណ ដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំ ដូច្នេះ ពួកគេបានប្រគល់ដៃស្តាំនៃសម្ពន្ធភាពជាមួយលោកបារណាបាស មកឲ្យខ្ញុំ។ ពួកគេធ្វើដូច្នេះ ទុកជាសញ្ញាថា យើងរួមគ្នាប្រកាសដំណឹងល្អទៅសាសន៍ដទៃ ហើយពួកលោករួមគ្នាប្រកាសដំណឹងល្អទៅពួកកាត់ស្បែក។
10ពួកគេគ្រាន់តែស្នើសុំឲ្យយើងចេះគិតគូរដល់ជនក្រីក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងធ្វើរួចទៅហើយ។
11ប៉ុន្តែ ពេលលោកកេផាសទៅដល់ក្រុងអន់ទីយ៉ូក ខ្ញុំបានជំទាស់លោកនៅមុខគេឯង ព្រោះតែលោកបានប្រព្រឹត្តខុស។
12មុនពេលមានមនុស្សខ្លះដែលលោកយ៉ាកុបបានចាត់បញ្ជូនមកដល់ លោកកេផាសបរិភោគជាមួយសាសន៍ដទៃ។ ប៉ុន្តែស្រាប់តែ ពេលអ្នកទាំងនោះមកដល់ លោកបែរជាឈប់បរិភោគ និងដកខ្លួនថយចេញពីសាសន៍ដទៃ។ គាត់ខ្លាចពួកកាត់ស្បែក។
13មានបងប្អូនយូដាឯទៀតៗក៏លាក់ពុតដូចជាលោកដែរ។ សូម្បីតែលោកបារណាបាស ត្រូវគេអូសទាញឲ្យចេះលាក់ពុតដែរ។
14ប៉ុន្តែពេលឃើញថា ពួកគេលែងប្រព្រឹត្តតាមសេចក្តីពិតនៃដំណឹងល្អ នោះខ្ញុំក៏និយាយទៅកាន់លោកកេផាសនៅមុខគេឯងទាំងអស់គ្នាថា៖ «បើសិនជាលោកជាសាសន៍យូដា លែងរស់នៅតាមរបៀបសាសន៍យូដាទៅហើយ ធ្វើម៉េចលោកអាចបង្ខំសាសន៍ដទៃ ឲ្យប្រព្រឹត្តតាមសាសន៍យូដាម្តេចកើត?»
15រីឯយើងរាល់គ្នាវិញ ជាសាសន៍យូដាតាំងពីកំណើត ពុំមែនជាមនុស្សមានបាបដូចសាសន៍ដទៃឡើយ
16ប៉ុន្តែ យើងដឹងហើយថា ព្រះជាម្ចាស់ពុំបានប្រោស នរណាម្នាក់ឲ្យបានសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ ផ្ទុយទៅវិញព្រះជាម្ចាស់បានប្រោសមនុស្សឲ្យបានសុចរិត ដោយសារជំនឿលើព្រះយេស៊ូគ្រិស្ត។ យើងជឿព្រះគ្រិស្តយេស៊ូ ដើម្បីឲ្យព្រះជាម្ចាស់ប្រោសយើងឲ្យបានសុចរិត ដោយសារជំនឿ ពុំមែនដោយសារប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។ ដ្បិត គ្មាននរណាម្នាក់បានសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យទេ។
17ប៉ុន្តែ ប្រសិនបើយើងចង់បានសុចរិតតាមរយៈព្រះគ្រិស្ត តែមើលឃើញខ្លួនឯងជាមនុស្សជាប់បាបទៅវិញ តើព្រះគ្រិស្តនាំឲ្យយើងមានបាប?
18ទេ ពុំមែនទេ! បើសិនជាខ្ញុំសង់អ្វីដែលខ្ញុំបំផ្លាញកាលពីមុនឡើងវិញ បានសេចក្តីថាខ្ញុំល្មើសក្រឹត្យវិន័យហើយ។
19ដោយសារក្រឹត្យវិន័យ ខ្ញុំបានរួចពីអំណាចក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំបានរស់នៅសម្រាប់ព្រះជាម្ចាស់វិញ។
20ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រិស្ត។ ខ្ញុំរស់នៅ ពុំមែនជាខ្ញុំទៀតទេ ប៉ុន្តែ ព្រះគ្រិស្តមានព្រះជន្មរស់ក្នុងរូបកាយខ្ញុំវិញ។ ខ្ញុំរស់នៅសព្វថ្ងៃនេះ ខ្ញុំរស់នៅដោយជំនឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលស្រឡាញ់ខ្ញុំ និងបូជាព្រះជន្មសម្រាប់ខ្ញុំ។
21ខ្ញុំមិនលុបបំបាត់ព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែ បើសិនមាននរណាម្នាក់បានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យ នោះបានសេចក្តីថា ព្រះគ្រិស្តសោយទិវង្គតជាអសារឥតការ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។