1កាលការទាំងនោះបានសម្រេចហើយ ពួកមេដឹកនាំបានប្រាប់ខ្ញុំថា «ប្រជាជនអ៊ីស្រាអែល ពួកបូជាចារ្យ និងពួកលេវី មិនបានញែកខ្លួនចេញពីជាតិសាសន៍នានា ដែលនៅក្នុងស្រុកនោះទេ គឺពួកគេប្រព្រឹត្តតាមអំពើគួរឲ្យស្អប់ខ្ពើមដូចជនជាតិទាំងនោះដែរ គឺមានជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ជនជាតិអេស៊ីប និងជនជាតិអាម៉ូរី។
2ដ្បិតពួកគេ និងកូនប្រុសរបស់ពួកគេ បានយកកូនស្រីរបស់ជនជាតិទាំងនោះមកធ្វើជាប្រពន្ធសម្រាប់ខ្លួនគេ ជាហេតុធ្វើឲ្យជនជាតិបរិសុទ្ធបានលាយឡំជាមួយជនជាតិនៅស្រុកនោះ ហើយពួកមេដឹកនាំ និងពួកអ្នកគ្រប់គ្រងបាននាំគ្នាប្រព្រឹត្តអំពើក្បត់នេះមុនគេ»។
3កាលខ្ញុំឮពាក្យទាំងនេះ ខ្ញុំក៏ហែកសម្លៀកបំពាក់របស់ខ្ញុំ និងហែកអាវធំ ហើយបោចសក់ក្បាលរបស់ខ្ញុំ និងបោចពុកចង្កាខ្លួនឯង ហើយខ្ញុំអង្គុយទាំងស្លុតចិត្ត។
4អស់អ្នកដែលភ័យខ្លាចនឹងព្រះបន្ទូលរបស់ព្រះនៃជនជាតិអ៊ីស្រាអែល ក៏នាំគ្នាមកអង្គុយជុំវិញខ្ញុំ ដោយព្រោះអំពើក្បត់របស់ពួកអ្នកដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ កាលដែលខ្ញុំអង្គុយស្លុតចិត្ត រហូតដល់ពេលថ្វាយតង្វាយល្ងាច។
5លុះដល់ពេលថ្វាយតង្វាយល្ងាច ខ្ញុំក៏ក្រោកចេញពីភាពសោកសៅនោះ ទាំងស្លៀកសម្លៀកបំពាក់ និងអាវធំរហែកដដែលនោះ ហើយលុតជង្គុងចុះ ហើយលើកដៃទូលទៅរកព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ។
6ដោយទូលអង្វរថា «ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្តីអាម៉ាស់ខ្លាំងណាស់ ហើយខ្មាសមិនហ៊ានងើបមុខសម្លឹងទៅរកព្រះអង្គទេ ដោយព្រោះអំពើទុច្ចរិតរបស់ខ្ញុំកើនកាន់តែច្រើនឡើង ខ្ពស់ជាងក្បាលយើងខ្ញុំទៅទៀត ហើយទោសកំហុសរបស់ខ្ញុំក៏កើនឡើង រហូតដល់ផ្ទៃមេឃដែរ។
7តាំងពីជំនាន់ដូនតារបស់ខ្ញុំ រហូតមកដល់សព្វថ្ងៃនេះ យើងខ្ញុំមានទោសកំហុសធ្ងន់ណាស់។ ដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាព្រះអង្គប្រគល់យើងខ្ញុំ ស្តេចរបស់យើងខ្ញុំ ហើយនិងពួកបូជាចារ្យរបស់យើងខ្ញុំទៅក្នងកណ្តាប់ដៃស្តេចរបស់ប្រជាជាតិនានា ពួកគេសម្លាប់ដោយមុខដាវ យកទៅជាឈ្លើយ ឲ្យគេរឹបអូសយកទ្រព្យសម្បត្តិ ហើយធ្វើឲ្យយើងខ្ញុំមានសេចក្តីអាម៉ាស់ដូចសព្វថ្ងៃ។
8ក៏ប៉ុន្តែ នៅវេលាមួយដ៏ខ្លី ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ បានសម្តែងព្រះហប្ញទ័យមេត្តាករុណាមកលើយើងខ្ញុំ ដោយប្រោសប្រទានប្រជាជនមួយចំនួននៅសេសសល់ ហើយមករស់នៅក្នុងទឹកដីដ៏បរិសុទ្ធរបស់ព្រះអង្គ។ ដើម្បីឲ្យព្រះនៃយើងបានបំភ្លឺភ្នែកយើងខ្ញុំ និងឲ្យយើងខ្ញុំមានជីវិតធូរស្រាលឡើងវិញ ទោះបីជាយើងធ្លាក់ខ្លួនជាទាសករក្តី។
9ដ្បិតយើងខ្ញុំជាទាសករមែន ប៉ុន្តែព្រះនៃយើងខ្ញុំមិនបានបោះបង់ចោលយើងខ្ញុំឡើយ ហើយព្រះអង្គសម្តែងព្រះហប្ញទ័យសប្បុរសដល់យើងខ្ញុំ។ គឺព្រះអង្គប្រទានជីវិតថ្មីដល់យើងខ្ញុំ នៅចំពោះព្រះភ័ក្រ្តស្តេចនៃស្រុកពែរ្ស ដើម្បីសង់ព្រះដំណាក់ព្រះរបស់យើងខ្ញុំឡើងវិញ ហើយជួសជុសទីកន្លែងដែលបាក់បែងឡើងវិញ។ ព្រះអង្គបានធ្វើការទាំងអស់នេះ ហើយឲ្យយើងខ្ញុំមានទីជម្រកដ៏រឹងមាំនៅស្រុកយូដា និងក្រុងយេរូសាឡឹម។
10ឥឡូវនះ ឱព្រះនៃយើងខ្ញុំអើយ ក្រោយពីមានហេតុការណ៍កើតឡើងដូច្នេះ តើត្រូវឲ្យយើងខ្ញុំនិយាយដូចម្តេច? ដ្បិតយើងខ្ញុំមិនបានគោរពបទបញ្ជារបស់ព្រះអង្គទេ
11គឺជាបទបញ្ជាដែលព្រះអង្គបានប្រទានដល់យើងខ្ញុំ តាមរយះព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ នៅពេលដែលព្រះអង្គមានព្រះបន្ទូលមកយើងខ្ញុំថា «ស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ គឺជាស្រុកដែលមិនបរិសុទ្ធ។ ដ្បិតប្រជាជនរស់នៅលើទឹកដីនោះមិនបរិសុទ្ធ ហើយដោយព្រោះអំពើគួរស្អប់ខ្ពើមដែលគេបានប្រព្រឹត្ត។ ស្រុកនោះពេញទៅដោយសេចក្តីស្មោកគ្រោករបស់គេពាសពេញក្នុងទឹកដី។
12ដូច្នេះ មិនត្រូវលើកកូនស្រីរបស់អ្នករាល់គ្នា អោយទៅកូនប្រុសរបស់គេឡើយ ហើយក៏មិនត្រូវយកកូនស្រីរបស់គេ មកឲ្យកូនប្រុសរបស់អ្នករាល់គ្នាដែរ ហើយមិនត្រូវស្វែងរកសេចក្តីសុខ និងភាពចម្រុងចម្រើនរបស់គេឡើយ ដ្បិតធ្វើដូច្នេះ អ្នករាល់គ្នានឹងមានកម្លាំងខ្លាំងក្លា ហើយបរិភោគផលដ៏ល្អៗនៅក្នុងស្រុកនោះ ព្រមទាំងទុកជាកេរមរតក ឲ្យកូនចៅរបស់អ្នករាល់គ្នារៀងរហូតតទៅ»។
13ក្រោយពីហេតុការណ៍ទាំងប៉ុន្មានបានធ្លាក់មកលើយើងខ្ញុំ ដោយព្រោះអំពើអាក្រក់ និងកំហុសដ៏ធ្ងន់របស់យើងខ្ញុំ ប៉ុន្តែ ព្រះអង្គមិនបានដាក់ទោសយើងខ្ញុំឲ្យសមនឹងអំពើទុច្ចរិតរបស់ខ្ញុំឡើយ ហើយដោយបានប្រោសឲ្យយើងខ្ញុំនៅមានជីវិតរស់នៅវិញ
14តើយើងខ្ញុំនឹងបែរទៅប្រព្រឹត្តអំពើរំលងបទបញ្ជារបស់ព្រះអង្គ ដោយរៀបការជាមួយជនជាតិដ៏គួរស្អប់ខ្ពើមទាំងនោះឬ? តើព្រះអង្គមិនមានព្រះពិរោធនឹងយើងខ្ញុំ រហូតដល់បំផ្លាញយើងខ្ញុំឲ្យវិនាសសូន្យ កុំឲ្យមាននៅសេសសល់ ហើយមិនមានអ្នកណាម្នាក់គេចផុតទេឬ?
15ឱព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ុីស្រាអែល ព្រះអង្គជាព្រះដ៏សុចរិត ដ្បិតយើងខ្ញុំមានជីវិតរស់នៅ ដូចមានសព្វថ្ងៃនេះ។ មើល៍! យើងខ្ញុំនៅចំពោះព្រះភ័ក្រ្តព្រះអង្គ ទាំងមានបាប ដោយព្រោះអំពើបែបនេះ គ្មានអ្នកណាអាចឈរនៅចំពោះព្រះភ័ក្រ្តរបស់ព្រះអង្គបានឡើយ។