1ក្រោយមក នៅក្នុងរជ្ជកាលព្រះចៅអើថាស៊ើកសេស ជាស្តេចទឹកដីពែរ្ស លោកអែសរ៉ាបានវិលមកពីទឹកដីបាប៊ីឡូន។ លោក អែសរ៉ា ជាកូនរបស់លោកសេរ៉ាយ៉ា ដែលត្រូវជាកូនរបស់លោកអសារា ហើយអសារា ជាកូនរបស់លោកហ៊ីលគីយ៉ា
2ហ៊ីលគីយ៉ា ជាកូនរបស់លោកសាលូម លោកសាលូមជាកូនរបស់លោកសាដុក សាដុក ជាកូនរបស់លោក អហ៊ីទូប អហ៊ីទូបជាកូនរបស់លោកអម៉ារា
3អម៉ារាជាកូនរបស់លោក អសារា អសារាជាកូនរបស់លោកមេរ៉ាយ៉ូត
4មេរ៉ាយ៉ូតជាកូនរបស់លោកសេរ៉ាហ៊ា សេរ៉ាហ៊ាជាកូនរបស់លោកអ៊ូស៊ី អ៊ូស៊ីជាកូនរបស់លោកប៊ូកគី
5ប៊ូគីជាកូនរបស់លោកអប៊ូសួ អប៊ូសួជាកូនរបស់លោកភីនេហាស ភីនេហាសជាកូនរបស់អេឡាសា អេឡាសាគឺជាកូនរបស់មហាបូជាចារ្យ អើរ៉ុន។
6លោកអែសរ៉ាបានវិលមកពីទឹកដីបាប៊ីឡូន ហើយលោកជាបណ្ឌិតដែលស្ទាត់ជំនាញខាងក្រឹត្យវិន័យរបស់លោកម៉ូសេ ដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលបានប្រទានឲ្យ។ ហើយដោយព្រោះ ព្រះអម្ចាស់ជាព្រះរបស់លោក បានដាក់ព្រះហស្តលើលោកហេតុនេះហើយ ទើបស្តេចប្រទានអ្វីៗទាំងអស់តាមសំណូមពររបស់លោក។
7នៅឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ប្រជាជនអុីស្រាអែលមួយចំនួន ព្រមទាំងពួកបូជាចារ្យ ពួកលេវី ពួកចម្រៀង ពួកឆ្មាំទ្វារ និងពួកអ្នកបម្រើព្រះវិហារ ក៏នាំគ្នាវិលមកក្រុងយេរូសាឡឹមវិញ។
8លោកអែសរ៉ាបានវិលមកក្រុងយេរូសាឡឹមវិញ នៅខែទីប្រាំ ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស។
9លោកបានចាកចេញពីក្រុងបាប៊ីឡូន នៅថ្ងៃទីមួយ ក្នុងខែទីមួយ។ ហើយមកដល់ក្រុងយេរូសាឡឹមនៅថ្ងៃទីមួយ ក្នុងខែទីប្រាំ ដ្បិតព្រះដ៏សប្បុរសរបស់លោកបានដាក់ព្រះហស្តលើលោក។
10លោកអែសរ៉ា បានតាំងចិត្តខិតខំរៀនសូត្រ និងកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់អស់ពីចិត្ត ព្រមទាំងបង្រៀនច្បាប់ និងវិន័យដល់ជនជាតិអ៊ីស្រាអែលទៀតផង។
11ព្រះចៅអើថាស៊ើកសេសបានប្រគល់រាជសារជូនលោកបូជាចារ្យ ដែលជាបណ្ឌិតខាងវិន័យ គឺជាបុរសម្នាក់ដែលប្រសប់ខាងព្រះបន្ទូលនៃបទបញ្ជា និងបញ្ញត្តិច្បាប់របស់ព្រះអម្ចាស់ប្រទានមកដល់អ៊ីស្រាអែល។
12«យើង អើថាស៊ើកសេស ជាស្តេចលើអស់ទាំងស្តេច ផ្ញើជូនលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យរបស់ព្រះនៃស្ថានសួគ៍។
13យើងចេញបញ្ជាថា ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងអស់ ឬពួកបូជាចារ្យ និងពួកលេវី ដែលនៅក្នុងព្រះរាជាណាចក្ររបស់យើង គឺអស់អ្នកណាដែលមានបំណងចង់ត្រឡប់ទៅក្រុងយេរូសាឡឹម នោះយើងអនុញ្ញាតឲ្យទៅជាមួយលោក។
14ដ្បិតយើងជាស្តេច និងទីប្រឹក្សារបស់ស្តេចទាំងប្រាំពីរនាក់ បានចាត់ឲ្យលោកទៅពិនិត្យមើលស្រុកយូដា និងក្រុងយេរូសាឡឹម តាមក្រឹត្យវិន័យនៃព្រះរបស់លោក គឺគម្ពីរដែលលោកកាន់នេះ។
15ហើយឲ្យនាំយកមាស និងប្រាក់ ដែលយើង ជាស្តេច និងទីប្រឹក្សាទាំងប្រាំពីរនាក់ បានថ្វាយដោយស្ម័គ្រពីចិត្ត ដល់ព្រះនៃជនជាតិអ៊ីស្រាអែល ដែលគង់នៅក្រុងយេរូសាឡឹម។
16លោកក៏ត្រូវនាំយកមាស និងប្រាក់ទាំងប៉ុន្មាន ដែលលោករៃបាននៅក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងតង្វាយដែលប្រជាជន និងពួកបូជាចារ្យបានថ្វាយដោយស្ម័គ្រពីចិត្ត សម្រាប់ព្រះដំណាក់របស់ពួកគេ នៅក្រុងយេរូសាឡឹមទៅជាមួយផង។
17ដូច្នេះលោកត្រូវយកប្រាក់នោះទៅទិញគោបា ចៀមឈ្មោល និងកូនចៀម ព្រមទាំងតង្វាយម្សៅ និងស្រាទំពំាងបាយជូរដែលត្រូវច្រួចជាមួយ។ ហើយលោកត្រូវថ្វាយតង្វាយទាំងនោះ នៅលើអាសនៈរបស់ព្រះដំណាក់នៃព្រះរបស់ពួកលោកនៅក្រុងយេរូសាឡឹម។
18ឯប្រាក់ និងមាស ដែលនៅសល់ លោក និងបងប្អូនរបស់លោកអាចយកទៅប្រើការ តាមតែលោកយល់ឃើញថាល្អ ស្រមតាមព្រះហប្ញទ័យនៃព្រះរបស់អស់លោក។
19ឯគ្រឿងបរិក្ខាទាំងប៉ុន្មាន ដែលគេបានប្រគល់ជូនលោក សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់នៃព្រះរបស់លោក ចូរយកទៅដាក់នៅក្រុងយេរូសាឡឹម។
20ឯអ្វីៗផ្សេងទៀតដែលត្រូវការចំណាយសម្រាប់ព្រះដំណាក់នៃព្រះរបស់លោក ដែលលោកត្រូវការ ចូរបើពីឃ្លាំងរាជទ្រព្យទៅ។
21យើងព្រះចៅអើថាស៊ើកសេស បានចេញបញ្ជាដល់អ្នកកាន់ឃាំងរាជទ្រព្យទាំងអស់ នៅក្នុងអាណាខេត្តខាងនាយទន្លេថា អ្វីៗដែលលោកបូជាចារ្យអែសរ៉ា ស្នើសុំ ត្រូវប្រគល់ជូនលោកកុំបីអាក់ខានឡើយ
22ទោះជាមានចំនួនរហូតដល់ប្រាក់មួយរយហាប និងស្រូវមួយរយរង្វាស់ ស្រាទំពាំងបាយជូរមួយរយបាថ ប្រេងអូលីវមួយរយបាថ ព្រមទាំងអំបិលតាមតម្រូវការ។
23អ្វីៗដែលព្រះនៃស្ថានសួគ៍ព្រះអម្ចាស់បង្គាប់ ត្រូវធ្វើយ៉ាងរួសរាន់ សម្រាប់ព្រះដំណាក់របស់ព្រះ។ តើត្រូវឲ្្យព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ទាស់នឹងនគរ ឬរាជវង្សរបស់យើងឬ?
24មួយវិញទៀត យើងសុំបញ្ជាក់ឲ្យអស់លោកបានដឹងថា អស់លោកមិនត្រូវទារពន្ធដារសួយសារអាករ និងពន្ធផ្លូវ ពីពួកបូជាចារ្យ ពួកលេវី ពួកអ្នកចម្រៀង ពួកឆ្មាំទ្វារ ពួកអ្នកបម្រើព្រះវិហារ ឬអ្នកបំពេញការងារផ្សេងទៀត ក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។
25ចំពោះលោកអែសរ៉ា ដែលបង្ហាញអំពីប្រាជ្ញានៃព្រះរបស់លោក គឺគម្ពីរដែលលោកកាន់នោះ ត្រូវតែងតាំងឲ្យមានចៅក្រម និងអ្នកគ្រប់គ្រង ដើម្បីកាត់ក្តីឲ្យប្រជាជនដែលនៅក្នុងអាណាខេត្តខាងនាយទន្លេ ហើយអស់អ្នកដែលស្គាល់ក្រឹត្យវិន័យនៃព្រះរបស់លោក។ ហើយលោកក៏ត្រូវបង្ហាត់បង្រៀនអស់អ្នកដែលមិនស្គាល់ក្រឹត្យវិន័យផង។
26ចូរដាក់ទោសដល់អស់អ្នកណាដែលមិនគោរពតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ឬមិនគោរពតាមច្បាប់របស់ស្តេច នោះត្រូវទទួលទោសដល់ស្លាប់ ឬនិរទេស ឬត្រូវរឹបអូសយកទ្រព្យសម្បត្តិ ឬត្រូវចាប់ដាក់គុក។
27សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើង ដែលព្រះអង្គបានបណ្តាលព្រះហប្ញទ័យព្រះរាជា ឲ្យតាក់តែងលម្អព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម
28ព្រមទាំងប្រោសប្រទានសេចក្តីមេត្តាករុណារបស់ព្រះអង្គដល់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ចំពោះទីប្រឹក្សារបស់ស្តេច នៅចំពោះមន្ត្រីដ៏មានអំណាចរបស់ព្រះរាជាទៀតផង។ ខ្ញុំបានចម្រើនកម្លាំងដោយសារព្រះហស្តរបស់ព្រះជាម្ចាស់ បានសណ្ឋិតលើខ្ញុំ ហើយខ្ញុំបានប្រមូលអស់លោកដែលជាមេដឹកនាំរបស់អ៊ីស្រាអែលឲ្យចេញដំណើទៅជាមួយខ្ញុំ។