ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អែសរ៉ា 6

Read Scripture freely. Divine Threads study for this chapter is coming later.

1ដូច្នេះព្រះចៅដារីយូស បានចេញរាជបញ្ជារឲ្យគេស្រាវជ្រាវរកឯកសារដែលគេរក្សាទុកក្នុងមន្ទីរតម្កល់ឯកសារនៅក្រុងបាប៊ីឡូន។
2គេរកឃើញក្រាំងមួយនៅអាក់មេថា ជាក្រុងដែលមានកំផែងរឹងមាំនៃអាណាខេត្តមេឌី ក្នុងក្រាំងនោះមានចែងថា
3នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ស្តេចបានចេញរាជបញ្ជាមួយស្តីអំពីព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ត្រូវសង់ព្រះដំណាក់ឡើងវិញ ជាកន្លែងដែលថ្វាយយញ្ញបូជា ហើយត្រូវចាក់គ្រឹះនៅលើគ្រឹះចាស់ ឯព្រះដំណាក់នេះត្រូវមានកម្ពស់ហុកសិបហត្ថ និងទទឹងហុកសិបហត្ថ
4គេត្រូវរៀបថ្មធំៗបីជួរ និង​ឈើថ្មីមួយជួរ រីឯប្រាក់ចំណាយលើការសង់ត្រូវបើកពីឃ្លាំងរាជទ្រព្យ។
5ចំណែកគ្រឿងប្រដាប់មាស និងប្រាក់ នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលស្តេចនេប៊ូក្នេសាបានរឹបអូសយកពីព្រះវិហារក្រុងយេរូសាឡឹម មកក្រុងបាប៊ីឡូន នោះត្រូវតែប្រគល់ទៅព្រះវិហារយេរូសាឡឹវិញ។ ហើយត្រូវដាក់នៅកន្លែងដើមក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
6ឥឡូវនេះលោកថាថ្នាយ ជាទេសាភិបាលនៃអាណាខេត្តខាងនាយទន្លេ និងលោកសេថា-បូសណាយ ព្រមទាំងពួករាជការនិងសហការីរបស់ពួកគេ ដែលនៅខាងនាយទន្លេ ត្រូវនៅឲ្យឆ្ងាយពីទីនោះទៅ‌‌!
7ទុកឲ្យជនជាតិយូដាសង់ព្រះដំណាក់របស់ព្រះជាម្ចាស់តែគ្នាគេចុះ។ ត្រូវឲ្យទេសាភិបាល និងពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដា សង់ព្រះដំណាក់នៅកន្លែងដើម។
8យើងចេញរាជបញ្ជាឲ្យអស់លោកជួយពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដាដែលសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញផង ​រីឯការចំណាយចំពោះការសង់នេះត្រូវយកពីឃ្លាំងរាជទ្រព្យ គឺប្រាក់នៃសួយសារអាករដែលទារពីតំបន់ខាងនាយទន្លេ ដើម្បីទុកសម្រាប់ថ្លៃចំណាយឲ្យពួកគេគ្រប់ចំនួនកុំបីអាក់ខានឡើយ។
9ហើយអ្វីៗដែលពួកគេត្រូវការ ទោះជាគោស្ទាវ ចៀមឈ្មោល និងកូនចៀមសម្រាប់ជាដង្វាយដុត​ ថ្វាយចំពោះព្រះជាម្ចាស់នៃស្ថានសួគ៍ ព្រមទាំងស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមដែលពួកបូជាចារ្យនៅក្រុងយេរូសាឡឹមត្រូវការ នោះត្រូវបើកឲ្យពួកគេជារៀងរាល់ថ្ងៃ កុំបីអាក់ខានឡើយ។
10ធ្វើដូច្នេះ ដើម្បីឲ្យពួកគេបានថ្វាយដង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហប្ញទ័យដល់ព្រះជាម្ចាស់នៃស្ថានសួគ៍ ហើយអធិស្ឋាន សូមឲ្យព្រះរាជា និងបុត្រារបស់ស្តេច មានព្រះជន្មយឺនយូរ។
11យើងក៏ចេញបង្គាប់ថា ប្រសិនបើនរណាម្នាក់មិនគោរព​តាមសេចក្តីដែលយើងបង្គាប់ ត្រូវដោះធ្នឹមពីផ្ទះរបស់អ្នកនោះ ហើយបញ្ឍរឡើងសម្រាប់ដោតគេពីលើធ្នឹមនោះ។ ហើយយកផ្ទះរបស់គេធ្វើជាកន្លែងបន្ទោបង់ ដោយព្រោះហេតុនេះឯង។
12សូមឲ្យព្រះជាម្ចាស់ដែលតាំងព្រះនាមរបស់ព្រះអង្គនៅទីនោះ ទម្លាក់ស្តេច ឬប្រជាជនណាដែលបំពានលើសេចក្តីសម្រេច ឬបំផ្លាញព្រះដំណាក់របស់ព្រះអង្គនៅក្រុងយេរូសាឡឹម។ យើងដារីយូសបានចេញបញ្ជានេះ។ ដូច្នេះត្រូវអនុវត្តកិច្ចការនេះឲ្យបានសម្រេចជាកំហិត!»
13យើងដារីយូសបានចេញបញ្ជានេះដូច្នេះ លោកថាថ្នាយ ជាទេសាភិបាលនៅខាងនាយទន្លេ និងលោកសេថារ-បូសណាយ ព្រមទាំងពួកសហការី ក៏បានអនុវត្តតាមបញ្ជារបស់ព្រះចៅដារីយូសយ៉ាងម៉ត់ចត់បំផុត។
14ដូច្នោះហើយ ពួកព្រឹទ្ធាចារ្យនៃជនជាតិយូដា ក៏សាងសង់ដោយជោគជ័យតាមទំនាយដែលព្យាការីហាកាយ និងព្យាការីសាការី បានថ្លែង។ ពួកគេបានបង្ហើយការសាងសង់ព្រះដំណាក់ ស្របតាមបញ្ជារបស់ព្រះនៃអ៊ីស្រាអែល និងដោយសារព្រះរាជក្រឹត្យរបស់ព្រះចៅស៊ីរូស ព្រះចៅដារីយូស និងព្រះចៅអើថាស៊ើកសេស ជាស្តេចពែរ្ស។
15ព្រះដំណាក់នេះត្រូវបានគេសង់ចប់សព្វគ្រប់នៅថ្ងៃទីបី ខែផល្គុន ក្នុងឆ្នាំទីប្រាំមួយ នៃរជ្ជកាលព្រះចៅដារីយូស។
16ជនជាតិអ៊ីស្រាអែល ពួកបូជាចារ្យ និងពួកលេវី ព្រមទាំងប្រជាជនដែលនៅសេសសល់ ដែលត្រូវគេកៀរទៅជាឈ្លើយ​ នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់ ដោយអំណរ។
17ពួកគេបានថ្វាយគោឈ្មោលមួយរយក្បាល ចៀមឈ្មោលមួយរយក្បាល និងកូនចៀមបួនរយក្បាល សម្រាប់ជាតង្វាយឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់។ គេក៏បានថ្វាយពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែល ជាតង្វាយលោះបានសម្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។​
18គេបានតែងតាំងពួកបូជាចារ្យតាមឋានៈរបស់ពួកគេ និងតែងតាំងពួកលេវីតាមមុខងាររបស់ពួកគេសម្រាប់ធ្វើការថ្វាយព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។
19អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ បាននាំគ្នាប្រារព្ធពិធីបុណ្យរំលង នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។
20ដ្បិតពួកបូជាចារ្យ និងពួកលេវី បាននាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយពួកគេក៏បានបរិសុទ្ធទាំងអស់គ្នា ហើយគេបានសម្លាប់ចៀមនៃពិធីបុណ្យរំលង សម្រាប់ប្រជាជនទាំងអស់ដែលជាប់ជាឈ្លើ​យ ហើយវិលត្រឡប់មកវិញ សម្រាប់ពួកបូជាចារ្យ ជាបងប្អូន និងសម្រាប់ខ្លួនគេផ្ទាល់។
21ប្រជាជនអ៊ីស្រាអែលបានបរិភោគអាហារនៃបុណ្យរំលង​ ដែលពួកគេបានវិលត្រឡប់ពីការជាប់ជាឈ្លើយ ហើយញែកខ្លួនចេញពីភាពសៅហ្មងរបស់ជនជាតិដ៏ទៃដែលរស់នៅក្នុងស្រុក ដើម្បីស្វែងរកព្រះជាម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលវិញ។
22គេប្រារព្ធពិធីបុណ្យនំបុ័ងឥតដំបែ អស់រយះពេលប្រាំពីរថ្ងៃដោយអរសប្បាយ ដ្បិតព្រះអម្ចាស់ប្រទានឲ្យពួកគេពេញដោយអំណរ ហើយព្រះអង្គបានដូរព្រះហប្ញទ័យរបស់ស្តេចទឹកដីអាស្ស៊ីរីឲ្យមេត្តាចំពោះពួកគេ ដើម្បីលើកទឹកចិត្តពួកគេក្នុងការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។