ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អែសរ៉ា 5

Read Scripture freely. Divine Threads study for this chapter is coming later.

1រីឯព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បាននាំព្រះបន្ទូលរបស់ព្រះនៃជនជាតិអ៊ីស្រាអែល ថ្លែងប្រាប់ទៅ ជនជាតិយូដានៅក្រុងយេរូសាឡឹម និងទឹកដីយូដា។
2នៅគ្រានោះលោកសេរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួ ជាកូនរបស់លោកយូសាដាក ក៏នាំគ្នាងើបឡើង ហើយចាប់ផ្តើមសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម ដោយមានព្យាការីរបស់ព្រះជាម្ចាស់ជួយគ្រាំទ្រពួកគេ។
3នៅគ្រាដដែលនោះ លោកថាថ្នាយ ជាទេសាភិបាលខេត្តខាងនាយទន្លេ​ និងលោកសេថារ-បូសណាយ ព្រមទាំងសហការី បាននាំគ្នាមកជួបជនជាតិយូដា ហើយសួរថា «តើនរណាបានចេញរាជបញ្ជាឲ្យអ្នករាល់គ្នាសាងសង់ដំណាក់នេះ និងជួសជុលកំផែងនេះឡើងវិញ?»
4អ្នកទាំងនោះក៏និយាយទៀតថា «តើអ្នកដែលកំពុងសាងសង់ដំណាក់នេះ មានឈ្មោះអ្វីខ្លះ?» ​
5ប៉ុន្តែ ព្រះនេត្ររបស់ព្រះជាម្ចាស់បានទត និងការពារអស់លោកព្រឹទ្ធាចារ្យនៃជនជាតិយូដា ហើយពួកខ្មាំងសត្រូវទាំងនោះមិនបានបញ្ឍប់ការសាងសង់ទេ។ ពួកគេរង់ចាំទាល់តែគេបញ្ជូនសំណុំរឿងទៅថ្វាយព្រះចៅដារីយូស ហើយមានរាជសារឆ្លើយតប មកកាត់សេចក្តី។
6នេះគឺជាសំបុត្រដែលលោកថាថ្នាយ ជាទេសាភិបាលនៃខេត្តខាងនាយទន្លេ និងលោក​សេថារ-បូសណាយ ព្រមទាំងពួករាជការ ជាសហការីរបស់ពួកគេ ដែលនៅខេត្តខាងនាយទន្លេ បានផ្ញើទៅព្រះចៅដារីយូស។
7ក្នុងសំបុត្រដែលពួកគេបានថ្វាយចំពោះព្រះចៅដារីយូស បានសរសេរដូច្នេះថា «សូមព្រះករុណាប្រកបដោយសេចក្តីសុខចម្រើន។
8សូមព្រះករុណាជ្រាបថា យើងខ្ញុំបានទៅទឹកដីយូដា ហើយទៅដល់ព្រះដំណាក់របស់ព្រះដ៏ប្រសើរឧត្តម។ ពួកគេចាប់ផ្តើមយកថ្មធំៗមកសង់ព្រះដំណាក់ ហើយគេបានធ្នឹមក្នុងជញ្ជំាងរួចហើយ។ គេធ្វើកិច្ចការនេះយ៉ាងម៉ត់ចត់​ ហើយរីកចម្រើនយ៉ាងឆាប់រហ័សទៀតផង។
9យើងខ្ញុំបានសួរទៅពួកប្រឹទ្ធាចារ្យថា តើនរណាបានចេញរាជបញ្ជាឲ្យសាងសង់រាជដំណាក់នេះ ហើយនឹងជួសជុលកំផែងឡើងវិញ?
10យើងខ្ញុំក៏បានសួរឈ្មោះពួកគេដែរ ដើម្បីកត់ឈ្មោះពួកមេដឹកនាំកិច្ចការនោះ យកមកថ្វាយព្រះករុណា។
11ពួកគេឆ្លើយមកយើងខ្ញុំថា​ ពួកយើងជាអ្នកបម្រើរបស់ព្រះនៃសាន្ថសួគ៍ និងផែនដី ហើយពួកយើងកំពុងតែសាងសង់ព្រះដំណាក់នេះឡើងវិញ គឺជាព្រះដំណាក់ស្តេចដ៏ធំមួយអង្គនៃជនជាតិអ៊ីស្រាអែល បានសង់រួចជាស្រេច តាំងពីយូឆ្នាំណាស់មកហើយ។​
12ដោយព្រោះ បុព្វបុរសរបស់ពួកយើងបានធ្វើឲ្យព្រះនៃស្ថានសួគ៍មានសេចក្តីក្រោធ ហើយព្រះអង្គក៏បានប្រគល់ពួកគេនៅក្នុងកណ្តាប់ដៃរបស់ព្រះចៅនេប៊ូក្នេសា ជាជនជាតិខាល់ដេ និងជាស្តេចទឹកដីបាប៊ីឡូន ដែលបានបំផ្លាញព្រះដំណាក់ ហើយនឹងកៀរប្រជាជនទៅទឹកដីបាប៊ីឡូន។
13ក៏ប៉ុន្តែ នៅឆ្នាំទីមួយនៃព្រះចៅស៊ីរូស ជាស្តេចទឹកដីបាប៊ីឡូន ព្រះចៅស៊ីរូសបានចេញរាជបញ្ជាឲ្យសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ។
14ក្រោយមកព្រះចៅស៊ីរូសបានយកគ្រឿងប្រដាប់មាស និងប្រាក់ ចេញពីព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលព្រះចៅនេប៊ូក្នេសា បានយកចេញពីព្រះវិហារនៅក្រុងយេរូសាឡឹម ទៅដាក់ក្នុងព្រះវិហារបាប៊ីឡូន។ នោះព្រះចៅស៊ីរូសបានយកប្រដាប់គ្រឿងទាំងនោះប្រគល់ឲ្យទៅលោកសេសបាសារ ដែលស្តេចបានតែងតាំងជាទេសាភិបាល។
15ស្តេចបានបង្គាប់លោកថា «ចូរយកគ្រឿងប្រដាប់ទាំងនេះ។​ ហើយយកទៅដាក់ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡឹម។​ ហើយសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ»។
16ដូច្នេះ លោកសេសបាសារបានមកក្រុងយេរូសាឡឹម ហើយក៏បានចាក់គ្រឹះព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយចាប់តាំងពីពេលនោះមក គេនៅតែសង់ព្រះដំណាក់នោះ ប៉ុន្តែមិនទាន់បានចប់សព្វគ្រប់នៅឡើយ។
17ឥឡូវនេះ ប្រសិនបើព្រះករុណាគាប់ព្រះហប្ញទ័យ សូមឲ្យគេស្រាវជ្រាវក្នុងឯកសារក្នុងមន្ទីហ្លួងនៅក្នុងស្រុកបាប៊ីឡូន ដើម្បីបញ្ជាក់ថា ព្រះចៅស៊ីរូសបានចចេញរាជបញ្ជាឲ្យសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមមែន ឬយ៉ាងណា។ រួចសូមព្រះករុណាផ្ញើសេចក្តីសម្រេចអំពីរឿងនេះមកយើងខ្ញុំផង តាមទ្រង់សព្វព្រះហប្ញទ័យចុះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។