ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អែសរ៉ា 4

Read Scripture freely. Divine Threads study for this chapter is coming later.

1កាលខ្មាំងសត្រូវរបស់ពួកយូដា និងបេនយ៉ាមីន ឮថាពួកឈ្លើយត្រឡប់មកវិញ​ កំពុងនាំគ្នាសាងសង់ព្រះវិហាររបស់ព្រះជាម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។​
2នោះពួកគេក៏នាំគ្នាមកជួបលោកសូរ៉ូបាបិល និងអស់លោកជាមេក្រុមលើគ្រួសារ។ ហើយជម្រាបថា «សូមឲ្យពួកយើងសាងសង់ជាមួយអស់លោកផង ដ្បិតពួកយើងក៏គោរពបម្រើព្រះជាម្ចាស់ ដូចជាអស់លោកដែរ ហើយយើងបានថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងពីជំនាន់ព្រះចៅអេសា-ហាដោន ជាស្តេចស្រុកអាស្សុីរី បាននាំពួកយើងមកទីនេះ»។
3ប៉ុន្តែ លោកសូរ៉ូបាបិល និងលោកយេសួ និងអស់លោកជាមេក្រុមគ្រួសានៃជនជាតិអ៊ីស្រាអែល ឆ្លើយទៅអ្នកទាំងនោះថា «អស់លោកមិនត្រូវចូលរួមជាមួយយើងទេ ក្នុងការសាងសង់ព្រះដំំណាក់ថ្វាយព្រះរបស់ពួកយើងទេ មានតែពួកយើងប៉ុណ្ណោះដែលធ្វើការនេះថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដូចព្រះចៅសូរ៉ូស ជាស្តេចស្រុកពើស៊ី បានបង្គាប់ដល់យើង»។
4ដូច្នេះ អ្នកស្រុកនាំគ្នាធ្វើឲ្យប្រជាជនយូដាបាក់ទឺកចិត្ត ហើយបំភ័យពួកគេមិនឲ្យសាងសង់។
5អ្នកស្រុកទាំងនោះបានសូកប៉ាន់ពួកទីប្រឹក្សាដើម្បីរារាំងគម្រោងការរបស់ពួកជនជាតិយូដា។ តាំងពីរជ្ជកាលព្រះចៅ និងរហូតដល់រជ្ជកាលព្រះចៅដារីយុស ជាស្តេចស្រុកពែរ្ស។
6នៅក្នុងរជ្ជកាលព្រះចៅអហាសូរ៉ុស កាលទ្រង់ចាប់ផ្តើមសោយរាជ្យ អ្នកស្រុកនោះបានសរសេរសំបុត្រមួយថ្វាយស្តេច ដើម្បីចោទប្រកាន់ពួកអ្នកស្រុកយូដា និងពួកអ្នកក្រុងយេរូសាឡឹម។
7នៅក្នុងរជ្ជកាលព្រះចៅអហាសូរ៉ុស លោកប៊ីសឡាំ លោកមីត្រាដាត លោកតាបេល និងបក្សពួករបស់គេឯទៀត ក៏បានសរសេរថ្វាយទៅព្រះចៅអហាសូរ៉ុស។ សំបុត្រនោះសរសេជាភាសារអារ៉ាម ហើយមានបកប្រែ។
8លោករេហ៊ូមដែលជាមេបញ្ជាការ និងលោកស៊ីមសៃ ដែលជាស្មៀន បានសរសេរសំបុត្រថ្វាយទៅព្រះចៅអើថាស៊ីកសេសស្តីអំពីក្រុងយេរូសាឡឹម។
9រេហ៊ូមដែលជាមេបញ្ជាការ និងស៊ីមសៃ​ ជាស្មៀន ព្រមទាំងសហការីឯទៀតរបស់ខ្លួន អ៊ីរិច បាប៊ីឡូន ស៊ូសាន និងអេឡាំពួកគេបានសរសេេរសំបុត្រ
10និងប្រជាជនឯទៀត ដែលព្រះចៅអស្នាផារ ជាស្តេចដ៏ឧត្តុង្គឧត្តម បានកៀរឲ្យមករស់នៅក្នុងស្រុកសាម៉ារី និងនៅក្នុងស្រុកឯទៀតដែលនៅខាងនាយទន្លេ។
11សេចក្តីនៅក្នុងសំបុត្រ ដែលពួកគេបានផ្ញើថ្វាយព្រះចៅអើថាស៊ីេកសេស «សូមទូលថ្វាយព្រះចៅអើថាស៊ីេកសេស ទូលបង្គំយើងខ្ញុំ ជាប្រជាជនដែលនៅខាងនាយទន្លេ
12សូមទូលថ្វាយព្រះករុណាជ្រាបថា ជនជាតិយូដាដែលត្រឡប់មកពីនគររបស់ព្រះករុណា ដែលមកដល់ក្រុងយេរូសាឡឹម ពួកគេកំពុងតែសាងសង់ទីក្រុងបះបោរ។​ ពួកគេបានសង់កំផែងរួចស្រេចហើយ និងកំពុងចាក់គ្រឹះទៀតផង។
13ដូច្នេះ សូមព្រះករុណាជ្រាបថា ប្រសិនបើពួកគេសង់ក្រុងនេះឡើងវិញ ហើយកំផែងក៏រួចស្រេច នោះពួកគេនឹងលែងបង់ពន្ធដា សួយសារអាករ ឬពន្ធផ្លូវ ហើយធ្វើឲ្យព្រះករុណានឹងខាតបង់រាជទ្រព្យមិនខាន។
14ដោយព្រោះយើងខ្ញុំជ្រកកោនក្រោមព្រះគុណព្រះករុណា យើងខ្ញុំមិនអាចព្រងើយកន្តើយ ទុកឲ្យគេបង្អាប់កិត្តិយសរបស់ព្រះករុណាឡើយ។ ហេតុនេះហើយបានជាយើងខ្ញុំផ្ញើសំបុត្រនេះមកថ្វាយព្រះករុណា
15ដើម្បីឲ្យគេស្រាវជ្រាវរកក្នុងសៀវភៅកំណត់ត្រានៃអយ្យកោរបស់ព្រះករុណា នោះព្រះរាជានឹងឃើញច្បាស់ថា ទីក្រុងនោះតែងតែបះបោរជានិច្ច និងបង្ករឲ្យមានវិបត្តិដល់ព្រះមហាក្សត្រនិងដល់ខេត្តនានា។ តាំងពីដើមរៀងមក ប្រជាជននៅក្រុងនេះតែងតែបង្ករឲ្យមានចលនាបះបោរជានិច្ច។ ហេតុនេះហើយបានជាទីក្រុងនេះត្រូវគេប៉ផ្លាញខ្ទេចខ្ទីអស់។
16យើងខ្ញុំសូមទូលព្រះករុណាឲ្យបានជ្រាបថា ប្រសិនបើទីក្រុងនេះឡើងវិញ ហើយកំផែងរួចស្រេចហើយ នោះព្រះករុណានឹងមិនមានទឹកដីនៅខាងនាយទន្លេជាមិនខាន»។
17ព្រះរាជាបានផ្ញើសារតបទៅលោករេហ៊ូម និងលោកស៊ីមសៃ ព្រមទាំងសហការីឯទៀតៗនៅក្នុងស្រុកសាម៉ារី និងនៅកន្លែងផ្សេងៗទៀត នៃខេត្តខាងនាយទន្លេ «សូមឲ្យអ្នកបានប្រកបដោយសេចក្តីសុខសាន្ត។​
18រីឯសំបុត្រដែលអស់លោកបានផ្ញើមកយើង នោះគេបានបកប្រែ ហើយអានឲ្យយើងស្តាប់សព្វគ្រប់អស់ហើយ។
19ដូច្នេះយើងបានបញ្ជាឲ្យគេពិនិត្យស្រាវជ្រាវ ហើយឃើញថាតាំងពីដើមរៀងមក អ្នកក្រុងយេរូសាឡឹម តែងតែបង្ករការបះបោរ និងលើកគ្នាទាស់ប្រឆាំងនឹងស្តេចជានិច្ច។
20ហើយក៏មានស្តេចខ្លាំងពូកែ ដែលបានសោយរាជ្យនៅក្រុងយេរូសាឡឹម ហើយគ្រប់គ្រងលើអាណាខេត្តទាំងមូលខាងនាយទន្លេ។ ព្រមទាំងបង់ពន្ធដារសួយសារអាករ និងពន្ធផ្លូវថ្វាយស្តេចទៀតផង។
21ឥឡូវនេះ ចូរអស់លោកចេញបញ្ជាឲ្យពួកគេឈប់ធ្វើការទាំងនេះ ហើយកុំឲ្យពួកគេសាងសង់ទីក្រុងឡើងវិញ រហូតទាល់តែមានបញ្ជាចេញពីយើង។
22ចូរប្រយ័ត្នកុំឲ្យធ្វេសប្រហែសនឹងកិច្ចការនេះឡើយ។​ តើហេតុអ្វីបានជាត្រូវឲ្យមានការខូចខាតរីកធំឡើង ដែលនាំឲ្យមានការខូចបង់រាជទ្រព្យដល់ស្តេច?
23កាលគេបានអានរាជសាររបស់ព្រះចៅអើថាស៊ីេកសេស នៅចំពោះមុខលោករេហ៊ូម និងលោកស៊ីមសៃ ព្រមទាំងសហការីឯទៀតៗស្តាប់ហើយ អ្នកទាំងនោះក៏ប្រញាប់ប្រញាល់នាំគ្នាចេញទៅក្រុងយេរូសាឡឹម ហើយបង្ខំឲ្យជនជាតិយូដាបញ្ឍប់ការសាងសង់។
24ដូច្នេះ កិច្ចការដែលសាងសង់ព្រះរាជដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ក៏ត្រូវបានផ្អាក រហូតដល់ឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ជាស្តេចស្រុកពែរ្ស។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។