ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អែសរ៉ា 3

Read Scripture freely. Divine Threads study for this chapter is coming later.

1លុះដល់ខែទីប្រាំពីរ កាលជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមទីក្រុងរបស់ខ្លួន បណ្តាជនបានមកជួបជុំនៅក្រុងយេរូសាឡឹម ដោយចិត្តគំនិតតែមួយ។
2លោកយេសួ ជាកូនលោកយ៉ូសាដាក និងបូជាចារ្យ ដែលជាបងប្អូនរបស់លោក ព្រមទាំងលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងបងប្អូនរបស់លោក ក៏នាំគ្នាសង់អាសនៈជាព្រះនៃអ៊ីស្រាអែល ដើម្បីថ្វាយដង្វាយដុត ដូចមានចែងទុកក្នងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។
3បន្ទាប់មកពួកគេនាំគ្នាសង់អាសនៈនៅលើគ្រឹះចាស់ ដោយព្រោះពួកគេភ័យខ្លាចចំពោះប្រជាជនដែលរស់នៅក្នុងស្រុកនោះ។ ពួកគេបានថ្វាយដង្វាយដុតចំពោះព្រះអម្ចាស់ នៅលើអាសនៈ ទាំងព្រឹក ទាំងល្ងាច។
4បន្ទាប់មកពួកគេប្រារព្ធពិធីបុណ្យបារាំ ដូចមានចែងទុកក្នុងគម្ពីរ ហើយពួកគេត្រូវថ្វាយដង្វាយដុតជារៀងរាល់ថ្ងៃ តាមចំនួនដូចមានចែងទុកក្នុងគម្ពីរវិន័យ ដែលបានតម្រូវតាមថ្ងៃនីមួយៗ។
5ចាប់ពីពេលនោះមក ពួកគេនាំគ្នាថ្វាយដង្វាយដុតជាប្រចាំ ហើយដង្វាយដុតសម្រាប់បុណ្យចូលខែថ្មី និងបុណ្យដែលបានកំណត់ទុកទាំងប៉ុន្មាន ដែលគេប្រារព្ធថ្វាយព្រះអម្ចាស់ ព្រមទាំងដង្វាយស្ម័គ្រចិត្តដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់។
6ចាប់ពីថ្ងៃទីមួយនៃខែទីប្រាំពីរ ពួកគេចាប់ផ្តើមថ្វាយដង្វាយដុតចំពោះព្រះអម្ចាស់ ទោះបីគ្រឹះនៃព្រះវិហាររបស់ព្រះអម្ចាស់​ មិនទាន់បានចាក់នៅឡើយ។
7ដូច្នេះពួកគេបានឲ្យប្រាក់ទៅជាងថ្ម និងជាងឈើ ហើយពួកគេបានឲ្យស្បៀងអាហារ ភេសជ្ជៈ និងប្រេងអូលេវ ដល់អ្នកក្រុងស៊ីដូន និងក្រុងទីរ៉ុស ដើម្បីឲ្យពួកគេយកឈើតាត្រៅតាមសមុទ្រ ពីទឹកដីលីបង់ រហូតដល់កំពង់ផែយ៉ុបប៉េ តាមការអនុញ្ញាតរបស់ព្រះបាទ ស៊ីរូស​ ជាស្តេចទឹកដីពែរ្ស។
8នៅឆ្នាំទីពីរ នៃខែទីពីរ ក្រោយពីពួកគេបានមកដល់ព្រះដំណាក់នៃព្រះជាម្ចាស់នៅក្រុងយេរូសាឡឹមវិញ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួ ជាកូនលោកយ៉ូសាដាក និងបូជាចារ្យជាបងប្អូនរបស់លោក និងពួកលេវី ហើយបងប្អូនឯទៀតៗរបស់គេ​ ព្រមទាំងអស់អ្នកដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរ៉ូសាឡឹមវិញ បាននាំគ្នាចាប់ផ្តើមសង់ព្រះដំណាក់។ ពួកគេចាត់ទាំងពួកលេវី ដែលមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ ឲ្យមើលការខុសត្រូវលើការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់។
9លោកយេសួ ព្រមទាំងកូន និងបងប្អូនរបស់លោក គឺលោកកាឌមាល និងកូនប្រុសរបស់លោក ដែលមកពីពូជពង្សយូដា ដើម្បីត្រួតពិនិត្យអស់អ្នកដែលសាងសង់ព្រះដំណាក់ព្រះជាម្ចាស់។ ព្រមទាំងកូនចៅរបស់លោកហេណាដាដ និងពួកលេវីឯទៀតៗដែលជាបងប្អូនរបស់ពួកគេ។
10នៅពេលដែលពួកជាងចាក់គ្រឹះព្រះវិហាររបស់ព្រះអម្ចាស់។​ គេសុំឲ្យអស់លោកបូជាចារ្យដែលស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យ បានចេញមកទាំងកាន់ត្រែ ហើយពួកលេវី ជាកូនចៅរបស់លោកអេសាភ កាន់ឈិង ដើម្បីសរសើរដំកើងព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាស្តេចអ៊ីស្រាអែលបានបង្គាប់ទុក។
11ពួកគេច្រៀងឆ្លងឆ្លើយគ្នាលើកតម្កើង​ និងអរព្រះគុណព្រះអម្ចាស់់ថា «ព្រះអម្ចាស់ល្អ ព្រះហប្ញទ័យសប្បុរស ស្ថិតស្ថេរអស់កល្បជានិច្ច​ ចំពោះជនជាតិអ៊ីស្រាអែល»។ ប្រជាជនទាំងអស់ក៏ស្រែកឡើង សរសើតម្កើង ព្រះអម្ចាស់យ៉ាងកងរំពង ព្រោះពួកគេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់។​
12ប៉ុន្តែ មានពួកបូជាចារ្យជាច្រើន​ ព្រមទាំងពួកលេវី និងមេក្រុមគ្រួសារដែលមានវ័យចាស់ៗ ដែលធ្លាប់បានឃើញព្រះដំណាក់ពីជំនាន់មុន នាំគ្នាយំជាខ្លាំង នៅពេលដែលឃើញគេចាក់គ្រឹះព្រះដំណាក់ថ្មីនេះ។ ប៉ុន្តែ មានមនុស្សជាច្រើនបានស្រែកហ៊ោដោយអរសប្បាយ។
13ហេតុនេះហើយបានជាប្រជាជនមិនអាចដឹង សំឡេងណាដែលអរសប្បាយ ហើយសំឡេងណាដែលជាសម្លេងយំសោកឡើយ ព្រោះប្រជាជនស្រែកយ៉ាងខ្លាំង ហើយសម្រែកនោះលាន់ឮទៅឆ្ងាយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។