1ពេលនោះ ព្រះអង្គមានព្រះបន្ទូលដាក់ត្រចៀកខ្ញុំ ដោយព្រះសៀងយ៉ាងខ្លាំងថា «ចូរឲ្យពួកអ្នកដែលត្រួតត្រាការក្នុងទីក្រុងចូលមក ត្រូវឲ្យគ្រប់គ្នាកាន់គ្រឿងសាស្រ្តាវុធដើម្បីបំផ្លាញនៅដៃ»។
2មើល៍! មានមនុស្សប្រាំមួយនាក់មកតាមផ្លូវទ្វារខាងលើ ដែលបើកទៅទិសខាងជើង គ្រប់គ្នាក៏កាន់គ្រឿងអាវុធនៅដៃគេ។ មានម្នាក់ស្លៀកពាក់សំពត់ទេសឯក នៅកណ្ដាលគេ មានស្ពាយដបទឹកខ្មៅ អ្នកទាំងនោះក៏ចូលទៅឈរក្បែរអាសនាលង្ហិន»។
3រួចហើយ សិរីល្អរបស់ព្រះជាម្ចាស់នៃជនជាតិអុីស្រាអែលបានឡើងផុតពីចេរូប៊ីន ជាកន្លែងដែលធ្លាប់សណ្ឋិតនៅទៅដល់មាត់ទ្វារព្រះវិហារ ព្រះអង្គមានព្រះបន្ទូលហៅអ្នកម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ហើយស្ពាយដបទឹកខ្មៅនោះ
4ព្រះជាម្ចាស់មានព្រះបន្ទូលទៅអ្នកនោះ «ចូរដើរកាត់ទីក្រុង គឺនៅកណ្ដាលក្រុងយេរូសាឡិមទៅ ហើយធ្វើទីសម្គាល់នៅថ្ងាសរបស់ពួកមនុស្សដែលដកដង្ហើមធំហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង»។
5រូចហើយ ព្រះអង្គមានព្រះបន្ទូលដល់អ្នកផ្សេងហើយខ្ញុំក៏បានឮ «ចូរដើរកាត់ទីក្រុងតាមអ្នកមួយនោះ ហើយសម្លាប់។ កុំឲ្យភ្នែកអ្នកប្រណី ហើយទុកអ្នកណាឲ្យរួចជីវិត។
6ត្រូវសម្លាប់ទាំងពួកចាស់ ពួកកំលោះ ពួកក្រមុំ ពួកក្មេង និងពួកស្រីៗ។ សម្លាប់គេទាំងអស់ទៅ! ប៉ុន្តែ កុំចូលទៅជិតមនុស្សណាដែលមានទីសម្គាល់នៅខ្លួនឡើយ ហើយត្រូវចាប់ផ្តើមពីទីបរិសុទ្ធរបស់យើងផង!» ដូច្នេះ អ្នកទាំងនោះក៏ផ្តើមពីពួកចាស់ទុំដែលនៅមុខព្រះដំណាក់។
7ព្រះអង្គមានបន្ទូលទៅគេ «ចូរប្រមាថវិហារចុះ ត្រូវសម្លាប់គេធ្វើឲ្យទីលានបានពេញដោយសាកសព។ ទៅ!» ដូច្នេះ ពួកគេក៏ចេញទៅប្រហារនៅក្នុងទីក្រុង។
8កាលគេកំពុងតែសម្លាប់ ហើយមានតែខ្ញុំសល់នៅ នោះខ្ញុំក៏ផ្កាប់មុខយំហើយអង្វរថា «ឱព្រះអម្ចាស់អើយ តើព្រះអង្គនឹងបំផ្លាញសំណល់ជនជាតិអុីស្រាអែលទាំងអស់ ដោយចាក់សេចក្ដីក្រោធរបស់ព្រះអង្គមកលើក្រុងយេរូសាឡិម?»។
9ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ «ពូជពង្សអុីស្រាអែល និងយូដាមានទោសធ្ងន់ណាស់។ ទឹកដីនេះពោពេញដោយឈាម ហើយទីក្រុងមានពេញដោយភាពមានៈ តាំងពីពួកគេនិយាយថា ព្រះជាម្ចាស់បានបោះបង់ចោលទឹកដីនេះ ហើយព្រះជាម្ចាស់មើលមិនឃើញទេ!
10ដូច្នោះហើយ ភ្នែកយើងនឹងមិនប្រណីទេ យើងមិនអាណិតមេត្តាឡើយ យើងនឹងមិនទុកជីវិតឲ្យពួកគេទេ។ យើងនឹងនាំការទាំងអស់មកដាក់លើក្បាលគេ»
11មើល៍! មនុស្សដែលស្លៀកពាក់សំពត់ទេសឯក ហើយស្ពាយដបទឹកខ្មៅក៏មកវិញ។ គាត់ទូលព្រះអង្គថា «ទូលបង្គំបានធ្វើសម្រេចតាមបង្គាប់របស់ព្រះអង្គហើយ»។