1ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ «ខ្លោងទ្វារនៃទីលានខាងក្នុង បែរមុខទៅទិសខាងកើត ត្រូវបិទក្នុងរវាងប្រាំមួយថ្ងៃដែលធ្វើការ តែដល់ថ្ងៃសប្ប័ទត្រូវបើកវិញ ព្រមទាំងនៅថ្ងៃចូលខែបើកដែរ។
2អ្នកដឹកនាំ នឹងចូលតាមផ្លូវទីលានខាងក្រៅ តាមផ្លូវខ្លោងទ្វារហើយច្រកដំបូលផ្លូវដើរពីខាងក្រៅ ហើយលោកឈរនៅពីមុខបង្គោលទ្វារខាងក្នុង ពេលពួកបូជាចារ្យ នឹងរៀបចំតង្វាយដុត និងតង្វាយមេត្រីរបស់លោក។ ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារខាងក្នុងនោះ រួចលោកបែរជាចេញក្រៅទៅវិញ តែទ្វារនោះមិនត្រូវបិទទេរហូតដល់ពេលល្ងាច។
3មនុស្សនៅក្នុងទឹកដី នឹងថ្វាយបង្គំនៅចំពោះព្រះអម្ចាស់ នៅមាត់ទ្វារនោះរាល់ថ្ងៃសប្ប័ទ និងថ្ងៃចូលខែដែរ។
4តង្វាយដុតដែលពួកអ្នកដឹកនាំត្រូវថ្វាយដល់ព្រះអម្ចាស់នៅថ្ងៃសប្ប័ទ គឺកូនចៀមប្រាំមួយឥតខ្ចោះ និងចៀមឈ្មោលមួយឥតខ្ចោះ។
5តង្វាយម្សៅ ត្រូវជាមួយថាំងសម្រាប់ចៀមឈ្មោលនោះ ហើយតង្វាយម្សៅដែលសម្រាប់កូនចៀមទាំងនោះ ត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេងប្រាំបីកំប៉ុងសម្រាប់ម្សៅមួយថាំងផង។
6នៅថ្ងៃចូលខែចូលមកដល់ លោកត្រូវថ្វាយគោឈ្មោលស្ទាវមួយឥតខ្ចោះ កូនចៀមប្រាំមួយនិងចៀមឈ្មោលមួយ សុទ្ធតែឥតខ្ចោះទាំងអស់។
7លោកត្រូវតែថ្វាយតង្វាយម្សៅមួយថាំងសម្រាប់គោឈ្មោល និងមួយថាំងសម្រាប់ចៀមឈ្មោលនោះ តែឯកូនចៀមវិញ នោះត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេងប្រាំបីកំប៉ុងសម្រាប់ម្សៅមួយថាំងផង។
8ពេលអ្នកដឹកនាំត្រូវចូលតាមផ្លូវទ្វារដំបូលផ្លួវដើរ ហើយក៏ត្រូវចេញទៅវិញ តាមផ្លូវដដែលដែរ។
9ប៉ុន្តែ ពេលប្រជាជនក្នុងទឹកដីចូលមក នៅចំពោះព្រះអម្ចាស់ នៅវេលាថ្ងៃបុណ្យមានកំណត់ នោះអ្នកណាដែលចូលតាមផ្លូវទ្វារទិសខាងជើង ដើម្បីនឹងថ្វាយបង្គំ ត្រូវតែចេញទៅតាមផ្លូវនៃទ្វារខាងត្បូងវិញ ហើយអ្នកណាដែលចូលតាមទ្វារទិសខាងត្បូង នោះត្រូវតែចេញតាមផ្លូវទ្វារខាងជើងទៅ គេមិនត្រូវវិលទៅវិញ តាមផ្លូវនៃទ្វារដែលគេបានចូលនោះឡើយ គឺត្រូវចេញទៅតាមផ្លូវត្រង់ខាងមុខជារហូតទៅ។
10ពួកដឹកនាំត្រូវចូលទៅនៅចំណោមពួកគេ រួចពេលគេចេញទៅ នោះនឹងចេញទៅជាមួយគ្នាដែរ។
11នៅថ្ងៃបុណ្យ ត្រូវថ្វាយតង្វាយម្សៅជាមួយថាំងសម្រាប់គោឈ្មោលមួយ និងមួយថាំងសម្រាប់ចៀមឈ្មោលមួយ ហើយកូនចៀមទាំងប៉ុន្មាននោះត្រូវតាមតែលោកអាចនឹងថ្វាយបាន ហើយប្រេងត្រូវជាប្រាំបីកំប៉ុងសម្រាប់ម្សៅមួយថាំង។
12ពេលអ្នកដឹកនាំថ្វាយតង្វាយស្ម័គ្រពីចិត្ត ជាតង្វាយដុត ឬតង្វាយមេត្រី ទុកជាតង្វាយថ្វាយដល់ព្រះអម្ចាស់ស្ម័គ្រពីចិត្ត នោះត្រូវឲ្យគេបើកទ្វារខាងកើតនោះជូនលោក។ រួចលោកនឹងរៀបតង្វាយដុត និងតង្វាយមេត្រីរបស់លោក ដូចជាធ្លាប់ធ្វើនៅថ្ងៃសប្ប័ទដែរ។ ស្រេចហើយ លោកនឹងចេញទៅ លុះលោកបានចេញទៅហើយ នោះគេនឹងបិទទ្វារវិញ។
13ក្នុងចំណុចនេះ អ្នកត្រូវឲ្យរៀបកូនចៀមមួយឥតខ្ចោះ អាយុមួយខួប ទុកជាតង្វាយដុតថ្វាយដល់ព្រះអម្ចាស់ ត្រូវថ្វាយតង្វាយនេះរាល់តែព្រឹកជានិច្ច។
14រាល់ព្រឹក ត្រូវរៀបតង្វាយម្សៅជាមួយផង គឺជាម្សៅមួយភាគក្នុងប្រាំមួយក្នុងមួយថាំង និងប្រេងផ្សើមមួយភាគក្នុងបីក្នុងមួយហីន ដើម្បីលាយនឹងម្សៅយ៉ាងម៉ដ្តនោះ ជាតង្វាយដែលថ្វាយដល់ព្រះអម្ចាស់ជានិច្ច តាមច្បាប់ដ៏នៅជាដរាបតទៅ។
15ពួកគេនឹងរៀបចំកូនចៀម តង្វាយម្សៅ និងប្រេងរាល់ព្រឹក ទុកជាតង្វាយដុតជានិច្ច។
16ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ប្រសិនអ្នកដឹកនាំចែកអំណោយអ្វីឲ្យកូនខ្លួន វាចេញពីទ្រព្យខ្លួនដែរ។ នោះនឹងបានជារបស់កូននោះ គឺជាទ្រព្យសម្បត្តិរបស់គេ ទុកជាកេរអាករ។
17ប៉ុន្តែបើលោកចែកអំណោយអ្វីពីមរតករបស់លោក ឲ្យដល់បាវរបស់ខ្លួនវិញ នោះនឹងបានជារបស់ផងបាវនោះ ដរាបដល់ឆ្នាំដែលមានសេរីភាព រួចនឹងត្រឡប់មកជាអ្នកដឹកនាំវិញ។ ទ្រព្យរបស់លោកផ្ទាល់ខ្លួនទើបជាមរតករបស់កូនលោកបាន។
18អ្នកដឹកនាំមិនអាចយកមរតកពីអ្នកដទៃទេ មកចែកឲ្យកូនខ្លួនបានទេ ដូច្នេះប្រជាជនយើងនឹងមិនខ្ចាត់ខ្ចាយទេ ប្រជាជនគ្រប់គ្នានឹងបានសម្បត្តិរបស់គេ»។
19បន្ទាប់នោះ បុរសនោះបាននាំខ្ញុំទៅតាមផ្លូវចូល តាមទ្វារ ទៅក្នុងបន្ទប់បរិសុទ្ធសម្រាប់ពួកបូជាចារ្យ ដែលបែរមុខទៅទិសខាងជើង ហើយមើល៍! ឃើញមានកន្លែងមួយដែលឆ្ពោះទៅខាងលិច។
20លោកប្រាប់ខ្ញុំថា «នេះជាកន្លែងដែលពួកបូជាចារ្យត្រូវស្ងោរតង្វាយ ដែលថ្វាយដោយព្រោះការរំលង និងតង្វាយលោះបាប ព្រមទាំងចម្អិនតង្វាយម្សៅ។ ពួកគេមិនត្រូវយកតង្វាយចូលទៅទីលានខាងក្រៅឡើយ ដ្បិតប្រជាជននឹងទៅជាបរិសុទ្ធ»។
21រួចហើយបុរសបាននាំខ្ញុំចេញទៅទីលានខាងក្រៅ ឲ្យខ្ញុំដើរទៅតាមទាំងបួនជ្រុងទីលាននោះ នោះឃើញមានទីលានមួយៗនៅគ្រប់ទាំងជ្រុងនៃទីលាននិងទីធ្លាក់ដទៃផង។
22គឺនៅជ្រុងទាំងបួននៃទីលាន មានទីលានតូចៗ បណ្តោយសែសិបហត្ថ ទទឹងសាមសិបហត្ថ ទីលានទាំងបួននោះមានទំហំប៉ុនគ្នា។
23មានរបងមួយជួរធ្វើឡើងពីថ្មព័ទ្ធជុំវិញទីធ្លាទាំងបួន ហើយមានចង្ក្រានធ្វើម្ហូបដែលនៅពីក្រោមរបងថ្មនោះ ។
24បុរសនោះប្រាប់ខ្ញុំថា «នេះជាន្លែងអ្នកបម្រើការងារក្នុងព្រះដំាណាក់ នឹងស្ងោរយញ្ញបូជារបស់មនុស្សទាំងឡាយ»។