1ព្រះហស្តនៃព្រះអម្ចាស់បានដាក់លើខ្ញុំ ហើយព្រះអង្គក៏នាំយកខ្ញុំ ដោយព្រះវិញ្ញាណរបស់ព្រះអម្ចាស់ ទៅដាក់ចុះនៅកណ្ដាលច្រកភ្នំមួយ ដែលពេញដោយឆ្អឹងខ្មោច។
2ព្រះអង្គឲ្យខ្ញុំដើរឆ្លងកាត់ទៅឆ្អឹងទាំងនោះជុំវិញហើយជុំវិញ។ ចូរមើល៍! នៅវាលច្រកនោះ មានឆ្អឹងយ៉ាងសន្ធឹក។ ឆ្អឹងទាំងនោះស្ងួតហែងណាស់។
3ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ «កូនមនុស្សអើយ តើឆ្អឹងទាំងនេះនឹងរស់ម្តងទៀតទេ?» ដូច្នេះខ្ញុំក៏បាននិយាយថា «ព្រះអម្ចាស់ដ៏ជាព្រះ មានតែព្រះអង្គទេទើបដឹង»។
4រួចហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «ចូរថ្លែងព្រះបន្ទូលដល់ឆ្អឹងទាំងនេះ ហើយប្រាប់ថាឆ្អឹងស្ងួតហែង ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។
5ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដល់ឆ្អឹងទាំងនេះដូច្នេះ ចូរមើល! យើងនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងអ្នករាល់គ្នា ហើយអ្នកនឹងមានជីវិតរស់។
6យើងនឹងដាក់ឲ្យមានសរសៃ ធ្វើឲ្យមានសាច់ដុះលើអ្នករាល់គ្នា ហើយគ្របរុំដោយស្បែក ព្រមទាំងបញ្ចូលខ្យល់ដង្ហើមទៅក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានជីវិតរស់ ដូច្នេះអ្នកនឹងដឹងថា យើងនេះជាព្រះអម្ចាស់»។
7ដូច្នេះ ខ្ញុំក៏ថ្លែងព្រះបន្ទូល ដូចជាព្រះអង្គបានបង្គាប់ ដូចដែលខ្ញុំកំពយងថ្លែងព្រះបន្ទូលនោះ មានឮសម្លេងក្រិកៗ។ រួចហើយឆ្អឹងទាំងនោះបានកម្រើកផ្គុំជាប់គ្នា ឆ្អឹងមួយភ្ជាប់ឆ្អឹង។
8ខ្ញុំសម្លឹងមើល ហើយមើល៍! មានសរសៃនិងសាច់កើតឡើងនៅឆ្អឹងទាំងនោះ រួចមានស្បែករុំគ្របទៀត។ តែអត់មានខ្យល់ដង្ហើមនៅក្នុងពួកគេទេ។
9ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «ចូរថ្លែងព្រះបន្ទូលទៅ ដល់ខ្យល់ ចូរថ្លែងព្រះបន្ទូល កូនមនុស្សអើយ ហើយនិយាយទៅខ្យល់ថា ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ខ្យល់ដង្ហើម ចូរមកពីខ្យល់ទាំងបួនទិស ហើយខ្យល់ដង្ហើមលើអ្នកបានស្លាប់ទាំងនេះ គេនឹងរស់ឡើង»។
10ដូច្នេះខ្ញុំក៏ថ្លែងព្រះបន្ទូលដូចជាព្រះអង្គបានបង្គាប់មក ហើយខ្យល់ដង្ហើមក៏ចូលទៅក្នុងសពទាំងនោះ ហើយគេក៏រស់ឡើង បានទាំងឈរឡើងជាកងទ័ពយ៉ាងធំ។
11ក្រោយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «កូនមនុស្សអើយ ឆ្អឹងទាំងនេះគឺជាកូនចៅអុីស្រាអែលទាំងមូល។ មើល៍! ពួកគេនិយាយថា ឆ្អឹងយើងរបស់រាល់គ្នាស្ងួតហែងហើយ ក្តីសង្ឃឹមរបស់យើងក៏បាត់អស់ដែរ។ យើងរាល់គ្នាត្រូវកាត់ចេញហើយ។
12ដូច្នេះហើយ ចូរថ្លែងព្រះបន្ទូល ដោយនិយាយថា ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ មើល! ប្រជារាស្ត្ររបស់យើងអើយ យើងនឹងបើកផ្នូររបស់អ្នករាល់គ្នា ហើយនឹងធ្វើឲ្យអ្នករាល់គ្នាឡើងចេញពីផ្នូរមក រួចនឹងនាំអ្នកឲ្យចូលទៅក្នុងទឹកដីអុីស្រាអែលវិញ។
13រួចហើយអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះអម្ចាស់ ពេលយើងបើកផ្នូររបស់អ្នក ឲ្យអ្នកបានឡើងចេញពីទីនោះមក។
14យើងនឹងដាក់វិញ្ញាណយើងនៅក្នុងអ្នករាល់គ្នា អ្នកនឹងមានជីវិតរស់ ហើយយើងនឹងធ្វើអ្នក ដើម្បីសម្រាកនៅក្នុងទឹកដីរបស់អ្នក នោះអ្នករាល់គ្នានឹងដឹងថា គឺយើង ជាព្រះអម្ចាស់ បានមានបន្ទូលហើយ នឹងកើតឡើងមែន នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
15រួចហើយព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ខ្ញុំថា
16«កូនមនុស្សអើយ! ចូរយកបន្ទះឈើមួយមកសរសេរចុះថា សម្រាប់ពួកយូដា និងប្រជាជនរបស់អុីស្រាអែល ជាមិត្តនិងគ្នា។ រួចយកបន្ទះឈើមួយទៀតសរសេរថា សម្រាប់ពួកយ៉ូសែប ជាបន្ទះឈើរបស់ពួកអេប្រាអិម និងពួកប្រជាជននៃអុីស្រាអែលជាមិត្តរបស់គេ។
17រួចនាំអ្នកទាំងពីរនោះមកជាមួយគ្នា ធ្វើជាបន្ទះឈើតែមួយធ្វើដំបង ដើម្បីឲ្យបានជាប់ជាមួយគ្នានៅដៃអ្នក។
18ពេលប្រជាជនអ្នកនឹងនិយាយទៅអ្នក ហើយប្រាប់ថា តើអ្នកនឹងមិនប្រាប់ឲ្យយើងដឹងពីរអ្វិដែលអ្នកចង់ធ្វើទេ?
19ហើយនិយាយទៅគេថា ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ មើល៍! យើងនឹងយកបន្ទះឈើរបស់យ៉ូសែប ដែលនៅដៃអេប្រាអិម និងកុលសម្ព័ន្ធអុីស្រាអែល ដែលជាគូកនរបស់គេ ដាក់ភ្ជាប់ជាមួយបន្ទះឈើរបស់យូដា រួចហើយគេធ្វើជាបន្ទះឈើតែមួយវិញ ដើម្បីឲ្យគេរួមមកតែមួយនៅក្នុងដៃរបស់យើង។
20សូមកាន់នៅក្នុងដៃអ្នកបន្ទះឈើទាំងពីរដែលអ្នកបានសរសេរ ដោយនៅចំពោះភ្នែកគេ។
21ចូរប្រកាសប្រាប់គេថា ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ មើល៍! យើងនឹងយកពួកកូនចៅអុីស្រាអែលចេញពីអស់ទាំងជនជាតិដែលគេបានទៅនោះ។ យើងនឹងប្រមូលមកពីគ្រប់ទិស នាំចូលទៅក្នុងទឹកដីរបស់ផងខ្លួន។
22យើងនឹងធ្វើឲ្យគេក្លាយជាជនជាតិមួយនៅក្នុងទឹកដីនេះ គឺនៅលើអស់ទាំងភ្នំនៃស្រុកអុីស្រាអែល ហើយនឹងមានស្តេចតែមួយអង្គធ្វើជាស្តេចលើពួកគេ ហើយពួកគេនឹងលែងជាជនជាតិពីរទៀតហើយ។ ពួកគេនឹងមិនបែងចែកទៅជាជនជាតិពីរទៀតឡើយ។
23រួចហើយពួកគេនឹងមិនត្រូវរងការប្រមាថដោយគោរពដល់រូបព្រះរបស់គេ ដែលវត្ថុគួរស្អប់ខ្ពើមរបស់គេដែរ ឬអំពើបាបរបស់ផ្សេងទៀតរបស់គេ។ ដ្បិតយើងនឹងជួយសង្គ្រោះគេ ចេញពីការជឿលើជំនឿផ្សេងៗដែលនឹងធ្វើឲ្យគេមានបាប ហើយយើងនឹងលាងសម្អាតពួកគេ ដូច្នោះគេនឹងជាប្រជាជនរបស់យើង ហើយយើងនឹងជាព្រះជាម្ចាស់របស់ពួកគេ។
24ដាវីឌជាអ្នកបម្រើរបស់យើង នឹងធ្វើជាស្តេចលើពួកគេ។ ហើយពួកគេនឹងមានអ្នកគង្វាលតែម្នាក់លើពួកគេ ហើយពួកគេនឹងដើរតាមច្បាប់របស់យើង ហើយរក្សាបញ្ញត្តិទាំងនោះរបស់យើង ហើយស្អាប់បង្គាប់តាមទាំងអស់ផង។
25ពួកគេនឹងរស់នៅក្នុងទឹកដីដែលយើងបានឲ្យដល់យ៉ាកុបជាអ្នកបម្រើយើង ជាទឹកដីដែលបុព្វបុរសរបស់អ្នករាល់គ្នាបានអាស្រ័យនៅ។ ពួកគេនឹងរស់នៅទីនោះ ជាមួយកូនចៅរបស់ពួកគេជាប់ជារៀងរហូត ដ្បិតដាវីឌជាអ្នកបម្រើយើង នឹងធ្វើជាអ្នកដឹកនាំលើគេ ជារៀងរហូត។
26យើងនឹងតាំងសញ្ញានៃសេចក្តីសុខសាន្តជាមួយពួកគេ។ វានឹងនៅជាប់នឹងពួកគេអស់កល្បជានិច្ច។ យើងនឹងតាំងពួកគេឡើង ហើយចម្រើនពួកគេ ហើយដាក់ទីបរិសុទ្ធរបស់យើង នៅកណ្ដាលពួកគេអស់កល្បជានិច្ច។
27ដំណាក់របស់យើងនឹងនៅជាមួយពួកគេ យើងក៏នឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជាប្រជារាស្ត្ររបស់យើង។
28រួចហើយគ្រប់ទាំងជនជាតិនឹងដឹងថា យើងនេះជាព្រះអម្ចាស់ ជាអ្នកញែកពួកអុីស្រាអែលជាបរិសុទ្ធ ពេលដែលទីបរិសុទ្ធរបស់យើងបានតាំងនៅកណ្ដាលគេ អស់កល្បជានិច្ច»។